គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៨​ ដែល​ជា​គោលដៅ​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​

ជា​ផ្នែក​មួយ​នៃ​ស​ប្តា​ហ៍​សកម្មភាព​ជាស​កល​ ដើម្បី​ប្រមូល​ការ​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ ពិធី​ដាក់​ដំណើរការ​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​នៅ​ក្នុង​ខេត្តព្រះវិហារ​។​

សម្រាប់​អ្នក​តែងតែ​សង្កេត​មើល​ អាច​កត់​សម្គាល់ថា​ ខណៈ​ពេល​ដែល​សកម្មភាព​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ជា​ច្រើន​កំពុង​ចែករំលែក​ មាន​ចំនួន​១៧​គោលដៅ​ ចំណែកឯ​ប្រទេស​កម្ពុជា​មាន​គោលដៅ​មួយ​បន្ថែម​ទៀត​ដែល​សរុប​មាន​ចំនួន​១៨​គោលដៅ​។​ ខណៈ​ពេល​ដែល​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស័ក្តិសម​ជាមួយ​តម្រូវការ​សកលលោក​ ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ជាក់លាក់​មួយ​ ជា​តម្រូវការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​៖​ “​បញ្ចប់​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​លើកកម្ពស់​ជំនួយ​ដល់​ជន​រង​គ្រោះ​”​។​

ដោយសារ​ជម្លោះ​ស៊ី​វិល​ពី​មុន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ តំបន់​មួយ​ចំនួន​នៅ​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត​។​ នៅ​ឆ្នាំ​២០១៥​ ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​គោលដៅ​ដែល​អាច​អនុវត្ត​បាន​ជាក់លាក់​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កត់សម្គាល់​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ បន្ថែម​ទៅ​លើ​បញ្ហា​នៃ​ភាព​ក្រីក្រ​ សមធម៌​ និង​ការ​អភិវឌ្ឍ​។​ ការ​បន្ថែម​គោលដៅ​ទី​១៨​ ក៏​អនុវត្ត​តាម​គំរូ​ពី​មុន​នៃ​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស៍​របស់​កម្ពុជា​ ដែល​មាន​រួម​បញ្ចូល​សមាសភាព​អំពី​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផង​ដែរ​។​

​គោលដៅ​ទី​១៨​ និង​សូចនាករ​ ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​មាន​ដូច​ខាងក្រោម​៖

គោលដៅ​ទី​១៨៖​ បញ្ចប់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​ជំរុញ​ការ​សង្គ្រោះ​ជន​រង​គ្រោះ​

១៨.១:​ បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដែល​បានដឹង​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០៣០

     ១៨.១.១:​ ផ្ទៃដី​សរុប​ដែល​បាន​បោសសំអាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រចាំឆ្នាំ​

១៨.២:​ កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ នៅ​តិច​ជាង​១០​នាក់​ក្នុង​មួយ​ឆ្នាំ​ត្រឹម​ឆ្នាំ​២០៣០

     ១៨.២.១:​ ចំនួន​នៃ​ជន​រងគ្រោះថ្នាក់​ (​ស្លាប់​ និង​របួស​)​ ដោយ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

     ១៨.២.២:​ ចំនួន​ភូមិ​ដែល​រង​ការ​គម្រាមកំហែង​ ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទទួល​បាន​សារ​អប់រំ​ គ្រោះ ថ្នាក់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

១៨.៣:​ លើកកម្ពស់​សិទ្ធិ​ និង​គុណភាព​ជីវិត​របស់​ជន​ពិការ​ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

     ១៨.៣.១:​ ចំនួន​ជន​ពិការ​ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ទទួល​បានការ​លើកកម្ពស់​សិទ្ធិ​ និង​គុណភាព​ជីវិត

     ១៨.៣.២:​ ចំនួន​ជន​រង​គ្រោះ​ ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទទួល​បាន​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​

     ១៨.៣.៣:​ ចំនួន​ជន​រង​គ្រោះ​ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទទួល​បាន​សេវា​ឆ្លើយ​តប​បន្ទាន់​ និង​ឆាប់រហ័ស​ពី​អាជ្ញាធរ​មីន​

ការ​កម្ចាត់​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ នៅ​តែ​អនុវត្ត​បន្ត​ដោយ​រដ្ឋាភិបាល​ និង​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុ​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្វែងរក​ថវិកា​បន្ថែមចំនួន​ ១៣៨​ លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​ ២០២៣​ ដល់​ ២០២៥​ ដើម្បី​គាំទ្រ​ដល់​បុគ្គលិក​យោធា​ដែល​មាន​ស្រាប់​ចំនួន​ ២៥០០​ នាក់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កម្ចាត់​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​ ចំនួន​យោធា​ដោះ​មីន​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ២០០០​នាក់​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។​

បន្ថែម​ពីលើ​ការ​ដោះ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​ការ​អប់រំ​អំពី​គ្រោះថ្នាក់​ ជំនួយ​ដល់​ជន​រង​គ្រោះ​ដោយសារ​មីន​ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​មាន​ជំនួយ​ និង​កិច្ច​សហប្រតិបត្តិការ​ពី​អង្គការ​សង្គម​ស៊ី​វិល​ក្នុងស្រុក​ និង​អន្តរជាតិ​។​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រកាស​ថា​គ្មាន​មីន​ ការ​ស្តារ​នីតិសម្បទា​ និង​ការ​គាំទ្រ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នឹង​ត្រូវ​អនុវត្ត​បន្ត​។​

គោលដៅ​ទី​១៨​ ក៏​ជាប់​ពាក់ព័ន្ធ​ជា​ពិសេស​ចំពោះ​សហគមន៍​ជនបទ​ និង​ដាច់​ស្រយាល​ដូច​ជា​ភូមិ​ហ្ម​សែត​ ដែល​ជាទី​តាំង​រៀបចំ​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​។​ ខេត្តព្រះវិហារ​នៅ​តែ​បន្តសកម្មភាព​ក្នុង​ការ​បោសសម្អាត​មីន​យ៉ាង​សកម្ម​ ហើយ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដូច​កាលពី​ឆ្នាំ​កន្លង​ទៅ​។​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ផ្តល់​នូវ​សម្ភារៈ​លើកកម្ពស់​ការ​យល់​ដឹង​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​គោលដៅ​ទី​១៨​ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទាំងអស់​ ហើយនឹង​ជួយ​សម្រួល​ដល់​ការ​រៀបចំ​សារ​អប់រំ​អំពី​ហានិភ័យ​មីន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

​ដោយ​ស​ប្តា​ហ៍​សកម្មភាព​ជាស​កល​នៃ​ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទៅ​លើ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​របៀបវារៈ​របស់​ខ្លួន​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​នៅ​តែ​បន្ត​រក្សា​ទម្រង់​បន្ថែម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ដោយ​រៀបរាប់​លម្អិត​អំពី​បរិបទ​ទាំងមូល​នៃ​បញ្ហា​សំខាន់ៗ​ និង​គោលដៅ​ពាក់ព័ន្ធ​។​ អ្នក​អាន​ និង​អ្នក​ស្រាវជ្រាវ​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ការ​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ជាក់លាក់​ និង​វឌ្ឍនភាព​នៃ​សកម្មភាព​បន្ត​ដើម្បី​ឈាន​ដល់​គោលដៅ​ឆ្នាំ​ ២០៣០​។​