ទិវាទិន្នន័យបើកទូលាយ ២០១៨៖ កិច្ចសន្យាបើកទូលាយដើម្បីការអភិវឌ្ឍដោយចីរភាព

ចាប់ពី​ទីក្រុង​ ខេ​ប​ ទៅ​ដល់​ ហេ​ល​ស៊ី​ន​គី​ និង​រវាង​ទីក្រុង​វី​លីង​តុ​ន​ និង​ប្រទេស​សៅ​ ប៉ូ​ឡូ​៖​ មាន​ព្រឹត្តិការណ៍​ចំនួន​ ៤០០​ បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​អំឡុង​ថ្ងៃ​ “​ទិវា​ទិន្នន័យ​បើក​ទូលាយ​”​។​ ហើយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក៏​បាន​ប្រារព្ធ​ទិវា​នេះ​ដែរ​។​ អង្គការ​អូ​ឌី​ស៊ី​ បាន​ប្រារព្ធ​ទិវា​ទិន្នន័យ​បើក​ទូលាយ​អន្តរជាតិ​ នៅ​ប្រទេស​កម្ពុជា​ ដោយ​មាន​បទ​បង្ហាញ​ ការ​ពិភាក្សា​​ជា​ច្រើន​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​ Emerald​ Hub​ ប្រទេស​កម្ពុជា​។​ ប្រធានបទ​សំខាន់​សម្រាប់​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​នេះ​គឺ​ «​កិច្ចសន្យា​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​»​។​

បដា​ព្រឹត្តិការណ៍​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន៍​ឆ្នាំ​ ​២០១៨​​

“​ទិវា​ទិន្នន័យ​បើក​ទូលាយ​ ២០១៨”​ នៅ​ភ្នំពេញ​ ចាប់ផ្តើម​ដោយ​ការ​ណែនាំ​ដោយ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​លោកស្រី​ ថើ​រី​ ផា​ណេ​ល​ ស្ថាបនិក​របស់​អង្គការ​ អូ​ឌី​ស៊ី​។​ លោក​ ព្រំ​ ពន់​វឌ្ឍន៍​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​មន្ត្រី​ផ្នែក​ GIS​ បាន​បន្ត​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ កិច្ចសន្យា​បើក​ទូលាយ​ ដែល​ជា​ប្រធានបទ​គោល​សម្រាប់​ទិវា​ទិន្នន័យ​បើក​ទូលាយ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ​។​

​ខណៈ​ដែល​ប្រទេស​កម្ពុជា​បន្ត​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ និង​ពេល​ដែល​ការ​វិនិយោគ​បរទេស​ ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ដុះដាល​ ភាព​បើកចំហរ ​និង​តម្លាភាព​បាន​ក្លាយជា​ការ​ចាំបាច់​ខានមិនបាន​។​ បើ​ទោះបីជា​កិច្ចសន្យា​ព្រមព្រៀង​គ្នា​រវាង​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​វិនិយោគ​គួរតែ​ត្រូវ​បាន​ដាក់​ជា​សាធារណៈ​ក៏​ដោយ​ យ៉ាងណា​ឯកសារ​ទាំងនោះ​ គឺ​នៅ​តែ​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ស្វែងរក​។​ ករណី​នេះ​ធ្វើ​ឱ្យ​ការ​អនុវត្ត​តម្លាភាព​ និង​គណនេយ្យ​ភាព​មាន​កម្រិត​ ជា​ពិសេស​នៅ​ពេល​ដែល​វា​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​ដីធ្លី​ និង​ធនធានធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​យោង​តាម​គោលការណ៍​នៃ​កិច្ចសន្យា​បើក​ទូលាយ​ នា​ពេល​នេះ​ឯកសារ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ និង​ ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សម្បទាន​ដី​សេដ្ឋកិច្ច​ និង​ការ​រុករក​រ៉ែ​ ដែល​រួម​មាន​កិច្ចសន្យា​ចំនួន​ ៣៣​ អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ចំនួន​ ៣៣​ និង​អនុស្សា​រណៈ​យោគយល់​គ្នា​ចំនួន​២​ ត្រូវ​បានឱ្យ​ស្វែង​រកបាន​នៅ​លើ​គេហទំព័រ​អូ​​ឌី​ស៊ី​ ដែល​ឯកសារ​មួយ​ចំនួន​ ភាគច្រើន​អាច​ស្វែងរក​បានជា​ខេមរៈភាសា​ យ៉ាងណាមិញ​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​កំពុង​ប្រឹងប្រែង​ធ្វើ​ឱ្យ​បណ្តុំ​ព័ត៌មាន​អំពី​ទិន្នន័យ​នៃ​កិច្ចព្រមព្រៀង​ទាំងនោះ​ជា​ភាសា​អង់គ្លេស​ផង​ដែរ​។​

