អូ​ឌី​ស៊ី​ ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រជាជន​នៅ​ក្នុង​ខេត្ដមណ្ឌលគិរី​ ក្នុងការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ទាក់ទង​នឹង​អាជីវកម្ម​និង​អក្ខរកម្ម​ឌី​ជី​ថ​ល​

កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀប​ចំការ​បណ្ដុះបណ្ដាល​ដែល​ជា​សកម្មភាព​មួយ​ក្នុង​គម្រោង​ “​ការ​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​”​ ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌល​សម្រាប់​សហគ្រាស​ឯកជន​អន្ដរជាតិ​។​ ការ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​នៅ​ការិយាល័យ​របស់​សមាគម​មិត្តភាព​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ប៊ូ​ស្រា​ ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្ដមណ្ឌលគិរី​ និង​មាន​អ្នកចូលរួម​១៣​នាក់​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ ក្នុង​នោះ​ស្ត្រី​២​នាក់​ ស្ថិត​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផ្ដោត​លើ​វិស័យ​កសិកម្ម​ សិល្បៈ​ និង​សហគមន៍​ទេសចរណ៍​។​ គួរ​កត់​សម្គាល់ថា​ ខេត្ដមណ្ឌលគិរី​ គឺជា​ភូមិសាស្ដ្រ​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ទាំង​៤​ នៃ​គម្រោង​នេះ​ ហើយ​ការ​បណ្ដុះបណ្ដាល​នេះ​គឺជា​លើក​ទី​២​ ដែល​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​ការ​រៀប​ចំការ​បណ្ដុះបណ្ដាល​ដោយ​ជោគជ័យ​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៣​ កន្លង​ទៅ​។​


​គម្រោង​នេះ​ មាន​គោលដៅ​បង្កើន​ការ​យល់​ដឹង​អំពី​វិស័យ​ឯកជន​ លើកកម្ពស់​ស្ដ្រី​និង​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ផ្សព្វផ្សាយ​ធនធាន​អប់រំ​ទាក់ទង​នឹង​អាជីវកម្ម​និង​ច្បាប់​គ្របដណ្ដប់​វិស័យ​ឯកជន​ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​រួម​បញ្ចូល​នៅ​ក្នុង​សង្គម​ ក្នុង​ន័យ​បង្កើត​បរិយាកាស​ដល់​ពួក​គេ​អាច​ចូលរួម​និង​ចែករំលែក​ចំណាប់អារម្មណ៍​និង​ក្ដី​កង្វល់​ទាក់ទង​នឹង​វិស័យ​ឯកជន​នៅ​កម្ពុជា​។​ កម្មវិធី​នេះ​ចាប់ផ្ដើម​ពី​សុន្ទរកថា​បើក​កម្មវិធី​ ដែល​បង្ហាញ​ពី​គោលបំណង​នៃ​ការ​បណ្ដុះបណ្ដាល​ និង​ការ​រំពឹង​ទុក​លទ្ធផល​ ដោយ​ប្រធាន​គ្រប់គ្រង​កម្មវិធី​និង​ភាព​ជា​ដៃគូ​នៃ​អូ​ឌី​ស៊ី​។​ ការ​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​ធ្វើ​ឡើង​បន្ទាប់​ពី​នេះ​ ដោយ​រៀបរាប់​ពី​សាវតា​ គោលបំណង​ សកម្មភាព​របស់​គម្រោង​ និង​ឱកាស​ផ្សេងៗ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​។​


​ប្រធានបទ​ដែល​បាន​យក​មក​បណ្ដុះបណ្ដាល​មាន​ចំនួន​៣​។​ ប្រធានបទ​ដំបូង​ “​ការ​គ្រប់គ្រង​អាជីវកម្ម​និង​ការ​ទទួលខុសត្រូវ​សង្គម​របស់​សាជីវកម្ម​”​ ធ្វើ​បទ​បង្ហាញ​ដោយ​កញ្ញា​ ស្រី​ ណា​ក់​ ដៃគូ​សហការ​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ និង​អ្នកជំនាញ​ផ្នែក​ការ​ទទួលខុសត្រូវ​សង្គម​របស់​សាជីវកម្ម​នៃ​ក្រុមហ៊ុន​មេធាវី​សរណ​។​ ប្រធានបទ​បន្ទាប់​ គឺ​ “​ការ​បង្កើត​មាតិកា​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​”​ ដោយ​លោក​ ណៃ​ ម៉ា​ណេ​ត​ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អូ​ឌី​ស៊ី​ និង​ “​គន្លឹះ​សុវត្ថិភាព​ឌី​ជី​ថ​ល​”​ ដោយ​លោក​ សំ​អាន​ ម៉ារ​ឌី​ ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​និង​គេហទំព័រ​នៃ​អូ​ឌី​ស៊ី​។​


