កល្យាណ៖ ខ្ញុំចង់ចែករំលែកបទពិសោធន៍ដើម្បីធ្វើការពីផ្ទះទទួលបានប្រសិទ្ធភាពក្នុងកំឡុងពេលនៃការរីករាលដាលវីរុសកូរ៉ូណា
ខ្ញុំបាទជាបុគ្គលិកម្នាក់នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលធ្វើការជាអ្នកសម្របសម្រួលផ្នែកស្រាវជ្រាវទិន្នន័យ និង GIS ។ ជាទូទៅអ្នកទាំងអស់គ្នាអាចមើលឃើញ ផែនទី និងទិន្នន័យជាច្រើនតាមរយៈគេហទំព័រ opendevcam.net ។ បច្ចុប្បន្ននេះនៅលើពិភពលោក យើងកំពុងប្រើជីវិតរបស់យើងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (កូវីដ-១៩)។ វាបានជះឥទ្ធិពលដល់មនុស្សជាច្រើន រួមទាំងរូបខ្ញុំនិងអង្គភាពរបស់ខ្ញុំ។ ខ្ញុំនៅផ្ទះ ជារៀងរាល់ថ្ងៃ ហើយវាពិតជាជះឥទ្ធិពលដល់ខ្ញុំក្នុងការរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។ ការមិនអាចនិយាយជាមួយមិត្តភក្តិ និងមើលឃើញមនុស្សដែលខ្ញុំធ្លាប់ឃើញជារឿយៗ គឺពិតជាពិបាកសម្រាប់ខ្ញុំ។ ខ្ញុំមិនដែលនៅផ្ទះ គ្រប់ពេលវេលា និងធ្វើការនៅមុខកុំព្យូទ័ររហូតទេ ប៉ុន្តែចាប់ពីពេលនេះតទៅខ្ញុំត្រូវសម្របខ្លួនទៅនឹងបរិយាកាសថ្មីនៃការធ្វើការពីផ្ទះ។ នេះនឹងជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំដែលខ្ញុំចង់ចែករំលែកវា ដែលមនុស្សមួយចំនួនប្រហែលជាបានស្គាល់ និងបានជួបបទពិសោធន៍នេះផងដែរ។
ដើម្បីធ្វើការពីផ្ទះទទួលបានប្រសិទ្ធភាព ខ្ញុំត្រូវការកុំព្យូទ័រយួរដៃ ការតភ្ជាប់អ៊ីធឺណិតល្អ កាលវិភាគទៀងទាត់ និងកន្លែងធ្វើការសមរម្យមួយ។ ដំបូងខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំអំពី របៀបដែលខ្ញុំរៀបចំការិយាល័យនៅផ្ទះ។ វាមិនខុសពីអ្នកដទៃដែលធ្លាប់ធ្វើការពីចម្ងាយទេតែពេលនេះគឺហៅថាផ្ទះការិយាល័យ។ អ្វីដែលខ្ញុំត្រូវការគឺកន្លែងសមស្របមួយ និងជាកន្លែងស្ងប់ស្ងាត់ដើម្បីចៀសវាងពីការរំខានផ្សេងៗតែត្រូវប្រាកដថាវាសមបំផុតសម្រាប់ខ្ញុំក្នុងការផ្តោតអារម្មណ៍ លើកិច្ចការរបស់ខ្ញុំ។ ខ្ញុំបានជ្រើសរើសបន្ទប់គេងផ្ទាល់ខ្លួនរបស់ខ្ញុំជាការិយាល័យនៅផ្ទះរបស់ខ្ញុំ។ តើអ្នកដឹងទេហេតុអ្វីខ្ញុំជ្រើសរើសកន្លែងនេះ? ខ្ញុំនឹងប្រាប់ចម្លើយរបស់ខ្ញុំដោយខ្លី ព្រោះខ្ញុំគ្មានជម្រើសទេ។ ត្រឹមត្រូវជាងនេះ វាមានទីតាំងនៅជាន់ឡៅតឿ ខាងក្រោយផ្ទះរបស់ខ្ញុំហើយខ្ញុំគ្រាន់តែចាក់សោទ្វារ ខ្ញុំនឹងមិនលឺសំលេង រំខានពីមនុស្សផ្សេងទៀតនៅតាមផ្លូវទេ ពីព្រោះផ្ទះរបស់ខ្ញុំនៅជិតផ្សារដើមគរ ដែលជាកន្លែងកកស្ទះយ៉ាងខ្លាំង ក្នុងការលក់ដូរបន្លែ។ រាល់ថ្ងៃខ្ញុំរៀបចំពេលវេលាដើម្បីក្រោកពីព្រឹកព្រលឹមបន្តិច ដើម្បីលាងសម្អាតខ្លួន ខ្ញុំញ៉ាំអាហារពេលព្រឹក និងត្រៀមខ្លួនសម្រាប់ការងារប្រចាំថ្ងៃដើម្បីធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យនៃករណីកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាដែលអ្នករាល់គ្នាបានឃើញក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលដកស្រង់ចេញពីសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងពិនិត្យមើលទិន្នន័យផ្សេងទៀតប្រសិនបើមានបច្ចុប្បន្នភាពនៅពេលព្រឹក។ ពេលរសៀលបន្ទាប់ពីអាហារថ្ងៃត្រង់ខ្ញុំនៅតែបន្តបំពេញភារកិច្ចដែលខ្ញុំកំពុងធ្វើ និងកំណត់ពេលវេលាដើម្បីពិភាក្សាជាមួយក្រុមរបស់ខ្ញុំលើការងារអាទិភាព។ និយាយអីញ្ចឹងយើងតែងតែមានការប្រជុំប្រចាំសប្តាហ៍នៅថ្ងៃអង្គារ និង រាយការណ៍ ផលិតភាពការងារ ជារៀងរាល់ថ្ងៃព្រហស្បតិ៍ តាមរយៈ Skype និងអ៊ីមែល។-ល-។ ធ្វើការពីផ្ទះខ្ញុំចាប់ផ្តើមមើលឃើញនូវគុណសម្បត្តិរបស់វាគឺខ្ញុំមិនប្រឈមមុខជាមួយការកកស្ទះចរាចរណ៍ ហើយខ្ញុំមិនចំណាយពេលពេញមួយថ្ងៃនៅការិយាល័យដែលជាមូលហេតុដែល ខ្ញុំមិនអាចចំណាយពេលជាមួយនឹងក្រុមគ្រួសារ។ នៅពេលខ្ញុំធ្វើការពីផ្ទះខ្ញុំអាច គ្រប់គ្រងពេលវេលាបាន ឧទាហរណ៍ខ្ញុំអាចរក្សាតុល្យភាពជីវិតក្នុងការចំណាយពេលជាមួយគ្រួសារ ឬចំណាយពេលសម្រាប់ការងារ។ ធ្វើការពីចម្ងាយអនុញ្ញាតឱ្យខ្ញុំនៅកន្លែងធ្វើការឬនៅផ្ទះនៅពេលណាក៏បាន។ លើសពីនេះទៀតការធ្វើការពីផ្ទះគឺមានសុវត្ថិភាពជាងការធ្វើការនៅការិយាល័យ ពីព្រោះការរីករាលដាលនៃវីរុសកូវីដ-១៩ អាចនឹងកើតមាននៅក្នុងសហគមន៍ ដែលយើងមិនអាចមើលឃើញវានោះទេ ដូច្នេះជាការប្រសើរណាស់ដែលនៅផ្ទះហើយការពារវាឱ្យបានច្រើនតាមដែលយើងអាចធ្វើបាន ស្របទៅនឹងដំបូន្មានរបស់ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ ផ្ទុយទៅវិញការធ្វើការនៅផ្ទះបំបែកខ្ញុំចេញពីបរិយាកាសការិយាល័យរបស់ខ្ញុំដែលខ្ញុំធ្លាប់ឃើញមិត្តរួមការងាររបស់ខ្ញុំ និងជួបជុំគ្នាទាំងពេលវេលាលំបាក និងពេលវេលាសប្បាយរីករាយ។ លើសពីនេះទៅទៀតនៅក្នុងការិយាល័យខ្ញុំអាចមានពេលវេលាដើម្បីនិយាយជាមួយក្រុមរបស់ខ្ញុំដោយផ្ទាល់ និងមានឱកាសកាន់តែច្រើននៅក្នុងអាជីពរបស់ខ្ញុំបើប្រៀបធៀបជាមួយនឹងការធ្វើការពីផ្ទះ។ ក្នុងស្ថានភាពរាតត្បាតនេះខ្ញុំសូមថ្លែងអំណរគុណដល់អង្គការរបស់ខ្ញុំដែលតែងតែគាំទ្រនិងដឹកនាំប្រកបដោយការគិតគូរដែលបានអនុញ្ញាតនិងលើកទឹកចិត្តដល់និយោជិកទាំងអស់ ឱ្យធ្វើការពីផ្ទះឥឡូវនេះច្រើនជាងពេលណាៗទាំងអស់ ដែលយើងទាំងអស់គ្នាត្រូវការត្រលប់ទៅផ្ទះវិញហើយអ្នកខ្លះត្រូវការមើលថែទាំកូន កុមារតូចៗ និងមនុស្សចាស់ជរាជាទីស្រឡាញ់ក្នុងកំឡុងពេលមានជម្ងឺរាតត្បាតនេះ។ លើសពីនេះទៅទៀតអង្គភាពក៏មានផែនការ និងតាមដាននូវអ្វីដែលជាកិច្ចការអាទិភាពសម្រាប់ក្រុមការងារ ដើម្បីសម្របខ្លួនជាមួយនឹងពិភពថ្មីនៃការធ្វើការងារពីផ្ទះ។
សរុបមក ការធ្វើការងារពីផ្ទះមានគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែការធ្វើការងារពីចម្ងាយ ឬពីផ្ទះគឺបានបញ្ជៀសខ្ញុំពីការរីករាលដាលនៃវីរុសកូរ៉ូណា (កូវីដ-១៩)។ ជាការក្រើនរំលឹក បើទោះបីជាចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានៅមានចំនួនទាបប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅលើពិភពលោក។ យ៉ាងក៏ណាយើងទាំងអស់គ្នានៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ ខណៈដែលប្រទេសដទៃទៀតនៅជុំវិញពិភពលោកនៅតែប្រឈមមុខខ្លាំងក្លានឹងស្ថានការរាត ត្បាតនេះ។ វាជាការល្អប្រសើរមួយក្នុងការធ្វើការងារពីផ្ទះប្រសិនបើអាច។ យើងអាចការពារខ្លួន និងអ្នកដទៃដែលនៅជុំវិញយើងដោយដឹងពីអង្គហេតុ និងការប្រុងប្រយ័ត្នត្រឹមត្រូវ តាមការណែនាំដែលផ្តល់ដោយទីភ្នាក់ងារសុខភាពសាធារណៈក្នុងស្រុករបស់យើង។ សូមអរគុណចំពោះការអានប្លក់របស់ខ្ញុំ! កល្យាណ។
ប្លុកសរសេរដោយ៖ លោក ឡុច កល្យាណ អ្នកសម្របសម្រួលផ្នែកស្រាវជ្រាវទិន្នន័យ និង GIS នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។