បញ្ញា​សិប្បនិម្មិត​ (AI)​ និង​ព័ត៌មាន​បន្លំ​នៅ​លើ​កម្មវិធី​ឌី​ជី​ថ​ល​

បញ្ញា​សិប្បនិម្មិត​ (AI)​ បាន​ផ្លាស់​ប្តូរ​របៀប​ដែល​ព័ត៌មាន​ត្រូវ​បាន​ផលិត​ និង​ចែករំលែក​ ប៉ុន្តែ​វា​ក៏​បាន​បង្កើន​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ភ័ន្ត​ច្រ​លំ​ និង​ព័ត៌មាន​បន្លំ​ផង​ដែរ​។​ នៅ​ក្នុង​សេចក្ដី​ព្រាង​យុទ្ធសាស្ដ្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ (២០២៥-២០៣០)​ សុចរិត​ភាព​ព័ត៌មាន​គឺជា​ធាតុ​មួយ​ដែល​មិន​ត្រូវ​បាន​មើល​រំលង​នោះ​ឡើយ​។​

នៅ​ក្នុង​បរិបទ​នេះ​ កិច្ច​ពិភាក្សា​ស្តី​ពី​ «AI​ និង​ព័ត៌មាន​បន្លំ​នៅ​លើ​កម្មវិធី​ឌី​ជី​ថ​ល​»​ ត្រូវ​បាន​រៀបចំ​ឡើង​។​ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក​ តាំង​ ប៊ុ​ន​ហុង​ ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ និង​នីតិកម្ម​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ កិច្ច​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​ ទេព​ អ​ស្នា​រិ​ទ្ធ​ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ Toby​ Mendel​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ច្បាប់​ និង​ប្រជាធិបតេយ្យ​ និង​អ្នកជំនាញ​នៃ​អង្គការ​យូ​ណេ​ស្កូ​ លោក​ ណុ​ប​ វី​ នាយក​ប្រតិបត្តិ​នៃ​ខេ​ម​បូ​ចា​ និង​លោក​ Naveen​ Vasudeva​ ស្ថាបនិក​នៃ​ Strategic​ Capital​ Risk​ Expert​ of​ CyberTree​ Paradox​ LTD​។​ វាគ្មិន​ទាំងអស់​បាន​ចែករំលែក​ការ​យល់​ឃើញ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ក្លែងបន្លំ​ដែល​បង្កើត​ឡើង​ដោយ​ AI​ ដល់​សង្គម​ សារព័ត៌មាន​ និង​ស្ថាប័ន​ ក៏​ដូច​ជា​វិធីសាស្ដ្រ​ដែល​ត្រូវការ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ទាំង​អស់នេះ​។​

លោក​ Toby​ Mendel​ បាន​ចាប់ផ្តើម​ការ​ជជែក​ដោយ​ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​ព័ត៌មាន​ភ័ន្ត​ច្រ​លំ​ (​ព័ត៌មាន​ក្លែងក្លាយ​ដែល​ចែករំលែក​ដោយ​មិនដឹង​ខ្លួន​ ឬ​មិន​មាន​ចេតនា​)​ និង​ព័ត៌មាន​បន្លំ​ (​ព័ត៌មាន​ក្លែងក្លាយ​ចែករំលែក​ដោយ​ចេតនា​)​។​ លោក​បាន​ប្រាប់​ទៅ​កាន់​អ្នកចូលរួម​ថា​ ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​យូរ​មក​ហើយ​មុន​ពេល​មាន​ AI​ ទៅ​ទៀត​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​ គឺ​សមត្ថភាព​ដ៏​មិន​ធ្លាប់​មាន​ដែល​ AI​ អាច​ធ្វើ​ឱ្យ​ព័ត៌មាន​មិន​ពិត​នោះ​បង្កើត​ និង​ចែករំលែក​បាន​យ៉ាង​ឆាប់រហ័ស​ និង​ទូលំទូលាយ​។

លោក​បាន​កត់​សម្គាល់ថា​ ព័ត៌មាន​ភ័ន្ត​ច្រ​លំ​បាន​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ ជា​ពិសេស​ចំពោះ​កុមារ​ ដែល​ផល់​ប៉ះពាល់​ទាំងនោះ​ ជា​រឿយៗ​គឺ​ពិបាក​ក្នុង​ការ​វាស់វែង​ឱ្យ​បាន​ស៊ីជម្រៅ​។​ ជា​ពិសេស​នោះ​ បច្ចេកវិទ្យា​បន្លំ​រូបភាព​ វី​ដេ​អូ​ ឬ​សម្លេង​ (DeepFake)​ អាច​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​ AI​ ពុំ​ចាំបាច់​ទាល់តែ​បង្កើត​ព័ត៌មាន​មិន​ពិត​ទេ​ ប៉ុន្តែ​វា​បាន​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។​ លោក​បាន​ជំរុញ​ឱ្យ​សាធារណជន​កុំ​ធ្វើ​គិត​ ឬ​ប្រកាន់​ភ្ជាប់​ថា​ ការ​មិន​មាន​ទំ​នួ​ស​ខុស​ត្រូវ​ ឬ​ឥរិយាបថ​មិន​មាន​សីលធម៌​នៅ​លើ​អ៊ីនធឺណិត​ជា​រឿង​ធម្មតា​ ដោយ​សង្កត់ធ្ងន់​ថា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា​គួរតែ​ត្រូវ​បាន​ដាក់ទោស​ទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​។​ ដើម្បី​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាស​កល​ លោក​បាន​លើកយក​គោលការណ៍​ណែនាំ​ និង​ឧបករណ៍​នានា​របស់​អង្គការ​យូ​ណេ​ស្កូ​មក​បង្ហាញ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​បុគ្គល​ និង​ស្ថាប័ន​ធ្វើការ​ស្វែង​យល់​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​។

ឯកឧត្តម​ ទេព​ អ​ស្នា​រិ​ទ្ធ​ បាន​ពន្យល់​ថា​ ប្រទេស​កម្ពុជា​ពិតជា​កំពុង​ប្រឈម​នឹង​ព័ត៌មាន​មិន​ពិត​ដូច​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​ ដូច​ជា​ប្រទេស​កា​ណា​ដា​ផង​ដែរ​ ដែល​នៅ​ក្នុង​នោះ​ប្រហែលជា​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​។​ ដោយហេតុ​ថា​ប្រទេស​កម្ពុជា​ ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ប្រជាជន​កម្ពុជា​ភាគច្រើន​មិន​ទាន់​ដឹង​ពី​រៀប​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ និង​ AI​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួ​គេ​កាន់តែ​ងាយ​រង​គ្រោះ​ទៅ​នឹង​របាយ​កល​តាម​អ៊ីនធឺណិត​។​ លោក​បាន​ចង្អុលបង្ហាញ​ថា​ សូ​ម្បី​តែ​ប្រទេស​ជឿនលឿន​ដូច​ជា​សហរដ្ឋអាមេរិក​ ក៏​ជួប​ប្រទះ​បញ្ហា​ទាំងនេះ​ផង​ដែរ​ នៅ​ពេល​ដែល​ព័ត៌មាន​មិន​ពិត​បង្កើត​ឡើង​ដោយ​ AI​ ត្រូវ​បាន​ផ្លាស់​ប្ដូរ​មតិ​សាធារណៈ​ក្នុងអំឡុងពេល​ដែល​រៀបចំ​ការ​បោះ​ឆ្នោត​។​

