សេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
សេចក្តីថ្លែងការណ៍រួម ដែលចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អានុទីន ឆានវីរៈគុណ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ពួកគេចំពោះ សន្តិភាព សន្តិសុខ និងដំណោះស្រាយជម្លោះដោយសន្តិវិធី។ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ ចៀសវាងពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការគោរពច្បាប់អន្តរជាតិ និងព្រំដែនអន្តរជាតិដែលមានស្រាប់។
លទ្ធផលដ៏សំខាន់មួយនៃការប្រជុំនេះ គឺការចុះហត្ថលេខាលើ លក្ខខណ្ឌយោង (TOR) សម្រាប់ការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានបុគ្គលិកមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធានាបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយពេញលេញ និងប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទាំងពីរក៏បានយល់ព្រមអនុវត្តគ្រប់កិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ ផងដែរ។ ជាពិសេស សេចក្តីប្រកាសនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងវត្តមាន និងការគាំទ្រពី ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និង នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ឹម នៃប្រទេសម៉ាឡេស៊ី ដែលជាសាក្សីក្នុងការចុះហត្ថលេខាផងដែរ។ ប្រទេសទាំងពីរបានទទួលស្គាល់ជាពិសេសនូវ «ការរួមចំណែកដ៏សំខាន់» របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការជំរុញការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្កា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
