នៅឆ្ងាយប៉ុន្តែដូចជានៅជិត៖ អត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) សម្រាប់ការធ្វើការងារពីផ្ទះក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩
ជាការពិតណាស់ជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សឈានទៅដល់កម្រិតមួយស្ថិតនៅក្នុងភាពភ័យខ្លាច ជាពិសេសការរីករាលដាល ក្នុងហេតុផលនេះបានធ្វើឱ្យរដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយប្រជាជនទាំងអស់ត្រូវបានណែនាំឱ្យគោរពទៅតាមវិធានការណ៍ដែលបានដាក់ចេញ។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ការធ្វើការងារពីផ្ទះបានក្លាយទៅជាវិធានមួយដើម្បីទប់ទល់នឹងការឆ្លងជំងឺ ហើយការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) បានដើរតួយ៉ាងសំខាន់ក្នុងការសម្រួលឱ្យអ្នករាល់គ្នានោតែបន្តធ្វើការងារបាន ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ។ រហូតមកដល់ពេលនេះ វាមានរយៈពេលដូចជាយូរដែរហើយ ខណៈលក្ខខណ្ឌនៃការធ្វើការងារពីផ្ទះថ្មីនេះកាន់តែមានលក្ខណៈទូទៅសម្រាប់បុគ្គលិកគ្រប់គ្នា។ ប៉ុន្តែតើអ្នកដឹងទេថាខ្ញុំទាញអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានក្នុងអំឡុងពេលនេះយ៉ាងដូចម្តេចខ្លះ?
មុននឹងទៅឆ្លើយសំណួរខាងលើ ខ្ញុំចង់ប្រាប់រឿងរបស់ខ្ញុំបន្តិច។ នៅថ្ងៃការងារដំបូងរបស់ខ្ញុំនៅ អូឌីស៊ី ប្រហែលជានៅពាក់នៅកណ្តាលខែមីនា ក្រុមការងារបានដឹកនាំការប្រជុំមួយពាក់ព័ន្ធនឹងការស្វែងរកវិធីសាស្ត្រយ៉ាងណាដើម្បីប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩។ បើតាមខ្ញុំចាំ ចំណុចសំខាន់នៅពេលប្រជុំនោះគឺជាវិធីសាស្ត្រ “ការធ្វើការងារពីចម្ងាយ” ក្នុងករណីដែលយើងនឹងតម្រូវឱ្យធ្វើការពីផ្ទះពិតមែននោះ។ ពីរបីសប្តាហ៍ក្រោយមក ច្បាស់ណាស់យើងក៏បានចាប់ផ្តើមធ្វើការពីផ្ទះ ដោយសារតែស្ថានភាពកូវីដ-១៩ មានលក្ខណៈកាន់តែយ៉ាប់យ៉ឺនទៅៗ។ ទោះបីជារយៈពេលខ្លីនៃការធ្វើការនៅការិយាល័យក៏ដោយ ខ្ញុំអាចគ្រប់គ្រងនូវការសម្របខ្លួននេះបាន និងចាប់ផ្តើមទាញយកពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ឧបករណ៍ ICT សម្រាប់ធ្វើការងារ និងទំនាក់ទំនង។
វាជារបត់ដ៏សំខាន់មួយ នៅពេលដែលឧបករណ៍ ICT បានក្លាយទៅជាកត្តាដែលមិនអាចខ្វះបាននៅក្នុងធ្វើការងារ និងការប្រាស្រ័យទាក់ទងគ្នា ខណៈដែលតាមពិតទៅយើងបាននឹងកំពុងប្រើប្រាស់ឧបករណ៍ទាំងអស់នេះស្រាប់ហើយក្នុងពេលធម្មតា។ នាពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងប្រើឧបករណ៍បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានជាច្រើនដូចជា Skype, Telegram, Whatsapp, Facebook Messenger, Zoom, Bluemail និង Google drive ។ ដើម្បីប្រើឧបករណ៍ទាំងនេះបាន ច្បាស់ណាស់ខ្ញុំត្រូវការកំព្យូទ័រ និង/ឬ ស្មាតហ្វូនរួមជាមួយនឹងបណ្តាញអ៊ីនធឺណេត។
ខ្ញុំត្រូវប្រើឧបករណ៍ទាំងអស់នេះពីព្រោះមិត្តរួមការងាររបស់ខ្ញុំក៏ប្រើវាខ្លះដែរ។ ប៉ុន្តែវាមិនមានន័យថាខ្ញុំប្រើវាទាំងអស់ ហើយចេះតែប្រើនោះទេ។ ខ្ញុំប្រើពួកវានីមួយៗអាស្រ័យលើភាពងាយស្រួលនៃការប្រើប្រាស់ និងតម្រូវការជាក់ស្តែង។ ឧទាហរណ៍ខ្ញុំប្រើ Google drive ជាចម្បងសម្រាប់ចែករំលែកភារកិច្ចដែលទាមទារឱ្យមានការសហការជាក្រុម និង Bluemail សម្រាប់ការផ្ញើឯកសារ និងការជូនដំណឹងផ្លូវការផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងផ្នែកនៃការប្រាស្រ័យទាក់ទងគ្នា កម្មវិធីដែលត្រូវបានប្រើច្រើនជាងគេនោះគឺ Skype ព្រោះវាជាឧបករណ៍រួមមួយបម្រើឱ្យការទំនាក់ទំនងគ្នារាល់ថ្ងៃនៅ អូឌីស៊ី។ ប៉ុន្តែនៅលក្ខខណ្ឌខ្លះទៀត ខ្ញុំចូលចិត្តប្រើ Telegram នៅពេលខ្ញុំមានការហៅផ្ទាល់ជាមួយអ្នកត្រួតពិនិត្យនៃបណ្តាញការងាររបស់ខ្ញុំ។ វាប្រើប្រាស់សេវាអ៊ិនធឺណែតតិច ដែលមានន័យថាវាពិតជាសមនឹងខ្ញុំបំផុតព្រោះសេវាអ៊ីនធឺណិតនៅជុំវិញតំបន់របស់ខ្ញុំមិនសូវល្អ។
ឆ្ងាយតែដូចមិនឆ្ងាយ
ពិតណាស់ ខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលនៅពេលធ្វើការងារពីផ្ទះដំបូងៗ ហើយមូលហេតុចម្បងនោះគឺថាខ្ញុំជាបុគ្គលិកថ្មីដែលទើបនឹងចូល ហើយធ្លាប់បានធ្វើការនៅការិយាល័យតែមួយរយៈពេលខ្លីទៀត។ លើសពីនេះទៅទៀត ខ្ញុំមិនទាន់បានមានពេលវេលាច្រើនល្មមក្នុងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នករួមការងារដ៏ទៃទៀតទេ។ យ៉ាងណាមិញ ដោយសារតែភាពរួសរាយរាក់ទាក់ និងភាពបើកចំហរបស់អ្នករួមការងារ បូករួមជាមួយនឹងការប្រើប្រាស់ឧបករណ៍ ICT ផងនោះ ខ្ញុំលែងមានអារម្មណ៍ដូចខាងលើនេះទៀតហើយ។ ជាក់ស្តែង ខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយអ្នកទាំងអស់គ្នាយ៉ាងស្និទ្ធស្នាល ហើយពេលចូលរួមប្រជុំប្រចាំសប្តាហ៍ម្តងៗ ខ្ញុំនៅតែអាចលឺពួកគេនិយាយយ៉ាងរស់រវើក។ នៅពេលណាដែលខ្ញុំមានសំណួរ ខ្ញុំអាចទាក់ទងពួកគេដោយប្រើ Skype ឬ Telegram ហើយអ្វីដែលខ្ញុំទទួលបានវិញនោះគឺការគាំទ្រមួយដែលទាន់ពេលវេលា។ អញ្ចឹងពេលខ្លះខ្ញុំមានអារម្មណ៍ថាពួកគេនៅក្បែរខ្ញុំដូចនៅការិយាល័យដែរ។ ក្នុងន័យនេះ ខ្ញុំគិតថាវាមិនត្រឹមតែអំពីឧបករណ៍ទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មានដែលដើរតួនាទីសំខាន់តែមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បូករួមផងដែរនូវអ្នករួមការងារទាំងអស់គ្នាដែលមានឆន្ទៈជួយជ្រោមជ្រែង ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមក។
អត្ថបទសរសេរដោយ៖ លោក ហៀង កុសល បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។