បច្ចុប្បន្នភាព​ស្ដី​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​ ថ្ងៃ​ទី​ ១៣-១៥​ ខែតុលា​ ឆ្នាំ​២០២៥​

​នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​ពី​បច្ចុប្បន្នភាព​ស្តី​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​ ថ្ងៃ​ទី​១៣-១៥​ ខែតុលា​ ឆ្នាំ​២០២៥​។​ ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​បន្ត​អនុវត្ត​​​កិច្ច​ខិតខំ​ប្រឹងប្រែង​​ផ្នែក​ការទូត​ ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ជួប​ពិភាក្សា​ជាមួយ​​ឧបនាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ​​អំពី​ស្ថានការណ៍​ព្រំដែន​។​ លោក​ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​ទាក់ទង​នឹង​ការ​ចាក់​សម្លេង​ខ្មោច​ និង​សម្លេង​ផ្សេងៗ​ទៀត​ខ្លាំងៗ​ ដោយ​ភាគី​ថៃ​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​រំខាន​ដល់​ពលរដ្ឋ​កម្ពុជា​រស់នៅ​ភូមិ​ជោគជ័យ​ និង​ភូមិ​ព្រៃ​ចាន់​ អស់​រយៈពេល​ប្រមាណ​ ៤​យប់​មក​ហើយ​។​

​ក​ម្ព​ជា​បាន​អះអាង​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​​របស់​ខ្លួន​ក្នុង​ការ​រក្សា​ជំហរ​សន្តិភាព​ និង​ប្រកប​ដោយ​​ភាព​អត់ធ្មត់​ ដោយ​សង្កត់ធ្ងន់​ថា​ ខ្លួន​មិន​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​​នៃ​ប្រទេស​ទាំង​ពីរ​រង​​គ្រោះ​កាន់​តែ​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​បន្ថែម​ទៀត​ឡើយ។​ ហើយកម្ពុជា​នៅ​តែបន្ត​​ស្វែងរក​ដំណោះស្រាយ​បញ្ហា​​តាម​រយៈ​យន្តការ​ទ្វេភាគី​ ​​​​គោរព​ធម្មនុញ្ញ​អាស៊ាន​ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ និង​ច្បាប់​អន្តរជាតិ​នានា​។​ ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​ «​សន្តិភាព​គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់​ ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​រួម​របស់​យើង​»​។​ ជាមួយ​គ្នា​នេះ​ កម្ពុជា​បាន​អំពាវនាវ​ដល់​ភាគី​ថៃ​ឱ្យ​មានការ​ដោះ​លែង​កងទ័ព​កម្ពុជា​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ទាំង​ ១៨​រូប​ ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ប្រកបដោយ​សុខ​សុវត្ថិភាព​ ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf