សិក្ខាសាលាស្តីពីការផ្សព្វផ្សាយគេហទំព័រ ODC ដល់សហគមន៍នេសាទក្នុងខេត្តកែប និងខេត្តកំពត
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ODC បានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) ហើយបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការទទួលបានទិន្នន័យ និងព័ត៌មាននៅលើគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ទៅកាន់សហគមន៍នេសាទមកពីខេត្តកែប និងកំពត។
វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុបតាមរយៈអង្គការ អាក់សិនអេតកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា “ធានាសុវត្ថិភាពសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទ ងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា”។
គោលបំណងចម្បងនៃការបណ្តុះបណ្តាលនេះ គឺណែនាំគេហទំព័រ ODC តាមរយៈទូរស័ព្ទចល័ត ឬកុំព្យូទ័រទៅកាន់ក្រុមនេសាទសហគមន៍ ដោយបង្ហាញជំហានសំខាន់ៗ រួមមានការទាញយកទិន្នន័យទូទៅ ទំព័រព័ត៌មានទិន្នន័យ ផែនទីអន្តរកម្ម និងការទាញយក ឬចែករំលែកទិន្នន័យ និងព័ត៌មានពីគេហទំព័រទៅកាន់បណ្តាញសង្គមតាមរយៈទូរសព្ទ ឬកុំព្យូទ័រ។ មតិកែលម្អពីអ្នកចូលរួមនឹងត្រូវបានដាក់បញ្ចូលក្នុងផែនការធ្វើបច្ចុប្បន្នភាពធនធានព័ត៌មាននៅលើទំព័រ និងសំណុំទិន្នន័យពាក់ព័ន្ធ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមសហគមន៍នេសាទ និងស្ថាប័នពាក់ព័ន្ធ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីប្រជាសហគមន៍ចំនួន២០នាក់ មកពីសហគមន៍នេសាទចំនួន១២ រួមមាន កំពង់សាមគ្គី ត្រពាំងសង្កែ ព្រែកត្នោត កែបថ្មី ចង្ហោន ត្រពាំងរពៅ កោះគ្រឹស្នា កំពង់ត្រឡាច អង្កោល ភូមិថ្មី អូរក្រសារ និងភូមិកែប។ ក្នុងនោះប្រាំបួននាក់ជាស្ត្រី។

លោក គីង សុផាវី នាយរងខណ្ឌជលផលខេត្តកែប អញ្ជើញថ្លែងសុន្ទរកថា និងប្រកាសបើកកម្មវិធី។
វគ្គបណ្តុះបណ្តាលនេះ អូឌីស៊ី ពិតជាមានកិត្តិយសដែល លោក គីង សុផាវី នាយរងខណ្ឌជលផលខេត្តកែប អញ្ជើញថ្លែងសុន្ទរកថានៅសណ្ឋាគារ វ៉ាការ៉ា ខេត្តកែប។ មុនពេលបើកសម្ពោធ លោក សុផាវី បានធ្វើបទបង្ហាញអំពីតំបន់អភិរក្សជលផលសមុទ្រក្នុងខេត្តកែប រួមមាន សហគមន៍នេសាទដែលបានចុះបញ្ជី តំបន់អភិរក្សជីវចម្រុះសមុទ្រនៅកោះអាចម៍សេះ និងកោះអង្ក្រង តំបន់អភិរក្សតាមរដូវ និងការនេសាទ និងតំបន់ទេសចរណ៍បាតសមុទ្រជុំវិញកោះម៉ាក់ប្រាង និងកោះទន្សាយ។ ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមាជិកសហគមន៍នេសាទចំពោះការចូលរួមយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្ស។ លោកក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍ចូលរួមយ៉ាងពេញលេញក្នុងការបណ្តុះបណ្តាល ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពសម្រាប់ការងារការពារធនធានសមុទ្រនាពេលអនាគត។