​ក្រៅពី​ទំព័រ​ច្បាប់​ គោលនយោបាយ​ និង​កិច្ចព្រមព្រៀង​ អូ​ឌី​ស៊ី​ក៏​ផ្តល់​នូវ​ទិន្នន័យ​ភូមិសាស្ត្រ​ជា​ច្រើន​បន្ថែម​ទៀត​ ដែល​ទិន្នន័យ​ទាំង​អស់នោះ​អាច​មើល​បាន​នៅ​លើ​ទំព័រ​ ផែនទី​អន្តរ​កម្ម​ និង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ សម្បទាន​ដី​សេដ្ឋកិច្ច​ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​។​ សាធារណៈជន​អាច​ ដាក់​ស្រទាប់​ផែនទី​លើ​គ្នា​ ដែល​អាច​រំលេច​នូវ​បញ្ហា​ដែល​អាច​ស្វែង​យល់​។​ លើស​ពី​នេះ​ទៅ​ទៀត​ ឯកសារ​ច្បាប់​ពាក់ព័ន្ធ​ដែល​អូ​ឌី​ស៊ី​ចងក្រង​ ផ្តល់​នូវ​ទស្សនៈ​គោលនយោបាយ​សម្រាប់​អ្នក​ស្រាវជ្រាវ​ដែល​មានចំណេះ​ដឹង​ច្បាប់​។​ យើង​ជឿជាក់​ថា​ ទិន្នន័យ​ និង​ព័ត៌មាន​ទាំងនេះ​នឹង​ជួយ​ជម្រុញ​ការ​យល់​ដឹង​អំពី​ទំនួល​ខុស​ត្រូវ​រួម​គ្នា​របស់​រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ទាក់ទង​នឹង​ការ​វិនិយោគ​ដីធ្លី​ដល់​សហគមន៍​មូលដ្ឋាន​ និង​សាធារណៈជន​ និង​ដើម្បី​បង្កើត​ឱកាស​សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ​។​

ក្នុងអំឡុងពេល​នៃ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០១៨​ អូ​ឌី​ស៊ី​ ក៏​បាន​ធ្វើការ​អំពាវនាវ​សម្រាប់​ការ​ចូលរួម​ចំណែក​ទិន្នន័យ​ផង​ដែរ​។​ សាធារណៈជន​ រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​ សិស្ស​និស្សិត​ សាស្ត្រាចារ្យ​ នឹង​សហគមន៍​អ្នក​ស្រាវជ្រាវ​នានា​ ចូលរួម​ទាំង​គ្នា​ ដើម្បី​ធ្វើ​ឱ្យ​ទិន្នន័យ​អំពី​ប្រទេស​កម្ពុជា​កាន់តែ​សម្បូរ​បែប​ និង​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​។​ ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកចូលរួម​ចែករំលែក​ទិន្នន័យ​ជាមួយ​អូ​ឌី​ស៊ី​ អ្នក​គ្រប់​គ្នា​គ្រាន់តែ​ទៅ​កាន់​ទំព័រ​ “​ការ​ចូលរួម​ចែករំលែក​ទិន្នន័យ​” ​ដើម្បី​ចុះ​ឈ្មោះ​។​

ដោយឡែក​ លោក​ វី​វី​ក​ អាណា​ន់​ អាសូ​កាន​ (Vivek​ Anand​ Asokan)​ បាន​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​ នៃ​ការ​ស្រាវជ្រាវ​របស់​គាត់​ អំពី​យន្តការ​សាស្ត្រ​ទិន្នន័យ​សម្រាប់​និរន្តរភាព​៖​ ករណី​នៅ​ប្រទេស​ឥណ្ឌា​។​ លោក​ វី​វី​ក​ (Vivek)​ ជា​អ្នក​ស្រាវជ្រាវ​មក​ពី​ សាកលវិទ្យាល័យ​តូ​ក្យូ​ ដែល​ចុះ​មក​កម្មសិក្សា​ នៅ​អង្គការ​អូ​ឌី​ស៊ី​។​ លោក​បាន​បង្ហាញ​យ៉ាង​ក្បោះក្បាយ​ថា​ អ្នក​ដែល​ផ្ដល់​ទិន្នន័យ​បើក​ទូលាយ​ និង​របៀប​ដែល​ពួក​គាត់​បង្ហាញ​ទិន្នន័យ​ មាន​ភាព​ប្រែប្រួល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ចន្លោះ​ពេល​ពី​ដើម​សហស្ស​វត្សរ៍​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​ ខណៈ​ពេល​ចាប់ផ្តើម​ដំបូង​ ទិន្នន័យ​បើក​ទូលាយ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ជា​ទម្រង់​ជា​បណ្ណាល័យ​ឯកសារ​ តែ​បច្ចុប្បន្ន​ចំនួន​ស្ថាប័ន​ដែល​ដើរតួ​ក្នុង​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​បើក​ទូលាយ​មានការ​កើនឡើង​ ដូច​ជា​ រដ្ឋាភិបាល​ ក្រុមហ៊ុន​ឯកជន​ សារព័ត៌មាន​ ដែល​មាន​ភាព​សកម្ម​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​ជាក់លាក់​ និង​យកចិត្តទុកដាក់​លើ​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​។​

