ការចូលរួមរបស់សង្គមស៊ីវិលក្នុងកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងច្បាប់ភូមិបាលដើម្បីការការពារសិទ្ធិដីធ្លី
រដ្ឋាភិបាលកម្ពុជាបានតាក់តែងច្បាប់ភូមិបាលថ្មីទាំងស្រុង (សេចក្តីព្រាងច្បាប់) ជាង២០ឆ្នាំបន្ទាប់ពីការប្រកាសឱ្យប្រើច្បាប់ភូមិបាលឆ្នាំ២០០១។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមពីសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានស្វែងរកឱកាសជាផ្លូវការ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់នេះ ហើយបានផ្តល់នូវធាតុចូលស្ថាបនាដោយផ្អែកលើកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។
នៅចុងខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសេចក្តីព្រាងច្បាប់ភូមិបាលថ្មីមួយដែលមានចំនួន ៧មាតិកា ១៣ជំពូក និងសរុប ១៩៩មាត្រា។ អូឌីស៊ី បានដាក់លិខិតផ្លូវការមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយស្នើសុំឱកាសដើម្បីពិនិត្យ និងផ្តល់ធាតុចូលស្ថាបនាលើសេចក្តីព្រាងច្បាប់នេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តសំណើ និងផ្តល់សេចក្តីព្រាងច្បាប់នេះជាមួយអូឌីស៊ី ដោយផ្តល់រយៈពេលរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការបញ្ជូនធាតុចូល។
កិច្ចសន្ទនាដែលលើកឡើងពីបញ្ហាសំខាន់ៗ ដូចជាតម្រូវការការពារសិទ្ធិសមូហភាព ជាពិសេសសិទ្ធិជនជាតិដើមភាគតិច
អូឌីស៊ី បានរៀបចំកិច្ចសន្ទនាចំនួនពីរលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដោយលើកទីមួយនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ នៅខេត្តសៀមរាប និងមួយលើកទៀតនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនាទាំងពីរបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល គម្រោង ALIGN និង អង្គការ LANDESA។ ក្នុងកិច្ចសន្ទនាលើកទីមួយ អ្នកជំនាញច្បាប់កម្ពុជាបានធ្វើបទបង្ហាញពីការវិភាគលើមាត្រាសំខាន់ៗនៃសេចក្តីព្រាងច្បាប់ភូមិបាលដល់អ្នកចូលរួម។ បន្ទាប់មក អ្នកចូលរួមបានពិភាក្សា និងផ្តល់ធាតុចូល កង្វល់ និងអនុសាសន៍សម្រាប់សេចក្តីព្រាងច្បាប់នេះ។
តំណាងមកពីសហគមន៍ជនជាតិដើមភាគតិចដែលមានវត្តមានក្នុងកិច្ចសន្ទនានេះបានលើកឡើងពីក្តីព្រួយបារម្ភអំពីពេលវេលាកំណត់ដែលបានផ្តល់សម្រាប់ធ្វើការស្វែងយល់អំពីវិសោធនកម្មច្បាប់ដែលបានស្នើឡើង ផ្សព្វផ្សាយដល់សហគមន៍របស់ពួកគាត់ និងប្រមូលធាតុចូលពីសមាជិកសហគមន៍មកវិញ។ តំណាងមកពីសហគមន៍ជនជាតិដើមភាគតិច យល់ថាកិច្ចសន្ទនានេះគឺជាកិច្ចប្រជុំផ្តល់ព័ត៌មានជាជាងការប្រឹក្សាយោបល់។
ជាលទ្ធផល តំណាងមកពីសហគមន៍ជនជាតិដើមភាគតិចមិនអាចផ្តល់ធាតុចូលរបស់ពួកគាត់លើសេចក្តីព្រាងច្បាប់នេះបានទេ និងបានស្នើសុំពន្យារពេលសម្រាប់ដំណើរការពិគ្រោះយោបល់។ អូឌីស៊ី និងដៃគូយល់ពីការឆ្លើយតបពីសហគមន៍ជនជាតិដើមភាគតិច ដោយសារការកំណត់ពេលវេលាសម្រាប់ការបញ្ចូលធាតុចូលក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមការងារអូឌីស៊ីផងដែរ។
