សេចក្តីជូនព័ត៌មានស្តីពី កិច្ចជំនួបសំដែងការគួរសម និងពិភាក្សាជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីកិច្ចជំនួបសំដែងការគួរសម និងពិភាក្សាជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា។
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសំដែងការគួរសម និងពិភាក្សា ជាមួយ លោកស្រី Sandra Bernklau តំណាងថ្មី នៃមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការក្នុងកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព ពិសេសលើគោលដៅទី ៥ “ការសម្រេចឱ្យបានសមភាពយេនឌ័រ និងពង្រីកភាពអង់អាចរបស់ស្ត្រី និងកុមារីគ្រប់រូប” ដោយបានកាត់បន្ថយអត្រាមរណភាពមាតាជិតពីរភាគបី ក្នុងរយៈពេលជាង ២០ឆ្នាំ កន្លងមកនេះ ។ ជាមួយគ្នានេះ លោកស្រី បានកោតសរសើររាជរដ្ឋាភិបាល លើកិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយបានបញ្ជាក់នឹងបន្តគាំទ្រលើវិស័យអាទិភាពកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសថ្មី ។ កិច្ចជំនួបនេះ ត្រូវបានបញ្ចប់ ប្រកបដោយភាពស្និទ្ធស្នាល និងការពេញចិត្តលើទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា