វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វី​ដ​-១៩​

​វិស័យ​កសិកម្ម​ នៅ​តែ​ត្រូវ​បាន​គេ​ចាត់ទុកជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​ ប្រជាជន​ប្រមាណ​ជា​ ៧៦%​ នៃ​ចំនួន​ប្រជាជន​សរុប​ កំពុង​រស់នៅ​តំបន់​ជនបទ​ ខណៈ​វិស័យ​កសិកម្ម​បាន​ផ្តល់​ការងារ​ចំនួន​ ៣១,២%​ នៃ​ចំនួន​ការងារ​សរុប​ និង​បាន​ចូលរួម​ចំណែក​ ២០,៧%​ ចូល​ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ផ​.​ស​)​ ក្នុង​ឆ្នាំ​២០១៩​។1​ យ៉ាងណាមិញ​ វិបត្តិ​សកល​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ រួម​ទាំង​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ដើរ​ថយក្រោយ​។​ កម្ពុជា​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​អាក្រក់​បំផុត​ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដោយ​ប្រៀបធៀប​លើ​ភាគរយ​នៃ​ការ​បាត់បង់​ផ្នែក​សេដ្ឋកិច្ច​ទៅ​នឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​។​2 របាយការណ៍​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បង្ហាញ​ថា​ កម្ពុជា​នឹង​ខាតបង់​ប្រមាណ​ជា​ ៣៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ស្មើនឹង​ ១,១៥%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​3

រូបភាពនៃវាលស្រូវរបស់ប្រទេសកម្ពុជានៅក្បែរវាលពិឃាតជើងឯកជាយរាជធានីភ្នំពេញ. រូបភាពដោយ៖ Alan Morgan, ថតនៅថ្ងៃទី ១៩ តុលា ឆ្នាំ២០០៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

​ការ​ផ្ទុះ​ឡើង​នៃ​វ៉ី​រ៉ូ​ស​នេះ​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើរ​យ៉ាង​ខ្លាំង​ទៅ​ដល់​សសរស្ដម្ភ​នៃ​សេដ្ឋកិច្ចជាតិ​រួម​មាន​ជា​អាទិ៍​ វិស័យ​ទេសចរណ៍​ដែល​បណ្ដាល​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ដែល​បណ្ដាល​ពី​ផល​ប៉ះពាល់​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ និង​តម្រូវការ​សកល​ និង​វិស័យ​សំណង់​ដែល​បណ្ដាល​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​វិនិយោគ​។4​ ជា​រួម​មក​ ក្នុង​ឆ្នាំ​២០១៩​ វិស័យ​ទាំង​បី​ខាងលើ​នេះ​បាន​ចូលរួម​ចំណែក​ច្រើន​ជាង​ ៧០%​ នៃ​កំណើន​សេដ្ឋកិច្ចជាតិ​ ព្រមទាំង​បង្កើត​ការងារ​ប្រមាណ​ ៤០%​ នៃ​ការងារ​សរុប​។5​ ការ​ធ្លាក់​ចុះ​យ៉ាងដំណំ​នៃ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ទាំងនេះ​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​បាក់​ស្រុត​ ជាមួយនឹង​អត្រាកំណើន​អវិជ្ជមាន​ -២,៩%​ ដែល​ជា​អត្រា​មួយ​ទាប​បំផុត​គិត​ចាប់ពី​ឆ្នាំ​១៩៩៤​ មក​។​6

​យ៉ាងណា​ក៏​ដោយ​ ជំងឺ​កូ​វី​ដ​-១៩​ ហាកបីដូចជា​មិន​ប៉ះពាល់​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម​កម្ពុជា​ប៉ុន្មាន​ទេ​ ផ្ទុយ​ទៅ​វិញ​វា​បាន​ក្លាយជា​ទៅ​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​ការ​បង្កើន​ផលិតភាព​ និង​ផលិតកម្ម​ ដើម្បី​ផ្គត់ផ្គង់​ទៅ​ដល់​តម្រូវការ​នៃ​ផលិតផល​កសិកម្ម​លើ​ទីផ្សារ​ដែល​កំពុង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ និង​កាត់​បន្ថយ​ការ​នាំ​ចូល​ផ​លិ​ផល​កសិកម្ម​ពី​ប្រទេស​ជិតខាង​។​7

​វិស័យ​កសិកម្ម​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​តែ​មួយ​គត់​ដែល​មិនសូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ព្យុះ​នៃ​វិបត្តិ​កូ​វី​ដ​-១៩​។​ ក្នុង​ចំណោម​ផលិតផល​កសិកម្ម​ទាំងអស់​ ស្រូវ​គឺជា​ផលិតផល​កសិកម្ម​សំខាន់​ជាងគេ​ ដែល​បាន​ចូលរួម​ចំណែក​ជិត​ពាក់កណ្ដាល​នៃ​វិស័យ​កសិកម្ម​ទាំងមូល​ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ផ​.​ស​)​8 និង​មានការ​នាំ​ចេញ​ស្រូវ​-​អង្ករ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារ​ការ​កើនឡើង​តម្រូវការ​សរុប​។​ គិត​ត្រឹម​រយៈពេល​ ០៩​ ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២០​ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ចំនួន​ ៣៨,៣%​ ធៀប​នឹង​ឆ្នាំ​មុន​ ពោល​គឺ​ការ​នាំ​ចេញ​អង្ករ​សម្រេច​បាន​ ០,៤៨​ លាន​តោន​។​9

​វិស័យ​កសិកម្ម​មិនសូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​នៅ​មាន​ភាព​ទន់ខ្សោយ​ដែល​ពិបាក​នឹង​ស្រូប​យក​កម្មករ​និ​យោ​ជិ​ក​ដែល​ត្រូវ​បាន​រំសាយ​ពី​ការងារ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​។​ ជំងឺ​កូ​វី​ដ​-១៩​ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​វិស័យ​សេវាកម្ម​ ជា​ពិសេស​វិស័យ​បដិសណ្ឋារកិច្ច​ ទេសចរណ៍​ និង​វិស័យ​ឧស្សាហកម្ម​ ដែល​ផ្ដល់​ការងារ​ចំនួន​ ៦២០,០០០​នាក់​។10​ ទោះបីជា​ស្ថានភាព​សុខភាព​របស់​កសិករ​កម្ពុជា​មិនសូវ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ពួក​គេ​បាន​ទទួល​រង​សម្ពាធ​ខាង​ផ្នែក​សេដ្ឋកិច្ច​ជំនួស​វិញ​។​11 ដោយសារ​តែ​ការ​អភិវឌ្ឍ​នូវ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នៅ​មាន​កម្រិត​ និង​បញ្ហា​ធ្លាក់​ថ្លៃ​ពេល​ប្រមូល​ផល​ កសិករ​ខ្លះ​មាន​ភាព​លំបាក​ក្នុង​ការ​សងបំណុល​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ហើយ​ខ្លះ​ទៀត​បាន​បង្ខំចិត្ត​លក់​ដី​ ឬ​លក់​ទិន្នផល​កសិកម្ម​ក្នុង​តម្លៃ​ថោក​ដើម្បី​យក​ទៅ​សងបំណុល​ ខណៈ​ពេល​ដែល​កសិករ​ចំនួន​ ២៩,២%​ ផ្សេង​ទៀត​បាន​ខ្ចី​ឥណទាន​ថ្មី​ដើម្បី​យក​មក​សងបំណុល​ចាស់​។​12 បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គការ​កសិករ​ពិភពលោក​ (WFO)​ អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ កសិករ​ក្រីក្រ​បាន​ជួបនឹង​បញ្ហា​ប្រឈម​ក្នុង​ការ​បែងចែក​ប្រាក់​ចំណូល​ដើម្បី​ទុក​ទិញ​ផលិតផល​សុខាភិបាល​ គួប​ផ្សំ​ជាមួយនឹង​ការ​ធ្លាក់​ចុះ​នូវ​វត្តមាន​របស់​ឈ្មួញកណ្ដាល​ និង​កង្វះខាត​មធ្យោបាយ​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​។​13

