កិច្ចសហការ​រវាង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ (PLNIA)

​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​អ្នក​ស្រាវជ្រាវ​វ័យក្មេង​ជាមួយនឹង​និក្ខេបបទ​របស់​ពួក​គេ​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI)​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ជាមួយ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ ដើម្បី​កសាង​កិច្ច​សហប្រតិបត្តិការ​សិក្សា​ និង​ស្រាវជ្រាវ​បន្ថែម​ទៀត​។​

​នៅ​ឆ្នាំ​បន្ទាប់​ ក្នុង​ឆ្នាំ​២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​ការ​ប្រកួតប្រជែង​មួយ​ តាម​រយៈ​ការ​ជ្រើសរើស​ និង​ផ្តល់​ជំនួយ​ដល់​និស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤​ ដែល​ធ្វើការ​ស្រាវជ្រាវ​ក្នុង​វិស័យ​កសិកម្ម​ទិន្នន័យ​បើក​ទូលាយ​ ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ កសិឧស្សាហកម្ម​ និង​ការ​គ្រប់គ្រង​ដីធ្លី​និង​ធនធានធម្មជាតិ​។​ គោលបំណង​នៃ​ជំនួយ​ទាំងនេះ​គឺ​ ដើម្បី​កសាង​សមត្ថភាព​ស្រាវជ្រាវ​របស់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​។​

​សិក្ខាសាលា​លើក​ដំបូង​នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០២១​ ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ចែករំលែក​ជំនាញ​របស់​ខ្លួន​លើ​ការ​រចនា​កិច្ចការ​ស្រាវជ្រាវ​ និង​បាន​ប្រកាស​ផ្តល់​ឱកាស​ដល់​និស្សិត​ឆ្នាំ​ទី​៤​។​ សិក្ខាកាម​ចំនួន​ ២០​នាក់​ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ ក្នុង​នោះ​មាន​ស្ត្រី​ និង​ព្រះសង្ឃ​មួយ​អង្គ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ព្រឹត្តិការណ៍​នេះ​គឺជា​ឱកាស​ជោគជ័យ​មួយ​ ដើម្បី​លើកទឹកចិត្ត​អ្នក​ស្រាវជ្រាវ​វ័យក្មេង​ និង​និស្សិត​ឆ្នាំ​ទី​៤​។​

​ការ​ផ្តល់​ជំនួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ នៅ​លើ​គេហទំព័រ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ជា​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​ ហើយ​ពាក្យ​ស្នើ​សុំ​ក៏​ត្រូវ​បាន​ដាក់​ជូន​តាម​អ៊ីនធឺណិត​ផង​ដែរ​។​ ក្នុងអំឡុងពេល​ដំណើរការ​ស្នើ​សុំ​ជំនួយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ទទួល​បាន​ពាក្យសុំ​ពី​បេក្ខជន​ដែល​មាន​សក្តានុពល​មួយ​ចំនួន​ធំ​។​ ដំណើរការ​ជ្រើសរើស​ដែល​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​នៃ​ក្រុម​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការ​ជ្រើសរើស​អ្នក​ដែល​ត្រូវ​បាន​ផ្តល់​ជំនួយ​ចំនួន​ ០៣​ រូប​ ដែល​ពីរ​នាក់​ជា​ស្ត្រី​។​

សិក្ខាសាលា​លើក​ដំបូង​នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០២០១។

សិក្ខាសាលា​លើក​ដំបូង​នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ ​នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០២១​។

នៅ​ថ្ងៃ​ទី​ ០៥​ ខែឧសភា​ ឆ្នាំ២០២១ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​កិច្ចប្រជុំ​ចាប់ផ្តើម​ដំបូង​ ជាមួយ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ និង​លោកគ្រូ​/​អ្នកគ្រូ​គ្រប់គ្រង​របស់​ពួក​គេ​ ដើម្បី​ពិភាក្សា​បន្ថែម​លើ​ការ​រំពឹង​ទុក​ និង​គ្រប់គ្រង​ការ​រៀបចំ​ជា​កិច្ចសន្យាផ្លូវការ​។​ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩​។​

កិច្ចប្រជុំ​ចាប់ផ្តើម​ដំបូង​ ជាមួយ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ និង​លោកគ្រូ​/​អ្នកគ្រូ​គ្រប់គ្រង​របស់​ពួក​គេ។

