សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជួបជុំ​គ្នា​រៀនសូត្រ​បន្ថែម​អំពី​ការ​ធ្វើ​អាជីវកម្ម​និង​ឌី​ជី​ថ​ល​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀប​ចំការ​បណ្ដុះបណ្ដាល​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ រយៈពេល​មួយ​ថ្ងៃ​ពេញ​ នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៣​ នា​រាជធានី​ភ្នំពេញ​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​២៨​នាក់​ ក្នុង​នោះ​ស្ត្រី​១៦​នាក់​ ហើយ​ជា​ជនជាតិ​ដើម​ភាគតិច​១​នាក់​។​ ការ​បណ្ដុះបណ្ដាល​នេះ​ គឺជា​សកម្មភាព​មួយ​នៃ​ការ​អនុវត្ត​គម្រោង​ “​ការ​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​”​ ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌល​សម្រាប់​សហគ្រាស​ឯកជន​អន្តរជាតិ​ (CIPE)​។​


​កម្មវិធី​នេះ​ចាប់ផ្ដើម​ដោយ​សុន្ទរកថា​ស្វាគមន៍​ពី​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អូ​ឌី​ស៊ី​ ដែល​លោក​មាន​ប្រសាសន៍​នា​ពេល​នោះ​ថា​ «​នេះ​គឺជា​លើក​ទី​មួយ​ដែល​អូ​ឌី​ស៊ី​មានឱកាស​បាន​ជួបជុំ​ជាមួយ​វិស័យ​ឯកជន​ រួម​ទាំង​សហគ្រាស​ធុន​តូច​និង​មធ្យម​។​»​ លោក​ក៏​បាន​បញ្ជាក់​ពី​គោលបំណង​រួម​ចម្បង​ក្នុង​ការ​កសាង​សមត្ថភាព​ ដូច​ជា​បង្កើន​ការ​យល់​ដឹង​អំពី​គោលនយោបាយ​ និង​បង្កើត​វេទិកា​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​នៅ​ក្នុង​វិស័យ​នេះ​។​ បន្ថែម​ពី​នេះ​ លោក​បាន​ផ្សារ​ភ្ជាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ទៅ​នឹង​ឯកសារ​គោលនយោបាយ​ និង​ច្បាប់​ពាក់ព័ន្ធ​ ជា​ពិសេស​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ បញ្ច​កោណ​ទី​៣​ ការ​អភិវឌ្ឍ​វិស័យ​ឯកជន​និង​ការងារ​។​ លើស​ពី​នេះ​ នា​ពេល​បច្ចុប្បន្ន​និង​អនាគត​ វិស័យ​ឯកជន​និង​ការងារ​រឹតតែ​មិន​អាច​ផ្ដាច់​ចេញពី​ការ​ប្រើប្រាស់​ឌី​ជី​ថ​ល​ ដែល​អាច​ឃើញ​ពី​ទំនាក់ទំនង​នៅ​បញ្ច​កោណ​ទី​៥​ គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌី​ជី​ថ​ល​។​

បន្ទាប់​ពី​សុន្ទរកថា​នេះ​ អ្នកចូលរួម​បាន​ឈ្វេងយល់​បន្ថែម​អំពី​គម្រោង​និង​សកម្មភាព​ដែល​បាន​អនុវត្ត​និង​គ្រោង​អនុវត្ត​នៅ​ពេល​ខាង​មុខ​។​ នៅ​ក្នុង​កម្មវិធី​នេះ​ ប្រធានបទ​ដែល​ជ្រើសរើស​យក​មក​បណ្ដុះបណ្ដាល​មាន​ចំនួន​៤​ ដូច​ជា​

  1. ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​ និង​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម​ ដោយ​កញ្ញា​ ស្រី​ ណា​ក់​ ដៃគូ​សហការ​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ និង​អ្នកជំនាញ​ផ្នែក​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​ នៃ​ក្រុមហ៊ុន​មេធាវី​ សរណ​
  2. ​កាតព្វកិច្ច​ពន្ធដារ​ ដោយ​អ្នកស្រី​ ច​ន្ថា​ ម៉ា​រី​ណែ​ត​ ប្រធាន​គ្រប់គ្រង​ផ្នែក​ពន្ធដារ​ នៃ​ក្រុមហ៊ុន​ អេ​ច​អិ​ល​ប៊ី​ អ​ឌី​ត​ &​ ផាត​នើ​រ​ ឯ​.​ក​
  3. ​ការ​បង្កើត​មាតិកា​ និង​ប្រើប្រាស់​មុខងារ​ប៊ូ​ស​ (Boosting)​ នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​លោក​ ណៃ​ ម៉ា​ណេ​ត​ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អូ​ឌី​ស៊ី​
  4. ​គន្លឹះ​សុវត្ថិភាព​អ៊ីនធឺណិត​ ដោយ​លោក​ ស៊ឺ​ន​ វិ​ជ្ជ​រ៉ា​ មន្ត្រី​ផ្នែក​អភិវឌ្ឍន៍​គេហទំព័រ​ និង​ព័ត៌មានវិទ្យា​នៃ​អូ​ឌី​ស៊ី​។​

