ទិវាទិន្នន័យបើកទូលាយ ២០១៨៖ កិច្ចសន្យាបើកទូលាយដើម្បីការអភិវឌ្ឍដោយចីរភាព
ចាប់ពីទីក្រុង ខេប ទៅដល់ ហេលស៊ីនគី និងរវាងទីក្រុងវីលីងតុន និងប្រទេសសៅ ប៉ូឡូ៖ មានព្រឹត្តិការណ៍ចំនួន ៤០០ បានប្រារព្ធឡើងនៅក្នុងអំឡុងថ្ងៃ “ទិវាទិន្នន័យបើកទូលាយ”។ ហើយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក៏បានប្រារព្ធទិវានេះដែរ។ អង្គការអូឌីស៊ី បានប្រារព្ធទិវាទិន្នន័យបើកទូលាយអន្តរជាតិ នៅប្រទេសកម្ពុជា ដោយមានបទបង្ហាញ ការពិភាក្សាជាច្រើន ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨ នៅ Emerald Hub ប្រទេសកម្ពុជា។ ប្រធានបទសំខាន់សម្រាប់ទិវាទិន្នន័យបើកទូលាយឆ្នាំនេះគឺ «កិច្ចសន្យាបើកទូលាយដើម្បីការអភិវឌ្ឍដោយចីរភាព»។
“ទិវាទិន្នន័យបើកទូលាយ ២០១៨” នៅភ្នំពេញ ចាប់ផ្តើមដោយការណែនាំដោយលោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងលោកស្រី ថើរី ផាណេល ស្ថាបនិករបស់អង្គការ អូឌីស៊ី។ លោក ព្រំ ពន់វឌ្ឍន៍ អ្នកស្រាវជ្រាវទិន្នន័យ និងមន្ត្រីផ្នែក GIS បានបន្តការធ្វើបទបង្ហាញអំពី កិច្ចសន្យាបើកទូលាយ ដែលជាប្រធានបទគោលសម្រាប់ទិវាទិន្នន័យបើកទូលាយនៅរាជធានីភ្នំពេញឆ្នាំនេះ។
ខណៈដែលប្រទេសកម្ពុជាបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងពេលដែលការវិនិយោគបរទេស ក្នុងប្រទេសកម្ពុជាកំពុងមានការរីកដុះដាល ភាពបើកចំហរ និងតម្លាភាពបានក្លាយជាការចាំបាច់ខានមិនបាន។ បើទោះបីជាកិច្ចសន្យាព្រមព្រៀងគ្នារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគគួរតែត្រូវបានដាក់ជាសាធារណៈក៏ដោយ យ៉ាងណាឯកសារទាំងនោះ គឺនៅតែមានការលំបាកខ្លាំងក្នុងការស្វែងរក។ ករណីនេះធ្វើឱ្យការអនុវត្តតម្លាភាព និងគណនេយ្យភាពមានកម្រិត ជាពិសេសនៅពេលដែលវាពាក់ព័ន្ធនឹងការវិនិយោគលើដីធ្លី និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
យោងតាមគោលការណ៍នៃកិច្ចសន្យាបើកទូលាយ នាពេលនេះឯកសារកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង ក្រុមហ៊ុនវិនិយោគលើវិស័យសម្បទានដីសេដ្ឋកិច្ច និងការរុករករ៉ែ ដែលរួមមានកិច្ចសន្យាចំនួន ៣៣ អាជ្ញាប័ណ្ណរុករករ៉ែចំនួន ៣៣ និងអនុស្សារណៈយោគយល់គ្នាចំនួន២ ត្រូវបានឱ្យស្វែងរកបាននៅលើគេហទំព័រអូឌីស៊ី ដែលឯកសារមួយចំនួន ភាគច្រើនអាចស្វែងរកបានជាខេមរៈភាសា យ៉ាងណាមិញ ក្រុមការងារអូឌីស៊ីបានកំពុងប្រឹងប្រែងធ្វើឱ្យបណ្តុំព័ត៌មានអំពីទិន្នន័យនៃកិច្ចព្រមព្រៀងទាំងនោះជាភាសាអង់គ្លេសផងដែរ។
ក្រៅពីទំព័រច្បាប់ គោលនយោបាយ និងកិច្ចព្រមព្រៀង អូឌីស៊ីក៏ផ្តល់នូវទិន្នន័យភូមិសាស្ត្រជាច្រើនបន្ថែមទៀត ដែលទិន្នន័យទាំងអស់នោះអាចមើលបាននៅលើទំព័រ ផែនទីអន្តរកម្ម និងទំព័រព័ត៌មានទិន្នន័យ សម្បទានដីសេដ្ឋកិច្ច និងអាជ្ញាប័ណ្ណរុករករ៉ែ។ សាធារណៈជនអាច ដាក់ស្រទាប់ផែនទីលើគ្នា ដែលអាចរំលេចនូវបញ្ហាដែលអាចស្វែងយល់។ លើសពីនេះទៅទៀត ឯកសារច្បាប់ពាក់ព័ន្ធដែលអូឌីស៊ីចងក្រង ផ្តល់នូវទស្សនៈគោលនយោបាយសម្រាប់អ្នកស្រាវជ្រាវដែលមានចំណេះដឹងច្បាប់។ យើងជឿជាក់ថា ទិន្នន័យ និងព័ត៌មានទាំងនេះនឹងជួយជម្រុញការយល់ដឹងអំពីទំនួលខុសត្រូវរួមគ្នារបស់រដ្ឋាភិបាល និងអ្នកវិនិយោគទាក់ទងនឹងការវិនិយោគដីធ្លីដល់សហគមន៍មូលដ្ឋាន និងសាធារណៈជន និងដើម្បីបង្កើតឱកាសសម្រាប់ការចូលរួមរបស់ពលរដ្ឋ។
ក្នុងអំឡុងពេលនៃទិវាទិន្នន័យបើកទូលាយឆ្នាំ ២០១៨ អូឌីស៊ី ក៏បានធ្វើការអំពាវនាវសម្រាប់ការចូលរួមចំណែកទិន្នន័យផងដែរ។ សាធារណៈជន រួមទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ សិស្សនិស្សិត សាស្ត្រាចារ្យ នឹងសហគមន៍អ្នកស្រាវជ្រាវនានា ចូលរួមទាំងគ្នា ដើម្បីធ្វើឱ្យទិន្នន័យអំពីប្រទេសកម្ពុជាកាន់តែសម្បូរបែប និងដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តភាព។ ដើម្បីក្លាយខ្លួនជាអ្នកចូលរួមចែករំលែកទិន្នន័យជាមួយអូឌីស៊ី អ្នកគ្រប់គ្នាគ្រាន់តែទៅកាន់ទំព័រ “ការចូលរួមចែករំលែកទិន្នន័យ” ដើម្បីចុះឈ្មោះ។
ដោយឡែក លោក វីវីក អាណាន់ អាសូកាន (Vivek Anand Asokan) បានធ្វើបទបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវរបស់គាត់ អំពីយន្តការសាស្ត្រទិន្នន័យសម្រាប់និរន្តរភាព៖ ករណីនៅប្រទេសឥណ្ឌា។ លោក វីវីក (Vivek) ជាអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យតូក្យូ ដែលចុះមកកម្មសិក្សា នៅអង្គការអូឌីស៊ី។ លោកបានបង្ហាញយ៉ាងក្បោះក្បាយថា អ្នកដែលផ្ដល់ទិន្នន័យបើកទូលាយ និងរបៀបដែលពួកគាត់បង្ហាញទិន្នន័យ មានភាពប្រែប្រួលនៅក្នុងប្រទេសឥណ្ឌា ចន្លោះពេលពីដើមសហស្សវត្សរ៍រហូតមកដល់បច្ចុប្បន្ននេះ។ ខណៈពេលចាប់ផ្តើមដំបូង ទិន្នន័យបើកទូលាយ ត្រូវបានផ្សព្វផ្សាយដោយអង្គការមិនមែនរដ្ឋាភិបាលនានា ជាទម្រង់ជាបណ្ណាល័យឯកសារ តែបច្ចុប្បន្នចំនួនស្ថាប័នដែលដើរតួក្នុងការផ្សព្វផ្សាយទិន្នន័យបើកទូលាយមានការកើនឡើង ដូចជា រដ្ឋាភិបាល ក្រុមហ៊ុនឯកជន សារព័ត៌មាន ដែលមានភាពសកម្មនៅក្នុងការផ្សព្វផ្សាយទិន្នន័យជាក់លាក់ និងយកចិត្តទុកដាក់លើការផ្ទៀងផ្ទាត់ទិន្នន័យ។
ទន្ទឹមនឹងការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបង្ហាញពីទិន្នន័យបើកទូលាយ លោកស្រី ថើរី ផាណេល (Terry Parnell) ជាស្ថាបនិករបស់អង្គការ អូឌីស៊ី និងលោក ចន វីកស៍ (John WEEKS) ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អូឌីស៊ី បានធ្វើបទបង្ហាញមួយនិយាយអំពី គ្រោះថ្នាក់ទាំង១០ របស់ទិន្នន័យបើកទូលាយ។ គ្រោះថ្នាក់ទាំងនោះរួមមានដូចជា ការបកស្រាយខុស ដែលបង្កឱ្យមានការភ័ន្តច្រឡំ ការសន្ទនា ក៏ដូចជាហានិភ័យសម្រាប់អ្នកប្រើប្រាស់ ឬហានិភ័យក្រោមពិភាក្សាអំពីទិន្នន័យបើកទូលាយនេះ។ ដូច្នេះហើយទើបលោកស្រី ថើរី ផាណេល (Terry Parnell) និងលោក ចន វីកស៍ (John Weeks) បានបញ្ជាក់ថាអ្នកដែលចេញផ្សាយទិន្នន័យគួរតែមានទំនួលខុសត្រូវ និងផ្តល់នូវបរិបទខ្លះៗ។ អ្នកទាំងពីរបាននិយាយជារួមថា៖ «ទិន្នន័យបើកទូលាយត្រូវតែមានភាពត្រឹមត្រូវ និងត្រូវបានផ្ទៀងផ្ទាត់!»។
លោក សឿង សារ៉ាន់ ប្រធានសមាគមន៍ធាងត្នោត បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីរបៀបដែលទិន្នន័យបើកទូលាយ អាចមានឥទ្ធិពលជាក់ស្តែងទៅលើជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ “ទិន្នន័យបើកទូលាយក្រុង” ជាគម្រោងមួយដែលលោក សារ៉ាន់ លើកឡើង ជាឧទាហរណ៍មួយដ៏ល្អដែលបង្ហាញពីសារៈប្រយោជន៍នៃគម្រោងទិន្នន័យបើកទូលាយ។ ពលរដ្ឋទូទៅ អាចធ្វើសេចក្តីរាយការណ៍ពីករណីនានាដែលពួកគេបានឃើញដោយផ្ទាល់ ដូចជា ផ្លូវដែលខូចខាត, ទឹកជំនន់ ឬការកកស្ទះចរាចរណ៍ តាមរយៈកម្មវិធី សំឡេងទីក្រុង។ ទិន្នន័យដែលទទួលបាននឹងត្រូវបានបង្ហាញនៅលើផែនទីអន្តរកម្ម លើគេហទំព័រ www.urbanvoicecambodia.net ដោយរំពឹងថានឹងអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។
