កល្យាណ​៖​ ​ខ្ញុំ​ចង់​ចែករំលែក​បទ​ពិសោធន៍​​ដើម្បី​ធ្វើការ​ពី​ផ្ទះ​ទទួល​បាន​ប្រសិទ្ធភាព​​ក្នុង​កំឡុង​ពេល​នៃ​ការ​រីក​រាលដាល​​វីរុស​កូ​រ៉ូ​ណា​

ខ្ញុំបាទ​ជា​បុគ្គលិក​ម្នាក់​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​ធ្វើការ​ជា​អ្នកសម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ GIS​ ។​ ជា​ទូទៅ​អ្នក​ទាំងអស់​គ្នា​អាច​មើលឃើញ​ ផែនទី​ និង​ទិន្នន័យ​ជា​ច្រើន​តាម​រយៈ​គេហទំព័រ​ opendevcam.net​ ។​ បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក​ យើង​កំពុង​ប្រើ​ជីវិត​របស់​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​។​ វា​បាន​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជា​ច្រើន​ រួម​ទាំង​រូប​ខ្ញុំ​និង​អង្គភាព​របស់ខ្ញុំ​។​ ខ្ញុំ​នៅផ្ទះ​ ជា​រៀងរាល់ថ្ងៃ​ ហើយ​វា​ពិតជា​ជះ​ឥទ្ធិពល​ដល់​ខ្ញុំ​ក្នុង​ការ​រស់នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ការ​មិន​អាច​និយាយ​ជាមួយ​មិត្តភក្តិ​ និង​មើលឃើញ​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ជា​រឿយៗ​ គឺ​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ​។​ ខ្ញុំ​មិន​ដែល​នៅផ្ទះ​ គ្រប់ពេលវេលា​ និង​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​រហូត​ទេ​ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​តទៅ​ខ្ញុំ​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ថ្មី​នៃ​ការ​ធ្វើការ​ពី​ផ្ទះ​។​ នេះ​នឹង​ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ​ដែល​ខ្ញុំ​ចង់​ចែករំលែក​វា​ ដែល​មនុស្ស​មួយ​ចំនួន​ប្រហែលជា​បាន​ស្គាល់​ និង​បាន​ជួប​បទ​ពិសោធន៍​នេះ​ផង​ដែរ​។​

ដើម្បី​ធ្វើការ​ពី​ផ្ទះ​ទទួល​បាន​ប្រសិទ្ធភាព​ ខ្ញុំ​ត្រូវការ​កុំព្យូទ័រ​យួរដៃ​ កា​រត​ភ្ជាប់​អ៊ី​ធឺ​ណិ​ត​ល្អ​ កាលវិភាគ​ទៀងទាត់​ និង​កន្លែងធ្វើការ​សមរម្យ​មួយ​។​ ដំបូង​ខ្ញុំ​ចង់​ចែករំលែក​បទ​ពិសោធន៍​របស់ខ្ញុំ​អំពី​ របៀប​ដែល​ខ្ញុំ​រៀបចំ​ការិយាល័យ​នៅផ្ទះ​។​ វា​មិន​ខុស​ពី​អ្នក​ដទៃ​ដែល​ធ្លាប់​ធ្វើការ​ពី​ចម្ងាយ​ទេ​តែ​ពេល​នេះ​គឺ​ហៅ​ថា​ផ្ទះ​ការិយាល័យ​។​ អ្វី​ដែល​ខ្ញុំ​ត្រូវការ​គឺ​កន្លែង​សម​ស្រប​មួយ​ និង​ជា​កន្លែង​ស្ងប់ស្ងាត់​ដើម្បី​ចៀសវាង​ពី​ការ​រំខាន​ផ្សេងៗ​តែ​ត្រូវ​ប្រាកដ​ថា​វា​សម​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​ការ​ផ្តោតអារម្មណ៍​ លើ​កិច្ចការ​របស់ខ្ញុំ​។​ ខ្ញុំ​បាន​ជ្រើសរើស​បន្ទប់​គេង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ជា​ការិយាល័យ​នៅផ្ទះ​របស់ខ្ញុំ​។​ តើ​អ្នកដឹង​ទេ​ហេតុ​អ្វី​ខ្ញុំ​ជ្រើសរើស​កន្លែង​នេះ​?