​ត្រលប់​មក​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារព័ត៌មាន​វិញ​ លោក​ ណុ​ប​ វី​ បាន​ពន្យល់​ពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​នៃ​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​។​ ជា​រឿយៗ​ វា​ត្រូវ​បាន​ផ្សព្វផ្សាយ​លឿន​រហ័ស​ជាង​ព័ត៌មាន​ដែល​មានការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ ធ្វើ​ឱ្យ​វា​លប់​លើ​ព័ត៌មាន​ចេញ​ដោយសារ​ព័ត៌មាន​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​។​ ជា​លទ្ធផល​ ទំនុកចិត្ត​លើ​ស្ថាប័ន​សារព័ត៌មាន​កំពុង​តែ​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឱ្យ​សាធារណជន​កាន់តែ​ពិបាក​បែងចែក​រវាង​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ និង​មាតិកា​ដែល​ប្រឌិត​ឡើង​ ដោយសារ​តែ​ព័ត៌មាន​មិន​ពិតជា​ច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយ​។​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​នេះ​ លោក​បាន​សង្កត់ធ្ងន់​លើ​ការ​អនុវត្ត​ល្អៗ​ចំនួន​ពីរ​ រួម​មាន​ ការ​ផ្ទៀងផ្ទាត់​ប្រភព​មុន​ពេល​ចែករំលែក​ព័ត៌មាន​ណាមួយ​ និង​ជៀសវាង​ការ​ជឿ​ទុកចិត្ត​លើ​ខ្លឹមសារ​ដោយ​ងងឹត​ងងុល​ ជា​ពិសេស​មាតិកា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​ជាទី​កន្លែង​ដែល​យើង​តែងតែ​ឃើញ​មានការ​រីក​រាល​ព័ត៌មាន​មិន​ពិត​។​

​ទន្ទឹម​នឹង​នេះ​ លោក​ Toby​ Mendel​ ក៏​បាន​លើក​ឡើង​ថា​ ព័ត៌មាន​មិន​ពិត​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​ ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ព័ត៌មាន​។​ គំនិត​ផ្តួចផ្តើម​សំខាន់ៗ​រួម​មាន​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​ព័ត៌មាន​ភ័ន្ត​ច្រ​លំ​ ការ​ពង្រឹង​ជំនាញ​ និង​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​ និង​អង្គភាព​សារព័ត៌មាន​ ការ​បង្កើត​កម្ម​វី​ធី​ផ្ទៀងផ្ទាត់​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ពិនិត្យ​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ និង​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​បំពេញការងារ​ដោយ​គោរព​តាម​ស្តង់ដារ​វិជ្ជាជីវៈ​ និង​ទទួល​បាន​វិញ្ញាបនបត្រ​ពី​រដ្ឋាភិបាល​ជា​មុន​។​

យោង​តាម​គំនិត​របស់​អ្នកជំនាញ​ហានិភ័យ​មូលធន​ លោក​ Naveen​ Vasudeva​ បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា​ដើម្បី​ទប់ស្កាត់​ និង​វិធានការ​សុវត្ថិភាព​ឌី​ជី​ថ​ល​។​ លោក​បាន​ពន្យល់​ពី​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​បត់បែន​ និង​ប្រសិទ្ធិ​ភាព​ ឬ​ឆ្នៃ​ប្រឌិត​ខ្លាំង​ កំពុង​ត្រូវ​បាន​សិក្សា​ ដើម្បី​យក​ទៅ​ឆ្លើយ​តប​នឹង​បញ្ហា​ព័ត៌មាន​មិន​ពិត​ដែល​កំពុង​តែ​វិ​វត្ត​ ក្នុង​គោលបំណង​ធានា​ថា​សង្គម​ទាំងមូល​អាច​មាន​សមត្ថភាព​ខ្ពស់​ប្រឈម​ជាមួយ​បញ្ហា​នេះ​។​

ដើម្បី​រួមចំណែក​ទៅ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាងលើ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​គាំទ្រ​ដោយ​យូ​អិន​ឌី​ភី​ កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្ដី​ពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ព័ត៌មាន​ និង​ឌី​ជី​ថ​ល​ (MIDL)​ សម្រាប់​អ្នកចូលរួម​ចំនួន​ ២៤​ នាក់​ ក្នុង​នោះ​ស្រី​ ៥​ នាក់​ មក​ពី​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ រដ្ឋបាល​ក្រុង​ សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ និង​អង្គការ​សង្គម​ស៊ី​វិល​នៅ​ក្រុង​ខេត្តកំពង់ចាម​ (​ខេត្តកំពង់ចាម​)​ ក្រុង​បាន​លុង​ (​ខេត្តរតនគិរី​)​ ក្រុង​សៀមរាប​ (​ខេត្តសៀមរាប​)​ និង​នៅ​ក្រុងភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៥​។​ សិក្ខាសាលា​នេះ​ បាន​បណ្ដុះបណ្ដាល​សមត្ថភាព​ និង​ជំនាញ​របស់​អ្នកចូលរួម​ ដែល​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ឌី​ជី​ថ​ល​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ និង​យក​ទៅ​ចែករំលែក​ជា​សមាជិក​ផ្សេង​ទៀត​ដោយ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​សហគមន៍​ខ្លួន​។​

ជា​ផ្នែក​មួយ​នៃ​គម្រោង​កម្ពុជា​ និង​ឡាវ​សម្រាប់​ការ​យល់​ដឹង​ និង​ការ​ត្រៀមខ្លួន​ (CLAP)​ អង្គការ​អូ​ឌី​ស៊ី​ក៏​បាន​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ស្ដី​ពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០២៥​ នៅ​សាក​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ សាខា​ខេត្តកំពង់ធំ​ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ និង​កិច្ចសហការ​ពី​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​សិក្សា​ពេញ​មួយ​ជីវិត​ (​គ​.​ជ​.​ស​.​ជ​.)​។​ សិក្ខាសាលា​នេះ​ មាន​គោលបំណង​ពង្រឹងសមត្ថភាព​អ្នកចូលរួម​ក្នុង​ការ​សម្គាល់​ និង​វិភាគ​ព័ត៌មាន​ពិត​ ឬ​មិន​ពិត​ ក្រៅពី​សហការ​ជាមួយ​គ្នា​ដើម្បី​រៀបចំ​មេរៀន​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ជាមួយ​សមាជិក​សហគមន៍​។​

នៅ​ក្នុង​គម្រោង​ CLAP​ នេះ​ សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សរុប​ចំនួន​២​ ត្រូវ​បាន​រៀបចំ​ឡើង​។​ ដោយ​ទទួល​បានការ​គាំទ្រ​ថវិកា​ខ្នាត​តូច​ពី​អង្គការ​អូ​ឌី​ស៊ី​ គ្រូ​បង្គោល​បាន​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​ចែករំលែក​ចំនួន​ ៤៧​ សម្រាប់​អ្នកចូលរួម​សរុប​ចំនួន​ ១៩៦៩​ នាក់​ ដែល​ជា​សិស្ស​ និស្សិត​ គ្រូបង្រៀន​ អាណាព្យាបាល​ និង​សមាជិក​សហគមន៍​ (​ប្រុស​ ៧៧៣​ និង​ស្រី​ ១១៩៦)​ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​ និង​ខេត្តកំពង់ធំ​។​ តាម​រយៈ​សិក្ខាសាលា​នេះ​ អ្នកចូលរួម​បាន​អភិវឌ្ឍ​ជំនាញ​ដែល​អាច​យក​ទៅ​កំណត់​ព័ត៌មាន​មិន​ពិត​ ការពារ​ខ្លួន​ពី​ព័ត៌មាន​ភ័ន្ត​ច្រ​លំ​ និង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។

បញ្ញា​សិប្បនិម្មិត​ អាច​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បាន​លឿន​ជាង​ពេល​ណាៗ​ទាំងអស់​ ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​ដោះស្រាយ​បញ្ហា​នេះ​។​ តាម​រយៈ​ការ​ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​ការ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​ឆ្លាត​វៃ​ យើង​អាច​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ និង​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​នូវ​ការ​ពិត​។​ នៅ​ជុំវិញ​ពិភពលោក​ ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ និង​ប្រកាន់​ភ្ជាប់​ការ​ពិចារណា​ខ្ពស់​ គឺជា​វិធីសាស្ដ្រ​ដ៏​ល្អ​ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​យុគ​ឌី​ជី​ថ​ល​នេះ​។​