ទិដ្ឋភាព​ទូទៅ​នៃ​គម្រោង​ដែល​ត្រូវ​បាន​ជ្រើសរើស​ចំនួន​បី​ ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​ផ្នែក​នេះ​។​ បេក្ខជន​មួយ​រូប​បាន​សិក្សា​ពី​វត្តមាន​ Salmonella​ ក្នុង​សាច់​ជ្រូក​ដែល​លក់​នៅ​តាម​ទីផ្សារ​នានា​ជុំវិញ​រាជធានី​ភ្នំពេញ​។​ ការ​សិក្សា​របស់​នាង​ផ្តោត​លើ​គោលបំណង​សំខាន់​ចំនួន​ពីរ​។​ ទី​មួយ​ នាង​ចង់​ស្វែងរក​ចំនួន​បាក់តេរី​សរុប​នៅ​ក្នុង​គំរូ​នីមួយៗ​នៃ​សាច់​ជ្រូក​ ហើយ​ទី​ពីរ​នាង​សិក្សា​អំពី​ប្រេ​វ៉ាឡង់​នៃ​ Salmonella​ spp​ ។​ គំរូ​សរុប​ចំនួន​ ២០​ ត្រូវ​បាន​ជ្រើសរើស​ពី​ទីផ្សារ​ចំនួន​ ០៥​ ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​ រួម​មាន​ ផ្សារ​កសិកម្ម​ជ្រោយចង្វារ​ ផ្សារ​កណ្ដាល​ ផ្សារ​ព្រែក​លៀប​ ផ្សារ​ទួល​សង្កែ​ និង​ផ្សារ​ធំ​ថ្មី​។​ ការ​សិក្សា​នេះ​អាច​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ​ សម្រាប់​ការ​ត្រួតពិនិត្យ​គុណភាព​ និង​ការ​វាស់វែង​លើ​សាច់​ជ្រូក​នៅ​ក្នុង​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ស្តង់ដារ​គុណភាព​របស់​អ្នក​បរិភោគ​សាច់​ជ្រូក​ផង​ដែរ​។​

​បេក្ខជន​ទី​២​ ធ្វើការ​សិក្សា​ផ្តោត​លើ​ប្រសិទ្ធភាព​នៃ​ចំណីអាហារ​ដែល​មាន​ជាតិ​ fermented​ លើ​ការ​ទទួលទាន​ និង​ការ​អនុវត្ត​ការ​ចិញ្ចឹម​គោ​ក្នុងស្រុក​ ក្នុង​ខេត្តកំពង់ឆ្នាំង​។​ ក្នុង​ការ​សិក្សា​នេះ​ នាង​បាន​ពិសោធន៍​វិធី​ពីរ​យ៉ាង​ក្នុង​ការ​ចិញ្ចឹម​គោ​។​ ចំពោះ​ក្រុម​ទី​ ១​ នាង​ចិញ្ចឹម​គោ​ជាមួយនឹង​អាហារ​ធម្មតា​ដែល​កសិករ​ប្រើប្រាស់​ ខណៈ​ដែល​នាង​ចិញ្ចឹម​ក្រុម​ទី​ពីរ​ជាមួយ​ស្មៅ​ដែល​មាន​ជាតិ​ fermented​ ។​ ការ​សិក្សា​នេះ​ផ្តល់​នូវ​ការ​យល់​ដឹង​សំខាន់ៗ​ ដើម្បី​បង្កើន​សមត្ថភាព​កសិករ​ក្នុង​ការ​ចិញ្ចឹម​គោ​របស់​ពួក​គេ​ដោយ​ជោគជ័យ​។​

​នៅ​ក្នុង​ការ​សិក្សា​របស់​គាត់​ បេក្ខជន​ទី​បី​សិក្សា​ពី​ឥទ្ធិពល​នៃ​ “​ស្លឹក​ឆៃ​យ៉ា​”​ នៅ​ក្នុង​កំហាប់​ចំណីអាហារ​ លើ​ការ​លូតលាស់​របស់​សត្វ​ក្រួច​ នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​។​ នៅ​ក្នុង​ការ​ពិសោធន៍​របស់​គាត់​ គាត់​បែងចែក​សត្វ​ក្រួច​ចំនួន​ ២៤០​ ក្បាល​ជា​ ០៤​ ក្រុម​ផ្សេងៗ​គ្នា​ ដោយ​ផ្តល់​ចំណី​ឱ្យ​ពួក​វា​នូវ​បរិមាណ​ខុសៗ​គ្នា​នៃ​ស្លឹក​ឆៃ​យ៉ា​ រយៈពេល​ ០៦​ ស​ប្តា​ហ៍​។​ ក្រុម​មួយ​ត្រូវ​បាន​ផ្តល់​អាហារ​ដោយ​គ្មាន​ស្លឹក​ឆៃ​យ៉ា​ ក្រុម​ទី​ពីរ​មាន​បរិមាណ​ស្លឹក​ឆៃ​យ៉ា​ ២,៥​ ភាគរយ​ ក្រុម​ទី​បី​មាន​បរិមាណ​ស្លឹក​ឆៃ​យ៉ា​ ៥​ ភាគរយ​ និង​ក្រុម​ទី​បួន​មាន​បរិមាណ​ស្លឹក​ឆៃ​យ៉ា​ ៧,៥​ ភាគរយ​។​ ការ​សិក្សា​នេះ​នឹង​ណែនាំ​ពី​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ចិញ្ចឹមសត្វ​ក្រួច​តាម​របៀប​ធម្មជាតិ​បំផុត​។​

​អ្នក​ទទួល​ជំនួយ​របស់​យើង​បាន​នឹង​កំពុង​ប្រើប្រាស់​ជំនួយ​ ដែល​ទទួល​បាន​ពី​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដើម្បី​គាំទ្រ​និក្ខេបបទ​របស់​ពួក​គេ​ ដែល​គ្របដណ្តប់​លើ​ការ​ចំណាយ​លើ​ការ​ពិសោធន៍​ និង​ឧបករណ៍​ដែល​ត្រូវការ​។​

ការធ្វើតេស្តគុណភាពសាច់។

ការដាំស្មៅថ្មីសំរាប់យកមកផ្អាប់។

ការផ្តល់កម្តៅឱ្យកូនក្រួច។

ការលាយចំណីសម្រាប់កូនក្រួច។

​អ្នក​ទទួល​ជំនួយ​ទាំង​ ០៣​រូប​ បានការ​ពារ​និក្ខេបបទ​របស់​ពួក​គេ​ដោយ​ជោគជ័យ​ នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ ហើយ​បាន​បញ្ចប់​ការ​កែប្រែ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​ ២៩​ ខែកញ្ញា ឆ្នាំ២០២១​​។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​គម្រោង​មួយ​នេះ​។​ កត្តា​សំខាន់​ជាងគេ​គឺ​ ពាក់ព័ន្ធ​ជាមួយនឹង​ការ​រឹត​បន្តឹង​ដែល​កើត​ចេញពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​ ដោយសារ​ការ​រឹត​បន្តឹង​លើ​ការ​ចល័ត​ និង​ការ​ប្រមូលផ្តុំ​ និង​ការ​បិទ​ស្ថាប័ន​អប់រំ​ ក្រុមការងារ​របស់​យើង​មិន​អាច​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​បន្ថែម​ទៀត​នៅ​សាកលវិទ្យាល័យ​ ដែល​រារាំង​សមត្ថភាព​របស់​យើង​ក្នុង​ការ​ឈាន​ដល់​ចំនួន​នៃ​ការ​ដាក់​ស្នើ​ដែល​រំពឹង​ទុក​។​ ក្រៅពី​នេះ​ ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ក្នុង​កំឡុង​ពេល​និក្ខេបបទ​របស់​និស្សិត​ ដែល​បង្ក​បញ្ហា​ប្រឈម​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​ស្រាវជ្រាវ​របស់​ពួក​គេ​។​ ទិន្នន័យ​ និង​ការ​ប្រមូល​គំរូ​របស់​ពួក​គេ​ ក៏​ដូច​ជា​ការ​ធ្វើតេស្ត​របស់​ពួក​គេ​គឺ​ ប្រើប្រាស់​ពេលវេលា​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​ធម្មតា​ ដែល​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​ក្នុង​ការ​ដាក់​ស្នើ​ និង​កាលបរិច្ឆេទ​ការពារ​និក្ខេបបទ​របស់​ពួក​គេ​។​ បញ្ហា​ប្រឈម​ទី​ពីរ​គឺថា​ ទោះបីជា​យើង​អាច​ជ្រើសរើស​បេក្ខភាព​ ០៣​រូប​ សម្រាប់​ជំនួយ​ក៏​ដោយ​ ក៏​ការ​សិក្សា​របស់​ពួក​គេ​ស្ទើរតែ​មិន​ស្រប​នឹង​ប្រធានបទ​ដែល​បាន​ស្នើ​ឡើង​ ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កំពុង​ស្វែងរក​ ដោយ​វា​អាច​ទាក់ទង​ជាមួយនឹង​ចំនួន​ពាក្យសុំ​ដែល​ទទួល​បាន​ គឺ​ទាប​ជាង​ការ​រំពឹង​ទុក​។​

ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ទី​ពីរ​ នៅ​ក្នុង​ការ​បោះពុម្ព​ផ្សព្វ​លើក​ក្រោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​នឹង​ដឹកនាំ​ការ​ផ្តល់​ជំនួយ​ទៅ​នាយកដ្ឋាន​ជាក់លាក់​បន្ថែម​ទៀត​ ដែល​គ្របដណ្តប់​លើ​ផ្នែក​សម​ស្រប​ទៅ​នឹង​ប្រធានបទ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​