ករណីជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យ៖ កញ្ញា លី វិច្ឆិកា
នៅក្នុងប្រទេសកម្ពុជា ការនិទានរឿងផ្អែកលើទិន្នន័យគឺស្ទើរតែមិនមានហើយនៅតែជាគំនិតថ្មីសម្រាប់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ បន្ទប់ព័ត៌មាន និងអង្គការសង្គមស៊ីវិល។ នៅក្នុងបន្ទប់ព័ត៌មាន សារព័ត៌មានទិន្នន័យកម្រត្រូវបានគេផលិតណាស់ ដោយសារតែអក្ខរកម្មផ្នែកទិន្នន័យនូវមានកំរិត។
គម្រោងវគ្គបណ្តុះបណ្តាលនេះមានគោលបំណងបណ្តុះបណ្តាលប្រជាជនក្នុងការនិទានរឿងដែលផ្អែកទៅលើទិន្នន័យ។ ខណៈពេលដែលលទ្ធភាពទទួលបានទិន្នន័យមានយ៉ាងច្រើន សារពត៌មានផ្អែកទៅលើទិន្នន័យនៅតែជាគំនិតថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដោយហេតុថាអក្ខរកម្មទិន្នន័យមានកំរិត និងការប្រើប្រាស់ទិន្នន័យក្នុងទម្រង់ជារូបភាពនៅមានភាពកម្រនៅឡើយ។ ក្នុងនាមជាអង្គការទិន្នន័យបើកទូលាយ អង្គការទិន្នន័យអំពីការអភិវឌ្ឍជឿជាក់ថាអ្នកសារព័ត៌មាន និងអ្នកធ្វើការក្នុងវិស័យទំនាក់ទំនងអាចភ្ជាប់គម្លាតរវាងទិន្នន័យដើម និងសាធារណជនទូទៅតាមរយៈការផ្សព្វផ្សាយ និងបង្ហាញព័ត៌មានសាមញ្ញៗដែលមានភាពងាយស្រួលយល់។
លី វិច្ឆិកា គឺជាអ្នកចូលរួមម្នាក់ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ វិច្ឆិកាបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្របរិស្ថានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ដូចជាបរិញ្ញាបត្រភាសា និងអក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានធ្វើការឱ្យក្រុមហ៊ុនគ្រួសាររបស់គាត់មួយ ដោយមានគោលបំណងចង់ធ្វើការជាមួយសហគមន៍របស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ។ ឥឡូវនេះគាត់បានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម និងធ្វើការតស៊ូមតិនៅក្នុងសហគមន៍អ្នកក្រីក្ររស់នៅទីប្រជុំជននៅក្នុងរាជធានីភ្នំពេញ។
មុនពេលចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ វិច្ឆិកាមានបទពិសោធន៍ខ្លះៗក្នុងការប្រើប្រាស់ទិន្នន័យ ប៉ុន្តែបទពិសោធន៍ទាំងនោះនៅមានកម្រិតនៅឡើយ។ គាត់អាចប្រើកម្មវិធី Excel បាន ប៉ុន្តែមិនដឹងពីរបៀបប្រើទស្សនីយកម្មទិន្នន័យដើម្បីប្រាប់រឿងរ៉ាវដែលផ្អែកលើទិន្នន័យនោះទេ។ នេះគឺជាអ្វីដែលទាក់ទាញវិច្ឆិកាឲ្យមកចូលរួមកម្មវិធីអក្ខរកម្មទិន្នន័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គាត់ត្រូវបានមិត្តភក្តិរបស់គាត់ប្រាប់អំពីកម្មវិធីនេះតាមរយៈការផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហើយគិតថាវាអាចជួយបង្កើនសមត្ថភាពរបស់គាត់ក្នុងការលើកកម្ពស់គោលនយោបាយ។ គាត់បានដឹងយ៉ាងឆាប់រហ័សថាវាពាក់ព័ន្ធនឹងតម្រូវការរបស់គាត់សម្រាប់ការបង្កើនជំនាញក្នុងការបង្កើតទស្សនីយកម្មទិន្នន័យ។
“តាមរយៈខ្លួនខ្ញុំផ្ទាល់ វគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យគឺជាកម្មវិធីពិសេសមួយដែលមានការបង្រៀនទៅលើទិន្នន័យដែលមានភាពជាក់លាក់ ឧបករណ៍បង្ហាញទិន្នន័យជារូបភាព និងការនិទានរឿងផ្អែកលើទិន្នន័យ។ តាមរយៈកម្មវិធីនេះ ខ្ញុំមានឱកាសសរសេររឿងមួយដើម្បីបង្ហាញពីរបៀបដែលប្រជាជនកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំងនៅក្នុងសហគមន៍ក្រីក្រចំនួន ៤ នៅទីក្រុងភ្នំពេញ។ ជាពិសេស ការរៀនជំនាញទាំងនោះជួយខ្ញុំឱ្យមានចំណេះដឹង និងឧបករណ៍វិភាគដើម្បីជួយបំពេញការសិក្សាស្រាវជ្រាវរបស់ខ្ញុំ”។
ចាប់តាំងពីបញ្ចប់កម្មវិធីវីបណ្ដុះបណ្ដាលនេះមក វិច្ឆិកាបានអនុវត្តជំនាញដែលគាត់បានរៀនក្នុងការសិក្សាស្រាវជ្រាវរបស់គាត់។ កាលពីឆ្នាំមុន គាត់បានធ្វើការសិក្សាស្រាវជ្រាវចំនួនពីរលើកដើម្បីគាំទ្រ និងត្រួតពិនិត្យលើគម្រោងពីការសិក្សាលើសហគមន៍ក្រីក្រនៅទីក្រុងដែលគាត់បានចាប់ផ្តើមធ្វើការអំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គាត់បានប្រើតារាងជំនួយការទិន្នន័យ Pivot ដើម្បីវិភាគទិន្នន័យក៏ដូចជាបង្កើតរូបភាពដែលបង្ហាញពីទិន្នន័យតាមប្រពន្ធ័អ៊ីនធឺណែតជាមួយនឹងឧបករណ៍ដែលគាត់បានរៀនពីរបៀបប្រើប្រាស់ក្នុងកំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាលប្រើប្រាស់កម្មវិធី Datawrapper និង Flourish ដើម្បីផលិតក្រាហ្វិច និងតារាងផ្សេងៗ។
ការស្រាវជ្រាវរបស់គាត់បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលគាត់ធ្វើការ គឺអង្គការ Planète Enfants & Développement ដែលមានគោលបំណងលើកកម្ពស់គោលនយោបាយកាត់បន្ថយភាពក្រីក្រ។ វិច្ឆិកាជឿជាក់ថា ការបន្ថែមទិន្នន័យទៅក្នុងរបាយការណ៍របស់អង្គការរបស់គាត់បានបន្ថែមភាពគួរឱ្យទុកចិត្ត និងរបៀបវារៈគោលនយោបាយទៅលើរបាយការណ៍ទាំងនោះ។
ការស្រាវជ្រាវដែលវិច្ឆិកាធ្វើគឺប្រើទិន្នន័យដើម្បីបង្ហាញពីស្ថានភាពក្នុងការតាំងទីលំនៅរបស់ជនក្រីក្រនៅទីក្រុង ដោយមានគោលបំណងផ្លាស់ប្តូរគោលនយោបាយដើម្បីធ្វើឱ្យជីវិតរបស់ពួកគេប្រសើរឡើង។ “ខ្ញុំអាចនិយាយបានថា យើងនាំយកព័ត៌មានទាំងនេះមកពិភាក្សាជាមួយអ្នកធ្វើគោលនយោបាយដើម្បី គាំទ្រពួកគេនៅពេលពួកគេធ្វើការសម្រេចចិត្ត” ។ ពួកគេបានចាប់ផ្តើមចែករំលែកការរកឃើញរបស់អង្គការមិនមែនរដ្ឋាភិបាលដែលគាត់ធ្វើការ និងជាការរួមចំណែករបស់គាត់ផងដែរនោះ ជាមួយអង្គការក្រៅរដ្ឋាភិបាលដទៃ និងមន្ត្រីរបស់រដ្ឋាភិបាលផ្សេងៗទៀតដើម្បីចាប់ផ្តើមពិភាក្សាអំពីការផ្លាស់ប្តូរលើគោលនយោបាយ។
សូមរីករាយទស្សនាវីឌីអូសង្ខេបស្ដីពី ការឆ្លុះបញ្ចាំងអំពីសមិទ្ធផលរបស់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យ របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលទាំងបីវគ្គ សិក្ខាកាមបានយកចំណេះដឹងដែលបានរៀនទៅអនុវត្តលើគម្រោងផ្សេងៗទាំងជាលក្ខណៈបុគ្គល និងស្ថាប័ន។ អូឌីស៊ី សង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងបន្តប្រើប្រាស់ចំណេះដឹងដែលបានរៀនសូត្រ ហើយចែករំលែកចំណេះផ្នែកអក្ខរកម្មទិន្នន័យឱ្យបានកាន់តែទូលំទូលាយ។