ការសហការរចនាឧបករណ៍ត្រួតពិនិត្យព្រៃឈើ៖ ចំណុចសំខាន់ៗពីកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើការសហការរចនាឧបករណ៍ត្រួតពិនិត្យព្រៃឈើសម្រាប់សហគមន៍ ដើម្បីប្រមូលមតិយោបល់ពីអង្គការសង្គមស៊ីវិល អង្គការមូលដ្ឋានសហគមន៍ និងតំណាងសហគមន៍។ កិច្ចពិគ្រោះយោបល់នេះមានគោលបំណងធ្វើឱ្យវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើរបស់អូឌីស៊ី មានមូលដ្ឋានលើតម្រូវការពិតប្រាកដរបស់សហគមន៍ និងគាំទ្រដល់ការការពារព្រៃឈើប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលានៅកម្រិតមូលដ្ឋាន។
កិច្ចពិគ្រោះយោបល់នេះបានចាប់ផ្តើមជាមួយនឹងសុន្ទរកថាស្វាគមន៍ដោយលោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី ដែលបានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការដែលជាវេទិកាទិន្នន័យបើកទូលាយ និងឌីជីថល។ ខណៈពេលដែលអូឌីស៊ីផ្តល់ជំនាញខាងទិន្នន័យ ឧបករណ៍ឌីជីថល និងទស្សនីយកម្ម សហគមន៍ និងអ្នកអនុវត្តផ្ទាល់មានបទពិសោធន៍ដោយផ្ទាល់នៅសហគមន៍។ ដូច្នេះ ការរចនាវេទិការួមគ្នាជាមួយអ្នកប្រើប្រាស់គឺមានសារៈសំខាន់ណាស់ដើម្បីធានាថាវាមានលក្ខណៈជាក់ស្តែង អាចចូលដំណើរការបាន និងឆ្លើយតបទៅនឹងការពិតនៅនឹងកន្លែង។ ការពិគ្រោះយោបល់នេះមានគោលបំណង៖
- ចែករំលែកពង្រាងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើជាមួយអ្នកពាក់ព័ន្ធ
- ប្រមូលមតិយោបល់ និងអនុសាសន៍បច្ចេកទេស និងការអនុវត្តជាក់ស្តែង
- ស្វែងយល់ពីរបៀបដែលសហគមន៍អាចប្រើប្រាស់ឧបករណ៍នេះក្នុងការងារចុះល្បាតប្រចាំថ្ងៃ
- ពិភាក្សាអំពីរបៀបដែលវេទិកានេះអាចត្រូវបានភ្ជាប់ទៅនឹងការបណ្តុះបណ្តាល ការសម្របសម្រួល និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។
បទពិសោធន៍របស់អូឌីស៊ីជាមួយទិន្នន័យបរិស្ថានបើកទូលាយ
នៅក្នុងបទបង្ហាញរបស់អ្នកស្រី ឈួនវួច អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ នៃអូឌីស៊ី បានណែនាំអំពីបេសកកម្មរបស់អូឌីស៊ី ព្រមទាំងបង្ហាញពីរបៀបដែលអូឌីស៊ីសម្រួលទិន្នន័យបរិស្ថានស្មុគស្មាញទៅជាទិន្នន័យបើកទូលាយ និងងាយស្រួលប្រើប្រាស់។ អ្នកស្រីបានបង្ហាញអ្នកចូលរួមនូវព័ត៌មានទិន្នន័យសំខាន់ៗជាច្រើននៅលើគេហទំព័រអូឌីស៊ីរួមមាន៖
- សហគមន៍ព្រៃឈើ
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ព័ត៌មានគ្រប់គ្រងធនធានជលផល
- គម្របព្រៃឈើ
- តំបន់ការពារធម្មជាតិ
- ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជី
- សម្បទានដីសេដ្ឋកិច្ច
- សម្បទានរ៉ែ និងទិន្នន័យផ្សេងទៀត។