​ផល​ប៉ះពាល់​មួយទៀត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ គឺ​ការ​រឹត​បន្តឹង​ ឬ​ការ​បិទ​ព្រំដែន​ប្រទេស​ និង​ការ​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ទីផ្សារ​។​ យោង​ទៅ​តាម​ការ​វាយតម្លៃ​រហ័ស​ពី​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ទៅ​លើ​កសិកម្ម​ និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​នៅ​លើ​ទីផ្សារ​មានការ​ថយ​ចុះ​ ដោយសារ​មានការ​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​។14​ នៅ​ឆ្នាំ​២០២០​នេះ​ ការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​រំពឹង​ថា​អាច​បំពេញ​បាន​តែ​៦៨%​ នៃ​តម្រូវការ​ក្នុងស្រុក​សរុប​ ការ​ផ្គត់ផ្គង់​សាច់​អាច​បំពេញ​បាន​ប្រហែល​ ៨២%​ នៃ​តម្រូវការ​ក្នុងស្រុក​សរុប​ ស្រប​ពេល​ដែល​ការ​ផ្គត់ផ្គង់​ត្រី​ និង​អង្ករ​ក្នុងស្រុក​ គឺ​គ្រប់​តាម​តម្រូវការ​ក្នុងស្រុក​ និង​មាននៅ​សល់​សម្រាប់​ការ​នាំ​ចេញ​ទៀត​ផង​។​15

​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ ការ​វិនិយោគសាធារណៈ​ និង​ការ​វិនិយោគឯកជន​នៅ​លើ​វិស័យ​កសិកម្ម​បាន​មានការ​កើនឡើង​ ដោយសារ​មានការ​ផ្ដោត​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ និង​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម​។​ ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​តិចតួច​ក្នុង​ការ​កែ​ច្នៃ​ផ​លិ​ផល​កសិកម្ម​ ផល​នេសាទ​ និង​បសុសត្វ​ ទៅ​ជា​ផលិតផល​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ ដោយហេតុ​ថា​មាន​ភាព​ខ្វះខាត​ និង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ​ដូច​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។16​ ការ​ផ្ដល់​កម្ចី​ទៅ​ដល់​វិស័យ​កសិកម្ម​មានការ​កើនឡើង​ ដោយសារ​កំណើន​តម្រូវការ​នៃ​ផលិតផល​កសិកម្ម​នៅ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩​ ទោះបីជា​មានការ​ថយ​ចុះ​នៃ​កំណើន​ឥណទាន​ក្នុងស្រុក​ជា​រួម​យ៉ាងណា​ក្ដី​។​ ក្នុង​រយៈពេល​ ០៧​ ខែ​ដំបូង​នៅ​ឆ្នាំ​២០២១​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​ក្នុង​វិស័យ​កសិកម្ម​ រួម​ទាំង​ឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម​ មាន​ចំនួន​ ១០០​ លាន​ដុល្លារ​ កើន​ពី​ ៣៤​ លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៩​។​17

​វិស័យ​កសិកម្ម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ ដោយសារ​តែ​មានការ​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​បណ្ដា​ប្រទេស​ជិតខាង​។​ ប្រមុខរ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ថ្លែង​ថា​ វា​គឺជា​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​ការ​ងើបឡើង​វិញ​ ខណៈ​ដែល​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​ កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ដោយសារ​ឥទ្ធិពល​ជំងឺ​កូ​វី​ដ​-១៩​18​ ឃើញ​ដូចនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការណ៍​ ឬ​គោលនយោបាយ​ជា​ច្រើន​ ដើម្បី​គាំទ្រ​ទៅ​ដល់​វិស័យ​កសិកម្ម​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ​។​ ដោយនៅ​ដើមឆ្នាំ​ ២០២០​ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ជា​ពិសេស​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅ​ដល់​ក្នុង​ការ​ជំរុញ​ផលិតភាព​កសិកម្ម​ និង​ទ្រទ្រង់​សេដ្ឋកិច្ច​។​ បន្ថែម​ពីលើ​នេះ​ រាជរដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ ពន្យារពេល​ និង​កែសម្រួល​ការ​សង​ឥណទាន​ទៅ​ដល់​ប្រជា​កសិករ​ឡើង​វិញ​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ទិញ​នូវ​កត្តាផលិតកម្ម​ ឬ​ធាតុ​ចូល​កសិកម្ម​ផ្សេងៗ​ សម្រាប់​ទ្រទ្រង់​ទៅ​ដល់​ដំណើរការ​ធ្វើ​កសិកម្ម​។​19

​ស្រប​ពេល​គ្នា​នេះ​ដែរ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ កម្ពុជា​-​ចិន​ ត្រូវ​បាន​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២១​ នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA)​ ដំបូង​គេ​បង្អស់​ដែល​ប្រទេស​កម្ពុជា​មាន​ជាមួយ​ប្រទេស​ចិន​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា​។20​ ភាគច្រើន​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ គឺជា​ផលិតផល​កសិកម្ម​ធម្មតា​ ឬ​ផលិតផល​ដែល​មាន​តម្លៃបន្ថែម​ក្នុងស្រុក​ទាប​។​ ជាក់ស្ដែង​ ស្បែក​សត្វ​ធម្មជាតិ​ និង​រោមសត្វ​សិប្បនិម្មិត​ ដែល​ជា​ផលិតផល​នាំ​ចេញ​ច្រើន​ជាងគេ​បង្អស់​របស់​កម្ពុជា​ទៅ​កាន់​ចិន​មាន​ចំនួន​ ២៥%​ និង​ស្រូវ​-​អង្ករ​ដែល​ជា​ផលិតផល​នាំ​ចេញ​ច្រើន​ជាងគេ​ទី​បី​មាន​ចំនួន​ ១៥,៤%​។​21 ជាមួយនឹង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ កម្ពុជា​រំពឹង​ថា​នឹង​ផ្តោះ​ប្តូរ​ទំនាក់ទំនង​បច្ចេកវិទ្យា​ និង​អភិវឌ្ឍន៍​បច្ចេកទេស​កសិកម្ម​ឱ្យ​កាន់តែ​មាន​ផលិតភាព​បន្ថែម​ទៀត​។​22

​បើ​តាម​អ្នក​អង្កេត​ការណ៍​នៅ​ក្នុង​វិស័យ​មួយ​នេះ​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​៖

  •  ​ជំរុញ​លើកកម្ពស់​បន្ថែម​ទៀត​លើ​ការ​ចែករំលែក​បច្ចេកទេស​កសិកម្ម​ គ្រាប់ពូជ​ ជី​កសិកម្ម​ និង​ថ្នាំ​សំលាប់​សត្វល្អិត​
  • ​ ​បង្កើន​ការ​វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​
  • ​ផ្តល់​ការ​ឧបត្ថម្ភ​ធន​ រួម​មាន​ប្រាក់​កម្ចី​ និង​ជំនួយ​ឥត​សំណង​ ដើម្បី​ធានា​និរន្តរភាព​នៃ​ដំណើរការ​ផលិតកម្ម​ និង​ការ​ផ្គត់ផ្គង់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​
  • ​ពង្រឹង​ចលនា​ “​ភូមិ​មួយ​ផលិតផល​មួយ​”​ និង​ធានា​ថា​ផលិតផល​កសិកម្ម​នឹង​មាន​ទីផ្សារ​។​ ប្រការ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ទៅ​លើ​សេដ្ឋកិច្ច​។​23