វគ្គបណ្តុះបណ្តាលដំបូងបានចាប់ផ្តើមជាមួយនឹងទំព័រព័ត៌មានស្តីពីតំបន់អភិរក្សជលផល ដែលបានបង្ហាញដោយលោក វង្ស ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និង GIS របស់ ODC ។ នៅក្នុងវគ្គនេះ សហគមន៍នឹងរៀនពីរបៀបចូលទៅកាន់គេហទំព័ររបស់ ODC ដើម្បីស្វែងរកព័ត៌មានតំបន់ការពារជលផល ប្រើប្រាស់ផែនទីអន្តរកម្ម ទាញយក និងចែករំលែកទិន្នន័យ។
វគ្គបន្ទាប់ត្រូវបានបន្តដោយការបង្ហាញទំព័រការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៅលើអ៊ីនធឺណិត ដែលបង្ហាញដោយលោក ឡុច កល្យាណ អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ សមាជិកសហគមន៍អាចចូលមើលដោយសេរីនូវរបាយការណ៍ចំនួន ២៨ ដែលជារបាយការណ៍ព្រាង និងរបាយការណ័ពេញលេញរាល់គម្រោងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជានៅលើទំព័រនេះ។ កម្មវិធីពេលព្រឹកត្រូវបានបញ្ចប់ដោយវគ្គសំណួរចម្លើយ និងអាហារថ្ងៃត្រង់រួមគ្នា។
ពេលរសៀលគឺជាម៉ោងអនុវត្តន៍លំហាត់។ អ្នកចូលរួមទាំងអស់មានឱកាសសាកល្បងចូលប្រើទិន្នន័យគម្រោងអភិវឌ្ឍន៍ជលផលនៅលើគេហទំព័រ ODC ពីទូរស័ព្ទដៃរបស់ពួកគេ និងចែករំលែកព័ត៌មានពីគេហទំព័រទៅកាន់សមាជិកសហគមន៍ផ្សេងទៀតតាមរយៈកម្មវិធី Facebook Messenger និង Telegram ។
យោងតាមមតិត្រលប់ពីសហគមន៍បានអោយដឹងថា ពួកគាត់បានស្វែងយល់បន្ថែមអំពីគេហទំព័រ ODC និងចំណេះដឹងក្នុងការទទួលបានព័ត៌មាន និងទិន្នន័យពាក់ព័ន្ធផ្សេងទៀតនៅលើអ៊ីនធឺណិតពីទូរស័ព្ទដៃរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយបញ្ហាផ្សេងទៀតក្នុងអំឡុងពេលបណ្តុះបណ្តាលក៏គូរតែត្រូវបានរាប់បញ្ជូល។ អ្នកចូលរួមភាគច្រើនប្រឈមនឹងបញ្ហាទាក់ទងនឹងសេវាអ៊ីនធឺណិតតាមទូរស័ព្ទ សមត្ថភាពទូរស័ព្ទដៃស្មាតហ្វូនទាប ចំណេះដឹងនៃការប្រើប្រាស់អ៊ីនធឺណិត និងការប្រើប្រាស់ភាសាបច្ចេកទេសនៅមានកម្រិត។ ពួកគាត់ក៏បានស្នើរសុំឱ្យមានការបណ្តុះបណ្តាលទៀងទាត់ ឬបង្កើនចំនួនថ្ងៃនៃវគ្គបណ្តុះបណ្តាលផងដែរ។
កាលពីចុងខែមិថុនា ឆ្នាំ២០២១ ក្រុមការងាររបស់ ODC ក៏បានរៀបចំការបណ្តុះបណ្តាលចំនួនពីរដងផងដែរជាមួយនឹងសមាជិកសហគមន៍ចំនួន ២១ នាក់ (ស្រី ១៣នាក់) មកពីសហគមន៍នេសាទចំនួន ៨ ក្នុងខេត្តកំពត។ វគ្គបណ្តុះបណ្តាលក៏បានផ្តល់ឱកាសដល់សហគមន៍នេសាទបានស្វែងយល់ពីរបៀបប្រើប្រាស់គេហទំព័ររបស់ ODC និងចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ពួកគេក្នុងការស្វែងរកព័ត៌មាន ឬឯកសារ និងផ្តល់យោបល់ដល់ក្រុមការងារ ODC។
សូមចូលមើលបន្ថែមទៀតអំពីវគ្គបណ្តុះបណ្តាលទាំងពីរនោះនៅលើ Facebook តាមតំណភ្ជាប់ខាងក្រោម៖