លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​

​កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ ឯកឧត្តម​ Lee​ Jae​ Myung​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ (ROK)​ បាន​អះអាង​ជា​ថ្មី​នូវ​ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ របស់​ប្រទេស​ទាំង​ពីរ​ និង​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ដែល​បាន​កសាង​ឡើង​អស់​រយៈពេល​ជិត​បី​ទសវត្សរ៍​។​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ ក្រុមការងារ​ចម្រុះ​មួយ​នៅ​ខែវិច្ឆិកា​ ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ផ្តោត​សំខាន់​លើ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​កូរ៉េ​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​វិជ្ជមាន​នេះ​ ប្រធានាធិបតី​ Lee​ បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ​ ដោយ​សន្យា​ពិចារណា​ដោះស្រាយ​ បញ្ហា​ពលកម្ម​ និង​ ការ​បន្ទាប​កម្រិត​នៃ​ការ​ប្រកាស​អាសន្ន​នៃ​ការ​ធ្វើ​ដំណើរ​។​ ចុង​ក្រោយ​ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ជំរុញ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ទាក់ទាញ​ ការ​វិនិយោគ​ពី​កូរ៉េ​ មក​កម្ពុជា​ និង​លើកកម្ពស់​ ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf