គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៨ ដែលជាគោលដៅពិសេសសម្រាប់ប្រទេសកម្ពុជា
ជាផ្នែកមួយនៃសប្តាហ៍សកម្មភាពជាសកល ដើម្បីប្រមូលការគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោយផ្ទាល់នៅក្នុង ពិធីដាក់ដំណើរការបណ្ណាល័យអ្នកប្រយុទ្ធនៅក្នុងខេត្តព្រះវិហារ។
សម្រាប់អ្នកតែងតែសង្កេតមើល អាចកត់សម្គាល់ថា ខណៈពេលដែលសកម្មភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាច្រើនកំពុងចែករំលែក មានចំនួន១៧គោលដៅ ចំណែកឯប្រទេសកម្ពុជាមានគោលដៅមួយបន្ថែមទៀតដែលសរុបមានចំនួន១៨គោលដៅ។ ខណៈពេលដែលគោលដៅអភិវឌ្ឍប្រកបដោយចីរភាពស័ក្តិសមជាមួយតម្រូវការសកលលោក ការធ្វើមូលដ្ឋានីយកម្មជាក់លាក់មួយ ជាតម្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជា៖ “បញ្ចប់ផលប៉ះពាល់អវិជ្ជមានដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងលើកកម្ពស់ជំនួយដល់ជនរងគ្រោះ”។
ដោយសារជម្លោះស៊ីវិលពីមុនជាច្រើនឆ្នាំមកហើយ តំបន់មួយចំនួននៅជនបទក្នុងប្រទេសកម្ពុជាប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត។ នៅឆ្នាំ២០១៥ ការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់គោលដៅដែលអាចអនុវត្តបានជាក់លាក់ រាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ពីបញ្ហាប្រឈមសំខាន់ៗដែលមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម បន្ថែមទៅលើបញ្ហានៃភាពក្រីក្រ សមធម៌ និងការអភិវឌ្ឍ។ ការបន្ថែមគោលដៅទី១៨ ក៏អនុវត្តតាមគំរូពីមុននៃគោលដៅអភិវឌ្ឍសហស្សវត្ស៍របស់កម្ពុជា ដែលមានរួមបញ្ចូលសមាសភាពអំពីមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។
គោលដៅទី១៨ និងសូចនាករ ក្នុងការអនុវត្តឱ្យបានជោគជ័យមានដូចខាងក្រោម៖
គោលដៅទី១៨៖ បញ្ចប់ផលប៉ះពាល់ជាអវិជ្ជមានរបស់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជំរុញការសង្គ្រោះជនរងគ្រោះ
១៨.១: បោសសម្អាតផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានដឹងឱ្យអស់ត្រឹមឆ្នាំ២០៣០
១៨.១.១: ផ្ទៃដីសរុបដែលបានបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រចាំឆ្នាំ
១៨.២: កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម នៅតិចជាង១០នាក់ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០
១៨.២.១: ចំនួននៃជនរងគ្រោះថ្នាក់ (ស្លាប់ និងរបួស) ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
១៨.២.២: ចំនួនភូមិដែលរងការគម្រាមកំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសារអប់រំ គ្រោះ ថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
១៨.៣: លើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរបស់ជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យកាន់តែប្រសើរឡើង
១៨.៣.១: ចំនួនជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ទទួលបានការលើកកម្ពស់សិទ្ធិ និងគុណភាពជីវិត
១៨.៣.២: ចំនួនជនរងគ្រោះ ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាស្តារលទ្ធភាពពលកម្ម
១៨.៣.៣: ចំនួនជនរងគ្រោះដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាឆ្លើយតបបន្ទាន់ និងឆាប់រហ័សពីអាជ្ញាធរមីន
ការកម្ចាត់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែអនុវត្តបន្តដោយរដ្ឋាភិបាល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ប៉ុន្តែនៅតែប្រឈមមុខនឹងបញ្ហាភស្តុភារ និងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកថវិកាបន្ថែមចំនួន ១៣៨ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៣ ដល់ ២០២៥ ដើម្បីគាំទ្រដល់បុគ្គលិកយោធាដែលមានស្រាប់ចំនួន ២៥០០ នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម។ ដើម្បីពន្លឿនការងារនេះ ចំនួនយោធាដោះមីនត្រូវបានគេព្យាករថានឹងកើនឡើងដល់ ២០០០នាក់ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
បន្ថែមពីលើការដោះមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងការអប់រំអំពីគ្រោះថ្នាក់ ជំនួយដល់ជនរងគ្រោះដោយសារមីនត្រូវបានដោះស្រាយដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានជំនួយ និងកិច្ចសហប្រតិបត្តិការពីអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ។ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានប្រកាសថាគ្មានមីន ការស្តារនីតិសម្បទា និងការគាំទ្រជនរងគ្រោះដោយសារគ្រាប់មីននឹងត្រូវអនុវត្តបន្ត។
គោលដៅទី១៨ ក៏ជាប់ពាក់ព័ន្ធជាពិសេសចំពោះសហគមន៍ជនបទ និងដាច់ស្រយាលដូចជាភូមិហ្មសែត ដែលជាទីតាំងរៀបចំបណ្ណាល័យអ្នកប្រយុទ្ធ។ ខេត្តព្រះវិហារនៅតែបន្តសកម្មភាពក្នុងការបោសសម្អាតមីនយ៉ាងសកម្ម ហើយគេសង្កេតឃើញប្រជាពលរដ្ឋស្លាប់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ដូចកាលពីឆ្នាំកន្លងទៅ។ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់នូវសម្ភារៈលើកកម្ពស់ការយល់ដឹង ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយគោលដៅទី១៨ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំងអស់ ហើយនឹងជួយសម្រួលដល់ការរៀបចំសារអប់រំអំពីហានិភ័យមីនតាមដែលអាចធ្វើទៅបាន។
ដោយសប្តាហ៍សកម្មភាពជាសកលនៃខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញចំណាប់អារម្មណ៍ទៅលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរបៀបវារៈរបស់ខ្លួន អង្គការទិន្នន័យអំពីការអភិវឌ្ឍនៅតែបន្តរក្សាទម្រង់បន្ថែមនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅលើគេហទំព័ររបស់ខ្លួន ដោយរៀបរាប់លម្អិតអំពីបរិបទទាំងមូលនៃបញ្ហាសំខាន់ៗ និងគោលដៅពាក់ព័ន្ធ។ អ្នកអាន និងអ្នកស្រាវជ្រាវត្រូវបានស្វាគមន៍ក្នុងការស្វែងយល់ពីបញ្ហាប្រឈមជាក់លាក់ និងវឌ្ឍនភាពនៃសកម្មភាពបន្តដើម្បីឈានដល់គោលដៅឆ្នាំ ២០៣០។