ទន្ទឹម​នឹង​ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ ក្នុង​គោលបំណង​បង្ហាញ​ពី​ទិន្នន័យ​បើក​ទូលាយ​ លោកស្រី​ ថើ​រី​ ផា​ណេ​ល​ (Terry​ Parnell)​ ជា​ស្ថាបនិក​របស់​អង្គការ​ អូ​ឌី​ស៊ី​ និង​លោក​ ច​ន​ វី​កស៍​ (John​ WEEKS)​ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​និយាយ​អំពី​ គ្រោះថ្នាក់​ទាំង​១០​ របស់​ទិន្នន័យ​បើក​ទូលាយ​។​ គ្រោះថ្នាក់​ទាំងនោះ​រួម​មាន​ដូច​ជា​ ការ​បកស្រាយ​ខុស​ ដែល​បង្ក​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ ការ​សន្ទនា​ ក៏​ដូច​ជា​ហានិភ័យ​សម្រាប់​អ្នក​ប្រើប្រាស់​ ឬ​ហានិភ័យ​ក្រោម​ពិភាក្សា​អំពី​ទិន្នន័យ​បើក​ទូលាយ​នេះ​។​ ដូច្នេះ​​ហើយ​ទើប​លោកស្រី​ ថើ​រី​ ផា​ណេ​ល​ (Terry​ Parnell)​ និង​លោក​ ច​ន​ វី​កស៍​ (John​ Weeks)​ បាន​បញ្ជាក់​ថា​អ្នក​ដែល​ចេញផ្សាយ​ទិន្នន័យ​គួរតែ​មាន​ទំនួល​ខុស​ត្រូវ​ និង​ផ្តល់​នូវ​បរិបទ​ខ្លះៗ​។​ អ្នក​ទាំង​ពីរ​បាន​និយាយ​ជា​រួម​ថា​៖​ «​ទិន្នន័យ​បើក​ទូលាយ​ត្រូវ​តែ​មាន​ភាព​ត្រឹមត្រូវ​ និង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​!»​។​

លោក​ ​សឿង​ សា​រ៉ា​ន់​ ប្រធាន​សមាគម​ន៍​ធាងត្នោត​ បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​អំពី​របៀប​ដែល​ទិន្នន័យ​បើក​ទូលាយ​ អាច​មាន​ឥទ្ធិពល​ជាក់ស្តែង​ទៅ​លើ​ជីវិត​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ​។​ “​ទិន្នន័យ​បើក​ទូលាយ​ក្រុង​”​ ជា​គម្រោង​មួយ​ដែល​លោក​ សា​រ៉ា​ន់ ​លើក​ឡើង​ ជា​ឧទាហរណ៍​មួយ​ដ៏​ល្អ​ដែល​បង្ហាញ​ពី​សារៈ​ប្រយោជន៍​នៃ​គម្រោង​ទិន្នន័យ​បើក​ទូលាយ​។​ ពលរដ្ឋ​ទូទៅ​ អាច​ធ្វើ​សេចក្តីរាយការណ៍​ពី​ករណី​នានា​ដែល​ពួក​គេ​បានឃើញ​ដោយ​ផ្ទាល់​ ដូច​ជា​ ផ្លូវ​ដែល​ខូចខាត​,​ ទឹកជំនន់​ ឬ​ការ​កកស្ទះ​ចរាចរណ៍​ តាម​រយៈ​កម្ម​វិធី​​ សំឡេង​ទីក្រុង​។​ ទិន្នន័យ​ដែល​ទទួល​បាន​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ផែនទី​អន្តរ​កម្ម​ លើ​គេហទំព័រ​ www.urbanvoicecambodia.net​ ដោយ​រំពឹង​ថា​នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។​

