សម្ពោធទំព័រព័ត៌មានទិន្នន័យថ្មីស្តីពី ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឈ (ODC) បានដាក់ដំណើរការទំព័រព័ត៌មានទិន្នន័យរបស់ខ្លួនថ្មីមួយស្តីពី ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាន់វេរភ្នំពេញ ក្នុងលក្ខណៈកូនកាត់ ស្របតាមវិធានការសុខភាពសាធារណៈដែលមានស្រាប់។ ទស្សនិកជនសរុបចំនួន ៥៨ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលក្នុងនោះ ២២ នាក់ចូលរួមដោយផ្ទាល់ និង ៣៦ នាក់ទៀតតាមរយៈវេទិកាសន្និសីទ Zoom។ អ្នកចូលរួមមានសាវតាផ្សេងៗគ្នា រួមមានតំណាងមកពីអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ មជ្ឈមណ្ឌលស្រាវជ្រាវ សហគមន៍ជនជាតិដើមភាគតិច ទីភ្នាក់ងារសារព័ត៌មាន និងវិស័យឯកជន។
បច្ចុប្បន្នទំព័រព័ត៌មានទិន្នន័យថ្មីនេះ មានព័ត៌មានអំពីគម្រោងវិនិយោគបរទេសធំៗចំនួន ១១១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ចាប់ពីវិស័យកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងទេសចរណ៍។ សំណុំទិន្នន័យដែលបានបន្ថែមថ្មីៗនេះពង្រីកព័ត៌មានទាក់ទងនឹងទំហំថវិកា និងទីតាំងរបស់គម្រោង រួមជាមួយនឹងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដែលមានស្រាប់។ សាធារណៈអាចចួលទាញយកទិន្នន័យទាំងនេះបានក្នុងគេហទំព័រ ODC នៅក្នុងទម្រង់ផ្សេងៗជាច្រើន។
ព្រឹត្តិការណ៍សម្ពោធទំព័រព័ត៌មានទិន្នន័យនេះមានគោលបំណងសំខាន់ចំនួនបួន។ ទីមួយ ដើម្បីបង្ហាញការកែលម្អថ្មីៗបំផុតនៅលើវេទិកាអង្គការ ODC និងលើកកម្ពស់ការយល់ដឹងអំពីរបៀបដែលមាតិកាថ្មីអាចត្រូវបានប្រើប្រាស់ដោយភាគីពាក់ព័ន្ធ។ ទីពីរ ដើម្បីបង្ហាញទំព័រព័ត៌មានទិន្នន័យថ្មីរបស់អង្គការ ODC ស្តីពី ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា និងសំណុំទិន្នន័យស្តីពី គម្រោងវិនិយោគបរទេសធំៗនៅក្នុងប្រទេសកម្ពុជា។ ទីបី ដើម្បីចែករំលែកបញ្ហាប្រឈម និងដែនកំណត់ដែលបានជួបប្រទះនៅក្នុងការប្រមូលទិន្នន័យ និងដំណាក់កាលរចនាទំព័រ មេរៀនដែលបានរៀន និងការអនុវត្តល្អបំផុត។ និងទីបួន ដើម្បីអំពាវនាវឱ្យបង្កើនកិច្ចសហការទិន្នន័យ និងប្រមូលមតិកែលម្អពីអ្នកប្រើប្រាស់ទិន្នន័យ ដើម្បីធ្វើអោយការប្រើប្រាស់គេហទំព័រកាន់តែប្រសើរ។
កម្មវិធីបានចាប់ផ្តើមដោយសុន្ទរកស្វាគមន៍របស់ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការ ODC ។ លោកបានទទួលស្គាល់ និងកោតសរសើរការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រុមការងារ ODC ក្នុងការស្រាវជ្រាវ និងចងក្រងព័ត៌មានដ៏ច្រើនបែបនេះ ដើម្បីផលិតទំព័រព័ត៌មានទិន្នន័យថ្មីនេះ។ លោកបានបង្ហាញនូវទិដ្ឋភាពទូទៅនៃការងារនៅពីក្រោយការផលិតទំព័រព័ត៌មានទិន្នន័យនេះ។ លោកបានមានប្រសាសន៍ថា អ្វីដែលគួរឲ្យកត់សម្គាល់នោះ មុខងារថ្មីមួយត្រូវបានបន្ថែមទៅក្នុងទំព័រព័ត៌មានទិន្នន័យ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការតម្រង់ និងស្វែងរកព័ត៌មាននៃគម្រោងអភិវឌ្ឍន៍ធំៗ ដោយផ្អែកលើទីតាំង និងព័ត៌មានសាវតានៃគម្រោងទាំងនោះ។ លោក ទ្រី ក៏បានឆ្លៀតឱកាសនេះដើម្បីពន្យល់បន្ថែមទៀតថា ក្រុមការងារអង្គការ ODC នឹងបន្តធ្វើការលើទំព័រព័ត៌មានទិន្នន័យនេះ និងបានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យប្រើប្រាស់ និងចែករំលែកទិន្នន័យដែលពាក់ព័ន្ធ។
“គម្រោងវិនិយោគចំនួន ១១១ ដែលមាននៅលើទំព័រព័ត៌មានទិន្នន័យវិនិយោគបរទេស គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមក្នុងការផ្សព្វផ្សាយទិន្នន័យវិនិយោគបរទេសជាច្រើនទៀតដល់ពួកយើង” - លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការ ODC ”
លោកស្រី Catherine Cecil តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានគ្រប់គ្រងបូព៌ាបញ្ចឹម (EWMI) បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃទិន្នន័យបើកទូលាយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការរួមចំណែកសំខាន់ៗរបស់អង្គការ ODC ក្នុងការបន្តផ្តល់នូវទិន្នន័យបច្ចុប្បន្នភាព ដែលអនុញ្ញាតអោយយើងអាចចូលប្រើប្រាស់បានជាសាធារណៈនាពេលកន្លងមក។ លោកស្រីបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមផ្លាស់ប្តូរគំនិត និងផ្តល់មតិត្រឡប់ទៅកាន់ ODC ដើម្បីអាចឱ្យគេហទំព័រនេះកាន់តែប្រសើរឡើង។
លោក ហាង វិសិដ្ឋ អ្នកស្រាវជ្រាវទិន្នន័យការវិនិយោគនៃអង្គការ ODC បានធ្វើបទបង្ហាញពីដំណើរការប្រមូលទិន្នន័យ វិធីសាស្ត្រ ដែនកំណត់ និងបញ្ហាប្រឈម។ លោកបានបង្ហាញទំព័រព័ត៌មានទិន្នន័យថ្មី រួមទាំងមុខងារ និងខ្លឹមសាររបស់វា។ លោកបានបង្ហាញតំណភ្ជាប់ទៅកាន់ប្រភពទិន្នន័យ/ព័ត៌មានដើម ក៏ដូចជាទំព័រ ODC ដែលពាក់ព័ន្ធផ្សេងទៀត។
លោក ជី លីម៉េង បណ្ណាធិការ និងអ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ចនៃអង្គការ ODC បានធ្វើបទបង្ហាញខ្លីៗអំពីគេហទំព័ររបស់អង្គការ ODC ដោយផ្តោតលើ ឃ្លាំងទិន្នន័យ (Datahub) និងផែនទីអន្តរកម្ម។ លោកបានបង្ហាញពីមាតិកា មុខងារដែលមាន និងបានណែនាំខ្លះអំពីការរុករកក្នុងទំព័រទាំងនោះ។ លោក លី ម៉េង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការងារឌីជីថលនីយកម្មដែលធ្វើឡើងដោយអង្គការ ODC ព្រោះវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកក្នុងកាតាឡុកទិន្នន័យ និងចែករំលែកទីតាំងផែនទី។
លោក អ៊ី ពុទ្ធាលី មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៃអង្គការODC បានធ្វើបទបង្ហាញអំពីទំព័រព័ត៌មានទិន្នន័យថ្មីដោយលម្អិតបន្ថែមទៀត។ លោកបានបង្ហាញពីផ្នែកសំខាន់ៗនៃទំព័រព័ត៌មានទិន្នន័យ រួមជាមួយនឹងគោលបំណងនៃការរចនាបង្ហាញផ្នែកទាំងនោះ។ លោកបានពន្យល់ប្រាប់ទស្សនិកជនអំពីព័ត៌មានលម្អិតពីទិន្នន័យជាតារាងដែលបានរៀបចំជា ១៥ ជួរឈសម្រាប់ពណ៌នាគម្រោងអភិវឌ្ឍន៍ធំៗចំនួន ១១១ ដែលមាននៅក្នុងសំណុំទិន្នន័យ “គម្រោងវិនិយោគបរទេសសំខាន់ៗនៅកម្ពុជា”។ លោកបានបន្ថែមទៀតថា សំណុំទិន្នន័យនេះ មានជាទាំងជាភាសាខ្មែរ និងអង់គ្លេស ហើយវាអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចូលទៅប្រើ និងទាញយកបានក្នុងទម្រង់បីផ្សេងគ្នាគឺ SQLite, DB table និង WMS។
ក្នុងអំឡុងពេលនៃការពិភាក្សាសំណួរ-ចម្លើយ សិក្ខាកាមបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍យ៉ាងខ្លាំង និងការចូលរួមយ៉ាងសកម្ម។ សំណួរ ដែលចោទឡើងដោយអ្នកចូលរួមភាគច្រើនផ្តោតលើលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសទិន្នន័យដែលអង្គការ ODC បានប្រមូលមក (យើងបានផ្តល់ជម្រើសតាមចំណាត់ថ្នាក់ទិន្នន័យដែលបានមកពីប្រភពផ្សេងៗគ្នា) វិធីសាស្ត្រដើម្បីរក្សានូវបច្ចុប្បន្នភាពទិន្នន័យឱ្យ និងវិសាលភាពនៃទិន្នន័យដែលមាននៅក្នុងសំណុំទិន្នន័យថ្មីនេះ។
នៅក្នុងសុន្ទរកថាបិទ លោកស្រី ស៊ីវ វឌ្ឍនា ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រនៅអង្គការ ODC បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម។ លោកស្រីបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា ទំព័រព័ត៌មានទិន្នន័យនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងឡាយ ដែលកំពុងស្វែងរកសំណុំទិន្នន័យដែលគួរឱ្យទុកចិត្តទាក់ទងនឹងការវិនិយោគបរទេសក្នុងប្រទេស។ ទំព័រព័ត៌មានទិន្នន័យថ្មីនេះនឹងជាប្រភពសំខាន់នៃទិន្នន័យដែលបើកទូលាយសម្រាប់អ្នកគ្រប់គ្នា អាចទុកចិត្តបាន និងមិនត្រូវបានកំរៃនោះឡើយ។ លោកស្រីបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន យុវជននិងស្ត្រីជនជាតិដើមភាគតិច និងអ្នកស្រាវជ្រាវ ដើម្បីចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ លោកស្រីក៏បានថ្លែងការអបអរសាទរដល់សមាជិកក្រុមការងារ ODC ទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ពួកគេ និងសមត្ថភាពរបស់ពួកគេក្នុងការជម្នះឧបសគ្គដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។
“ODC សង្ឃឹមថា ការបើកដំណើរការទំព័រព័ត៌មានទិន្នន័យនេះនឹងជំរុញតម្លាភាពទិន្នន័យរបស់កម្ពុជា និងជួយអោយប្រព័ន្ធអេកូទិន្នន័យបើកទូលាយស្តីពីការវិនិយោគបរទេសទាំងកម្រិតជាតិ និងអន្តរជាតិកាន់តែប្រសើរ”។ - លោកស្រី ស៊ីវ វឌ្ឍនា ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ ODC
បន្ថែមលើទិន្នន័យរបស់ODC ភាគីពាក់ព័ន្ធទាំងអស់ក៏អាចដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាននៅកម្ពុជាប្រកបដោយនិរន្តរភាពផងដែរ។ ODC សង្ឃឹមថា សំណុំទិន្នន័យបើកទូលាយ និងព័ត៌មានស្តីពីការវិនិយោគបរទេសនៅកម្ពុជា នឹងជួយលើកកម្ពស់តម្លាភាពទិន្នន័យ និងពង្រីកប្រព័ន្ធអេកូទិន្នន័យបើកទូលាយទាំងកម្រិតជាតិ និងតំបន់។ ដូចគ្នាដែរ ODC នឹងបន្តជំរុញកិច្ចសន្ទនាបើកទូលាយ និងអំពាវនាវឱ្យមានការចែករំលែកព័ត៌មានរវាងតួអង្គពាក់ព័ន្ធ រួមមានរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន។