សេចក្តីថ្លែងការណ៍​ពិសេស​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ស្តី​ពី​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នៅ​ភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​កងកម្លាំង​សមត្ថកិច្ច​ថៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៥​ ដែល​បាន​ចោទប្រកាន់​ថា​បាន​រំលោភ​បំពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា​ ក្នុងភូមិ​ព្រៃ​ចាន់​ ខេត្តបន្ទាយមានជ័យ​ ដោយ​បាន​ធ្វើ​សកម្មភាព​រាវ​មីន​ និង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​លើ​ដី​ដែល​ពួក​គេ​បាន​ព័ទ្ធ​របង​លួស​ កាលពី​ខែសីហា​ ឆ្នាំ​២០២៥​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ទ​ង្វើ​នេះ​ថា​ជា​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​ យ៉ាង​កំរោល​ និង​យ៉ាង​គឃ្លើន​បំផុត​ លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ថៃ​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ​។​ សេចក្តីថ្លែងការណ៍​បាន​អះអាង​ថា​ សកម្មភាព​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ (​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៥)​ ស្មារតី​នៃ​កិច្ចប្រជុំ​ GBC​ និង​ RBC​ អនុស្សរណៈ​យោគយល់​គ្នា​ (MOU)​ ឆ្នាំ​២០០០​ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ដោយ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​។​ កម្ពុជា​ទាមទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ទ​ង្វើ​រំលោភ​បំពាន​ និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ថ្កោលទោស​ចំពោះ​អំពើ​ឈ្លានពាន​នេះ​។​

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល

ទាញយក៖ pdf