កិច្ចប្រជុំ​ចាប់ផ្តើម​គម្រោង ស្តី​ពី​​ «​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​គាំទ្រ​តម្លាភាព​ថវិកា​នៅ​ថ្នាក់​ស្រុក​»

តម្លាភាព​ថវិកា​ ដែល​ជា​ការ​ផ្តល់​ជូន​ជា​សាធារណៈ​នូវ​ព័ត៌មាន​ពេញលេញ​ និង​ទាន់​ពេលវេលា​អំពី​ហិរញ្ញវត្ថុ​សាធារណៈ​ គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​សំខាន់​សម្រាប់​ជម្រុញ​កិច្ច​ពិភាក្សា​ជា​សាធារណៈ​ទាក់ទង​នឹង​អាទិភាព​គោលនយោបាយ​ និង​ធានា​នូវ​គណនេយ្យ​ភាព​របស់​រដ្ឋាភិបាល​។​ ការ​ទទួល​បាន​ព័ត៌មាន​ថវិកា​សាធារណៈ​គ្រប់គ្រាន់​ អាច​ផ្តល់​ឱ្យ​នូវ​ព័ត៌មាន​ចាំបាច់​ដល់​ពលរដ្ឋ​ និង​ក្រុម​សង្គម​ស៊ី​វិល​អំពី​របៀប​ដែល​រដ្ឋាភិបាល​ប្រមូល​ និង​ប្រើប្រាស់​ចំណូល​ថវិកា​ ដែល​អាច​ឱ្យ​ពួក​គេ​ត្រួតពិនិត្យ​ថវិកា​ និង​តស៊ូ​មតិ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​។​

​ជាមួយនឹង​គោលបំណង​ដោះស្រាយ​បញ្ហា​ឃុំ​សង្កាត់​ដែល​គ្មាន​ភាព​ច្បាស់លាស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ដៃគូ​របស់​ខ្លួន​ អង្គការ​ ស្តារ​កម្ពុជា​ នឹង​អនុវត្ត​សកម្មភាព​ចំនួន​ ៣​ គឺ​៖

  • ​ក្រុម​បណ្តាញ​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​នឹង​តាមដាន​ថវិកា​ក្នុងស្រុក​ពី​ការ​បែងចែក​ថវិកាជាតិ​ និង​ចំណូល​ដែល​ផលិត​ដោយ​ខ្លួនឯង​
  • ​ផ្ទៀងផ្ទាត់​ថា​តើ​ផែនការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ពិតជា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​សហគមន៍​ដែរ​ឬទេ​
  • ​ត្រួតពិនិត្យ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋបាល​មូលដ្ឋាន​ និង​ធានា​ថា​វា​ឆ្លើយ​តប​នឹង​បទដ្ឋាន​នៃ​តម្លាភាព​ និង​គណនេយ្យ​ភាព​ ដែល​ព្យាយាម​ពង្រឹង​អភិបាលកិច្ច​ល្អ​ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​។​

​ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​ដែល​មាន​ចំណងជើង​ថា​ «​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​គាំទ្រ​តម្លាភាព​ថវិកា​នៅ​ថ្នាក់​ស្រុក​»​ កិច្ចប្រជុំ​ចាប់ផ្តើម​គម្រោង​ចំនួន​ ២​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​ ២០២០​ នៅ​ស្រុក​អូរ​ជ្រៅ​ និង​ម៉ា​ឡៃ​។​ នៅ​ពេល​ព្រឹក​ក្រុមការងារ​អូ​ឌី​ស៊ី​ និង​ស្តារ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​សាលាស្រុក​អូរ​ជ្រៅ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​។​ ក្រុមការងារ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​មន្ត្រី​នៅ​សា​សា​ស្រុក​។​ កិច្ចប្រជុំ​នេះ​មាន​អ្នកចូលរួម​ចំនួន​ ២៥​ នាក់​។​

ការ​ប្រជុំ​បាន​ចាប់ផ្តើម​ដោយ​អ្នកចូលរួម​ទាំងអស់​ច្រៀង​ចម្រៀង​ភ្លេងជាតិ​រួម​គ្នា​។​ លោកស្រី​ ជេ​ត​ ចរិយា​ នាយក​ប្រតិបត្តិ​អង្គការ​ស្តារ​ស្តា​កម្ពុជា​ បាន​បើក​អង្គប្រជុំ​ជាមួយនឹង​សេចក្តីណែនាំ​អំពី​គម្រោង​ដែល​រួម​មាន​ទិដ្ឋភាព​គម្រោង​ គោលបំណង​ និង​ពេលវេលា​នៃ​គម្រោង​។​ បន្ទាប់​មក​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​អូ​ឌី​ស៊ី​ បាន​ណែនាំ​ខ្លួន​របស់​លោក​ និង​គេហទំព័រ​អូ​ឌី​ស៊ី​ដល់​អ្នកចូលរួម​។​ ជាមួយនឹង​បទ​ពិសោធន៍​យ៉ាងច្រើន​លើ​ការ​អភិវឌ្ឍ​គេហទំព័រ​ និង​ការ​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​គាំទ្រ​រដ្ឋបាល​ស្រុក​ដើម្បី​បង្កើត​ និង​រចនា​គេហទំព័រ​របស់​សាលាស្រុក​។​ លោក​ ទ្រី​ បាន​លើក​ឡើង​ផង​ដែរ​ថា​ លោក​សង្ឃឹមថា​គម្រោង​ក្នុង​រយៈពេល​ខ្លី​នេះ​នឹង​នាំ​មក​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​អង្គការ​ទាំង​ពីរ​ និង​រដ្ឋបាល​ស្រុក​។​

លោក​ អាន​ វណ្ណៈ​ អភិបាលស្រុក​ស្តីទី​អូរ​ជ្រៅ​ បាន​ធ្វើការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​។​ លោក​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ SPIDER​ អង្គការ​អូ​ឌី​ស៊ី​ និង​អង្គការ​ស្តារ​កម្ពុជា​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រដ្ឋបាល​ស្រុក​ ហើយ​លោក​សង្ឃឹមថា​ គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​រលូន​។​ ការ​សហការ​នេះ​នឹង​ធ្វើ​ឱ្កា​រ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ស្រុក​យ​ប្រសើរ​ឡើង​។​

​ក្នុង​កិច្ច​ពិភាក្សា​ជា​ក្រុម​ លោក​ ន​ង​ ធឿ​ន​ អភិបាលរង​ស្រុក​អូរ​ជ្រៅ​បាន​មាន​ប្រសាសន៍​ថា​ «​រដ្ឋបាល​ស្រុក​អូរ​ជ្រៅ​មិន​មាន​គេហទំព័រ​ផ្លូវការ​របស់​សាលាស្រុក​អូរ​ជ្រៅ​ទេ​ ហើយ​វា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​រដ្ឋបាល​ស្រុក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​។​ បន្ទាប់​ពី​មាន​គេហទំព័រ​ រដ្ឋបាល​ស្រុក​អាច​បញ្ចូល​ព័ត៌មាន​ទៅ​ក្នុង​គេហទំព័រ​ ហើយ​វា​នឹង​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​។​ ការ​ផ្សព្វផ្សាយ​ព​ត៌​មាន​ទូលំទូលាយ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាច​រៀន​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​គេហទំព័រ​ស្រុក​។​ វា​បង្កើត​ការ​បើក​ទូលាយ​ និង​តម្លាភាព​ដល់​សាធារណជន​។​ ជា​ពិសេស​យុវជន​ ពួក​គេ​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ ដូច្នេះ​ពួក​គេ​អាច​តាមដាន​រាល់​សកម្មភាព​របស់​ស្រុក​។​»

បន្ទាប់​ពី​សេចក្តីណែនាំ​អំពី​គម្រោង​ក៏​ដូច​ជា​ការ​ពិភាក្សា​ដើម្បី​បញ្ជាក់​ពី​ចំណុច​មិន​ច្បាស់​ណាមួយ​នោះ​ ជា​កិច្ចបញ្ចប់​នៃ​កម្មវិធី​ អូ​ឌី​ស៊ី​ ស្តារ​កម្ពុជា​ និង​រដ្ឋបាល​ស្រុក​អូរ​ជ្រៅ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដើម្បី​អនុវត្ត​គម្រោង​នេះ​ជា​ផ្លូវការ​។​

សកម្មភាព​របស់​គម្រោង​ត្រូវ​បាន​អនុវត្ត​ភ្លាមៗ​ ដោយ​មន្ត្រី​ផ្នែក​អភិវឌ្ឍន៍​គេហទំព័រ​ និង​ព័ត៌មានវិទ្យា​របស់​អូ​ឌី​ស៊ី​បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​ប្រធាន​ផ្នែក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ស្រុក​អូរ​ជ្រៅ​ ដើម្បី​ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​តម្រូវការ​របស់​ពួក​គេ​សម្រាប់​គេហទំព័រ​របស់​ស្រុក​។​

​កិច្ចប្រជុំ​ចាប់ផ្តើម​គម្រោង​មួយ​ផ្សេង​ទៀត​បាន​ធ្វើ​ឡើង​នៅ​សាលាស្រុក​ម៉ា​ឡៃ​ ដែល​មាន​អ្នកចូលរួម​ ២០​ នាក់​។​ របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ធ្វើ​ឡើង​តាម​ទម្រង់​ដូច​កិច្ចប្រជុំ​នា​ពេល​ព្រឹក​។​ ចាប់ផ្តើម​ជាមួយនឹង​បទ​បង្ហាញ​ណែនាំ​អំពី​គម្រោង​ បន្ទាប់​មក​បន្ត​ដោយ​ការ​ពិភាក្សា​ ហើយ​បញ្ចប់​ដោយ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​។​

មិន​ខុស​ពី​អភិបាល​ស្តីទី​ស្រុក​អូរ​ជ្រៅ​ លោក​ អែម​ សុខា​ អភិបាលស្រុក​ម៉ា​ឡៃ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​ពីរ​ដែល​សម​ស្រប​ទៅ​នឹង​តម្រូវការ​បច្ចុប្បន្ន​។

គម្រោង​ «​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​គាំទ្រ​តម្លាភាព​ថវិកា​នៅ​ថ្នាក់​ស្រុក​»​ ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ដោយ​ កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ (SPIDER)​ និង​អនុវត្ត​គម្រោង​ដោយ​អង្គការ​អូ​ឌី​ស៊ី​ ជាមួយ​អង្គការ​ ស្តារ​កម្ពុជា​ ដែល​ជា​ដៃគូ​របស់​ខ្លួន​។​