សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤៥៖​ ព័ត៌មាន​ខុស​ ព័ត៌មាន​មិន​ពិត​ ទំនាក់ទំនង​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​

​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ គឺជា​ដំណើរការ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការ​កំណត់​ ព្យាករណ៍​ និង​វាយតម្លៃ​លើ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​បរិស្ថាន​ សង្គម​ និង​សេដ្ឋកិច្ច​ មុន​ពេល​គម្រោង​ណាមួយ​ត្រូវ​បាន​អនុម័ត​ឱ្យ​អនុវត្ត​។​ ដើម្បី​ឱ្យ​ការ​វាយតម្លៃ​នេះ​មាន​ប្រសិទ្ធភាព​ វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ តាម​រយៈ​វិធីសាស្ត្រ​ដែល​ផ្តោត​សំខាន់​លើ​ទំនុកចិត្ត​ ទំនាក់ទំនង​ច្បាស់លាស់​ និង​តម្លាភាព​។​ ការ​យល់​ដឹង​អំពី​ព័ត៌មាន​ខុស​ ព័ត៌មាន​មិន​ពិត​ រួម​ជាមួយនឹង​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​ទំនុកចិត្ត​សាធារណៈ​ ការពារ​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​ធានា​បាន​នូវ​ការ​សម្រេចចិត្ត​ប្រកបដោយ​ការ​គិតគូរ​ហ្មត់ចត់​។​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធានា​ថា​សហគមន៍​ទទួល​បាន​ទិន្នន័យ​ត្រឹមត្រូវ​ គួរ​ឱ្យ​ទុកចិត្ត​ និង​ផ្អែក​លើ​ភស្តុ​តាង​ច្បាស់លាស់​ ដើម្បី​កសាង​ទំនុកចិត្ត​ និង​កាត់​បន្ថយ​ភាព​ភ័យ​ស្លន់ស្លោ​ក្នុងអំឡុងពេល​មាន​វិបត្តិ​ ដូច​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម​។​ នេះ​គឺជា​ដំណើរការ​ជា​ប្រព័ន្ធ​ ក្នុង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​នៃ​គោលនយោបាយ​ គម្រោង​ ឬ​ការ​ប្រែប្រួល​បរិស្ថាន​ ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​សន្ទនា​ផ្អែក​លើ​ការ​ពិត​ និង​ការ​វាស់វែង​ផល​ប៉ះពាល់​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ធានា​ថា​ការ​ភ័យ​ខ្លាច​ ការ​យល់​ខុស​ ឬ​ «​ព័ត៌មាន​ក្លែងក្លាយ​»​ របស់​សាធារណជន​ នឹង​មិន​រារាំង​ដល់​ការ​អភិវឌ្ឍ​សហគមន៍​ដែល​ចាំបាច់​ ឬ​ដំណើរការ​ផ្លូវច្បាប់​នោះ​ឡើយ​។​

​ចាប់ពី​ថ្ងៃ​ទី​១៩​ ដល់​ ២២​ ខែឧសភា​ ឆ្នាំ​២០២៦​ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ក្នុង​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤៥​ ក្រោម​ប្រធានបទ​ «​ព័ត៌មាន​ខុស​ ព័ត៌មាន​មិន​ពិត​ ការ​ប្រាស្រ័យ​ទាក់ទង​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​»​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ទីក្រុង​កេ​បិ​ច​ ទីក្រុង​កេ​បិ​ច​ ប្រទេស​កា​ណា​ដា​។​ ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​នូវ​អ្នកជំនាញ​ និង​អ្នក​អាជីព​ដែល​មានបទពិសោធន៍​ជាង​ ៤០​ឆ្នាំ​ ដោយ​មាន​អ្នកចូលរួម​ជាង​ ១,១០០​នាក់​ មក​ពី​ជាង​ ៨០​ប្រទេស​។​ គោលបំណង​ចម្បង​នៃ​ការ​ចូលរួម​ គឺ​ដើម្បី​ស្វែង​យល់​ពី​ឧត្ត​មា​នុ​វត្ត​អន្តរជាតិ​ កសាង​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អ្នកធ្វើការ​ក្នុង​បរិបទ​ស្រ​ដៀង​គ្នា​ជុំវិញ​ពិភពលោក​ និង​ចែករំលែក​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​។​ ​ ​ ​ ​ ​ ​ ​

