ការលើកកម្ពស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅប្រទេសកម្ពុជា
ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (DMIL) របស់ប្រទេសកម្ពុជា បានដាក់ចេញនូវមាគ៌ាក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍ «ពលរដ្ឋឌីជីថល» ដែលជាផ្នែកសំខាន់គាំទ្រដល់សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើកនាពេលបច្ចុប្បន្ន។ លើសពីនេះ កិច្ចពិភាក្សាស្ដីពី ការជំរុញអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅប្រទេសកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការជួយជំរុញកិច្ចខិតខំប្រឹងប្រែងដែលកំពុងរីកចម្រើនរបស់កម្ពុជា ដោយផ្តោតលើការផ្តល់សិទ្ធិអំណាចដល់សិស្ស និស្សិត អ្នកអប់រំ និងសាធារណជនកាន់តែទូលំទូលាយ។
កិច្ចពិភាក្សានេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់កញ្ញា សួស ធីតា មន្ត្រីផ្នែកទំនាក់ទំនង នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានវាគ្មិនចូលរួមគឺ កញ្ញា ឌីប ណាសា អ្នកសម្របសម្រួលគម្រោង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី អ៊ិត ចាន់ណា តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា ហុក លីដា វាគ្មិនតំណាងមកពី Media101។ កិច្ចពិភាក្សានេះបានស្វែងយល់ពីវឌ្ឍនភាព និងអនាគតនៃអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅប្រទេសកម្ពុជា ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់អក្ខរកម្មនៅក្នុងវិស័យអប់រំ អភិបាលកិច្ច និងសង្គម។
កញ្ញា សួស ធីតា បានចាប់ផ្តើមការពិភាក្សាដោយចែករំលែកបទពិសោធន៍ការងាររបស់អូឌីស៊ី។ អូឌីស៊ីអាចចាត់ទុកថាជាស្ថាប័នឈានមុខគេក្នុងការពង្រឹងអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៅប្រទេសកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ និងប្រកបដោយបរិយាបន្នដូចជា ការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល (MIDL) ដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) កម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ បានចែករំលែកចំណេះដឹងដល់យុវជនជាង ៣០០ នាក់ និងជនមានពិការភាពចំនួន ៩០ នាក់ ដោយផ្តល់ជំនាញសំខាន់ៗក្នុងការវិភាគប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹងអំពីព័ត៌មានមិនពិត និងការអនុវត្តឌីជីថលប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ តាមរយៈ «គម្រោងកម្ពុជា និងឡាវសម្រាប់ការយល់ដឹង និងការត្រៀមខ្លួន» ក្រោមការគាំទ្រពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អូឌីស៊ីបានបណ្តុះបណ្តាលគ្រូបង្គោលចំនួន ២២ រូប ដែលបានផ្តល់ការបណ្តុះបណ្តាលបន្តចំនួន ៤០ លើក ដែលផ្តល់អត្ថប្រយោជន៍ដល់គ្រូ សិស្ស ឪពុកម្តាយ និងសមាជិកសហគមន៍ប្រហែល ១៥០០ នាក់។ ជារួម ការងាររបស់អូឌីស៊ី ជំរុញឱ្យមានការចូលរួមផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ និងកសាងភាពធន់របស់សហគមន៍ប្រឆាំងនឹងព័ត៌មានមិនពិត។
តាមទស្សនៈរបស់រដ្ឋាភិបាល កញ្ញា ឌីប ណាសា បានធ្វើឱ្យការពិភាក្សាប្រកបដោយភាពរស់រវើកជាមួយនឹងកម្រងសំណួរឆ្លើយឆ្លង ដែលធ្វើឱ្យអ្នកចូលរួមគិតអំពីទម្លាប់ឌីជីថលផ្ទាល់ខ្លួនរបស់ពួកគេ។ សំណួរដូចជា «តើអ្នកនឹកឃើញពីអ្វីនៅពេលដែលអ្នកឮពាក្យអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន?» «តើអ្នកគិតថាអ្នកអាចវិភាគព័ត៌មានក្លែងក្លាយបានប៉ុន្មានភាគរយ?» បានជំរុញឱ្យមានការឆ្លុះបញ្ចាំងពីចំណេះដឹងរបស់អ្នកចូលរួម។ កញ្ញាបានពន្យល់ពីមូលហេតុដែលអក្ខរកម្មឌីជីថលបច្ចុប្បន្ននេះ មិនអាចបំបែកចេញពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយបាន៖ ដោយប្រព័ន្ធផ្សព្វផ្សាយសង្គមគ្របដណ្តប់ជាប្រភពព័ត៌មានសំខាន់ និងប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពមួយចំនួនតាមអ៊ីនធឺណិតយ៉ាងពេញលេញចាប់តាំងពីឆ្នាំ២០២៤។ ដូច្នេះ ការយល់ដឹងអំពីអ្វីដែលជាការពិត និងអ្វីដែលបំភាន់គឺលែងជាជម្រើសទៀតហើយ។

កញ្ញាបានលើកឡើងពីសមត្ថភាពសំខាន់ៗចំនួនប្រាំបីរបស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន រាប់ចាប់ពីអក្ខរកម្មព័ត៌មាន និងទិន្នន័យ រហូតដល់ការបង្កើតមាតិកាឌីជីថល អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការដោះស្រាយបញ្ហា ហើយបានពន្យល់ពីមូលហេតុនៃបញ្ហា។ ក្នុងនោះមានតែ ៣២% នៃប្រជាជនកម្ពុជាប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់ឌីជីថលកម្រិតមូលដ្ឋាន ៥% កម្រិតមធ្យម និងត្រឹមតែ ១% ប៉ុណ្ណោះនៃជំនាញកម្រិតខ្ពស់ ដែលបង្ហាញពីតម្រូវការសម្រាប់ការកសាងសមត្ថភាពទាំងនេះជាបន្ទាន់។ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជួយឱ្យយុវជន ក៏ដូចជាមនុស្សពេញវ័យ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ការពារទិន្នន័យផ្ទាល់ខ្លួន ឈ្វេងយល់ហានិភ័យតាមអ៊ីនធឺណិត និងទទួលបានឱកាសឌីជីថលភាគច្រើន។ កញ្ញាក៏បានចែករំលែក អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន តាមរយៈការលេងហ្គេមដោយប្រើប្រាស់កូដ QR ដោយបង្ហាញថា ការរៀនសូត្រអាចមានអន្តរកម្ម និងចូលរួម។
លោកស្រី អ៊ិត ចាន់ណា បានចូលទៅក្នុងកម្មវិធីទូរសព្ទដៃ “សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ហៅកាត់ថា Sala MIL ដែលជាកញ្ចប់ឧបករណ៍អក្ខរកម្មឌីជីថលផ្ទាល់ខ្លួនរបស់កម្ពុជា។ ជាមួយនឹងមេរៀនចំនួន ២១ ជំពូក ៥ ជំពូក សំណួរ-ចម្លើយចំនួន ១៣៥ វីដេអូ មាតិកាអន្តរកម្ម កម្រងសំណួរ និងវិញ្ញាបនបត្រ វាត្រូវបានបង្កើតឡើងសម្រាប់សិស្ស គ្រូ និងយុវជន សូម្បីតែនៅក្នុងតំបន់ដែលមានអ៊ីនធឺណិតខ្សោយក៏ដោយ។ កម្មវិធី Sala MIL ជួយអ្នកប្រើប្រាស់ឱ្យគិតពិចារណា រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត ពិនិត្យព័ត៌មាន ជៀសវាងការបោកប្រាស់ និងបង្កើតទម្លាប់ឌីជីថលដែលមានទំនួលខុសត្រូវ។ លោកគ្រូអ្នកគ្រូក៏បានរៀបចំសកម្មភាពដែលត្រៀមរួចជាស្រេច ដែលជួយឱ្យអក្ខរកម្មឌីជីថលមានភាពងាយស្រួលក្នុងការដាក់បញ្ចូលទៅក្នុងថ្នាក់រៀន។ លោកស្រី អ៊ិត ចាន់ណា បានមានប្រសាសន៍ថា «មានកម្មវិធី Sala MIL ប្រៀបបាននិងមានអ្នកណែនាំឌីជីថលនៅតាមខ្លួនរបស់អ្នក»។

កញ្ញា ហុក លីដា បានបន្ថែមដោយការលើកយកល្បែងកម្សាន្ត ដែលជាល្បែងទូរស័ព្ទបុរាណកាលពីកុមារភាព ដែលក្នុងនោះតម្រូវឱ្យមានកំប៉ុងពីរ ដើម្បីបង្ហាញពីរបៀបដែលព័ត៌មានអាចត្រូវបានខូចទ្រង់ទ្រាយ។ កំប៉ុងតំណាងឱ្យអ្នកផ្ញើ និងអ្នកទទួល ចំណែកខ្សែភ្ជាប់កំប៉ុងទាំងពីរតំណាងឱ្យឆានែលទំនាក់ទំនង។ ខ្សែរឹតតឹង? សារច្បាស់លាស់។ ខ្សែរលុង? មានភាពស្រពិចស្រពិល។ ដូចគ្នានឹងមាតិកាអនឡាញដែរ សារអាចត្រូវបានបង្ខូចយ៉ាងងាយស្រួល។
ជាចុងក្រោយ កញ្ញាបានណែនាំគំនិតស្នូលនៃអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ចំនួនប្រាំ៖ ចូលប្រើប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវ វិភាគមាតិកាប្រកបដោយប្រសិទ្ធភាព កំណត់អត្តសញ្ញាណអ្នកផ្ញើ យល់ពីចេតនារបស់ពួកគេ និងស្គាល់ការបញ្ចុះបញ្ចូលអារម្មណ៍តាមរយៈមាតិកា។ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មិនត្រឹមតែនិយាយអំពីចំណេះដឹងប៉ុណ្ណោះទេ តែគឺជាការនិយាយអំពីការគិតបែបពិចារណា ជៀសវាងការបោកប្រាស់ និងការធ្វើសេចក្ដីសម្រេចចិត្តដ៏ឆ្លាតវៃតាមប្រព័ន្ធអ៊ីនធឺណិត។
នៅពេលដែលប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតឌីជីថលនៃអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន លែងជាភាពប្រណីតទៀតហើយ ប៉ុន្តែជាភាពចាំបាច់។ ចាប់ពី Sala MIL រហូតដល់កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ គំនិតផ្តួចផ្តើមទាំងនេះកំពុងផ្ដល់ឱ្យសិស្ស គ្រូ និងយុវជននូវជំនាញក្នុងការស្វេងរកកន្លែងអនឡាញដោយសុវត្ថិភាព ទំនួលខុសត្រូវ និងទំនុកចិត្ត។ នៅក្នុងពិភពលោកដែលពោរពេញទៅដោយព័ត៌មាន ការដឹងពីអ្វីដែលត្រូវទុកចិត្តគឺច្រើនជាងជំនាញ ដែលប្រៀបបានជាមហាអំណាចមួយ។