​ ខ្ញុំ​នឹង​ប្រាប់​ចម្លើយ​របស់ខ្ញុំ​ដោយ​ខ្លី​ ព្រោះ​ខ្ញុំ​គ្មាន​ជម្រើស​ទេ​។​ ត្រឹមត្រូវ​ជាង​នេះ​ វា​មា​នទី​តាំងនៅ​ជាន់​ឡៅតឿ​ ខាងក្រោយ​ផ្ទះ​របស់ខ្ញុំ​ហើយ​ខ្ញុំ​គ្រាន់តែ​ចាក់សោ​ទ្វារ​ ខ្ញុំ​នឹង​មិន​លឺ​សំលេង​ រំខាន​ពី​មនុស្ស​ផ្សេង​ទៀត​នៅ​តាម​ផ្លូវ​ទេ​ ពីព្រោះ​ផ្ទះ​របស់ខ្ញុំ​នៅ​ជិត​ផ្សារ​ដើម​គរ​ ដែល​ជា​កន្លែង​កកស្ទះ​យ៉ាង​ខ្លាំង​ ក្នុង​ការ​លក់ដូរ​បន្លែ​។​ រាល់ថ្ងៃ​ខ្ញុំ​រៀបចំ​ពេលវេលា​ដើម្បី​ក្រោក​ពី​ព្រឹក​ព្រលឹម​បន្តិច​ ដើម្បី​លាង​សម្អាតខ្លួន​ ខ្ញុំ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ និង​ត្រៀមខ្លួន​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​នៃ​ករណី​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​អ្នក​រាល់គ្នា​បានឃើញ​ក្នុង​គេហទំព័រ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​ដែល​ដកស្រង់​ចេញពី​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ និង​ពិនិត្យ​មើល​ទិន្នន័យ​ផ្សេង​ទៀត​ប្រសិនបើ​មាន​បច្ចុប្បន្នភាព​នៅ​ពេល​ព្រឹក​។​ ពេល​រសៀល​បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​ខ្ញុំ​នៅ​តែ​បន្ត​បំពេញភារកិច្ច​ដែល​ខ្ញុំ​កំពុង​ធ្វើ​ និង​កំណត់​ពេលវេលា​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​របស់ខ្ញុំ​លើ​ការងារ​អាទិភាព​។​ និយាយ​អី​ញ្ចឹ​ង​យើង​តែងតែ​មានការ​ប្រជុំ​ប្រចាំ​ស​ប្តា​ហ៍​នៅ​ថ្ងៃ​អង្គារ​ និង​ រាយការណ៍​ ផលិតភាព​ការងារ​ ជា​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ តាម​រយៈ​ Skype​ និង​អ៊ីមែល​។​-​ល​-​។​ ធ្វើការ​ពី​ផ្ទះ​ខ្ញុំ​ចាប់ផ្តើម​មើលឃើញ​នូវ​គុណសម្បត្តិ​របស់​វា​គឺ​ខ្ញុំ​មិន​ប្រឈម​មុខជា​មួយ​ការ​កកស្ទះ​ចរាចរណ៍​ ហើយ​ខ្ញុំ​មិន​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​នៅ​ការិយាល័យ​ដែល​ជា​មូលហេតុ​ដែល​ ខ្ញុំ​មិន​អាច​ចំណាយពេល​ជាមួយនឹង​ក្រុម​គ្រួសារ​។​ នៅ​ពេល​ខ្ញុំ​ធ្វើការ​ពី​ផ្ទះ​ខ្ញុំ​អាច​ គ្រប់គ្រង​ពេលវេលា​បាន​ ឧទាហរណ៍​ខ្ញុំ​អាច​រក្សា​តុល្យភាព​ជីវិត​ក្នុង​ការ​ចំណាយពេល​ជាមួយ​គ្រួសារ​ ឬ​ចំណាយពេល​សម្រាប់​ការងារ​។​ ធ្វើការ​ពី​ចម្ងាយ​អនុញ្ញាត​ឱ្យ​ខ្ញុំ​នៅ​កន្លែងធ្វើការ​ឬ​នៅផ្ទះ​នៅ​ពេល​ណា​ក៏​បាន​។​ លើស​ពី​នេះ​ទៀត​ការ​ធ្វើការ​ពី​ផ្ទះ​គឺ​មាន​សុវត្ថិភាព​ជាង​ការ​ធ្វើការ​នៅ​ការិយាល័យ​ ពីព្រោះ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​ អាច​នឹង​កើត​មាននៅ​ក្នុង​សហគមន៍​ ដែល​យើង​មិន​អាច​មើលឃើញ​វា​នោះ​ទេ​ ដូច្នេះ​ជា​ការ​ប្រសើរ​ណាស់​ដែល​នៅផ្ទះ​ហើយ​ការពារ​វា​ឱ្យ​បាន​ច្រើន​តាម​ដែល​យើង​អាច​ធ្វើ​បាន​ ស្រប​ទៅ​នឹង​ដំបូន្មាន​របស់​ ក្រសួងសុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​។​ ផ្ទុយ​ទៅ​វិញ​ការ​ធ្វើការ​នៅផ្ទះ​បំបែក​ខ្ញុំ​ចេញពី​បរិយាកាស​ការិយាល័យ​របស់ខ្ញុំ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​មិត្ត​រួម​ការងារ​របស់ខ្ញុំ​ និង​ជួបជុំ​គ្នា​ទាំង​ពេលវេលា​លំបាក​ និង​ពេលវេលា​សប្បាយ​រីករាយ​។​ លើស​ពី​នេះ​ទៅ​ទៀត​នៅ​ក្នុង​ការិយាល័យ​ខ្ញុំ​អាច​មាន​ពេលវេលា​ដើម្បី​និយាយ​ជាមួយ​ក្រុម​របស់ខ្ញុំ​ដោយ​ផ្ទាល់​ និង​មានឱកាស​កាន់តែ​ច្រើន​នៅ​ក្នុង​អាជីព​របស់ខ្ញុំ​បើ​ប្រៀបធៀប​ជាមួយនឹង​ការ​ធ្វើការ​ពី​ផ្ទះ​។​ ក្នុង​ស្ថានភាព​រាតត្បាត​នេះ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អង្គការ​របស់ខ្ញុំ​ដែល​តែងតែ​គាំទ្រ​និង​ដឹកនាំ​ប្រកបដោយ​ការ​គិតគូរ​ដែល​បាន​អនុញ្ញាត​និង​លើកទឹកចិត្ត​ដល់​និ​យោ​ជិ​ក​ទាំងអស់​ ឱ្យធ្វើ​ការ​ពី​ផ្ទះ​ឥឡូវនេះ​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់​ ដែល​យើង​ទាំងអស់​គ្នា​ត្រូវការ​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ​អ្នកខ្លះ​ត្រូវការ​មើលថែ​ទាំ​កូន​ កុមារ​តូចៗ​ និង​មនុស្ស​ចាស់ជរា​ជាទី​ស្រឡាញ់​ក្នុង​កំឡុង​ពេល​មាន​ជម្ងឺ​រាតត្បាត​នេះ​។​ លើស​ពី​នេះ​ទៅ​ទៀត​អង្គភាព​ក៏​មាន​ផែនការ​ និង​តាមដាន​នូវ​អ្វី​ដែល​ជា​កិច្ចការ​អាទិភាព​សម្រាប់​ក្រុមការងារ​ ដើម្បី​សម្រប​ខ្លួន​ជាមួយនឹង​ពិភព​ថ្មី​នៃ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​។​

​សរុប​មក ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​។​ ប៉ុន្តែ​ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​ ឬ​ពី​ផ្ទះ​គឺ​បាន​បញ្ជៀ​ស​ខ្ញុំ​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​។​ ជា​ការ​ក្រើនរំលឹក​ បើ​ទោះបីជា​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ចំនួន​ទាប​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​។​ យ៉ាង​ក៏​ណា​យើង​ទាំងអស់​គ្នា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅឡើយ​ ខណៈ​ដែល​ប្រទេស​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក​នៅ​តែ​ប្រឈម​មុខ​ខ្លាំងក្លា​នឹង​ស្ថាន​ការ​រាត​ ត្បា​ត​នេះ​។​ វា​ជា​ការ​ល្អ​ប្រសើរ​មួយ​ក្នុង​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ប្រសិនបើ​អាច​។​ យើង​អាច​ការពារ​ខ្លួន​ និង​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​យើង​ដោយ​ដឹង​ពី​អង្គហេតុ​ និង​ការ​ប្រុង​ប្រយ័ត្ន​ត្រឹមត្រូវ​ តាម​ការ​ណែនាំ​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​ក្នុងស្រុក​របស់​យើង​។​ សូម​អរគុណ​ចំពោះ​ការ​អាន​ប្លក់​របស់ខ្ញុំ​!​ កល្យាណ​។​

​ប្លុក​សរសេរ​ដោយ​៖​ ​លោក​ ឡុច កល្យាណ​​ អ្នក​​សម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ GIS​​ ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​(អូឌីស៊ី)​។​