នៅពេលរសៀល លោក សុខ ឡាក់ ជាស្ថាបនិក បណ្ណាល័យបញ្ញវន្ត បានបង្ហាញពីសារៈសំខាន់ ដែលអ្នកគ្រប់គ្នាអាចទទួលបានព័ត៌មាន និងថាតើបណ្ណាល័យ អាចចូលរួមយ៉ាងដូចម្តេច ក្នុងគោលទៅអភិវឌ្ឍដោយចីរភាព។ លោកបានបញ្ជាក់ដែរថា បណ្ណាល័យ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់លើកកម្ពស់អក្ខរកម្ម និងការទទួលបានព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ។ បន្ថែមពីនេះទៅទៀត បណ្ណាល័យក៏អាចបម្រើជាប្រយោជន៍ដល់ រដ្ឋាភិបាល សង្គមស៊ីវិល និងសាជីវកម្ម ក្នុងការស្វែងយល់បន្ថែមពីព័ត៌មានដែលចាំបាច់ និងចំគោលដៅ។
កម្មវិធីមួយថ្ងៃពេញត្រូវបានបញ្ចប់ជាមួយនឹងការប្រកួតប្រជែងជាក្រុម! ក្នុងការប្រកួតប្រជែង ឬហៅថា “Hackathon”នេះ ក្រុមចំនួនបី ត្រូវបានបែងចែកដើម្បីធ្វើការបកប្រែ និងបំពេញព័ត៌មានអំពីទិន្នន័យនៃឯកសារដែលទាក់ទងនឹងប្រធានបទអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អូឌីស៊ីមានគោលបំណងបង្ហាត់បង្ហាញដល់អ្នកចូលរួមពីរបៀបបញ្ចូលឯកសារទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ CKANជាមួយនឹងការអនុវត្តការងារទាំងនេះ។ បន្ទាប់ពីក្រុមនីមួយៗបញ្ចប់ការបញ្ចូលព័ត៌មានទិន្នន័យមក ក្រុមការងាររបស់អូឌីស៊ីបានដាក់ពិន្ទុ និងវាយតម្លៃទៅលើទិន្នន័យទាំងនោះ ហើយក៏មានការប្រគល់រង្វាន់លើកទឹកចិត្តដល់អ្នកឈ្នះ ជាកាតសម្រាប់ជិះឡានក្រុងសាធារណៈផងដែរ។ ឯកសារទាំងនោះនឹងត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់អូឌីស៊ីនាពេលឆាប់ៗខាងមុខ។
ទិវាទិន្នន័យបើកទូលាយរបស់អូឌីស៊ីបានបង្ហាញពីពីការអនុវត្តជាច្រើននៃទិន្នន័យបើកទូលាយ។ កម្មវិធីដ៏មានផ្លែផ្កា និងសកម្មនេះ ត្រូវបានចូលរួមពីសំណាក់ស្ថាប័នជាច្រើនខុសៗគ្នា ដូចជា ស្ថានប័នរដ្ឋ និងឯកជន សិស្សនិស្សិត និងបណ្តាអង្គការនានា ចំនួន ៥០នាក់។ ការចូលរួមពីសំណាក់អ្នកទាំងនោះបានលើកទឹកចិត្តឱ្យ អូឌីស៊ី នឹងបន្តធ្វើការជាមួយបេសកម្មរបស់ខ្លួន ដើម្បីបន្តការបើកទូលាយទិន្នន័យ។ ការប្រារព្ធទិវាទិន្នន័យបើកទូលាយឆ្នាំនេះ គឺជាលើកទី៥ ហើយដែលអូឌីស៊ីបានរៀបចំកម្មវិធីនេះឡើងនៅរាជធានីភ្នំពេញ។ យើងកំពុងទន្ទឹមរង់ចាំដើម្បីប្រារព្ធទិវានេះនៅឆ្នាំ ២០១៩ ម្ដងទៀត។