វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអាន និងការប្រើប្រាស់ផែនទី
នៅថ្ងៃទី០៥ និង ទី០៦ ខែសីហា ឆ្នាំ២០១៩ អង្គការទិន្នន័យអំពីការអភិវឌ្ឍ សហការជាមួយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអាន និងការប្រើប្រាស់ផែនទី នៅខេត្តកំពង់ឆ្នាំង ប្រកបដោយជោគជ័យ ។ វគ្គបណ្តុះបណ្តាលនេះមានគ្រូបង្គោលចូលរួមចំនួន ២៦រូប មកពីវិទ្យាល័យចំនួន 13 នៅបណ្តាល ១១ខេត្តក្រុង។
វគ្គបណ្តុះបណ្តាលគ្រូបង្គោល នេះត្រូវបានធ្វើឡើងក្រោយពីសិក្ខាសាលាពិគ្រោះយោបល់ ជាមួយលោកគ្រូអ្នកគ្រូវិទ្យាល័យ ដែលបង្រៀនមុខវិជ្ជាដូចជា ព័ត៌មានវិទ្យា ភូមិវិទ្យា និងផែនដីវិទ្យា។ គោលបំណងនៃ វគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីផ្តល់ជូនលោកគ្រូអ្នកគ្រូបង្រៀនព័ត៌មានវិទ្យានៅថ្នាក់វិទ្យាល័យនូវចំណេះដឹងក្នុងការអាន និងប្រើប្រាស់ផែនទីទាំងនៅលើអ៊ីនធឺណិត និងនៅលើក្រដាស។ ទន្ទឹមនឹងនេះ លោកគ្រូអ្នកគ្រូក៏ទទួលការបណ្តុះបណ្តាលដើម្បីអាចបង្រៀនមេរៀនអានផែនទីដល់សិស្សរបស់ពួកគាត់ក្នុងម៉ោងសិក្សា។
កម្មវិធីបង្រៀនដែលបានបង្កើតឡើង មានចំនួនសរុប ១៧ជំពូក ដែលរៀបរាប់លម្អិតពីផែនទី និងធាតុនៃផែនទី ក៏ដូចជាលំហាត់សម្រាប់អនុវត្ត។ ក្រៅពីកម្មវិធីបង្រៀន សម្ភារៈឧបទ្ទេសផ្សេងៗទៀតក៏កំពុងត្រូវបានផលិត ដើម្បីឱ្យកូនសិស្សមានសម្ភារៈផ្សេងៗសម្រាប់រៀនក្រៅពីអត្ថបទសរសេរ និងរូបភាពមួយចំនួននៅក្នុងសៀវភៅ។ ពួកគេក៏អាចរៀនជាមួយសម្ភារៈដែលគេអាចអនុវត្ត មើល ស្តាប់ និងប៉ះបាន។ សម្ភារៈទាំងនោះរួមមាន ផែនទីក្រដាស និងវីឌីអូបង្រៀន (៤ វីឌីអូសម្រាប់មួយជំពូក)។
វគ្គបណ្តុះបណ្តាលនេះបានបង្រៀនលោកគ្រូអ្នកគ្រូ អំពីំមុខងារផ្សេងៗនៃផែនទីដែលពួកគាត់មិនធ្លាប់ប្រើពីមុនមក ជាពិសេសនៅលើផែនទីឌីជីថល។ ពួកគាត់ក៏ត្រូវបានណែនាំអំពី Google Maps, Google Earth, Google Street View និងទទួលបានឱកាសបង្កើតផែនទីផ្ទាល់ខ្លួនរបស់ពួកគេដោយប្រើប្រាស់ My Maps។ លោក វង ទង ដែលជាគ្រូផ្នែកព័ត៌មានវិទ្យា នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង បាននិយាយថា គាត់បានទទួលចំណេះដឹងថ្មីៗជាពិសេសទៅលើផែនទីឌីជីថល និងផែនទីក្រដាសដែលគាត់មិនដែលបានដឹងពីមុនមក។ គាត់បានបន្ថែមទៀតថា “ចំណេះដឹងក្នុងការអានផែនទីមានសារៈសំខាន់ណាស់សម្រាប់សិស្ស និងប្រជាជនទូទៅ ពីព្រោះជាមួយចំណេះដឹងនេះ ពួកគេនឹងអាចស្វែងរក និងកំណត់ទីតាំងរបស់ខ្លួនទាំងនៅក្នុងស្រុក និងក្រៅស្រុកដោយមិនវង្វេងនិងមិនចាំបាច់សួរអ្នកដទៃ”។
លោកគ្រូអ្នកគ្រូ មានបំណងចូលរួមវគ្គបណ្តុះបណ្តាលបែបនេះបន្ថែមទៀត ជាពិសេសវគ្គបណ្តុះបណ្តាលទៅលើផែនទី និងបច្ចេកវិទ្យានានាដែលមានសារៈប្រយោជន៍ដល់ការងាររបស់ពួកគាត់ និងការសិក្សារបស់សិស្សានុសិស្ស។ ពួកគាត់ក៏ចង់ឱ្យវគ្គបណ្តុះបណ្តាលមានរយៈពេលយូរជាងនេះ ព្រោះទិដ្ឋភាពមួយចំនួននៃផែនទីតម្រូវឱ្យមានពេលវេលាច្រើនដើម្បីយល់ឱ្យបានស៊ីជម្រៅ។
កម្មវិធីសិក្សាដែលត្រូវបានបង្កើតឡើង និងដែលត្រូវបានប្រើក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ នឹងត្រូវកែសម្រួលបញ្ចប់ និងចែកចាយជាមួយគ្រូបង្គោល និងសមាជិកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានទាំងអស់។ ពួកគាត់អាចសិក្សាពីសម្ភារៈទាំងនេះឱ្យកាន់តែស៊ីជម្រៅ និងបង្រៀនមេរៀនអានផែនទីនេះទៅកាន់សិស្សរបស់ពួកគាត់។ អូឌីស៊ី និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នឹងសិក្សាបន្ថែមទៀតអំពីនិតិវិធីក្នុងការដាក់បញ្ចូលមេរៀននេះទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ។
អូឌីស៊ី កំពុងស្វះស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកគម្រោងទៅសាលារៀនផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សកាន់តែច្រើនអាចទទួលបានការបណ្តុះបណ្តាលអំពីរបៀបអានផែនទី។ លទ្ធភាពក្នុងការទទួលថវិកាបន្ថែមនឹងជួយឱ្យក្រុមការងារអូឌីស៊ី និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន អាចផលិតសំភារៈបណ្តុះបណ្តាលដែលមានគុណភាពបន្ថែមទៀតសម្រាប់លោកគ្រូអ្នកគ្រូ និងក្រុមការងារនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។