អភិបាលកិច្ច​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​៖​ កាលានុវត្តភាព​មួយ​

រូបថត by Ant & Carrie Coleman, “វាលស្រែ” (CC BY-NC-ND 2.0) នៅលើ flickr

ច្បាប់​ស្តី​ពី​វិនិយោគ​ថ្មី​របស់​ប្រទេស​កម្ពុជា​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​វិនិយោគ​ដែល​មាន​បរិ​យា​ប័ន​ និង​និរន្តរភាព​ជាង​មុន​។​ នៅ​ក្នុង​កិច្ចប្រជុំ​និម្មិត​ (​អន​ឡាញ​)​ ជា​ស៊េរី​មួយ​ អ្នក​ពាក់ព័ន្ធ​នានា​មក​ពី​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​លើ​បញ្ហា​ប្រឈម​ និង​កាលានុវត្តភាព​កើត​ចេញពី​ច្បាប់​ និង​អភិបាលកិច្ច​វិនិយោគ​ជា​ទូទៅ​។​

សារៈសំខាន់​នៃ​អភិបាលកិច្ច​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​មាន​បរិ​យា​ប័ន​ និង​និរន្តរភាព​ជា​រឿយៗ​ត្រូវ​បាន​គេ​មើល​រំលង​រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ដែល​ធ្វើការ​លើ​វិស័យ​អភិបាលកិច្ច​ធនធានធម្មជាតិ​ និង​បញ្ហា​សង្គម​ និង​បរិស្ថាន​ផង​ដែរ​។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ អភិបាលកិច្ច​វិនិយោគ​ដើរតួ​នាទី​ក្នុង​ផ្នែក​ដ៏​សំខាន់​មួយ​ដើម្បី​សម្រេច​បាន​លទ្ធផល​ពី​កិច្ច​ខិតខំ​របស់​ខ្លួន​។​

ជា​ផ្នែក​មួយ​នៃ​កិច្ច​ផ្តួចផ្តើម​របស់​ Advancing​ Land-based​ Investment​ Governance​ (ALIGN)​ Columbia​ Center​ on​ Sustainable​ Investment​ (CCSI)​ International​ Institute​ for​ Environment​ and​ Development​ (IIED),​ and​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​សិក្ខាសាលា​និម្មិត​ជា​ស៊េរី​មួយ​ដើម្បី​ស្វែង​យល់​អំពី​ភាព​ខ្វះចន្លោះ​នៅ​ប្រទេស​កម្ពុជា​។​ កិច្ចប្រជុំ​និម្មិត​ទាំងនេះ​មានការ​ចូលរួម​ពី​តំណាង​សហគមន៍​ អង្គការ​សង្គម​ស៊ី​វិល​ មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​មេធាវី​ដើម្បី​ពិចារណា​ និង​ពិភាក្សា​អំពី​ច្បាប់​ស្តី​ពី​វិនិយោគ​ថ្មី​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០២១​។​ អ្នកចូលរួម​ទាំងឡាយ​បាន​ពិភាក្សា​អំពី​របៀប​ដែល​ច្បាប់​ស្តី​ពី​វិនិយោគ​ថ្មី​ និង​សន្ធិសញ្ញា​វិនិយោគ​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការ​ចរចា​ដែល​អាច​ផ្ដល់​ជា​កាលានុវត្តភាព​សម្រាប់​បន្ស៊ី​គ្នា​ឲ្យ​កាន់តែ​ខ្លាំង​នៃ​អភិ​ បាល​កិច្ច​វិនិយោគ​របស់​ប្រទេស​ជាមួយនឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​កាតព្វកិច្ច​ការពារ​បរិស្ថាន​ និង​អាកាសធាតុ​។​

​កាលានុវត្តភាព​ដើម្បី​លើកកម្ពស់​ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ និង​ពង្រឹង​ដំណើរការ​វិនិយោគ

​គោលដៅ​គន្លឹះ​មួយ​នៃ​ច្បាប់​ថ្មី​គឺ​ដើម្បី​លើកកម្ពស់​ការ​វិនិយោគ​ប្រកបដោយ​មាន​ «​គុណភាព​»​ នៅ​ប្រទេស​កម្ពុជា​ (​មាត្រា​ ១)​។​ ពាក្យ​ថា​ «​គុណភាព​»​ ពុំ​ត្រូវ​បាន​ពន្យល់​ឡើយ​ដោយ​ទុកជា​សំណួរ​ចំហ​ថា​តើ​ពាក្យ​នេះ​អាច​ត្រូវ​បាន​បកស្រាយ​យ៉ាងដូចម្ដេច​ –​ ឬថា​ជា​ការ​ប្រសើរ​ពាក្យ​នេះ​នឹង​មាន​ពន្យល់​នៅ​ក្នុង​អនុក្រឹត្យ​ –​ ដើម្បី​សំដៅ​ដល់​ការ​វិនិយោគ​ដែល​ជួយ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន​ និង​និរន្តរភាព​។​ តាម​ដំណើរការ​ផ្សេងៗ​នៃ​ការ​យល់ព្រម​ជា​ឯកច្ឆន្ទ​ សហគមន៍​អន្តរជាតិ​បាន​រៀបចំ​ចក្ខុវិស័យ​អំពី​របៀប​ដែល​ការ​វិនិយោគ​អាច​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន​ និង​និរន្តរភាព​តាម​រយៈ​ដូច​ជា​ទស្សនាទាន​នៃ​ «​ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​»​។​ សេចក្ដីណែនាំ​ដោយ​ស្ម័គ្រចិត្ត​ស្ដី​ពី​អភិបាលកិច្ច​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​លើ​សិទ្ធិ​កាន់កាប់​ និង​ប្រើប្រាស់​ដីធ្លី​ (​ក្នុង​កថាខណ្ឌ​ ១២,៤)​ បាន​គ្របដណ្ដប់​តាម​ចក្ខុវិស័យ​នេះ​ និង​បាន​ពន្យល់​ថា​ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុស​ត្រូវជា​ការ​វិនិយោគ​មួយ​ដែល​មិន​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ ដែល​ប្រឆាំង​នឹង​ការ​រឹបអូស​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ និង​ការ​ខូចខាត​បរិស្ថាន​ និង​មានការ​គោរព​សិទ្ធិ​មនុស្ស​។​

​គម្លាត​ដែល​ប្រទេស​កម្ពុជា​នឹង​ដាក់​បញ្ចូល​គោលការណ៍​នៃ​ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ទៅ​ក្នុង​អនុក្រឹត្យ​ដែល​នឹង​អនុវត្ត​ច្បាប់​ថ្មី​នៅ​តែ​មិន​ទាន់​បានឃើញ​នៅឡើយ​ទេ​ ក៏​ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​បាន​ផ្ដល់​នូវ​កាលានុវត្តភាព​ខ្លះៗ​ដែរ​។​ ឧទាហរណ៍​ គម្រោង​វិនិយោគ​មួយ​អាច​ត្រូវ​បាន​លុប​ចោល​ដោយសារ​ការ​ខកខាន​បំពេញ​កាតព្វកិច្ច​ផ្លូវច្បាប់​ ឬ​ដោយសារ​គម្រោង​នោះ​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​លើ​បរិស្ថាន​ ឬ​ប្រយោជន៍​សាធារណៈ​ ឬ​សុខុមាលភាព​ប្រជាពលរដ្ឋ​ (​មាត្រា​ ៣១)​។​

