សិក្ខាសាលាពិគ្រោះយោបល់ស្តីពី តំបន់អភិរក្សជលផល
គិតត្រឹមឆ្នាំ២០២២ ប្រទេសកម្ពុជាមានកន្លែងសហគមន៍នេសាទសរុបចំនួន ៤៤៧ ក្នុងនោះនៅតំបន់ឆ្នេរមានសហគមន៍នេសាទចំនួន ៤៦។ នៅក្នុងខេត្តកែបមានសហគមន៍នេសាទចំនួន ០៥ បានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈដែល ០៧ ក្នុងចំណោម ១០សហគមន៍ ក្នុងខេត្តកំពតបានចុះបញ្ជី។ នៅខេត្តព្រះសីហនុ សហគមន៍ចំនួន ១៣ ក្នុងចំណោម ១៧ បានចុះបញ្ជីទទួលស្គាល់។ យ៉ាងណាមិញ សហគមន៍ចំនួន ០៤ ក្នុងចំណោម ១៤ នៅខេត្តកោះកុង មិនទាន់បានចុះបញ្ជីនៅឡើយ។ សហគមន៍នេសាទដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការងារដល់ប្រជាជនកម្ពុជារាប់លាននាក់នៅទូទាំងប្រទេស ក៏ដូចជារួមចំណែកក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលផងដែរ។ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) រាជរដ្ឋាភិបាលកម្ពុជា (RGC) និងសហភាពអឺរ៉ុប (EU) កំពុងអនុវត្តក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់ការធ្វើបច្ចុប្បន្នភាពជលផល (SPF) ឆ្នាំ២០១៥-២០២៤ ដែលរួមបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មជាតិ (NADS)។ គំនិតផ្តួចផ្តើមនេះនឹងកំណត់បញ្ហាប្រឈមទាំងក្នុងវិស័យជលផលទឹកសាប និងនៅតាមតំបន់ឆ្នេរដែលទាក់ទងនឹងការបង្កើនសន្តិសុខស្បៀង ការកែលម្អអាហារូបត្ថម្ភ និងកំណើនសេដ្ឋកិច្ច។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ អ្នកចូលរួមអាចស្វែងយល់បន្ថែមអំពីព័ត៌មានទិន្នន័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ស្តីពី “តំបន់អភិរក្សជលផល” និងសំណុំទិន្នន័យកន្លែងនេសាទសហគមន៍ កំណត់បញ្ហាប្រឈមរបស់សហគមន៍ ក៏ដូចជាផ្តល់ធាតុចូលសម្រាប់ការរចនាផ្ទាំងព័ត៌មានទិន្នន័យកន្លែងនេសាទសហគមន៍ផងដែរ។
ឯកសារទាំងអស់របស់សហគមន៍នេសាទ រួមទាំងកិច្ចព្រមព្រៀង និងផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ ភាគច្រើនត្រូវបានរក្សាទុកនៅក្នុងបណ្ណាល័យ ឬការិយាល័យសហគមន៍ ដែលពិបាកនឹងស្វែងរក ហើយជួនកាលអាចនឹងមានការបាត់បង់។ ឯកសារទាំងនេះមានច្រើនទំព័រ ហើយអ្នកអានមិនអាចចាប់យកព័ត៌មានក្នុងការអានរយៈពេលខ្លីនោះទេ ហើយជាទូទៅឯកសារទាំងនោះមិនមានរូបភាពទាក់ទាញណាមួយរបស់សហគមន៍ទេ។ សំខាន់ជាងនេះទៅទៀត ឯកសារមួយចំនួនបានផុតសុពលភាពហើយ។
អូឌីស៊ីបានសហការជាមួយរដ្ឋបាលជលផល អង្គការអាក់សិនអេតកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រីនៅកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “តំបន់អភិរក្សជលផល” ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃ “គម្រោងធានាសុវត្ថិភាពសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទ ងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា” នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ នៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ស្ថិតក្នុងខេត្តកំពត ប្រទេសកម្ពុជា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកចូលរួមមកពី រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខត្ត អង្គការអាក់សិនអេតកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រីនៅកម្ពុជា និងសហគមន៍នេសាទនៅតាមតំបន់ឆ្នេរដូចជា ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។ អ្នកចូលរួមសរុបមានចំនួន ៣១រូប ក្នុងនោះមានស្ត្រីចំនួន ០៧រូប។ អ្នកចូលរួមបានចូលទៅមើលព័ត៌មានទិន្នន័យ និងផ្ទាំងព័ត៌មានទិន្នន័យ ហើយផ្ទៀងផ្ទាំងថាតើព័ត៌មានទាំងអស់ស្របទៅតាមបរិបទ ក្របខ័ណ្ឌច្បាប់ និងទិន្នន័យជាក់ស្តែងដែរឬទេ។
ធាតុចូលសម្រាប់ការរចនាព័ត៌មានទិន្នន័យនិងផ្ទាំងព័ត៌មានទិន្នន័យ