​គួរ​បញ្ជាក់​ថា​ ការ​បណ្ដុះបណ្ដាល​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​អ្នកចូលរួម​ និង​មាន​ពិភាក្សា​បន្ថែម​អំពី​បញ្ហា​ប្រឈម​ និង​ផ្លាស់​ប្ដូរ​មតិយោបល់​ចំពោះ​ករណី​ជាក់លាក់​ផង​ដែរ​។​ ជាក់ស្តែង​ អ្នកចូលរួម​ម្នាក់​បាន​លើកយក​ករណី​ការ​វេច​ខ្ចប់​ដែល​គិតគូរ​ពី​បរិស្ថាន​ ស្រប​ពេល​ដែល​អាជីវកម្ម​មាន​ទំហំ​តូច​ និង​ចំណាយ​ថ្លៃដើម​ខ្ពស់​។​ ក្រៅពី​នេះ​ អ្នកចូលរួម​ផ្សេង​ទៀត​ក៏​បាន​សួរ​ណែនាំ​បន្ថែម​ពី​ការ​គណនា​ប្រភេទ​ពន្ធ​ខ្លះៗ​ និង​ទិដ្ឋភាព​បច្ចេកទេស​ផ្សេង​ទៀត​នៃ​ការ​ប្រើប្រាស់​ឌី​ជី​ថ​ល​។​ អ្វី​ដែល​ពិសេស​ជាង​នេះ​ គឺថា​ អ្នកចូលរួម​មិន​ត្រឹមតែ​បាន​រៀនសូត្រ​បន្ថែម​ពី​ប្រធានបទ​ខាងលើ​ប៉ុណ្ណោះ​ទេ​ ពួក​គេ​ថែម​ទាំង​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្ដា​អ្នកចូលរួម​ផ្សេង​ទៀត​ដែល​ប្រកប​របរ​ធ្វើ​អាជីវកម្ម​ទៅ​តាម​វិស័យ​រៀងខ្លួន​ផង​ដែរ​។​


​ក្រោយ​ពី​បញ្ចប់​ការ​បណ្ដុះបណ្ដាល​សព្វគ្រប់​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ស្នើ​សុំ​អ្នកចូលរួម​ទាំងអស់​បំពេញ​ការ​ស្ទង់​មតិ​វាយតម្លៃ​អំពី​ការ​បណ្ដុះបណ្ដាល​នេះ​។​ ក្នុង​ចំណោម​១៦​មតិ​ដែល​បាន​បំពេញ​ការ​វាយតម្លៃ​នេះ​ យើង​សង្កេត​ឃើញ​ថា​ ៥៦.៣%​ នៃ​អ្នកចូលរួម​ យល់​ស្រប​ថា​ ការ​បណ្ដុះបណ្ដាល​នេះ​ជិត​ឆ្លើយ​តប​នឹង​ការ​រំពឹង​ទុក​របស់​ខ្លួន​ ស្រប​ពេល​ដែល​៦០%​ជាង​នៃ​អ្នកចូលរួម​បាន​វាយតម្លៃ​ ល្អ​ ចំពោះ​ការ​ជ្រើសរើស​ប្រធានបទ​និង​ការ​បង្រៀន​របស់​គ្រូ​បង្គោល​។​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ អូ​ឌី​ស៊ី​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​របស់​ក្រុមហ៊ុន​មេធាវី​ សរណ​ ក្រុមហ៊ុន​អេ​ច​អិ​ល​ប៊ី​ អ​ឌី​ត​ &​ ផាត​នើ​រ​ និង​អូ​ឌី​ស៊ី​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចែករំលែក​នូវ​ប្រធានបទ​ល្អៗ​ខាងលើ​នេះ​ ហើយ​ក៏​សូម​អរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ និង​ចូលរួម​សកម្ម​នៅ​ក្នុង​ឱកាស​នេះ​។​ គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ការ​បណ្ដុះបណ្ដាល​លើក​ទី​មួយ​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ អូ​ឌី​ស៊ី​គ្រោង​រៀប​ចំការ​បណ្ដុះបណ្ដាល​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ចំនួន​ពីរ​ ដែល​បើក​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជា​ពិសេស​ជនជាតិ​ដើម​ភាគតិច​ មានឱកាស​ចូលរួម​រៀនសូត្រ​និង​កសាង​សមត្ថភាព​ដើម្បី​ធ្វើ​អាជីវកម្ម​ឱ្យ​កាន់តែ​រីក​ចម្រើន​។​