កិច្ចប្រជុំចាប់ផ្តើមគម្រោង ស្តីពី «ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក»
តម្លាភាពថវិកា ដែលជាការផ្តល់ជូនជាសាធារណៈនូវព័ត៌មានពេញលេញ និងទាន់ពេលវេលាអំពីហិរញ្ញវត្ថុសាធារណៈ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ជម្រុញកិច្ចពិភាក្សាជាសាធារណៈទាក់ទងនឹងអាទិភាពគោលនយោបាយ និងធានានូវគណនេយ្យភាពរបស់រដ្ឋាភិបាល។ ការទទួលបានព័ត៌មានថវិកាសាធារណៈគ្រប់គ្រាន់ អាចផ្តល់ឱ្យនូវព័ត៌មានចាំបាច់ដល់ពលរដ្ឋ និងក្រុមសង្គមស៊ីវិលអំពីរបៀបដែលរដ្ឋាភិបាលប្រមូល និងប្រើប្រាស់ចំណូលថវិកា ដែលអាចឱ្យពួកគេត្រួតពិនិត្យថវិកា និងតស៊ូមតិក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។
ជាមួយនឹងគោលបំណងដោះស្រាយបញ្ហាឃុំសង្កាត់ដែលគ្មានភាពច្បាស់លាស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួន អង្គការ ស្តារកម្ពុជា នឹងអនុវត្តសកម្មភាពចំនួន ៣ គឺ៖
- ក្រុមបណ្តាញសហគមន៍ និងអង្គការសង្គមស៊ីវិលនឹងតាមដានថវិកាក្នុងស្រុកពីការបែងចែកថវិកាជាតិ និងចំណូលដែលផលិតដោយខ្លួនឯង
- ផ្ទៀងផ្ទាត់ថាតើផែនការវិនិយោគ និងការអភិវឌ្ឍពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ដែរឬទេ
- ត្រួតពិនិត្យការចំណាយថវិការបស់រដ្ឋបាលមូលដ្ឋាន និងធានាថាវាឆ្លើយតបនឹងបទដ្ឋាននៃតម្លាភាព និងគណនេយ្យភាព ដែលព្យាយាមពង្រឹងអភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
ដើម្បីប្រកាសជាផ្លូវការនូវគម្រោងដែលមានចំណងជើងថា «ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក» កិច្ចប្រជុំចាប់ផ្តើមគម្រោងចំនួន ២ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ នៅស្រុកអូរជ្រៅ និងម៉ាឡៃ។ នៅពេលព្រឹកក្រុមការងារអូឌីស៊ី និងស្តារកម្ពុជាបានធ្វើដំណើរទៅសាលាស្រុកអូរជ្រៅដើម្បីរៀបចំកិច្ចប្រជុំ។ ក្រុមការងារត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីនៅសាសាស្រុក។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន ២៥ នាក់។
ការប្រជុំបានចាប់ផ្តើមដោយអ្នកចូលរួមទាំងអស់ច្រៀងចម្រៀងភ្លេងជាតិរួមគ្នា។ លោកស្រី ជេត ចរិយា នាយកប្រតិបត្តិអង្គការស្តារស្តាកម្ពុជា បានបើកអង្គប្រជុំជាមួយនឹងសេចក្តីណែនាំអំពីគម្រោងដែលរួមមានទិដ្ឋភាពគម្រោង គោលបំណង និងពេលវេលានៃគម្រោង។ បន្ទាប់មក លោក ធី ទ្រី នាយកប្រតិបត្តិអូឌីស៊ី បានណែនាំខ្លួនរបស់លោក និងគេហទំព័រអូឌីស៊ីដល់អ្នកចូលរួម។ ជាមួយនឹងបទពិសោធន៍យ៉ាងច្រើនលើការអភិវឌ្ឍគេហទំព័រ និងការគ្រប់គ្រងទំព័រហ្វេសប៊ុក ក្រុមការងារអូឌីស៊ីនឹងគាំទ្ររដ្ឋបាលស្រុកដើម្បីបង្កើត និងរចនាគេហទំព័ររបស់សាលាស្រុក។ លោក ទ្រី បានលើកឡើងផងដែរថា លោកសង្ឃឹមថាគម្រោងក្នុងរយៈពេលខ្លីនេះនឹងនាំមកនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការទាំងពីរ និងរដ្ឋបាលស្រុក។
