កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ​ ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​

ដោយទទួលបានការគាំទ្រពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍ​ន៏​អន្តរជាតិ​​​ (USAID) ក្រោមគម្រោងពង្រឹង​សមត្ថភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា (CCSS)​ នៃវិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-បស្ចឹម (EWMI) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)​ បានបញ្ចប់ការសាកល្បងកម្មវិធីអក្ខរកម្មទិន្នន័យនៅកម្ពុជាដោយជោគជ័យ។ កម្មវិធីនេះបានបង្កើតឡើងដោយផ្អែកលើកម្មវិធីសិក្សារបស់ធនាគារពិភពលោក ដែលត្រូវបានរៀបចំ និងអនុវត្តដំបូងនៅប្រទេសមីយ៉ាន់ម៉ា តាមរយៈការផ្តួចផ្តើមពិសេសមួយទៀតរបស់ EWMI ក្នុងភាពជាដៃគូជាមួយ Phandeeyar

នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ (អូ​ឌី​ស៊ី​) បាន​បញ្ចប់​ជាស្ថាពរ​នូវ​កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ ដែល​មាន​រយៈពេល​មួយឆ្នាំ ជាមួយនឹង​សិក្ខាសាលា​ចុងក្រោយ​ដែល​ធ្វើឡើង​តាម​រយៈ​អ៊ី​នធើ​ណេត។ ទោះបី​ស្ថិតនៅ​ក្នុង​កំឡុង​ពេល​ជំងឺរាតត្បាត​កូ​វីដ​-១៩ ការប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ជោគជ័យ​តាមរយៈ​កម្មវិធី​ Zoom Video Conference ហើយ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ពី EWMI និង​ USAID​។

ការ​ធ្វើ​បទ​បង្ហាញ​របស់​គម្រោង​ទិន្នន័យ​ពី​សិក្ខាកាម​គឺជា​របៀបវារៈ​ដ៏​សំខាន់​មួយ​នៃ​ការ​ជួប​ប្រជុំ​នេះ។ បទ​បង្ហាញ​ទាំងនោះ​ក៏​ទទួល​បាន​មតិយោបល់​ពី​គណៈ​កម្មា​ការ​កិត្តិយស​ចំនួន ៣ រួមមាន​មន្ត្រី​របស់ USAID គឺ​លោក Carlos​ Lamadrid នាយក​ប្រតិ​បតិ្តនៃ​អង្គការ​អូ​ឌី​ស៊ី លោក ធី ទ្រី ក៏ដូចជា​គ្រូបង្គោល​សំខាន់​របស់​យើង​គឺ​លោក​ Yan Naung Oak​។ គម្រោង​ទិន្នន័យ​ល្អ​បំផុត​ចំនួន ៣ ត្រូវ​បាន​ជាប់​ជា​ជ័យលាភី​ ដោយ​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ដោយ​គណៈ​កម្មា​ការវាយតម្លៃ។

ក្នុងចំណោម​សិក្ខាកាម​ចំនួន ២៥ នាក់ អូ​ឌី​ស៊ី​ទទួល​បាន​គម្រោង​សាច់រឿង​ទិន្នន័យ​ចំនួន​ ២០ ដែល​គម្រោង​ទាំងនេះ​ត្រូវ​បាន​ប្រមូល​ទុក​សម្រាប់​ធ្វើការ​វិនិច្ឆ័យ​ពី​គណៈកម្មការ។ ការ​មាន​ប្រភព​ដើម​ច្បាស់លាស់​ ភាព​ពេញលេញ​នៃ​សាច់រឿង​ទិន្នន័យ សារៈសំខាន់​នៃ​ទិន្នន័យ និង​កា​របំ​លែង​ទិន្នន័យ​ជា​រូបភាព គឺជា​ធាតុ​សំ​ខាន់​ៗនៃ​ការវាយតម្លៃ​គម្រោង​សាច់រឿង​នី​មួយ​ៗ បូករួម​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​រយៈពេល ៥នាទី​របស់​សិក្ខាកាម​នៅក្នុង​សិក្ខាសាលា។

