​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៥

​នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២៥​ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​រៀបរាប់​លម្អិត​អំពី​លទ្ធផល​នៃ​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​នីតិកាល​ទី​៥​ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ដោយ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​ ៦០​រូប​។​ អង្គប្រជុំ​បាន​ពិនិត្យ​របាយការណ៍​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ស្តី​ពី​សកម្មភាព​របស់​ព្រឹទ្ធសភា​នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣​ និង​លើក​ទី​៤​ (​ថ្ងៃ​ទី​៧​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០២៥)​។​

​សមិទ្ធផល​នីតិកម្ម​សំខាន់ៗ​រួម​មាន​ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​ ៧​លើក​ និង​កិច្ចប្រជុំ​ព្រឹទ្ធសភា​វិសាមញ្ញ​ចំនួន​ ៤​លើក​ ដើម្បី​ពិនិត្យ​ហើយ​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៤​ ព្រមទាំង​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ១​រូប​។​ ព្រឹទ្ធសភា​ក៏​បាន​បំពេញ​មុខងារ​តំណាង​ផង​ដែរ​ ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទាំង​ ៨​ បាន​រៀបចំ​ពិធី​សំណេះសំណាល​ចំនួន​ ៣២​លើក​ ដើម្បី​តាមដាន​ការ​ផ្តល់​សេវា​សាធារណៈ​ ការ​អភិវឌ្ឍ​មូលដ្ឋាន​ និង​សកម្មភាព​ឈ្លានពាន​របស់​កម្លាំង​ទ័ព​ថៃ​។​ លើស​ពី​នេះ​ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ព្រឹទ្ធសភា​បន្ត​ពង្រីក​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ព្រឹទ្ធសភា​ ដោយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការទូត​សភា​ រួម​ទាំង​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​ការ​ពិភាក្សា​ជាមួយ​ភ្ញៀវ​អន្តរជាតិ​ ក្នុង​ពេល​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដែល​បង្ក​ដោយ​ភាគី​ថៃ​។​

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា

ទាញយក៖ pdf