លោក អាន វណ្ណៈ អភិបាលស្រុកស្តីទីអូរជ្រៅ បានធ្វើការថ្លែងសុន្ទរកថាបើកកម្មវិធី។ លោកបានសម្តែងការកោតសរសើរចំពោះ SPIDER អង្គការអូឌីស៊ី និងអង្គការស្តារកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុក ហើយលោកសង្ឃឹមថា គម្រោងនេះនឹងត្រូវបានអនុវត្តដោយរលូន។ ការសហការនេះនឹងធ្វើឱ្ការអនុវត្តការងាររបស់រដ្ឋបាលស្រុកយប្រសើរឡើង។
ក្នុងកិច្ចពិភាក្សាជាក្រុម លោក នង ធឿន អភិបាលរងស្រុកអូរជ្រៅបានមានប្រសាសន៍ថា «រដ្ឋបាលស្រុកអូរជ្រៅមិនមានគេហទំព័រផ្លូវការរបស់សាលាស្រុកអូរជ្រៅទេ ហើយវាមានសារៈសំខាន់ណាស់ ព្រោះរដ្ឋបាលស្រុកបានធ្វើសកម្មភាពជាច្រើន។ បន្ទាប់ពីមានគេហទំព័រ រដ្ឋបាលស្រុកអាចបញ្ចូលព័ត៌មានទៅក្នុងគេហទំព័រ ហើយវានឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយពត៌មានទូលំទូលាយនឹងធ្វើឱ្យប្រជាពលរដ្ឋអាចរៀនទទួលបានព័ត៌មានតាមរយៈគេហទំព័រស្រុក។ វាបង្កើតការបើកទូលាយ និងតម្លាភាពដល់សាធារណជន។ ជាពិសេសយុវជន ពួកគេមានចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដូច្នេះពួកគេអាចតាមដានរាល់សកម្មភាពរបស់ស្រុក។»
បន្ទាប់ពីសេចក្តីណែនាំអំពីគម្រោងក៏ដូចជាការពិភាក្សាដើម្បីបញ្ជាក់ពីចំណុចមិនច្បាស់ណាមួយនោះ ជាកិច្ចបញ្ចប់នៃកម្មវិធី អូឌីស៊ី ស្តារកម្ពុជា និងរដ្ឋបាលស្រុកអូរជ្រៅបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអនុវត្តគម្រោងនេះជាផ្លូវការ។
សកម្មភាពរបស់គម្រោងត្រូវបានអនុវត្តភ្លាមៗ ដោយមន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យារបស់អូឌីស៊ីបានធ្វើការសម្ភាសន៍ជាមួយប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុស្រុកអូរជ្រៅ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេសម្រាប់គេហទំព័ររបស់ស្រុក។
កិច្ចប្រជុំចាប់ផ្តើមគម្រោងមួយផ្សេងទៀតបានធ្វើឡើងនៅសាលាស្រុកម៉ាឡៃ ដែលមានអ្នកចូលរួម ២០ នាក់។ របៀបវារៈនៃកិច្ចប្រជុំនេះគឺធ្វើឡើងតាមទម្រង់ដូចកិច្ចប្រជុំនាពេលព្រឹក។ ចាប់ផ្តើមជាមួយនឹងបទបង្ហាញណែនាំអំពីគម្រោង បន្ទាប់មកបន្តដោយការពិភាក្សា ហើយបញ្ចប់ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។
មិនខុសពីអភិបាលស្តីទីស្រុកអូរជ្រៅ លោក អែម សុខា អភិបាលស្រុកម៉ាឡៃក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលទាំងពីរដែលសមស្របទៅនឹងតម្រូវការបច្ចុប្បន្ន។
គម្រោង «ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក» ទទួលបានការឧបត្ថម្ភថវិកាដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER) និងអនុវត្តគម្រោងដោយអង្គការអូឌីស៊ី ជាមួយអង្គការ ស្តារកម្ពុជា ដែលជាដៃគូរបស់ខ្លួន។