​ការ​ចូលរួម​របស់​សង្គម​ស៊ី​វិល​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​សេចក្តីព្រាងច្បាប់​ភូមិបាល​ដើម្បី​ការ​ការពារ​សិទ្ធិ​ដីធ្លី​

​រដ្ឋាភិបាល​កម្ពុជា​បាន​តាក់តែង​ច្បាប់​ភូមិបាល​ថ្មី​ទាំងស្រុង​ (​សេចក្តីព្រាងច្បាប់​)​ ជាង​២០​ឆ្នាំ​បន្ទាប់​ពី​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។​ ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ពី​សង្គម​ស៊ី​វិល​ សហគមន៍​មូលដ្ឋាន​ និង​ជនជាតិ​ដើម​ភាគតិច​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ស្វែងរក​ឱកាស​ជា​ផ្លូវការ​ ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​នេះ​ ហើយ​បាន​ផ្តល់​នូវ​ធាតុ​ចូល​ស្ថាបនា​ដោយ​ផ្អែក​លើ​កិច្ច​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​

​នៅ​ចុង​ខែមករា​ ឆ្នាំ​២០២៤​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ធ្វើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ថ្មី​មួយ​ដែល​មាន​ចំនួន​ ៧​មាតិកា​ ១៣​ជំពូក​ និង​សរុប​ ១៩៩​មាត្រា​។​ អូ​ឌី​ស៊ី​ បាន​ដាក់​លិខិតផ្លូវការ​មួយ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ស្នើ​សុំ​ឱកាស​ដើម្បី​ពិនិត្យ​ និង​ផ្តល់​ធាតុ​ចូល​ស្ថាបនា​លើ​សេចក្តីព្រាងច្បាប់​នេះ​។​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​សំណើ​ និងផ្តល់សេចក្តីព្រាងច្បាប់​នេះ​ជាមួយ​អូ​ឌី​ស៊ី​ ដោយ​ផ្តល់​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​។​

​កិច្ច​សន្ទនា​ដែល​លើក​ឡើង​ពី​បញ្ហា​សំខាន់ៗ​ ដូច​ជា​តម្រូវការ​ការពារ​សិទ្ធិ​សមូហភាព​ ជា​ពិសេស​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​

​អូ​ឌី​ស៊ី​ បាន​រៀបចំ​កិច្ច​សន្ទនា​ចំនួន​ពីរ​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ថ្មី​ ដោយ​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​១៣-១៤​ ខែកុម្ភៈ​ នៅ​ខេត្តសៀមរាប​ និង​មួយ​លើក​ទៀត​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ​។​ កិច្ច​សន្ទនា​ទាំង​ពីរ​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ គម្រោង​ ALIGN​ និង​ អង្គការ​ LANDESA​។​ ក្នុង​កិច្ច​សន្ទនា​លើក​ទី​មួយ​ អ្នកជំនាញ​ច្បាប់​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​វិភាគ​លើ​មាត្រា​សំខាន់ៗ​នៃ​សេចក្តីព្រាងច្បាប់​ភូមិបាល​ដល់​អ្នកចូលរួម​។​ បន្ទាប់​មក​ អ្នកចូលរួម​បាន​ពិភាក្សា​ និង​ផ្តល់​ធាតុ​ចូល​ កង្វល់​ និង​អនុសាសន៍​សម្រាប់​សេចក្តីព្រាងច្បាប់​នេះ​។​

​តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​សន្ទនា​នេះ​បាន​លើក​ឡើង​ពី​ក្តី​ព្រួយបារម្ភ​អំពី​ពេលវេលា​កំណត់​ដែល​បាន​ផ្តល់​សម្រាប់​ធ្វើការ​ស្វែង​យល់​អំពី​វិសោធនកម្ម​ច្បាប់​ដែល​បាន​ស្នើ​ឡើង​ ផ្សព្វផ្សាយដល់​សហគមន៍​របស់​ពួក​គាត់​ និង​ប្រមូល​ធាតុ​ចូល​ពី​សមាជិក​សហគមន៍​មក​វិញ​។​ តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ យល់​ថា​កិច្ច​សន្ទនា​នេះ​គឺជា​កិច្ច​ប្រជុំ​ផ្តល់​ព័ត៌មាន​ជា​ជាង​ការ​ប្រឹក្សា​យោបល់​។​