​នៅ​ពេល​រសៀល​ លោក​ សុខ​ ឡាក់​ ជា​ស្ថាបនិក​ បណ្ណាល័យ​បញ្ញវន្ត​ បាន​បង្ហាញ​ពី​សារៈសំខាន់​ ដែល​អ្នក​គ្រប់​គ្នា​អាច​ទទួល​បាន​ព័ត៌មាន​ និង​ថា​តើ​បណ្ណាល័យ​ អាច​ចូលរួម​យ៉ាងដូចម្តេច​ ក្នុង​គោល​ទៅ​អភិវឌ្ឍ​ដោយ​ចីរភាព​។​ លោក​បាន​បញ្ជាក់​ដែរ​ថា​ បណ្ណាល័យ​ គឺជា​ឧបករណ៍​ដ៏​សំខាន់​ សម្រាប់​លើកកម្ពស់​អក្ខរកម្ម​ និង​ការ​ទទួល​បាន​ព័ត៌មាន​ សម្រាប់​ប្រជាពលរដ្ឋ​។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ បណ្ណាល័យ​ក៏​អាច​បម្រើ​ជា​ប្រយោជន៍​ដល់​ រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ និង​សាជីវកម្ម​ ក្នុង​ការ​ស្វែង​យល់​បន្ថែម​ពី​ព័ត៌មាន​ដែល​ចាំបាច់​ និង​ចំ​គោលដៅ​។​

កម្មវិធី​មួយ​ថ្ងៃ​ពេញ​ត្រូវ​បាន​បញ្ចប់​ជាមួយនឹង​ការ​ប្រកួតប្រជែង​ជា​ក្រុម​!​ ក្នុង​ការ​ប្រកួតប្រជែង​ ឬ​ហៅ​ថា​ “Hackathon”​នេះ​ ក្រុម​ចំនួន​បី​ ត្រូវ​បាន​បែងចែក​ដើម្បី​ធ្វើការ​បកប្រែ​ និង​បំពេញ​ព័ត៌មាន​អំពី​ទិន្នន័យ​នៃ​ឯកសារ​ដែល​ទាក់ទង​នឹង​ប្រធានបទ​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ អូ​ឌី​ស៊ី​មាន​គោលបំណង​បង្ហាត់បង្ហាញ​ដល់​អ្នកចូលរួម​ពី​របៀប​បញ្ចូល​ឯកសារ​ទៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​ CKAN​ជាមួយនឹង​ការ​អនុវត្ត​ការងារ​ទាំងនេះ​។​ បន្ទាប់​ពី​ក្រុម​នីមួយៗ​បញ្ចប់​ការ​បញ្ចូល​ព័ត៌មាន​ទិន្នន័យ​មក​ ក្រុមការងារ​របស់​អូ​ឌី​ស៊ី​បាន​ដាក់​ពិន្ទុ​ និង​វាយតម្លៃ​ទៅ​លើ​ទិន្នន័យ​ទាំងនោះ​ ហើយ​ក៏​មានការ​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ឈ្នះ​ ជា​កាត​សម្រាប់​ជិះឡាន​ក្រុង​សាធារណៈ​ផង​ដែរ​។​ ឯកសារ​ទាំងនោះ​នឹង​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​នា​ពេល​ឆាប់ៗ​ខាង​មុខ​។​

អ្នក​ចូល​រួម​​​បាន​បែង​ចែក​ជា​ក្រុម​សម្រាប់​វគ្គ​ ​Hackathon

​ទិវា​ទិន្នន័យ​បើក​ទូលាយ​របស់​អូ​ឌី​ស៊ី​បាន​បង្ហាញ​ពី​ពី​ការ​អនុវត្ត​ជា​ច្រើន​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ កម្មវិធី​ដ៏​មាន​ផ្លែផ្កា​ និង​សកម្ម​នេះ​ ត្រូវ​បាន​ចូលរួម​ពី​សំណាក់​ស្ថាប័ន​ជា​ច្រើន​ខុសៗ​គ្នា​ ដូច​ជា​ ស្ថាន​ប័ន​រដ្ឋ​ និង​ឯកជន​ សិស្ស​និស្សិត​ និង​បណ្តា​អង្គការ​នានា​ ចំនួន​ ៥០​នាក់​។​ ការ​ចូលរួម​ពី​សំណាក់​អ្នក​ទាំងនោះ​បាន​លើកទឹកចិត្ត​ឱ្យ​ អូ​ឌី​ស៊ី​ នឹង​បន្ត​ធ្វើការ​ជាមួយ​បេស​កម្ម​របស់​ខ្លួន​ ដើម្បី​បន្ត​ការ​បើក​ទូលាយ​ទិន្នន័យ​។​ ការ​ប្រារព្ធ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​នេះ​ គឺជា​លើក​ទី​៥​ ហើយ​ដែល​អូ​ឌី​ស៊ី​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​រាជធានី​ភ្នំពេញ​។​ យើង​កំពុង​ទន្ទឹម​រង់ចាំ​ដើម្បី​ប្រារព្ធ​ទិវា​នេះ​នៅ​ឆ្នាំ​ ២០១៩​ ម្ដងទៀត​។​​