គម្រោង​ទិន្នន័យ​ស្តី​ពី ព្រៃឈើ​ ដោយ Saowalak​ Jingjungvisut ដែល​ជា​បុគ្គលិក​ទទួលបន្ទុក​ផ្នែក​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​ និង​ភាពជា​ដៃ​គូរ នៃ Open Development Mekong (ODM)​ ទទួល​បាន​ជ័យលាភី​លេខ​ ១ ខណៈ​គម្រោង​សាច់រឿង ការប្រើ​ប្រាស់​អគ្គិសនី​ ទទួល​បាន​ជ័យលាភី​លេខ ២ ផលិត​ឡើង​ដោយ លោក ម៉ៅ សំណាង​ដែល​ជា​អ្នកសារព័ត៌មាន​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ ភី​អិន​អិន​(PNN​ TV​) និង​ជ័យលាភី​លេខ ៣ បាន​ទៅលើ​គម្រោង​សាច់រឿង​ស្តី​ពី តំបន់​អនាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​កញ្ញា លី វិច្ឆិកា ដែល​ជាម​ន្ត្រី​អង្គការ Planete Enfants &​; Development​។ ខណៈ​ជ័យលាភី​លេខ ៤ និង លេខ៥ ត្រូវ​បាន​ទទួលស្គាល់​ជា​គម្រោង​សាច់រឿង​ទិន្នន័យ​គួ​ឲ្យ​កោតសរសើរ​ ដែល​ធ្វើឡើង​ពាក់ព័ន្ធ​អំពី​ការអភិវឌ្ឍន៍​ជំនាញ​ និង​កម្មវិធី​អំណាន​នៅ​ថ្នាក់ដំបូង​នៅ​កម្ពុជា​។ ជ័យលាភី​កំ​ពូល​ៗ ទាំង​បី​ត្រូវ​បាន​ផ្តល់​កិត្តិយស​ដោយ​ទទួល​បាន​ពានរង្វាន់ និង​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សមិទ្ធិ​ផល។

អ្នក​ជាប់​ជ័យលាភី​លេខ ១ Saowalak​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កម្មវិធី​នេះ​ដោយ​បន្ថែម​ថា វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើឲ្យ​នាង​មាន​កម្លាំងចិត្ត​ និង​មានទំនុក​ចិត្ត​ក្នុង​ការប្រើ​ប្រាស់​ព័ត៌មាន​ដែល​សំខាន់ រួម​ជាមួយនឹង​ជំនាញ​ដែល​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ ក្នុង​ការអនុវត្ត​ទៅលើ​ការស្រាវជ្រាវ​ផ្អែកលើ​ទិន្នន័យ​របស់​ខ្លួន​ដោយ​ជោគជ័យ។ គាត់​មាន​ប្រសា​សា​ន៍​ថា “ជា​រួម ខ្ញុំ​អាច​អនុវត្ត​ជាក់ស្តែង​នូវ​ជំនាញ​ដែល​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ភ្លាម​ៗ និង​ប្រើប្រាស់​ចំណេះដឹង​ដ៏​មានប្រយោជន៍​ទាំងនេះ​ដល់​ការ​បណ្តុះបណ្តាល​ស្រដៀងគ្នា សម្រាប់​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​ព្រៃឈើ​នៅក្នុង​ប្រទេស​ថៃ។ ខ្ញុំ​ពិតជា​អរគុណ​ខ្លាំង​ណាស់​ដែល​មានឱកាស​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​”។

ស្រដៀងគ្នា​នេះ​ដែរ សំណាង បាន​និយាយ​ថា​អក្ខរកម្ម​ទិន្នន័យ​គឺជា​ប្រធានបទ​ថ្មី​ចំពោះ​គាត់​ ហើយ​បើ​គ្មាន​ការ​គាំទ្រ​ពី​គ្រូបង្គោល​ទេ​នោះ វា​ពិតជា​ពិបាក​ខ្លាំង​សម្រាប់​គាត់​ក្នុង​ការអនុវត្ត​ផ្ទាល់​អំឡុង​ពេល​កម្មវិធី​បណ្តុះបណ្តាល​នេះ។ លោក​បាន​បន្ត​ទៀត​ថា “ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ជាច្រើន​ពី​វគ្គ​បណ្តុះបណ្តាល​ ខ្ញុំ​គិតថា​ជំនាញ​ទិន្នន័យ​នេះ ពិតជា​ចាំបាច់​សម្រាប់​ការងារ​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​អាច​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការពិភាក្សា​ណាមួយ​ ឬផលិត​រឿង​ដែល​ផ្អែកលើ​ទិន្នន័យ​នៅកន្លែង​ការងារ​របស់ខ្ញុំ​”។

mao-samnang-min

លោក ម៉ៅ សំណាង, អ្នកសារព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន

ក្រៅពី​ការ​បណ្តុះបណ្តាល គម្រោង​ទិន្នន័យ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​

កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​របស់​អូ​ឌី​ស៊ី​ ត្រូវ​បាន​គេ​មើលឃើញ​ជាទូទៅ​ថា​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៅក្នុង​អក្ខរកម្ម​ទិន្នន័យ និង​ជា​កម្មវិធី​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំ​ខាន់​ក្ន​ងការ​លើកស្ទួយ​អក្ខរកម្ម​ឌីជីថល ក៏ដូចជា​បង្កើន​ជំនាញ​វិជ្ជាជីវៈ​លើ​ការផលិត​សាច់រឿង​ ដោយ​ផ្អែកលើ​ទិន្នន័យ​ច្បាស់លាស់ និង​ដែល​មាន​ភស្តុតាង​ជាក់ស្តែង។ ព័ត៌មាន​ខាងក្រោម​បង្ហាញ​ពី​ពេលវេលា និង​ការអនុវត្ត​គម្រោង៖