មតិយោបល់ និងធាតុចូលសំខាន់ៗត្រូវបានប្រមូលនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវព័ត៌មានទិន្នន័យស្តីពី “តំបន់អភិរក្សជលផល” និងផ្ទាំងព័ត៌មានទិន្នន័យកន្លែងនេសាទសហគមន៍។ យោងតាមឯកសារនីតិបញ្ញត្តិពាក់ព័ន្ធជាមួយនឹងសហគមន៍នេសាទ និងមតិយោបល់របស់មន្ត្រីរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផល មន្ត្រីរដ្ឋបាលជលផលបានស្នើអូឌីស៊ីឱ្យកែប្រែពាក្យមួយចំនួននៅលើព័ត៌មានទិន្នន័យ និងផ្ទាំងព័ត៌មានទិន្នន័យ។ ការផ្លាស់ប្តូរអាចធ្វើឱ្យព័ត៌មានទិន្នន័យរបស់សហគមន៍កាន់តែមានលក្ខណៈស្តង់ដារ និងងាយស្រួលយល់ជាងមុន។ អូឌីស៊ីបានធ្វើការកែប្រែឈ្មោះព័ត៌មានទិន្នន័យរបស់ខ្លួនពី “តំបន់អភិរក្សជលផល” ទៅជា “ព័ត៌មានគ្រប់គ្រងធនធានជលផល”។ ដោយឡែក ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នានៃផែនទីកន្លែងនេសាទសហគមន៍ រដ្ឋបាលជលផលគួរតែផ្តល់លេខនិយាមការបន្ថែម ឬទិន្នន័យជាក្នុងទម្រង់ Shapefile និងធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀង ព្រមទាំងផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ ដើម្បីធានាបាននូវការគ្រប់គ្រងសហគមន៍ប្រកបដោយនិរន្តរភាព។
បញ្ហាប្រឈមរបស់សហគមន៍នេសាទនៅតំបន់ឆ្នេរ
សហគមន៍នេសាទប្រឈមនឹងបញ្ហានេសាទខុសច្បាប់ និងការកាប់ព្រៃកោងកាងជាបន្តបន្ទាប់។ បញ្ហាប្រឈមក្នុងការគ្រប់គ្រងសំណល់ជារឿយៗត្រូវបានទទួលស្គាល់ ដោយសារតែកង្វះខាតធនធាន និងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ។ ជាងនេះទៅទៀត គម្រោងអភិវឌ្ឍន៍មួយចំនួនបានសម្លឹងឃើញសក្តានុពលរបស់សហគមន៍ ក្នុងការកាន់កាប់សហគមន៍នេសាទទាំងមូល ឬផ្នែកខ្លះនៃសហគមន៍។ បញ្ហានេះបានធ្វើឱ្យសហគមន៍មានការព្រួយបារម្ភ ពីព្រោះកិច្ចព្រមព្រៀងរវាងសហគមន៍ និងនាយខណ្ឌរដ្ឋបាលជលផលបានផុតសុពលភាព ហើយវាអាចនឹងត្រូវដកវិញបានគ្រប់ពេលទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ បង្គោលព្រំប្រទល់លើទឹករបស់សហគមន៍មិនទាន់មាននៅឡើយទេ ហើយសមត្ថភាពរបស់សហគមន៍ដើម្បីការពារសហគមន៍របស់ពួកគេក៏នៅមានកម្រិត។
ផែនការពង្រឹងសហគមន៍នេសាទ
ក្រៅពីផែនការដែលបានបង្ហាញនៅក្នុងផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ សហគមន៍មានភាពក្លាហាន និងស្មារតីក្នុងការពង្រីងនិងការពារសហគមន៍របស់ពួកគេ ដោយវិធានការសំខាន់ៗផ្សេងទៀត។ ពួកគេរួមគ្នាប្តេជ្ញាការពារដីសហគមន៍ ជីវភាពរស់នៅ និងធនធានធម្មជាតិរបស់សហគមន៍ (ព្រៃលិចទឹក ស្មៅសមុទ្រ ព្រៃកោងកាង។ល។) ព្រមទាំងដាំស្មៅសមុទ្រ និងព្រៃកោងកាងបន្ថែមទៀតផងដែរ។ ផ្លាកសញ្ញាសហគមន៍នឹងត្រូវបានរៀបចំដាក់។ សហគមន៍បានរៀបចំការល្បាតជាប្រចាំ ដើម្បីសង្កេតមើលស្ថានភាពមិនប្រក្រតី និងបទល្មើសនេសាទ ឬព្រៃលិចទឹកក្នុងសហគមន៍។ ដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគេជាមួយនឹងផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ពួកគេនឹងបង្កើតធនាគារក្តាមនៅក្នុងសហគមន៍។ ទេសចរណ៍ធម្មជាតិក៏ជាវិស័យអាទិភាពមួយក្នុងសហគមន៍នេសាទផងដែរ ដោយសារវាអាចជួយសហគមន៍ក្នុងលក្ខណៈវិជ្ជមានជាច្រើន។ សហគមន៍គ្រោងនឹងបង្កើតកន្លែងទាក់ទាញ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា ផ្លូវទៅសហគមន៍ ស្ពានឆ្លងកាត់ព្រៃកោងកាង កន្លែងបណ្តែតទឹក និងកន្លែងលំហែកាយសម្រាប់ភ្ញៀវទេសចរណ៍។
ដើម្បីបង្កើនសមត្ថភាពសហគមន៍ អូឌីស៊ីបានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រីនៅកម្ពុជា ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយគេហទំព័ររបស់អូឌីស៊ី និងអត្ថប្រយោជន៍របស់វាក្នុងចំណោមសហគមន៍នេសាទក្នុងខេត្តកែប និងខេត្តកំពត កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការអាក់សិនអេតកម្ពុជា។
ដើម្បីស្វែងរកព័ត៌មានទិន្នន័យសហគមន៍នេសាទនៅលើអូឌីស៊ី សូមចូលទៅកាន់ទំព័រ៖ ព័ត៌មានគ្រប់គ្រងធនធានជលផល។