​សរុបសេចក្ដី​មក​ វិស័យ​កសិកម្ម​នៅ​កម្ពុជា​ គឺជា​សសរស្ដម្ភ​សេដ្ឋកិច្ច​តែ​មួយ​គត់​ដែល​អាច​ឆ្លងកាត់​ព្យុះ​នៃ​វិបត្តិ​សកល​កូ​វី​ដ​-១៩​។​ វិស័យ​នេះ​មាន​កំណើន​វិជ្ជមាន​ ១,៥%​ ក្នុង​ឆ្នាំ​២០២០​ ស្រប​ពេល​ដែល​សសរស្ដម្ភ​សេដ្ឋកិច្ច​ទាំង​បី​ផ្សេង​ទៀត​របស់​កម្ពុជា​ដូច​ជា​ផលិតកម្ម​នាំ​ចេញ​ (​វាយនភ័ណ្ឌ​)​ វិស័យ​ទេសចរណ៍​ និង​វិស័យ​សំណង់​ សុទ្ធតែ​រង​ផល​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដោយសារ​តែ​វិបត្តិ​ផ្គត់ផ្គង់​ និង​តម្រូវការ​សកល​។24ជំងឺ​កូ​វី​ដ​-១៩​ បាន​ក្លាយជា​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុង​ការ​បង្កើន​ផលិតភាព​របស់​ខ្លួន​ ដោយសារ​តែ​មាន​តម្រូវការ​ក្នុងស្រុក​ខ្លាំង​ និង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​កសិផល​កសិកម្ម​ពី​ប្រទេស​ជិតខាង​។​25

