សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា។
នៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា។
សេចក្តីសង្ខេបនៃកិច្ចសន្ទនាមាន៖ ១. ជាការចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី អ៊ីវ៉ាយ៉ា បានបង្ហាញកង្វល់យ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃដែលកំពុងកើតឡើង ។ ឯកឧត្តមបានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ២. ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ពីគោលជំហររបស់កម្ពុជានិងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់។
ស្ថានទូតជប៉ុននៅកម្ពុជា