ច្បាប់​នេះ​ ក៏​បញ្ជាក់​ផង​ដែរ​ថា​ដំណើរការ​ពិនិត្យ​សំណើ​វិនិយោគ​របស់​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​កំណត់​នៅ​ក្នុង​អនុក្រឹត្យ​ថ្មី​មួយ​ (​មាត្រា​ ១១)​។​ ប្រព័ន្ធ​អនុវត្ត​ថ្មី​នេះ​អាច​ពិនិត្យ​មើល​អនាគត​វិនិយោគិន​ដើម្បី​ឆែក​មើល​កេរ្តិ៍ឈ្មោះ​ ជំនាញ​ និង​បទ​ពិសោធន៍​ ហិរញ្ញប្បទាន​ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​ធ្វើ​ធុរកិច្ច​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​របស់​ពួក​គាត់​។​ គេ​ក៏​អាច​ពិនិត្យ​មើល​អនាគត​ការ​វិនិយោគ​ដើម្បី​ឲ្យ​ដឹង​អំពី​សមិទ្ធ​លទ្ធភាព​ ផែនការ​សម្រាប់​ពិគ្រោះ​យោបល់​សហគមន៍​ និង​សុំ​ការ​យល់ព្រម​ពី​សហគមន៍​ ការ​អនុវត្ត​ការ​បង្ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​ពង្រឹង​អំណាច​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ រួម​ទាំង​យុវជន​ និង​ស្ត្រី​ ការ​ជ្រើសរើស​ទីតាំង​វិនិយោគ​ដែល​សម​ស្រប​បំផុត​ ការ​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​សង្គតិភាព​ទៅ​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​គោលដៅ​អភិវឌ្ឍ​របស់​ជាតិ​។​

​របៀប​ពង្រឹង​ដំណើរការ​វិនិយោគ​ និង​ការ​លើកកម្ពស់​ការ​អនុវត្ត​ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​

​សហគមន៍​ដែល​រង​គ្រោះ​ពី​ការ​វិនិយោគ​ គឺជា​អ្នក​ពាក់ព័ន្ធ​ដ៏​សំខាន់​នៅ​ក្នុង​អភិបាលកិច្ច​វិនិយោគ​។​ មាន​គន្លឹះ​មួយ​ចំនួន​ដែល​សហគមន៍​រង​គ្រោះ​ និង​អង្គការ​សង្គម​ស៊ី​វិល​តំណាង​ឲ្យ​សហគមន៍​ទាំងនោះ​ អាច​ប្រើប្រាស់​ក្នុង​ការ​ជួយ​លើកកម្ពស់​ និង​កែ​លម្អ​ដើម្បី​បន្ស៊ី​ការ​វិនិយោគ​ទៅ​នឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន​ និង​និរន្តរភាព​។​ ឧទាហរណ៍​ នៅ​កម្រិត​តាក់តែង​ច្បាប់​ និង​គោលនយោបាយ​នៅ​ប្រទេស​កម្ពុជា​ ពួក​គាត់​អាច​ស្វែងរក​ការ​គាំទ្រ​ការ​អនុវត្ត​អនុក្រឹត្យ​ដែល​កំណត់​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​ និង​នាំ​ឲ្យ​ដំណើរការ​ពិនិត្យ​សំណើ​វិនិយោគ​ និង​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចប់​គម្រោង​វិនិយោគ​ដោយ​មាន​សង្គតិភាព​ទៅ​តាម​គោលការណ៍​អន្តរជាតិ​នៃ​ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​បាន​។​ ពួក​គាត់​ក៏​អាច​លើកទឹកចិត្ត​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ឲ្យ​ប្រតិបត្តិ​ទៅ​តាម​ច្បាប់​ជាតិ​ជា​ធរមាន​ដែល​ក្នុង​នោះ​មាន​ដាក់​បញ្ចូល​បទដ្ឋាន​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន​ និង​និរន្តរភាព​តាម​រយៈ​ការ​កសាង​សមត្ថភាព​ និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​បទដ្ឋាន​ទាំងនោះ​ និង​បទ​ពិសោធន៍​នានា​របស់​សហគមន៍​ដែល​ទទួល​ការ​រង​គ្រោះ​។​

រដ្ឋាភិបាល​ និង​វិនិយោគិន​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ពី​ការ​ធានា​យ៉ាងណា​ឲ្យ​រាល់​ការ​វិនិយោគ​មានការ​ទទួលខុសត្រូវ​ខ្ពស់​។​ ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​អាច​កាត់​បន្ថយ​ហានិភ័យ​ និង​លទ្ធភាព​នៃ​ការ​ចំណាយ​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិវាទ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដែល​អាច​ធ្វើ​ឲ្យ​លទ្ធផល​គម្រោង​មានឱកាស​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​។​ ការ​វិនិយោគ​ប្រកបដោយ​ជោគជ័យ​អាច​ជួយ​សម្រប​សម្រួលការ​អភិវឌ្ឍ​សង្គម​ បញ្ចៀស​ជម្លោះ​ ការ​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន​មូលដ្ឋាន​ ហើយ​ជា​លទ្ធផល​បង្កើត​ឲ្យ​មានការ​ចំណេញ​នោះ​គឺជា​ភាព​ឈ្នះ​-​ឈ្នះ​-​ឈ្នះ​សម្រាប់​វិនិយោគិន​ រដ្ឋាភិបាល​ និង​សហគមន៍​។​

​បញ្ហា​ប្រឈម​ចំពោះ​អភិបាលកិច្ច​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​

ជា​រឿយៗ​ សហគមន៍​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​មិន​បាន​ជ្រាប​អំពី​គម្រោង​ និង​សេចក្ដីព្រាងច្បាប់​ក៏​ដូច​ជា​គោលនយោបាយ​នានា​ឡើយ​ ដូច្នេះ​ពួក​គាត់​ពុំ​អាច​ផ្ដល់​ទស្សនៈ​សំខាន់ៗ​ក្នុង​ការ​រៀបចំ​ខ្លួន​ និង​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​បាន​ឡើយ​។​ នៅ​កន្លែង​ដែល​ជនជាតិ​ដើម​ភាគតិច​ ឬ​សហគមន៍​ដែល​រង​គ្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្សេងៗ​នោះ​ សិទ្ធិ​ទទួល​បានការ​ជូនដំណឹង​ និង​ការ​យល់ព្រម​ដោយ​សេរី​ជា​មុន​របស់​ពួក​គេ​ ត្រូវ​តែ​ទទួល​បាន​នូវ​ការ​គោរព​។​ ជា​ទូទៅ​ជាង​នេះ​ នៅ​កន្លែង​ដែល​ពាក់ព័ន្ធ​នឹង​ម្ចាស់​សិទ្ធិ​ស្របច្បាប់​គួរ​មានការ​ពិគ្រោះ​យោបល់​ និង​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូលរួម​ប្រកបដោយ​អត្ថន័យ​នៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តីសម្រេច​ និង​ក្នុង​ដំណើរការ​តាក់តែង​ច្បាប់​។​

​សហគមន៍​មូលដ្ឋាន​ និង​អង្គការ​សង្គម​ស៊ី​វិល​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ជួយ​គាំទ្រ​ និង​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​អំពី​អភិបាលកិច្ច​វិនិយោគ​ដើម្បី​ចូលរួម​ពិនិត្យ​សេចក្ដីព្រាងច្បាប់​ និង​គោលនយោបាយ​នានា​ និង​ដើម្បី​វាយតម្លៃ​ និង​តាមដាន​ការ​អនុវត្ត​គម្រោង​ជាក់លាក់​នានា​។​ ពួក​គាត់​ត្រូវការ​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន​ ដើម្បី​ចូលរួម​ក្នុង​កិច្ច​សន្ទនា​បែប​ស្ថាបនា​ និង​មាន​ផ្លែផ្កា​ជាមួយ​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ដើម្បី​បញ្ចៀស​ការ​តាក់តែង​ច្បាប់​ដែល​មិនល្អ​ និង​ការ​វិនិយោគ​ដែល​មិន​មាន​ភាព​ទទួលខុសត្រូវ​តាំងពី​ការ​ចាប់ផ្តើម​ និង​ធានា​ថា​មានការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ និង​វិធានការ​ប៉ះប៉ូវ​សម្រាប់​គម្រោង​ធនធានធម្មជាតិ​ទាំងឡាយ​ណា​ដែល​បាន​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​លើ​ពួក​គាត់​។​

​បញ្ហា​ប្រឈម​មួយទៀត​ដែល​បារម្ភ​ពី​ការ​ដាក់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ជម្លោះ​រវាង​វិនិយោគិន​ និង​រដ្ឋ​ស្ថិត​នៅ​ក្រោម​សន្ធិសញ្ញា​វិនិយោគ​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​ជំពូក​ស្តី​ពី​ការ​វិនិយោគ​ (​ដែល​រួម​គ្នា​នឹង​សន្ធិសញ្ញា​វិនិយោគ​អន្តរជាតិ​)​ ជា​រឿយៗ​រួម​ទាំង​ប្រការ​ស្តី​ពី​ការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​ និង​រដ្ឋ​។​ ទោះបីជា​មានច្បាប់​ក្នុងស្រុក​ខ្លាំង​ដែល​ការពារ​សហគមន៍​ និង​បរិស្ថាន​ក៏​ដោយ​ ដរាបណា​ប្រការ​ស្តី​ពី​យន្តការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​ និង​រដ្ឋ​នៅ​មាន​ប្រសិទ្ធភាព​ រដ្ឋាភិបាល​អាច​មាន​ហានិភ័យ​តាម​ផ្លូវច្បាប់​ដោយ​ត្រូវ​ចំណាយ​ច្រើន​លើសលុប​ ទោះបីជា​ពួក​គេ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ ឬ​បរិស្ថាន​ក៏​ដោយ​ រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​។​ លើស​ពី​នេះ​ មាន​ភស្តុ​តាង​ជាក់ស្តែង​ដែល​មិន​បាន​បង្ហាញ​ថា​សន្ធិសញ្ញា​វិនិយោគ​អន្តរជាតិ​បាន​ទាក់ទាញ​ឲ្យ​មានការ​ហូរ​ចូល​ការ​វិនិយោគ​ថ្មីៗ​ឡើយ​ (​ហើយ​ការ​វិនិយោគ​ប្រកបដោយ​ «​គុណភាព​»​ ថ្មីៗ​ក៏​មិន​មាន​ដែរ​)​ និង​អត្ថប្រយោជន៍​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ថ្មីៗ​ទាំងនោះ​ក៏​មិន​ច្រើន​លើសលុប​ជាង​ការ​ចំណាយ​ដែរ​។​

​មាន​សន្ធិសញ្ញា​ចំនួន​ ២១​ ដែល​គេ​ដឹង​ថា​ជា​សន្ធិសញ្ញា​វិនិយោគ​អន្តរជាតិ​ រួម​ទាំង​ប្រការ​ស្តី​ពី​យន្តការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​ និង​រដ្ឋ​អាច​អនុវត្ត​បាន​នៅ​ប្រទេស​កម្ពុជា​។​ ថ្មីៗ​នេះ​ វិនិយោគិន​បរទេស​មួយ​បាន​ប្តឹង​ទាមទារ​សំណង​ពី​ប្រទេស​កម្ពុជា​ដំបូង​បង្អស់​ដោយ​ឈរ​លើ​មូលដ្ឋាន​សន្ធិសញ្ញា​វិនិយោគ​ (​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់​គេហទំព័រ​)​។​ បន្ថែម​លើ​នេះ​ ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​មាន​ប្បញ្ញត្តិ​វិនិយោគ​បាន​ចូល​ជា​ធរមាន​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១​ ខែមករា​ ឆ្នាំ​២០២២​។​ ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​យល់ព្រម​ចាប់ផ្ដើម​ការ​ពិភាក្សា​លើ​យន្តការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​ និង​រដ្ឋ​ក្នុង​កំឡុង​ពេល​ពីរ​ឆ្នាំ​។​ ប្រទេស​កម្ពុជា​អាច​ពិចារណា​ជម្រើស​ដែល​មាន​ដើម្បី​បន្ស៊ី​សន្ធិសញ្ញា​វិនិយោគ​អន្តរជាតិ​ជាមួយនឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ រួម​ទាំង​ដក​ការ​យល់ព្រម​លើ​វាក្យខណ្ឌ​នៃ​យន្តការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​ និង​រដ្ឋ​ដែល​មាន​ និង​បដិសេធ​មិន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ថ្មីៗ​។​

​កាលានុវត្តភាព​មួយ​

​សិក្ខាសាលា​គម្រោង​ ALIGN​ ទាំងនេះ​បាន​បង្ហាញ​ថា​មាន​កាលានុវត្តភាព​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​សម្របសម្រួល​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន​ និង​និរន្តរភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ ជា​ពិសេស​តំណាង​សហគមន៍​ អង្គការ​សង្គម​ស៊ី​វិល​ និង​មេធាវី​មានការ​ចូលរួម​យ៉ាង​ក្លៀវក្លា​។​ ពួក​គាត់​អាច​ផ្ដល់​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​តាក់តែង​ ឧទាហរណ៍​ សេចក្ដីព្រាងច្បាប់​ និង​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​ រួម​ទាំង​អនុក្រឹត្យ​ផង​ដែរ​។​ ពួក​គាត់​ក៏​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​នៅ​ថ្នាក់​ជាតិ​ ឧទាហរណ៍​ ដូច​ជា​ក្នុងអំឡុងពេល​នៃ​ការ​ចរចា​លើ​ជំពូក​ស្តី​ពី​យន្តការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​ និង​រដ្ឋ​របស់​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​ផង​ដែរ​។​ ហើយ​ពួក​គាត់​ក៏​អាច​ជួយ​គាំទ្រ​ការ​អនុវត្ត​អភិបាលកិច្ច​វិនិយោគ​ –​ ជា​ពិសេស​នៅ​ពេល​ដែល​គម្រោង​មួយ​ដែល​ស្នើ​ឡើង​ប៉ះពាល់​លើ​ពួក​គាត់​។​

ALIGN​ ជា​គម្រោង​ដែល​គាំទ្រ​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ សហគមន៍​មូលដ្ឋាន​ និង​តួអង្គ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​វិនិយោគ​លើ​ដីធ្លី​។​ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ International​ Institute​ for​ Environment​ and​ Development​ (IIED),​ Columbia​ Center​ on​ Sustainable​ Investment​ (CCSI)​ និង​ Namati​ និង​បាន​ទទួល​មូលនិធិ​ពី​ចក្រភព​អង់គ្លេស​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​។​

​អំពី​អ្នកនិពន្ធ​៖

​លោកស្រី​ Anna​ Bulman​ (amb2407@columbia.edu)​ គឺជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​នៃ​ CCSI​ ។​
​លោក​ Thy​ Try​ (try@opendevcam.net)​ គឺជា​នាយក​ប្រតិបត្តិ​នៃ​ ODC​ ។​
​លោក​ Thierry​ Berger​ (thierry.berger@iied.org)​ គឺជា​មេធាវី​មានគុណ​វុឌ្ឍិ​ខ្ពស់​ និង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ធនធានធម្មជាតិ​នៃ​ IIED​ ។​

​ធនធាន​បន្ថែម​

​សូម​ចុច​ដើម្បី​ចូល​ទៅ​មើល​បញ្ជី​ប្រភព​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ រួម​ទាំង​តំណ​ភ្ជាប់​ផ្សេងៗ​ដើម្បី​ចូល​ទៅ​ស្វែងរក​ព័ត៌មាន​ស្តី​ពី​ការ​វិនិយោគ​លើ​ដីធ្លី​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ និង​ឯកសារ​បកប្រែ​ជា​ភាសា​ខ្មែរ​នៃ​សេចក្ដី​សង្ខេប​របស់​មជ្ឈមណ្ឌល​ CCSI​ ស្ដី​ពី​សន្ធិសញ្ញា​ស្តី​ពី​ការ​វិនិយោគ​អន្តរជាតិ​ និង​ការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​ និង​រដ្ឋ​។​