​ជា​លទ្ធផល​ តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​អាច​ផ្តល់​ធាតុ​ចូល​របស់​ពួក​គាត់​លើ​សេចក្តីព្រាងច្បាប់​នេះ​បាន​ទេ​ និង​បាន​ស្នើ​សុំ​ពន្យារពេល​សម្រាប់​ដំណើរការ​ពិគ្រោះ​យោបល់​។​ អូ​ឌី​ស៊ី​ និង​ដៃគូ​យល់​ពី​ការ​ឆ្លើយ​តប​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដោយសារ​ការ​កំណត់​ពេលវេលា​សម្រាប់​ការ​បញ្ចូល​ធាតុចូលក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​ផង​ដែរ​។​

​កិច្ច​សន្ទនា​លើក​ទី​២​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​បង្រួបបង្រួម​ធាតុ​ចូល​ និង​អនុសាសន៍​ ដែល​បាន​មក​ពី​កិច្ច​សន្ទនា​លើក​ទី​១​ នៅ​ខេត្តសៀមរាប​។​ បន្ទាប់​ពី​កិច្ច​សន្ទនា​នេះ​ អូ​ឌី​ស៊ី​ និង​ដៃគូ​បាន​រៀបចំ​ និង​បញ្ជូន​ធាតុ​ចូល​ និង​អនុសាសន៍​រួម​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ឯកសារ​នេះ​មាននៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដែល​អាច​ចូល​ប្រើ​បានជា​សាធារណៈ​។​ ឯកសារ​នេះ​បង្ហាញ​ពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​តម្រូវការ​បញ្ជាក់​ការ​ធានា​ការពារ​កម្មសិទ្ធិ​សមូហភាព​ សិទ្ធិ​ប្រើប្រាស់​ សិទ្ធិ​ទទួល​បាន​ផល​នៃ​ដី​ និង​សិទ្ធិ​ទាក់ទង​នឹង​ដីធ្លី​ និង​អចលនវត្ថុ​ផ្សេង​ទៀត​របស់​ជនជាតិ​ដើម​ភាគតិច​ និង​វត្ត​ពុទ្ធសាសនា​។​ ឯកសារ​ធាតុ​ចូល​ក៏​បាន​ស្នើ​សុំ​ឱ្យ​មានការ​ពិចារណា​បន្ថែម​ទៀត​ចំពោះ​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ការពារ​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​មូលដ្ឋាន​។​

​នៅ​ដើមខែ​មីនា​ អូ​ឌី​ស៊ី​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ទ្បើ​ង​ដោយ​ក្រុមការងារ​ច្បាប់​ភូមិបាល​នៅក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ យោង​តាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ធាតុ​ចូល​ជាង​ ១៥​ ពី​អូ​ឌី​ស៊ី​ ត្រូវ​បាន​ដាក់​បញ្ចូល​ រួម​មាន​មតិយោបល់​ទាក់ទង​នឹង​ការ​ចាត់​ថ្នាក់​នៃ​ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​រដ្ឋ​ ពេលវេលា​សម្រាប់​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​សហគមន៍​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ ការ​លើកកម្ពស់​សមធម៌​ក្នុង​សិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ដីធ្លី​ ការ​បញ្ជាក់​អំពី​រយៈពេល​នៃ​បណ្តឹងតវ៉ា​ ដំណើរការ​ដាក់​ពាក្យបណ្តឹង​ និង​ព័ត៌មាន​លម្អិត​អំពី​សទ្ទានុក្រម​។​

