ក្រសួងមហាផ្ទៃ ណែនាំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយដែលបានធ្វើឡើងនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ និងបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កម្មវត្ថុនៃសេចក្តីជូនដំណឹងនេះ គឺស្តីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដោយយោងតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដូចខាងក្រោម៖
- សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានបំណងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្តណាមួយ អាចជូនដំណឹងមកក្រសួងមហាផ្ទៃ អំពីការបើកសាខាសម្រាប់ប្រតិបត្តិការ ឬអនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងរាជធានី ខេត្តនោះ ឬជូនដំណឹងដោយផ្ទាល់ទៅរដ្ឋបាលរាជធានីខេត្តនោះ ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៣ ថ្ងៃ មុនការចាប់ផ្តើមអនុវត្តសកម្មភាពដោយភ្ជាប់ជាមួយនូវគម្រោងសកម្មភាពរបស់ខ្លួន។
- រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងឡាយណាដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របច្បាប់កំណត់ និងចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះចេញពីបញ្ជី ឬផ្អាកសកម្មភាព ហើយនៅតែបន្តធ្វើសកម្មភាពទៀត។ ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការតាមផ្លូវច្បាប់ រួចហើយរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