អត្ថបទ​សរសេរ​ដោយ​៖​ លោក ថា​ន​ ដា​វីត អ្នក​ហាត់​ការ​​ផ្នែកស្រាវជ្រាវនៅ​អូឌីស៊ី​។​ 

ឯកសារយោង

  1. 1. ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ “​ប្រាក់​កម្ចី​ ៧០​ លាន​ដុល្លារ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​ពង្រឹង​សង្វា​ក់​តម្លៃ​កសិកម្ម​ និង​សុវត្ថិភាព​ស្បៀងអាហារ​នៅ​កម្ពុជា​”​ នៅ​ថ្ងៃ​ទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​២០២១​។​
  2. 2. មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ “​កូ​វី​ដ​-១៩៖​ ផល​ប៉ះពាល់​សង្គម​ និង​សេដ្ឋកិច្ច​”​ នៅ​ថ្ងៃ​ទី​ ០៤​ ខែមេសា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៤​ ខែមីនា​ ឆ្នាំ​២០២១​។​
  3. 3. ដូច​ឯកសារយោង​ខាងលើ​។​
  4. 4. ​លោក​ ហ្ស​ង់​ ហ្វ្រ​ង់​ស័​រ​តាន់​ “​សេដ្ឋកិច្ច​អាស៊ី​ នៅ​ក្នុង​ព្យុះ​នៃ​វិបត្តិ​កូ​វី​ដ​-១៩”​ នៅ​ថ្ងៃ​ទី​ ០៥​ ខែមេសា​ ឆ្នាំ​២០២០​។​ បាន​ចូល​មើល​នៅ​ថ្ងៃ​ទី​ ២៣​ ខែមីនា​ ឆ្នាំ​២០២១​។​
  5. 5. ធនាគារពិភពលោក​ (WB)​ “​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​កម្ពុជា​”​ នៅ​ថ្ងៃ​ទី​ ១៤​ ខែតុលា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​២០២១​។​
  6. 6. ធនាគារពិភពលោក​ (WB)​ “​កម្ពុជា​ក្នុង​កំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩”​ នៅ​ថ្ងៃ​ទី​ ២៩​ ខែឧសភា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​២០២១​។​
  7. 7. វេទិកា​អនាគត​ “​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​ទៅ​លើ​កសិករ​”​ ខែឧសភា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២២​ ខែមីនា​ ​ឆ្នាំ​២០២១​។​
  8. 8. ខ្មែរ​ថា​ម​សន៍​ “​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​ទៅ​លើ​កសិកម្ម​”​ នៅ​ថ្ងៃ​ទី​ ១៧​ ខែកញ្ញា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១​។​
  9. 9. ធនាគារពិភពលោក​ “​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​៖​ ការ​សម្រប​ខ្លួន​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ពិភព​មិន​ប្រាកដប្រជា​”​ នៅ​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២១​។
  10. 10. ធនាគារពិភពលោក​ (WB)​ “​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​៖​ កម្ពុជា​នៅ​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វី​ដ​-១៩”​ ​នៅ​ថ្ងៃ​ទី​ ០១​ ខែឧសភា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែមីនា​ ឆ្នាំ​២០២១​។​
  11. 11. ខេ​ម​បូ​ឌា​នេស៍​ “​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​មក​លើ​កសិករ​កម្ពុជា​”​ នៅ​ថ្ងៃ​ទី​ ២៩​ ខែមករា​ ឆ្នាំ​២០២១​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១​។​
  12. 12. ដូច​ឯកសារយោង​ខាងលើ​។​
  13. 13. អង្គការ​កសិករ​ពិភពលោក​ (WFO)​ “​កូ​វី​ដ​-១៩៖​ អ្វី​ដែល​កសិករ​កម្ពុជា​កំពុង​ជួប​ប្រទះ​”​ នៅ​ថ្ងៃ​ទី​ ២​ ខែមេសា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១​។​
  14. 14. អង្គការ​ស្បៀងអាហារ​ពិភពលោក​ (WFP)​ “​បច្ចុប្បន្នភាព​តម្លៃ​ស្បៀងអាហារ​នៅ​ប្រទេស​កម្ពុជា​៖​ ផ្ដោត​លើ​ឥទ្ធិពល​នៃ​កូ​វី​ដ​-១៩​លើ​តម្លៃ​ស្បៀងអាហារ​”​ នៅ​ថ្ងៃ​ទី​ ២១​ ខែសីហា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៩​ ខែមីនា​ ឆ្នាំ​២០២១​។​
  15. 15. ដូច​ឯកសារយោង​ខាងលើ​។​
  16. 16. ធនាគារពិភពលោក​ (WB)​ “​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​៖​ កម្ពុជា​នៅ​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វី​ដ​-១៩”​ នៅ​ថ្ងៃ​ទី​ ០១​ ខែឧសភា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែមីនា​ ឆ្នាំ​២០២១​។​
  17. 17. ដូច​ឯកសារយោង​ខាងលើ​។​
  18. 18. វិទ្យុ​បារាំង​អន្តរជាតិ​ (RFI)​ “​គួរ​ធ្វើ​បែប​ណា​ ដើម្បី​ឆក់​យក​ឱកាស​ពង្រឹង​កសិកម្ម​ខ្មែរ​ឡើង​វិញ​អំឡុង​ពេល​ និង​ក្រោយ​កូ​វី​ដ​១៩”​ នៅ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែមីនា​ ឆ្នាំ​២០២១​។​
  19. 19. ខេ​ម​បូ​ឌា​នេស៍​ “​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​មក​លើ​កសិករ​កម្ពុជា​”​ នៅ​ថ្ងៃ​ទី​ ២៩​ ខែមករា​ ឆ្នាំ​២០២១​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២១​។​
  20. 20. ធនាគារពិភពលោក​ “​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​៖​ ការ​សម្រប​ខ្លួន​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ពិភព​មិន​ប្រាកដប្រជា​”​ នៅ​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២១​។​
  21. 21. ដូច​ឯកសារយោង​ខាងលើ​។​
  22. 22. វិទ្យុ​បារាំង​អន្តរជាតិ​ (RFI)​ “​អ្នក​សេដ្ឋកិច្ច​៖​ កសិកម្ម​ជា​វិស័យ​អាទិភាព​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​កូ​វី​ដ​១៩”​ ​នៅ​ថ្ងៃ​ទី​ ១៨​ ខែធ្នូ​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២១​។​
  23. 23. អង្គការ​កសិករ​ពិភពលោក​ (WFO)​ “​កូ​វី​ដ​-១៩៖​ អ្វី​ដែល​កសិករ​កម្ពុជា​កំពុង​ជួប​ប្រទះ​”​ នៅ​ថ្ងៃ​ទី​ ២​ ខែមេសា​ ឆ្នាំ​២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២១​។​
  24. 24. ធនាគារពិភពលោក​ “​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​៖​ ការ​សម្រប​ខ្លួន​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ពិភព​មិន​ប្រាកដប្រជា​”​ នៅ​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២១​។​
  25. 25. ខ្មែរ​ថា​ម​ “​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​ទៅ​លើ​កសិកម្ម​”​ នៅ​ថ្ងៃ​ទី​ ១៧​ ខែកញ្ញា​ ឆ្នាំ​២០២០​។​ ​បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១​។​