​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​ អ្នកចូលរួម​ចាប់អារម្មណ៍​ពី​គំរូ​អាជីវកម្ម​ និង​របៀប​នៃ​ការ​ដឹកនាំ​។​ អ្នក​ធ្វើ​បទ​បង្ហាញ​បាន​ល្បង​សមត្ថភាព​អ្នកចូលរួម​អំពី​ធាតុ​ផ្សំ​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​បង្កើត​អាជីវកម្ម​ ហើយ​អ្នកចូលរួម​បាន​ចែករំលែក​ឧទាហរណ៍​អំពី​ការ​បង្កើត​អាជីវកម្ម​លាង​ម៉ូតូ​នៅ​ក្នុង​សហគមន៍​។​ ជាង​នេះ​ទៅ​ទៀត​ ពួក​គេ​ក៏​ទទួល​បាន​ឱកាស​ឆ្លុះ​បញ្ចាំង​ស្ថានភាព​អាជីវកម្ម​ជាក់ស្ដែង​នៅ​ក្នុង​សហគមន៍​ តាម​រយៈ​មេរៀន​។​ ក្នុង​នោះ​ ពួក​គេ​ឆ្លុះ​បញ្ចាំង​អំពី​តម្រូវការ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​ និង​តម្រូវការ​សង្គម​ ចំណង់​ចំណូលចិត្ត​ ចំណេះដឹង​ និង​ភាព​ប៉ិន​ប្រសប់​របស់​បុគ្គល​ ការ​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​ និង​ការ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​ធ្វើ​ផែនការអាជីវកម្ម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​រួម​បញ្ចូល​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ ដែល​ជា​មធ្យោបាយ​បង្កើន​ប្រាក់​ចំណូល​តាម​រយៈ​ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​កសិកម្ម​ សេវាកម្ម​អេកូ​ទេសចរណ៍​ និង​វី​ដេ​អូ​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​ ឱ្យ​មាន​វិសាលភាព​ធំ​ទូលាយ​។​ ពួក​គេ​ក៏​ទទួល​បាន​គន្លឹះ​ផ្សេងៗ​ក្នុង​ការ​ធ្វើ​ទីផ្សារ​ផលិតផល​និង​សេវាកម្ម​តាម​រយៈ​ការ​បង្កើត​មាតិកា​ដ៏​ទាក់ទាញ​ និង​ការ​ទាញ​យក​ឱកាស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​មាន​សក្ដានុពល​ផ្សេង​ទៀត​ដូច​ជា​ ទិ​កតុក​។​ លើស​ពី​នេះ​ ពួក​គេ​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ពង្រឹង​សុវត្ថិភាព​និង​ឯកជន​នៅ​លើ​អ៊ីនធឺណិត​និង​ឧបករណ៍​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផង​ដែរ​។​ មុន​ការ​បណ្ដុះបណ្ដាល​អំពី​គន្លឹះ​សុវត្ថិភាព​ឌី​ជី​ថ​ល​ អ្នក​ធ្វើ​បទ​បង្ហាញ​ល្បង​សមត្ថភាព​អ្នកចូលរួម​ទាក់ទង​នឹង​ការ​យកចិត្តទុកដាក់​ចំពោះ​ឧបករណ៍​ផ្ទាល់​ និង​ការ​បង្ហាញខ្លួន​នៅ​លើ​អ៊ីនធឺណិត​។​ ហ្គេ​ម​នេះ​ល្បង​អ្នកចូលរួម​ពី​ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ខ្លាំង​ និង​ចំណង់​ចំណូលចិត្ត​ប្រើប្រាស់​ WiFi​ សាធារណៈ​។​


​មុន​ពេល​ចាប់ផ្ដើម​ការ​បណ្ដុះបណ្ដាល​ អ្នកចូលរួម​ទទួល​បាន​តេស្ដ​មុន​ការ​បណ្ដុះបណ្ដាល​ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​វាយតម្លៃ​ចំណេះដឹង​របស់​ពួក​គេ​ទាក់ទង​នឹង​ប្រធានបទ​នីមួយៗ​។​ អ្នកចូលរួម​ក៏​ទទួល​បាន​តេស្ដ​មួយទៀត​ ដើម្បី​វាយតម្លៃ​ពី​វឌ្ឍនភាព​ចំណេះដឹង​ ក្រោយ​ពេល​បញ្ចប់​ការ​បណ្ដុះបណ្ដាល​។​ បន្ថែម​ពី​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ចែក​ទម្រង់​វាយតម្លៃ​ការ​បណ្ដុះបណ្ដាល​ដល់​អ្នកចូលរួម​ជា​ មុន​នឹង​បិទ​បញ្ចប់​កម្មវិធី​ ដែល​ការ​វាយតម្លៃ​នេះ​ពិតជា​សំខាន់​សម្រាប់​វាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​ការ​បណ្ដុះបណ្ដាល​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​គោលបំណង​គម្រោង​ ជា​ពិសេស​ដើម្បី​រៀប​ចំការ​បណ្ដុះបណ្ដាល​នា​ពេល​ខាង​មុខ​ឱ្យ​កាន់តែ​ប្រសើរ​។​ បន្ទាប់​មក​ អ្នកចូលរួម​ក៏​ទទួល​បាន​ឱកាស​ចូល​ជា​សមាជិក​នៅ​ក្នុង​ក្រុម​តេ​ឡេ​ក្រាម​ ដែល​ជា​មធ្យោបាយ​ទំនាក់ទំនង​ក្នុង​ការ​ទទួល​បាន​បច្ចុប្បន្នភាព​ព័ត៌មាន​និង​ចំណេះដឹង​អំពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​