ដំណើរទស្សនកិច្ចសិក្សាពីសកម្មភាពប្រតិបត្តិការធនធានរ៉ែនៅក្នុងសហគមន៍
ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើទស្សនកិច្ចសិក្សារយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយផ្តោតលើសកម្មភាពប្រតិបត្តិការធនធានរ៉ែជុំវិញតំបន់ព្រៃឡង់ក្នុងខេត្តចំនួន ៤ រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ កំទ្បុងពេលទស្សនកិច្ចសិក្សានេះ ក្រុមការងារអូឌីស៊ី បានជួបពិភាក្សាជាមួយសហគមន៍មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីស្វែងយល់អំពីបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់សហគមន៍មូលដ្ឋានលើសកម្មភាពប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់របស់គាត់។ គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺដើម្បីវាយតម្លៃកម្រិតនៃទិន្នន័យ និងតម្លាភាពព័ត៌មាននៅក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ។
ពីថ្ងៃទី០៧ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអូឌីស៊ី បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិកំពង់ក្បឿងនិងភូមិឥន្ធជ័យក្នុងខេត្តក្រចេះ សហគមន៍កាំងចាមក្នុងខេត្តស្ទឹងត្រែង និងភូមិឬស្សីស្រុកក្នុងខេត្តព្រះវិហារ ដើម្បីស្វែងយល់បន្ថែមអំពីជីវភាពរស់នៅ និងព័ត៌មានអំពី ប្រតិបត្តិការធនធានរ៉ែនៅក្នុង ឬជិតសហគមន៍របស់ពួកគេ។ យោងតាមព័ត៌មានពីសហគមន៍មូលដ្ឋាន ការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងប្រតិបត្តិការធនធានរ៉ែហាក់ដូចជាមានកង្វះខាត ដែលអាចធ្វើឲ្យអ្នកស្រុកមានការយល់ច្រលំនៅពេលឃើញប្រតិបត្តិការធនធានរ៉ែនៅក្នុងសហគមន៍របស់គាត់។ សហគមន៍មួយចំនួនបានរាយការណ៍ថា ពួកគាត់បានទទួលសំណងហិរញ្ញវត្ថុពីក្រុមហ៊ុនរ៉ែសម្រាប់ដីរបស់ពួកគាត់ដែលនៅក្នុងតំបន់សម្បទាន។ ទាក់ទងនឹងសំណងនេះ សហគមន៍មូលដ្ឋានបានទទួលប្រាក់សំណងដំបូង ប៉ុន្តែពួកគាត់មិនទាន់បានទទួលសំណងគ្រប់ចំនួនទៅតាមការសន្យានៅទ្បើយទេ។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអូឌីស៊ីបានជួបពិភាក្សាជាមួយសហគមន៍ព្រៃឈើក្បាលខ្លា និងសហគមន៍អូរដាស់ស្តរ ក្នុងខេត្តកំពង់ធំ។ ទោះបីជាមិនមានដីសម្បទានរុករករ៉ែនៅក្នុងតំបន់របស់ពួកគាត់ក៏ដោយ ក៏សហគមន៍បានរាយការណ៍ថា ពួកគាត់រងផលប៉ះពាល់ពីការជីកយករ៉ែខុសច្បាប់នៅជុំវិញតំបន់ព្រៃឡង់ ដែលផ្តល់ជាអាហារ និងជាប្រភពចំណូលដ៏សំខាន់របស់ពួកគាត់។ សហគមន៍ទាំងពីរក៏បានលើកឡើងពីកង្វល់របស់ពួកគាត់ទាក់ទងនឹងគុណភាពទឹកនៃស្ទឹងសែន ព្រោះវាជាប្រភពទឹកដ៏សំខាន់របស់ពួកគាត់។
ដំណើរទស្សនៈកិច្ចនេះគឺជាផ្នែកមួយនៃគម្រោងតាមដានប្រាក់ចំណូលសាធារណៈពីឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ទទួលបានមូលនិធិពី កម្មវិធីស៊ុយអែត សម្រាប់អាយស៊ីធី ក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) និងអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី។ គម្រោងនេះមានគោលបំណងលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋាភិបាល និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈតម្លាភាពទិន្នន័យ ដោយបង្កើនលទ្ធភាពទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចំពោះទិន្នន័យវិម្ឈការនិងគួរឱ្យទុកចិត្តអំពីចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្ម។