កិច្ចសន្ទនាលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ដើម្បីបង្រួបបង្រួមធាតុចូល និងអនុសាសន៍ ដែលបានមកពីកិច្ចសន្ទនាលើកទី១ នៅខេត្តសៀមរាប។ បន្ទាប់ពីកិច្ចសន្ទនានេះ អូឌីស៊ី និងដៃគូបានរៀបចំ និងបញ្ជូនធាតុចូល និងអនុសាសន៍រួមទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកសារនេះមាននៅលើគេហទំព័ររបស់អូឌីស៊ី ដែលអាចចូលប្រើបានជាសាធារណៈ។ ឯកសារនេះបង្ហាញពីបញ្ហាសំខាន់ៗមួយចំនួន ដូចជាតម្រូវការបញ្ជាក់ការធានាការពារកម្មសិទ្ធិសមូហភាព សិទ្ធិប្រើប្រាស់ សិទ្ធិទទួលបានផលនៃដី និងសិទ្ធិទាក់ទងនឹងដីធ្លី និងអចលនវត្ថុផ្សេងទៀតរបស់ជនជាតិដើមភាគតិច និងវត្តពុទ្ធសាសនា។ ឯកសារធាតុចូលក៏បានស្នើសុំឱ្យមានការពិចារណាបន្ថែមទៀតចំពោះសមភាពយេនឌ័រ និងការការពារសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
នៅដើមខែមីនា អូឌីស៊ីបានចូលរួមកិច្ចប្រជុំមួយដែលរៀបចំទ្បើងដោយក្រុមការងារច្បាប់ភូមិបាលនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធាតុចូលជាង ១៥ ពីអូឌីស៊ី ត្រូវបានដាក់បញ្ចូល រួមមានមតិយោបល់ទាក់ទងនឹងការចាត់ថ្នាក់នៃដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ ពេលវេលាសម្រាប់ការចុះបញ្ជីកម្មសិទ្ធិដីសហគមន៍សម្រាប់ជនជាតិដើមភាគតិច ការលើកកម្ពស់សមធម៌ក្នុងសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លី ការបញ្ជាក់អំពីរយៈពេលនៃបណ្តឹងតវ៉ា ដំណើរការដាក់ពាក្យបណ្តឹង និងព័ត៌មានលម្អិតអំពីសទ្ទានុក្រម។
អូឌីស៊ី និងដៃគូរបស់យើងចែករំលែកការព្រួយបារម្ភទាក់ទងនឹងពេលវេលាសម្រាប់ការបញ្ជូនធាតុចូល។ ចន្លោះពេលសម្រាប់ការបកប្រែសេចក្តីព្រាងច្បាប់នេះទៅជាភាសាអង់គ្លេស និងការចែករំលែកសេចក្តីព្រាងច្បាប់នេះជាមួយអ្នកជំនាញច្បាប់អន្តរជាតិរបស់យើង ក៏ដូចជាការធ្វើកិច្ចសន្ទនាផងដែរ មានន័យថាឯកសារធាតុចូលមិនបានគ្របដណ្តប់លើចំណុចសំខាន់ៗទាំងអស់ឱ្យបានហ្មត់ចត់ តាមដែលអាចធ្វើបាន ប្រសិនបើមានពេលវេលាបន្ថែមទៀតសម្រាប់ការបញ្ជូនធាតុចូលលើកដំបូង។ បន្ទាប់ពីការបញ្ជូនធាតុចូល អូឌីស៊ី បានរៀបចំកិច្ចពិភាក្សា និងកិច្ចប្រជុំបន្ថែម និងបានសហការជាមួយអង្គការដៃគូដើម្បីប្រមូលធាតុចូលបន្ថែមទៀត។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានរៀបចំកិច្ចពិភាក្សាមួយស្តីពីសិទ្ធិរបស់ស្ដ្រីក្នុងភាពជាម្ចាស់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ។ លើសពីនេះទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានចូលរួមកិច្ចប្រជុំមួយដែលធ្វើឡើងដោយក្រុមការងារច្បាប់ភូមិបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីធាតុចូលនានាដែលក្រុមការងារបានទទួលកន្លងមក។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានចូលរួមសិក្ខាសាលាមួយផ្សេងទៀតដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីសេចក្តីព្រាងច្បាប់ភូមិបាល។ បន្ទាប់មក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អូឌីស៊ី និងអង្គការដៃគូបានគាំទ្រកិច្ចប្រជុំដែលរៀបចំដោយអង្គការភូមិខ្ញុំ ស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលដោយផ្តោតលើដំណើរការ និងបញ្ហាចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច។
យោងតាមមន្ត្រីក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងបន្តពិនិត្យ និងបញ្ចូលធាតុចូលតាមភាពសមស្រប ហើយនឹងចែករំលែកសេចក្តីព្រាងច្បាប់ដែលបានកែសម្រួលបន្ថែមជាមួយភាគីពាក់ព័ន្ធ។ ដោយផ្អែកលើការណែនាំនេះ អូឌីស៊ី និងអង្គការដៃគូបានបន្តពិនិត្យ និងប្រមូលធាតុចូលបន្ថែមទៀតសម្រាប់វិសោធនកម្មលើសេចក្តីព្រាងច្បាប់ភូមិបាល និងបានបញ្ជូនធាតុចូលលើកទីពីរ ទៅលើសេចក្តីព្រាងច្បាប់ថ្មីដែលបានកែសម្រួលនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ នៅថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីការបញ្ជូនធាតុចូលរបស់យើងនៅលើសេចក្តីព្រាងច្បាប់ថ្មី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចែករំលែកជាមួយអូឌីស៊ី នូវកំណែចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ។ អូឌីស៊ីបានសង្កេតឃើញថាធាតុចូលលើកទីពីររបស់យើងពុំត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងចុងក្រោយបង្អស់នោះទេ។ អូឌីស៊ី និងអង្គការដៃគូមានបំណងទទួលបានឱកាសបន្ថែមទៀតសម្រាប់ការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា និងភាពម៉ត់ចត់ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីធាតុចូលរបស់យើងទៅតាមចំណុចនីមួយៗ។
សារៈសំខាន់នៃសម្ព័ន្ធភាពជាតិ និងអន្តរជាតិ ដើម្បីធានាឱ្យមានកំណែទម្រង់ច្បាប់ភូមិបាលប្រកបដោយបរិយាបន្ន ដែលការពារសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់
កិច្ចសហប្រតិបត្តិការជាមួយគម្រោង ALIGN និងអង្គការ LANDESA បានអនុញ្ញាតឱ្យអូឌីស៊ីចូលរួមក្នុងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិលើដំណើរការវិសោធនកម្មច្បាប់ភូមិបាលនៅប្រទេសកម្ពុជា ស្របទៅតាមស្តង់ដារអន្តរជាតិ និងគោលការណ៍នៃការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងអភិបាលកិច្ចដីធ្លី។ តាមរយៈការបង្រួបបង្រួមភាគីពាក់ព័ន្ធទាំងអស់ អូឌីស៊ីព្យាយាមលើកកម្ពស់តម្លាភាព និងការវិនិយោគប្រកបដោយការទទួលខុសត្រូវលើដីធ្លីនៅកម្ពុជា។ ធាតុចូលដែលបានផ្តល់ដោយអូឌីស៊ីតម្លើងសំឡេងរបស់សហគមន៍មូលដ្ឋានទៅកាន់រដ្ឋាភិបាលដែលជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ចីរភាព និងបរិយាបន្នក្នុងសិទ្ធិដីធ្លីសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
ទោះបីជាធាតុចូល និងអនុសាសន៍ទាំងអស់ពីអូឌីស៊ី និងដៃគូរបស់យើងមិនត្រូវបានរួមបញ្ជូលដោយរដ្ឋាភិបាលក្តី កិច្ចសហការនេះបានជំរុញឱ្យមានកិច្ចពិភាក្សាសំខាន់ៗ ជាពិសេសទាក់ទងនឹងសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លីក្នុងចំណោមក្រុមភាគតិចដូចជា ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ និងបុគ្គលស្រឡាញ់ភេទដូចគ្នា។ បន្តទៅមុខ អូឌីស៊ីប្តេជ្ញាបន្តធ្វើការជាមួយអង្គការដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សានិងពន្យល់អំពីធាតុចូលលើកទីពីររបស់យើង និងផ្តល់ធាតុចូលដែលច្បាស់លាស់ និងពេញលេញបន្ថែមទៀតទៅលើសេចក្តីព្រាងច្បាប់ដើម្បីធានាថាច្បាប់ថ្មីនេះជម្រុញឱ្យមានបរិយាបន្ន សមធម៌ និងប្រសិទ្ធភាពដោយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយអចេតនាលើក្រុមដែលងាយរងគ្រោះ ដូចជាប្តីប្រពន្ធដែលលែងលះ ជនជាតិដើមភាគតិច និងសហគមន៍របស់ពួកគាត់ អ្នកស្រឡាញ់ភេទដូចគ្នា និងម្ចាស់ដីដែលមិនបានចុះបញ្ជី និងការជៀសវាងពីបទប្បញ្ញត្តិ ឬរដ្ឋបាលនៃការកាន់កាប់ដីធ្លី និងសិទ្ធិអចលនវត្ថុដោយគ្មានសំណងត្រឹមត្រូវ និងយុត្តិធម៌។