លោក គុណ ចិន្តា ប្រធាន​ផ្នែក​កម្មវិធី និង​មាតិកា​របស់​អង្ក​ការ​ អូ​ឌី​ស៊ី បាន​លើកឡើង​ថា​អូ​ឌី​ស៊ី​នៅតែ​មាន​ផែនការ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការអនុវត្ត​វគ្គ​បណ្តុះបណ្តាល​ អក្ខរកម្ម​ទិន្នន័យ​នេះ​បន្ត​ទៀត ទោះបីជា​កម្មវិធី​នេះ​នឹង​ត្រូវ​បញ្ចប់​នា​ពេល​ឆាប់​ៗនេះ​ក៏ដោយ។ លោក​បាន​មានប្រសាសន៍​បន្ត​ថា “ថ្មី​ៗនេះ យើង​បាន​កំពុង​កៀរគរ ធនធាន​ទាំង​ក្នុង និង​ខាងក្រៅ​ ដើម្បី​បង្កើត​វគ្គ​បណ្តុះបណ្តាល​ស្រដៀងគ្នា​នៅពេល​ខាងមុខ។ ហើយ​ក្នុងនាម​តំណាង​ឲ្យ​អង្គការ​ ខ្ញុំ​សូម​បង្ហាញ​ការគោរព និង​ការ​ដឹងគុណ​ចំពោះ​អ្នកចូលរួម និង​ការចូលរួម​យ៉ាងសកម្ម​របស់​ពួក​គេ​នៅក្នុង​សកម្មភាព​បណ្តុះបណ្តាល​នេះ។ ក្រុមការងារ អូ​ឌី​ស៊ី នឹង​បន្ត​ធ្វើការ​ជាមួយ​ពួក​គេ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​គម្រោង​សាច់រឿង​ទិន្នន័យ​របស់​ពួក​គេ​”។

អ្នកគ្រប់គ្រង​ទូទៅ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM​) លោក ស្រី សុ​ភ័ក្ត្រ ក៏បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល នេះ ហើយ​លោក​បាន​មានប្រសាសន៍​ថា​លោក​បាន​ប្រើប្រាស់​ និង​អនុវត្ត​ជំនាញ​ដែល​បាន​រៀន​ទៅ​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​លោក។ លោក​បន្ថែម​ថា “បន្ទាប់ពី​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ជាមួយ​ អូ​ឌី​ស៊ី នេះ ខ្ញុំ​បាន​ទទួល​នូវ​ចំណេះដឹង​លើ​ការវិភាគ និង​បកស្រាយ​ទិន្នន័យ​តាម​ក្បួនខ្នាត​វិធី​សាស្រ្ត​ត្រឹមត្រូវ​ និង​សម​ហេតុផល ការ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ទិន្នន័យ អាច​ជួយ​ខ្ញុំ​អោយ​ជម្នះ​ឧបសគ្គ​នេះ​បាន។ ចុងក្រោយ​ខ្ញុំ​បាន​រៀន​ពី​របៀប​ប្រើប្រាស់ ព័ត៌មាន​ជា​រូបភាព ឱ្យ​សាក​សម​ទៅ​នឹង​ខ្លឹមសារ​មាតិកា​ ហើយ​វា​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ជូនដំណឹង​យ៉ាង​ទូលំទូលាយ​ដល់​ទស្សនិកជន​ទូទៅ​”។

srey-sopheak-min

អ្នកគ្រប់គ្រង​ទូទៅ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM​)

យោង​តាម លោក សុ​ភ័ក្ត្រ ក្រុម​របស់​លោក​បាន​ផលិត​រឿងរ៉ាវ​ដែល​ផ្អែកលើ​ទិន្នន័យ​កាន់តែ​ច្រើនឡើង​ក្នុង​ទម្រង់​ជា​ ព័ត៌មាន​ជា​រូបភាព​ពាក់ព័ន្ធ​នឹង​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ ហើយ​ខណៈ​ដែល​អត្ថបទ​ជា​ភាសាអង់គ្លេស​ក៏​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០​ នេះ​ដែរ។

អក្ខរកម្ម​ទិន្នន័យ ជា​សមត្ថភាព​ក្នុង​ការយល់​ ការ​អាន និង​ការវិភាគ​ដោយ​ប្រើប្រាស់​ព័ត៌មាន​ជា​ទិន្នន័យ។ អក្ខរកម្ម​ទិន្នន័យ​ ក៏​ជា​សមត្ថភាព​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​ដែល​មានខ្លឹមសារ​ចេញពី​ទិន្នន័យ​អ្វីមួយ។