សម្ពោធ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​​ស្តី​ពី ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិ​វ​ឌ្ឈ​ (ODC)​ បាន​​ដាក់​​ដំណើរការ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​របស់​ខ្លួន​ថ្មី​មួយ​ស្តី​ពី​ ការ​វិនិយោគ​បរទេស​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សាន់វេរ​ភ្នំពេញ​ ក្នុង​លក្ខណៈ​កូនកាត់​ ស្រប​តាម​វិធានការ​សុខភាព​សាធារណៈ​ដែល​មាន​ស្រាប់​។​ ទស្សនិកជន​សរុប​ចំនួន​ ៥៨​ នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ដែល​ក្នុង​នោះ​ ២២​ នាក់​ចូលរួម​ដោយ​ផ្ទាល់​ និង​ ៣៦​ នាក់​ទៀត​តាម​រយៈ​វេទិកា​សន្និសីទ​​​ Zoom​។​ អ្នកចូលរួម​មាន​សាវតា​ផ្សេងៗ​គ្នា​ រួម​មាន​តំណាង​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ ដៃគូ​អភិវឌ្ឍន៍​ ស្ថាប័ន​អប់រំ​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ទីភ្នាក់ងារសារព័ត៌មាន​ និង​​វិស័យ​​ឯកជន​។​

​បច្ចុប្បន្ន​ទំព័រ​ព័ត៌មាន​ទិន្នន័យ​​ថ្មី​នេះ​ មាន​ព័ត៌មានអំពី​គម្រោង​វិនិយោគ​បរទេស​ធំ​ៗ​​ចំនួន​ ១១១​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ រាប់​ចាប់ពី​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ថាមពល​ ហេដ្ឋារចនាសម្ព័ន្ធ​ ហិរញ្ញវត្ថុ​ និង​ទេសចរណ៍​។​ សំណុំ​ទិន្នន័យ​ដែល​បាន​បន្ថែម​ថ្មីៗ​នេះ​ពង្រីក​ព័ត៌មាន​ទាក់ទង​នឹង​ទំហំ​ថវិកា​ និង​ទីតាំង​របស់​គម្រោង​ រួម​ជាមួយនឹង​របាយការណ៍​វាយតម្លៃ​​ហេតុ​​ប៉ះពាល់​បរិស្ថាន​ (EIA)​ ដែល​មាន​ស្រាប់​។​ ​សាធារណៈ​អាច​ចួ​ល​ទាញ​យក​​ទិន្នន័យ​ទាំង​នេះ​បាន​ក្នុង​គេហទំព័រ​ ODC​ នៅ​ក្នុង​ទម្រង់​ផ្សេងៗ​ជា​ច្រើន​។​

​ព្រឹត្តិការណ៍​សម្ពោធ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​មាន​គោលបំណង​សំខាន់​ចំនួន​បួន​។​ ទី​មួយ​ ដើម្បី​បង្ហាញ​ការ​កែ​លម្អ​ថ្មីៗ​បំផុត​នៅ​លើ​វេទិកា​អង្គការ​ ODC​  និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​របៀប​ដែល​មាតិកា​ថ្មី​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ភាគី​ពាក់ព័ន្ធ​។​ ទី​ពីរ​ ដើម្បី​បង្ហាញ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​របស់​អង្គការ​ ODC​ ស្តី​ពី​ ការ​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​​កម្ពុជា​ និង​សំណុំ​ទិន្នន័យ​ស្តី​ពីគម្រោង​វិនិយោគបរទេស​ធំ​ៗ​នៅ​ក្នុងប្រទេសកម្ពុជា​។​ ទី​បី​ ដើម្បី​ចែករំលែក​បញ្ហា​ប្រឈម​ និង​ដែន​កំណត់​ដែល​បាន​ជួប​ប្រទះ​នៅ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ និង​ដំណាក់កាល​រចនា​ទំព័រ​ មេរៀន​ដែល​បាន​រៀន​ និង​ការ​អនុវត្ត​ល្អ​បំផុត​។​ និង​ទី​បួន​ ដើម្បី​អំពាវនាវ​ឱ្យ​បង្កើន​កិច្ចសហការ​ទិន្នន័យ​ និង​ប្រមូល​មតិ​កែ​លម្អ​ពី​អ្នក​ប្រើប្រាស់​ទិន្នន័យ​ ដើម្បី​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​​គេហទំព័រ​កាន់​តែ​ប្រសើរ​។​

​កម្មវិធី​បាន​ចាប់ផ្តើម​ដោយ​សុន្ទរ​ក​ស្វាគមន៍​របស់​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ODC​ ។​ លោក​បាន​ទទួលស្គាល់​ និង​កោតសរសើរ​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ ODC​ ក្នុង​ការ​ស្រាវជ្រាវ​ និង​ចងក្រង​ព័ត៌មាន​ដ៏​ច្រើន​បែប​នេះ​ ដើម្បី​ផលិត​ទំព័រ​ព័ត៌មាន​ទិន្នន័យ​​ថ្មី​នេះ​។​ លោក​​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ការងារ​​នៅ​ពីក្រោយ​ការផលិត​​ទំព័រ​ព័ត៌មាន​ទិន្នន័យនេះ​​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ មុខងារ​ថ្មី​មួយ​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើការ​តម្រង់​ និង​ស្វែងរក​ព័ត៌មាន​នៃ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ ដោយ​ផ្អែក​លើ​ទីតាំង​ និង​ព័ត៌មាន​សាវតា​នៃ​គម្រោង​ទាំង​នោះ​។​ លោក​ ទ្រី​ ក៏​បាន​ឆ្លៀតឱកាស​នេះ​ដើម្បី​ពន្យល់​​បន្ថែម​ទៀត​ថា​ ក្រុមការងារ​អង្គការ​ ODC​ នឹង​បន្ត​ធ្វើការ​លើ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​ និង​បាន​លើកទឹកចិត្ត​ភាគី​ពាក់ព័ន្ធ​ឱ្យ​ប្រើប្រាស់​ និង​ចែករំលែក​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​។​

 ​“​គម្រោង​វិនិយោគ​ចំនួន​ ១១១​ ដែល​មាននៅ​លើ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​វិនិយោគ​បរទេស​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។​ ខ្ញុំ​សង្ឃឹមថា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​វិនិយោគ​បរទេស​ជា​ច្រើន​ទៀត​ដល់​ពួក​យើង​”​ -​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ODC​ ”

​លោកស្រី​ Catherine​ Cecil​ តំណាង​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថានគ្រប់​គ្រង​បូព៌ា​បញ្ចឹម​ (EWMI)​ បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​នៃ​ទិន្នន័យ​បើក​ទូលាយ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ និង​ការ​រួមចំណែក​សំខាន់ៗ​របស់​អង្គការ​ ODC​  ក្នុង​ការ​​បន្ត​ផ្តល់​​​នូវ​ទិន្នន័យបច្ចុប្បន្ន​ភាព​ ​​ដែលអនុញ្ញាត​​អោយ​យើង​អាច​​ចូល​ប្រើប្រាស់​បានជា​សាធារណៈ​នា​ពេល​កន្លង​មក​។​ ​លោក​ស្រី​បាន​លើកទឹកចិត្ត​ឱ្យ​​សិក្ខាកាម​ទាំង​អស់​ ចូលរួម​ផ្លាស់​ប្តូរ​គំនិត​ និង​ផ្តល់​មតិ​ត្រឡប់​ទៅ​កាន់​ ODC​ ដើម្បី​អាច​ឱ្យ​គេហទំព័រ​នេះ​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​ ហាង​ វិសិដ្ឋ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ការ​វិនិយោគ​​នៃ​អង្គការ​ ODC​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ​ប្រមូល​ទិន្នន័យ​ វិធីសាស្ត្រ​ ដែន​កំណត់​ និង​បញ្ហា​ប្រឈម​។​ លោក​​បាន​បង្ហាញ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ រួម​ទាំង​មុខងារ​ និង​ខ្លឹមសារ​របស់​វា​។​ លោក​​បាន​បង្ហាញ​តំណ​ភ្ជាប់​ទៅ​កាន់​ប្រភព​ទិន្នន័យ​/​ព័ត៌មាន​ដើម​ ក៏​ដូច​ជា​ទំព័រ​ ODC​ ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​

​លោក​ ជី​ លី​ម៉េ​ង​ បណ្ណាធិការ​ និងអ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​នៃ​អង្គការ​ ODC បាន​​ធ្វើ​បទបង្ហាញ​ខ្លីៗ​អំ​ពី​គេហទំព័រ​របស់​អង្គការ​ ODC​ ដោយ​ផ្តោត​លើ​ ឃ្លាំង​​ទិន្នន័យ​ (Datahub)​ និង​ផែនទី​អន្តរ​កម្ម​។ លោក​បាន​បង្ហាញ​ពី​​មាតិកា​​ មុខងារ​ដែល​មាន​ ​​និង​បាន​​ណែនាំ​ខ្លះ​អំពី​ការ​រុករក​ក្នុង​​​ទំព័រ​ទាំង​នោះ​។​ លោក​ លី​ ម៉េ​ង​ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការងារ​ឌី​ជី​ថ​ល​នី​យ​កម្ម​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ ODC​ ព្រោះ​វា​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ស្វែងរក​ក្នុង​កាតាឡុក​ទិន្នន័យ​ និង​ចែករំលែក​ទីតាំង​ផែនទី​។​

​លោក​ អ៊ី​ ពុទ្ធា​លី​ មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ នៃ​អង្គការ​ODC ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ដោយ​លម្អិត​បន្ថែម​ទៀត​។​ លោក​​បាន​​បង្ហាញ​ពី​​​ផ្នែក​សំខាន់ៗ​​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ រួម​ជាមួយនឹង​គោលបំណង​​នៃ​ការ​រចនា​បង្ហាញ​ផ្នែក​ទាំង​នោះ​​។​ លោក​បាន​ពន្យល់​ប្រាប់​ទស្សនិកជន​អំពី​ព័ត៌មាន​លម្អិត​ពី​​ទិន្នន័យ​​ជា​តារាង​ដែល​បាន​រៀប​ចំ​​ជា​​ ១៥​ ជួរ​ឈ​សម្រាប់​​ពណ៌នា​​គម្រោង​អភិវឌ្ឍន៍​ធំៗចំនួន​ ១១១​ ដែលមាន​នៅ​ក្នុង​សំណុំ​ទិន្នន័យ​ “​គម្រោង​វិនិយោគ​បរទេស​សំខាន់ៗ​នៅ​កម្ពុជា​”​។​ លោក​បាន​បន្ថែម​ទៀត​​ថា​ សំណុំ​ទិន្នន័យ​​នេះ មាន​ជាទាំងជា​ភាសា​ខ្មែរ​ និង​អង់គ្លេស​ ហើយវា​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់​​អាច​ចូល​ទៅ​​ប្រើ​ និង​ទាញ​យក​បាន​ក្នុង​ទម្រង់​បី​ផ្សេង​គ្នា​គឺ​ SQLite,​ DB​ table​ និង​ WMS​។​

​ក្នុងអំឡុងពេល​នៃ​ការ​ពិភាក្សា​សំណួរ​​-ចម្លើយ​ ​​សិក្ខាកាម​​បាន​ឆ្លុះ​បញ្ចាំង​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​​​ការ​ចូលរួម​យ៉ាង​សកម្ម​។​ សំណួរ​ ដែល​ចោទ​ឡើង​ដោយ​អ្នកចូលរួមភាគច្រើន​​ផ្តោត​លើ​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ជ្រើសរើស​ទិន្នន័យ​ដែល​​អង្គការ​ ODC​ ​​បានប្រមូលមក​​ (​​​យើង​បាន​​ផ្តល់​ជម្រើស​តាម​​​ចំណាត់​ថ្នាក់​​​ទិន្នន័យ​ដែលបាន​មកពី​ប្រភព​ផ្សេងៗ​គ្នា​​)​ វិធីសាស្ត្រ​​ដើម្បី​រក្សា​​នូវ​បច្ចុប្បន្ន​ភាព​ទិន្នន័យ​ឱ្យ​​​ និង​វិសាលភាព​នៃ​ទិន្នន័យ​ដែល​មាននៅ​ក្នុង​សំណុំ​ទិន្នន័យ​​ថ្មី​នេះ​​។​

​នៅ​ក្នុង​សុន្ទរកថា​បិទ​ លោកស្រី​ ស៊ីវ​ វ​ឌ្ឍ​នា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​នៅ​អង្គការ​ ODC​ បាន​ថ្លែងអំណរគុណ​ដល់​​សិក្ខាកាម​ទាំង​អស់​​ ដែល​បាន​​ចូលរួម​យ៉ាង​សកម្ម​​​។​ លោកស្រី​បាន​បញ្ជាក់​ពី​ជំនឿ​​យ៉ាង​មុតមាំ​ថា ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​​ប្រើ​ប្រាស់​ទាំង​ឡាយ​ ដែល​​កំពុង​ស្វែងរក​សំណុំ​ទិន្នន័យ​ដែល​គួរ​ឱ្យ​ទុកចិត្ត​​ទាក់ទង​នឹង​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​។​ ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​​នេះ​នឹង​ជា​ប្រភព​​​សំខាន់​នៃ​ទិន្នន័យ​ដែល​បើក​ទូលាយ​សម្រាប់​អ្នក​គ្រប់​គ្នា អាច​ទុកចិត្ត​បាន​ និង​មិនត្រូវបាន​កំរៃ​នោះ​ឡើយ​​។​ លោកស្រី​បាន​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ រួម​ទាំង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ​ សហគមន៍​មូលដ្ឋាន​ អ្នក​សារព័ត៌មាន​ យុវជន​និង​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ និង​អ្នក​ស្រាវជ្រាវ​ ​ដើម្បី​​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​បរិស្ថាន​នៅ​កម្ពុជា​​។​ លោកស្រី​​ក៏​បាន​​ថ្លែង​ការ​អបអរសាទរ​ដល់​​សមាជិក​​​ក្រុមការងារ​ ODC​​ ​ទាំង​អស់​​​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ និងការ​​រួមចំណែក​របស់​ពួក​គេ​ និង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ជម្នះ​ឧបសគ្គ​ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​

ODC​ សង្ឃឹមថា​ ការ​បើក​ដំណើរការ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​នឹងជំរុញ​តម្លាភាព​ទិន្នន័យ​របស់​កម្ពុជា​ និង​​​​ជួយ​អោយ​​​ប្រព័ន្ធ​អេកូ​ទិន្នន័យ​បើក​ទូលាយ​​ស្តី​ពី​ការ​វិនិយោគ​បរទេស​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិកាន់​តែ​ប្រសើរ​​”​។​ -​ លោកស្រី​ ស៊ីវ​ វ​ឌ្ឍ​នា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​ ODC​​

បន្ថែម​លើ​​​​ទិន្នន័យ​របស់​​ODC​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក៏​​អាច​ដើរតួ​​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម​ និង​បរិស្ថាន​នៅ​កម្ពុជា​​ប្រកបដោយ​និរន្តរភាព​ផង​ដែរ​​។​ ​ODC​ សង្ឃឹមថា​ សំណុំ​ទិន្នន័យ​បើក​ទូលាយ​ និង​ព័ត៌មាន​ស្តី​ពី​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា​ នឹង​ជួយ​លើកកម្ពស់​តម្លាភាព​ទិន្នន័យ​ និង​ពង្រីក​ប្រព័ន្ធ​អេកូ​ទិន្នន័យ​បើក​ទូលាយ​ទាំង​កម្រិត​ជាតិ​ និង​តំបន់​។​ ដូច​គ្នា​ដែរ​ ODC​ នឹង​បន្ត​ជំរុញ​កិច្ច​សន្ទនា​បើក​ទូលាយ​ និង​អំពាវនាវ​ឱ្យ​មានការ​ចែករំលែក​ព័ត៌មាន​រវាង​តួអង្គ​ពាក់ព័ន្ធ​ រួម​មាន​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​។​​