សេចក្តីប្រកាសព័ត៌មាន៖ ជំនួយសង្គ្រោះបន្ទាន់មនុស្សធម៌ ដើម្បីគាំទ្រដល់ជនភៀសសឹកក្នុងស្រុក (IDPs) តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា (កបក) បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងជាថ្មីនៃជម្លោះតាមព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ដែលបណ្តាលឱ្យមានជនភៀសសឹកសរុប ៥៧.០០០គ្រួសារ (ស្មើនឹង ១៩៧.១៧៣នាក់) ត្រូវបានជម្លៀសចេញ គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ នៅទូទាំងខេត្តចំនួន ៦។ ជម្លោះនេះក៏បានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ ១០នាក់ (រួមទាំងទារកម្នាក់) និងរងរបួស ៦០នាក់ ផងដែរ។ កបក បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារជនភៀសសឹកជាង ៧.០០០គ្រួសារ នៅក្នុងតំបន់សុវត្ថិភាព ហើយគ្រោងនឹងបន្តផ្តល់ជំនួយដល់គ្រប់ខេត្តដែលរងផលប៉ះពាល់។ បុគ្គលិក និងអ្នកស្ម័គ្រចិត្ត កបក កំពុងជួយយ៉ាងសកម្មក្នុងការជម្លៀស ការគ្រប់គ្រងជំរំ ការផ្តល់ជំនួយសង្គ្រោះបឋម និងការថែទាំក្រុមងាយរងគ្រោះ។ កបក ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យបន្តបរិច្ចាគមូលនិធិ ឬសម្ភារៈ ដើម្បីធានាបាននូវធនធានគ្រប់គ្រាន់សម្រាប់ការបន្តជំនួយដល់ជនភៀសសឹកក្នុងស្រុក។
កាកបាទក្រហមកម្ពុជា