​សន្និសីទ​រយៈពេល​បួន​ថ្ងៃនេះ​ មាន​វគ្គ​ពិភាក្សា​សរុប​ចំនួន​ ១៤៨​ ដែល​ផ្តោត​លើ​ការ​វាយតម្លៃ​បរិស្ថាន​ និង​ការ​វិភាគ​ផល​ប៉ះពាល់​ ដោយ​រួម​បញ្ចូល​ទាំង​វគ្គ​បណ្តុះបណ្តាល​ ការ​បង្ហាញ​ឯកសារ​ស្រាវជ្រាវ​ និង​សិក្ខាសាលា​ជា​ច្រើន​។​ កម្មវិធី​ថ្ងៃ​ដំបូង​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​ការ​ស្វាគមន៍​ពី​ប្រជាជន​ Wendake​ និង​ការ​ថ្លែងស​ន្ទ​រក​ថា​បើក​ វគ្គ​បង្ហាញ​ផ្ទាំង​រូបភាព​ និង​កម្មវិធី​ទទួល​ស្វាគមន៍​។​ សន្និសីទ​នេះ​បាន​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ដូច​ជា​ ទំនាក់ទំនង​ប្រកបដោយ​តម្លាភាព​ ការ​ចូលរួម​ដោយ​បរិ​យា​បន្ន​ពី​សាធារណជន​ ចំណេះដឹង​ផ្នែក​បរិស្ថាន​និង​បទ​ប្បញ្ញត្តិ​ ការ​សិក្សា​ពី​ផល​ប៉ះពាល់​ផ្នែក​ឌី​ជី​ថ​ល​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ខុស​។​ អ្នកចូលរួម​ក៏​អាច​ជ្រើសរើស​ប្រធានបទ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ការងារ​របស់​ពួក​គេ​។​ ​ ​ ​ ​ ​ ​ ​ ​ ​

​ខាងក្រោម​នេះ​ គឺជា​ចំណុច​សំខាន់ៗ​ដែល​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​អូ​ឌី​ស៊ី​បាន​ចែករំលែក​ពី​វគ្គ​ពិភាក្សា​នានា​ដែល​លោកស្រី​បាន​ចូលរួម​៖​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

  • វគ្គ​ដំបូង​ដែល​លោកស្រី​បាន​ចូលរួម​ បាន​ផ្តោត​លើ​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ និង​ការ​ត្រួតពិនិត្យ​ការ​អនុលោម​ភាព​ ដោយ​បាន​ពិភាក្សា​អំពី​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ដោះស្រាយ​វិវាទ​ ហៅ​ថា​ «​យន្តការ​គណនេយ្យ​ភាព​ឯករាជ្យ​»​ (IAM)​។​ នេះ​គឺជា​វិធីសាស្ត្រ​ដែល​ផ្តោត​លើ​ទំនុកចិត្ត​ ទំនាក់ទំនង​ច្បាស់លាស់​ និង​តម្លាភាព​ តាម​រយៈ​ការ​សម្របសម្រួល​កិច្ច​សន្ទនា​ និង​ការ​តាមដាន​មតិ​ត្រឡប់​ដោយ​ភាគី​អព្យាក្រឹត​ ព្រមទាំង​បង្ហាញ​ពី​របៀប​ដែល​មតិយោបល់​របស់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេចចិត្ត​លើ​គម្រោង​ជាក់ស្តែង​។​ ដើម្បី​ដោះស្រាយ​បណ្តឹង​ យន្តការ​ IAM​ នេះ​ធ្វើការ​ត្រួតពិនិត្យ​ការ​អនុលោម​ភាព​ ដោយ​វាយតម្លៃ​មើល​ថា​តើ​មានការ​ខូចខាត​ជាក់ស្តែង​ ឬ​ហានិភ័យ​ដែល​អាច​កើត​មាន​ បណ្តាល​មក​ពី​ការ​មិន​អនុលោម​តាម​គោលការណ៍​ដែរ​ឬទេ​។​ ការ​បញ្ជ្រាប​ការ​សម្រេចចិត្ត​រួម​គ្នា​ទៅ​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ដោយ​ជោគជ័យ​ នឹង​នាំ​មក​នូវ​លទ្ធផល​ល្អ​ប្រសើរ​ និង​បង្កើត​ទំនាក់ទំនង​កាន់តែ​រឹង​មាំ​ ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មាន​ភាព​ជោគជ័យ​រួម​គ្នា​។​ ​ ​ ​ ​ ​
  • វគ្គ​មួយទៀត​បាន​ពិនិត្យ​លើ​ការ​ចូលរួម​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ ដោយ​គូសបញ្ជាក់​ពី​ការ​វាយតម្លៃ​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ដើម​ និង​អធិបតេយ្យភាព​ទិន្នន័យ​។​ តាម​រយៈ​ការ​ផ្តោត​លើ​ចំណេះដឹង​ប្រពៃណី​ និង​វិទ្យាសាស្ត្រ​ដែល​មានការ​ចូលរួម​ សហគមន៍​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បកស្រាយ​បន្សាប​ព័ត៌មាន​ខុស​ ការពារ​សុខុមាលភាព​វប្បធម៌​ និង​ធ្វើ​ជា​តំណាង​ក្នុងស្រុក​សម្រាប់​ការ​សម្រេចចិត្ត​។​ លើស​ពី​នេះ​ ទំនាក់ទំនង​ប្រកបដោយ​តម្លាភាព​ និង​ការ​បកស្រាយ​ដោយ​ផ្អែក​លើ​បរិបទ​វប្បធម៌​ គឺជា​ការ​ចាំបាច់​ដើម្បី​ការពារ​ការ​ភ័ន្ត​ច្រឡំ​ និង​ការ​យឺតយ៉ាវ​នៃ​គម្រោង​។​ ​ ​ ​ ​ ​ ​
  • បែរមក​ពិនិត្យ​លើ​ការ​គ្រប់គ្រង​ទិន្នន័យ​ លោកស្រី​បាន​ចូលរួម​ក្នុង​វគ្គ​ពិភាក្សា​ស្តី​ពី​ឯកជន​ភាព​ទិន្នន័យ​ ដែល​ផ្តោត​លើ​ការ​គ្រប់គ្រង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​លើ​ចំណេះដឹង​រសើប​ ចំណេះដឹង​វប្បធម៌​ និង​ចំណេះដឹង​ជនជាតិ​ដើម​ភាគតិច​។​ អធិបតេយ្យភាព​ទិន្នន័យ​ ហានិភ័យ​នៃ​ការ​ចែករំលែក​ចំណេះដឹង​ប្រពៃណី​ ការ​បញ្ជ្រាប​បញ្ញា​សិប្បនិម្មិត​ និង​វិធីសាស្ត្រ​សកល​ថ្មីៗ​ អនុញ្ញាត​ឱ្យ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​គោរព​តាម​សិទ្ធិ​ ភាព​ចម្រុះ​ និង​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​។​ ការ​គ្រប់គ្រង​ទិន្នន័យ​ប្រកបដោយ​ប្រសិទ្ធភាព​ អាស្រ័យ​លើ​ការ​បង្កើត​ការ​អនុញ្ញាត​តាម​ផ្លូវច្បាប់​ និង​ការ​ទទួល​បានការ​យល់ព្រម​ មុន​ពេល​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ ឬ​ព័ត៌មាន​រសើប​ណាមួយ​។​ វា​ជា​ការ​សំខាន់​ក្នុង​ការ​ប្រមូល​តែ​ទិន្នន័យ​ណា​ដែល​ចាំបាច់​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​វាយតម្លៃ​ គោលបំណង​ដែល​បាន​ប្រកាស​ និង​ធានា​ថា​បុគ្គល​អាច​ចូល​មើល​ កែប្រែ​ ឬ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួក​គេ​បាន​។​ លើស​ពី​នេះ​ ការ​ចូល​ប្រើប្រាស់​ទិន្នន័យ​រសើប​ ត្រូវ​តែ​កម្រិត​យ៉ាង​ម៉ត់ចត់​ផ្អែក​លើ​គោលការណ៍​ «​ចាំបាច់​ត្រូវ​ដឹង​»​ ហើយ​ទិន្នន័យ​ត្រូវ​តែ​បំប្លែង​ជា​កូដ​សម្ងាត់​នៅ​ពេល​រក្សា​ទុក​ និង​ពេល​បញ្ជូន​។​ នៅ​ពេល​ចែករំលែក​ទិន្នន័យ​ជាមួយ​ភាគី​ទី​បី​ ស្ថាប័ន​នានា​ត្រូវ​កំណត់​កាលបរិច្ឆេទ​រក្សា​ទុក​ឱ្យ​បាន​ច្បាស់លាស់​ និង​លុប​ទិន្នន័យ​ចេញ​នៅ​ពេល​លែង​ត្រូវការ​ឬ​ផុត​កាលបរិច្ឆេទ​នោះ​។​
  • វគ្គ​មួយទៀត​បាន​ពិភាក្សា​អំពី​សន្តិសុខ​ដែនដី​សម្រាប់​សហគមន៍​ដែល​រស់នៅ​ក្បែរ​គម្រោង​ឧស្សាហកម្ម​ និង​គម្រោង​ទាញ​យក​ធនធាន​ ដែល​ទាមទារ​ឱ្យ​មានការ​រក្សា​តុល្យភាព​រវាង​កំណើនសេដ្ឋកិច្ច​ និង​សុវត្ថិភាព​បរិស្ថាន​ សុវត្ថិភាព​វប្បធម៌​ និង​សុវត្ថិភាព​រាង​កាយ​ រួម​ទាំង​ការ​ការពារ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ឧស្សាហកម្ម​ ព្រមទាំង​ការ​ធានា​នូវ​ការ​ឆ្លើយ​តប​នៅ​ពេល​មាន​អាសន្ន​ និង​អភិបាលកិច្ច​ប្រកបដោយ​សមធម៌​។​ ការ​ធានា​សុវត្ថិភាព​ដីធ្លី​ និង​ជីវភាព​រស់នៅ​ស្រប​ពេល​ដែល​មាន​កំណើន​ឧស្សាហកម្ម​ ទាមទារ​ឱ្យ​មាន​វិធីសាស្ត្រ​ពហុ​ជ្រុងជ្រោយ​លើ​ផ្នែក​គោលនយោបាយ​ ការ​ការពារ​ និង​ភាពស៊ាំ​របស់​សហគមន៍​ ដូច​ជា​៖​ ១)​ ការ​បង្កើត​ប្រព័ន្ធ​កាន់កាប់​ដីធ្លី​ប្រកបដោយ​សុវត្ថិភាព​ ដើម្បី​អាច​ជួយ​ឱ្យ​ប្រជា​សហគមន៍​មាន​សំឡេង​ក្នុង​ការ​ទប់ស្កាត់​ការ​ទាញ​យក​ធនធាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ ២)​ ការ​គ្រប់គ្រង​ និង​កាត់​បន្ថយ​ហានិភ័យ​ក្នុង​តំបន់ឧស្សាហកម្ម​ ដើម្បី​ការពារ​សហគមន៍​ពី​ការ​គំរាមកំហែង​ ដូច​ជា​ការ​បំពុលបរិស្ថាន​ ឬ​គ្រោះថ្នាក់​បច្ចេកវិទ្យា​ធ្ងន់ធ្ងរ​នានា​ជាដើម​ និង​ ៣)​ ការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​ពង្រីក​ប្រតិបត្តិការ​ឧស្សាហកម្ម​ ដែល​ជា​ញឹកញាប់​បាន​ផ្លាស់​ប្តូរ​ទិដ្ឋភាព​សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​ ដែល​នាំ​ឱ្យ​បាត់បង់​មុខរបរ​ប្រពៃណី​ និង​ងាយ​រង​គ្រោះ​ពី​ការ​ប្រែប្រួល​នៃ​ឧស្សាហកម្ម​។​ ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ទាមទារ​ឱ្យ​មានការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ប្រកបដោយ​បុ​រេ​សកម្ម​ និង​បរិ​យា​បន្ន​ ព្រមទាំង​មាន​កិច្ចព្រមព្រៀង​ចែករំលែក​អត្ថប្រយោជន៍​ប្រកបដោយ​សមធម៌​ ដោយ​ផ្តល់​អាទិភាព​ដល់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​។​
  • វគ្គ​ពិភាក្សា​មួយទៀត​ស្តី​ពី​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ព័ត៌មាន​ខុស​ និង​ព័ត៌មាន​មិន​ពិត​ បាន​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​កសាង​សមត្ថភាព​ និង​ភាពស៊ាំ​ក្នុង​សង្គម​។​ វិធីសាស្ត្រ​ជាក់ស្តែង​ដែល​ទាមទារ​ការ​អនុវត្ត​ភ្លាមៗ​ រួម​មានការ​បំពាក់​ឧបករណ៍​ និង​ផែនការ​វាយតម្លៃ​ការ​គំរាមកំហែង​ជូន​ក្រុមការងារ​ ការ​បកស្រាយ​បន្សាប​ព័ត៌មាន​មិន​ពិត​ទុកជា​មុន​ និង​ការ​អភិវឌ្ឍ​បណ្តាញ​ទំនាក់ទំនង​ពហុ​វិស័យ​។​ ក្រុមការងារ​គួរតែ​វាយតម្លៃ​ហានិភ័យ​តាម​បែប​យុទ្ធសាស្ត្រ​ ជំនួស​ឱ្យ​ការ​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​រាល់​ព័ត៌មាន​មិន​ពិត​ទាំងអស់​ ដែល​ជា​ញឹកញាប់​រឹតតែ​ធ្វើ​ឱ្យ​ព័ត៌មាន​ទាំងនោះ​រីក​រាលដាល​កាន់តែ​ខ្លាំង​។​ ជំនួស​ឱ្យ​ការ​រង់ចាំ​បកស្រាយ​ឬ​ដោះស្រាយ​តាម​ក្រោយ​ ស្ថាប័ន​នានា​អាច​កសាង​ភាពស៊ាំ​ក្នុង​សង្គម​បាន​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ការ​ពិត​ឱ្យ​បាន​មុន​ព័ត៌មាន​មិន​ពិត​។​ លើស​ពី​នេះ​ ស្ថាប័ន​នានា​គួរ​ធានា​ថា​ វេទិកា​ឌី​ជី​ថ​ល​របស់​ពួក​គេ​មាន​តម្លាភាព​ ងាយស្រួល​ចូល​មើល​ និង​មានការ​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​ជាមួយនឹង​ភស្តុ​តាង​គួរ​ឱ្យ​ទុកចិត្ត​ ដើម្បី​ជួយ​លុប​បំបាត់​ព័ត៌មាន​មិន​ពិត​។​ ​ ​ ​ ​ ​
  • វគ្គ​ចុង​ក្រោយ​ដែល​លោកស្រី​បាន​ចូលរួម​ គឺ​ស្តី​ពី​ការ​ស្តារ​ទំនុកចិត្ត​សាធារណៈ​ឡើង​វិញ​ ដែល​វគ្គ​ពិភាក្សា​នេះ​បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​គោរព​សិទ្ធិ​ស្វ័​យស​ម្រេច​ ការ​ធានា​តម្លាភាព​ពេញលេញ​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ ការ​បង្កើត​យន្តការ​គណនេយ្យ​ភាព​ដើម្បី​ទប់ស្កាត់​ការ​រើសអើង​ ព្រមទាំង​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​អំពី​សុវត្ថិភាព​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​សង្គម​-​នយោបាយ​ពិតប្រាកដ​ មុន​ពេល​ចុះ​ជួប​ទំនាក់ទំនង​។​ លើស​ពី​នេះ​ អភិបាលកិច្ច​ទិន្នន័យ​ត្រូវ​តែ​ផ្អែក​លើ​គោលការណ៍​ FPIC​ ដើម្បី​ធានា​ថា​ទទួល​បានការ​យល់ព្រម​ជា​និច្ច​ មុន​ពេល​ប្រមូល​ ប្រើប្រាស់​ ឬ​ចែកចាយ​ទិន្នន័យ​របស់​សហគមន៍​ ឬ​បុគ្គល​។​ ជា​ចុង​ក្រោយ​ ស្ថាប័ន​នានា​ត្រូវ​តែ​គាំទ្រ​ដល់​ការ​កសាង​ធនធានមនុស្ស​ទាក់ទង​នឹង​ទិន្នន័យ​របស់​ជនជាតិ​ដើម​ភាគតិច​ ដោយ​ផ្តល់​មូលនិធិ​រយៈពេល​វែង​ ដើម្បី​បណ្តុះបណ្តាល​សមាជិក​សហគមន៍​ឱ្យ​ក្លាយជា​អ្នកគ្រប់គ្រង​ទិន្នន័យ​ និង​ជា​អ្នក​ស្រាវជ្រាវ​។​ ​ ​ ​ ​ ​ ​ ​

​ជា​ចុងបញ្ចប់​ លោកស្រី​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ និង​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​អូ​ឌី​ស៊ី​ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​មានឱកាស​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​ ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ​គឺជា​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ ហើយ​ក៏​ជា​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​អនាគត​វិជ្ជាជីវៈ​របស់ខ្ញុំ​។​ ខ្ញុំ​ពិតជា​អរគុណ​ និង​ឱ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ និង​ការ​ជឿជាក់​របស់​អង្គការ​អូ​ឌី​ស៊ី​មក​លើ​រូប​ខ្ញុំ​។​»​ ​ ​ ​ ​ ​ ​ ​ ​ ​ ​