​អូ​ឌី​ស៊ី​ និង​ដៃគូ​របស់​យើង​ចែករំលែក​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ពេលវេលា​សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​។​ ចន្លោះ​ពេល​សម្រាប់​ការ​បកប្រែ​សេចក្តីព្រាងច្បាប់​នេះ​ទៅ​ជា​ភាសា​អង់គ្លេស​ និង​ការ​ចែករំលែក​សេចក្តីព្រាងច្បាប់​នេះ​ជាមួយ​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​របស់​យើង​ ក៏​ដូច​ជា​ការ​ធ្វើ​កិច្ច​សន្ទនា​ផង​ដែរ​ មាន​ន័យ​ថា​ឯកសារ​ធាតុ​ចូល​មិន​បាន​គ្របដណ្តប់​លើ​ចំណុច​សំខាន់ៗ​ទាំងអស់​ឱ្យ​បាន​ហ្មត់ចត់​ តាម​ដែល​អាច​ធ្វើ​បាន​ ប្រសិនបើ​មាន​ពេលវេលា​បន្ថែម​ទៀត​សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​លើក​ដំបូង​។​ បន្ទាប់​ពី​ការ​បញ្ជូន​ធាតុ​ចូល​ អូ​ឌី​ស៊ី​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ និង​កិច្ចប្រជុំ​បន្ថែម​ និង​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​។​

​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​សិទ្ធិ​របស់​ស្ដ្រី​ក្នុង​ភាព​ជា​ម្ចាស់​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ លើស​ពី​នេះ​ទៀត​ នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមការងារ​ច្បាប់​ភូមិបាល​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ពិភាក្សា​អំពី​ធាតុ​ចូល​នានា​ដែល​ក្រុមការងារ​បាន​ទទួល​កន្លង​មក​។​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​ចូលរួម​សិក្ខាសាលា​មួយ​ផ្សេង​ទៀត​ដែល​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ស្តី​ពី​សេចក្តីព្រាងច្បាប់​ភូមិបាល​។​ បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​បាន​គាំទ្រ​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​អង្គការ​ភូមិ​ខ្ញុំ​ ស្តី​ពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ដោយ​ផ្តោត​លើ​ដំណើរការ​ និង​បញ្ហា​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​

​យោង​តាម​មន្ត្រី​ក្រសួង​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នឹង​បន្ត​ពិនិត្យ​ និង​បញ្ចូល​ធាតុ​ចូល​តាម​ភាព​សម​ស្រប​ ហើយនឹង​ចែករំលែក​សេចក្តីព្រាងច្បាប់​ដែល​បាន​កែសម្រួល​បន្ថែម​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ដោយ​ផ្អែក​លើ​ការ​ណែនាំ​នេះ​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​បាន​បន្ត​ពិនិត្យ​ និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​វិសោធនកម្ម​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ និង​បាន​បញ្ជូន​ធាតុ​ចូល​លើក​ទី​ពីរ​ ទៅ​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​បាន​កែសម្រួល​នៅ​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០២៤​។​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ បន្ទាប់​ពី​ការ​បញ្ជូន​ធាតុ​ចូល​របស់​យើង​នៅ​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចែករំលែក​ជាមួយ​អូ​ឌី​ស៊ី​ នូវ​កំណែ​ចុង​ក្រោយ​នៃ​សេចក្តីព្រាងច្បាប់​នេះ​។​ អូ​ឌី​ស៊ី​បាន​សង្កេត​ឃើញ​ថា​ធាតុ​ចូល​លើក​ទី​ពីរ​របស់​យើង​ពុំ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ចុង​ក្រោយបង្អស់​នោះ​ទេ​។​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​មាន​បំណង​ទទួល​បាន​ឱកាស​បន្ថែម​ទៀត​សម្រាប់​ការពិគ្រោះ​យោបល់​ប្រកបដោយ​ភាព​ស្ថាបនា​ និង​ភាព​ម៉ត់ចត់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ពិភាក្សា​អំពី​ធាតុ​ចូល​របស់​យើង​ទៅ​តាម​ចំណុច​នីមួយៗ​។​

​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធានា​ឱ្យ​មាន​កំណែទម្រង់​ច្បាប់​ភូមិបាល​ប្រកបដោយ​បរិ​យា​បន្ន​ ដែល​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​

​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គម្រោង​ ALIGN​ និង​អង្គការ​ LANDESA​ បាន​អនុញ្ញាត​ឱ្យ​អូ​ឌី​ស៊ី​ចូលរួម​ក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​លើ​ដំណើរការ​វិសោធនកម្ម​ច្បាប់​ភូមិបាល​នៅ​ប្រទេស​កម្ពុជា​ ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ និង​គោលការណ៍​នៃ​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ក្នុង​អភិបាលកិច្ច​ដីធ្លី​។​ តាម​រយៈ​ការ​បង្រួបបង្រួម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ អូ​ឌី​ស៊ី​ព្យាយាម​លើកកម្ពស់​តម្លាភាព​ និង​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​លើ​ដីធ្លី​នៅ​កម្ពុជា​។​ ធាតុ​ចូល​ដែល​បាន​ផ្តល់​ដោយ​អូ​ឌី​ស៊ី​តម្លើង​សំឡេង​របស់​សហគមន៍​មូលដ្ឋាន​ទៅ​កាន់​រដ្ឋាភិបាល​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការ​លើកកម្ពស់​ចីរភាព​ និង​បរិ​យា​បន្ន​ក្នុង​សិទ្ធិ​ដីធ្លី​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។​

​ទោះបីជា​ធាតុ​ចូល​ និង​អនុសាសន៍​ទាំង​អស់ពី​អូ​ឌី​ស៊ី​ និង​ដៃគូ​របស់​យើង​មិន​ត្រូវ​បាន​រួម​ប​ញ្ជូ​ល​ដោយ​រដ្ឋាភិបាល​ក្តី​ កិច្ចសហការ​នេះ​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ពិភាក្សា​សំខាន់ៗ​ ជា​ពិសេស​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ដីធ្លី​ក្នុង​ចំណោម​ក្រុម​ភាគតិច​ដូច​ជា​ ជនជាតិ​ដើម​ភាគតិច​ ស្ត្រី​មេម៉ាយ​ និង​បុគ្គល​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ បន្ត​ទៅ​មុខ​ អូ​ឌី​ស៊ី​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ពិភាក្សា​និង​ពន្យល់​អំពី​ធាតុ​ចូល​លើក​ទី​ពីរ​របស់​យើង​ និង​ផ្តល់​ធាតុ​ចូល​ដែល​ច្បាស់លាស់​ និង​ពេញលេញ​បន្ថែម​ទៀត​ទៅ​លើ​សេចក្តីព្រាងច្បាប់​ដើម្បី​ធានា​ថា​ច្បាប់​ថ្មី​នេះ​ជម្រុញឱ្យមាន​បរិ​យា​បន្ន​ សមធម៌​ និង​ប្រសិទ្ធភាព​ដោយ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​អ​ចេតនា​លើ​ក្រុម​ដែល​ងាយ​រង​គ្រោះ​ ដូច​ជា​ប្តី​ប្រពន្ធ​ដែល​លែងលះ​ ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​របស់​ពួក​គាត់​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​ម្ចាស់​ដី​ដែល​មិន​បាន​ចុះបញ្ជី​ និង​ការ​ជៀសវាង​ពី​បទ​ប្បញ្ញត្តិ​ ឬ​រដ្ឋបាល​នៃ​ការ​កាន់កាប់​ដីធ្លី​ និង​សិទ្ធិ​អចលនវត្ថុ​ដោយ​គ្មាន​សំណង​ត្រឹមត្រូវ​ និង​យុត្តិធម៌​។​