បន្ទាប់មក អ្នកស្រីបានណែនាំពីវេទិការជូនដំណឹងអំពីរំខានព្រៃឈើ ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមដែលសហគមន៍ជួបប្រទះក្នុងការត្រួតពិនិត្យការផ្លាស់ប្តូរព្រៃឈើ និងឆ្លើយតបទៅនឹងសកម្មភាពខុសច្បាប់។ តាមរយៈការប្រើប្រាស់វេទិកាជូនដំណឹងអំពីការរំខានព្រៃឈើដែលមានមូលដ្ឋានលើផ្កាយរណប វេទិកានេះនឹងផ្តល់នូវការជូនដំណឹង ទស្សនីយកម្មសាមញ្ញ និងទិន្នន័យបើកទូលាយ និងមានតម្លាភាពដែលអាចយល់ និងប្រើប្រាស់បាននៅកម្រិតសហគមន៍។ ការរកឃើញនូវការរំខានព្រៃឈើទាន់ពេលវេលាជួយឱ្យមានការឆ្លើយតបលឿនជាងមុន និងការសម្របសម្រួលកាន់តែរឹងមាំ។
ការភ្ជាប់បច្ចេកវិទ្យាជាមួយនឹងបទពិសោធន៍ល្បាតសហគមន៍
នៅក្នុងវគ្គបន្ទាប់ លោក សំអាន ម៉ារឌី បានជជែកអំពីបទពិសោធន៍អំពីការល្បាតព្រៃឈើសហគមន៍ និងបានបង្ហាញករណីប្រើប្រាស់ជាក់ស្តែងសម្រាប់វេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ។ អ្នកចូលរួមបានពិភាក្សាអំពីរបៀបដែលការល្បាតត្រូវបានរៀបចំ រួមទាំងបេសកកម្មឆ្លើយតបរហ័ស និងបេសកកម្មដែលបានកំណត់ពេល។
សំណួរសំខាន់ៗ និងមតិយោបល់ពីភាគីពាក់ព័ន្ធ
ការពិគ្រោះយោបល់នេះបានប្រមូលមតិយោបល់ស្ថាបនា និងសំណួរជាក់ស្តែងរបស់អ្នកចូលរួម រួមមាន៖
- តើឧបករណ៍នេះអាចត្រួតពិនិត្យត្រឹមតែព្រំប្រទល់សហគមន៍ជាក់លាក់ជាជាងតំបន់ទូទៅបានដែរឬទេ?
- តើឧបករណ៍នេះអាចប្រើបានដោយឥតគិតថ្លៃដែរឬទេ? ហើយតើការបណ្តុះបណ្តាលនឹងត្រូវបានផ្តល់ជូនសម្រាប់សហគមន៍ដែរឬទេ?
- តើសហគមន៍ដែលមិនទាន់ចុះបញ្ជីអាចទទួលបានអត្ថប្រយោជន៍ពីវេទិកានេះដែរឬទេ?
- តើការជូនដំណឹងនឹងត្រូវបានចែករំលែកយ៉ាងដូចម្តេច?
អ្នកចូលរួមបានយល់ស្របថាការជូនដំណឹងតាមពេលវេលាជាក់ស្តែង ឬស្ទើរតែតាមពេលវេលាជាក់ស្តែង លំហូរការងារច្បាស់លាស់ និងទស្សនីយកម្មសាមញ្ញៗនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវប្រសិទ្ធភាពសហគមន៍ក្នុងការការពារព្រៃឈើ។
ការឆ្លុះបញ្ចាំងពីសហគមន៍៖ បញ្ហាប្រឈម និងតម្រូវការ
ក្នុងអំឡុងពេលកិច្ចពិភាក្សាជាក្រុម អ្នកចូលរួមបានកំណត់បញ្ហាប្រឈមទូទៅនៅក្នុងការត្រួតពិនិត្យព្រៃឈើសហគមន៍ រួមទាំងដែនកំណត់បច្ចេកទេស ការរឹតបន្តឹង និងធនធានមានកំណត់។ ពួកគេក៏បានបញ្ជាក់ពីតម្រូវការសម្រាប់៖
- ការបណ្តុះបណ្តាលជាក់ស្តែង
- ឧបករណ៍ដែលដំណើរការក្នុងបរិបទគ្មានសេវាអ៊ីនធើណិត
- នីតិវិធីច្បាស់លាស់សម្រាប់ការចែករំលែកព័ត៌មាន និងការសម្របសម្រួលជាមួយអាជ្ញាធរ។
កិច្ចពិគ្រោះយោបល់បានបញ្ជាក់ម្តងទៀតថា ការត្រួតពិនិត្យព្រៃឈើប្រកបដោយប្រសិទ្ធភាពមិនមែនអាស្រ័យលើតែបច្ចេកវិទ្យាតែមួយមុខនោះទេ។ វាតម្រូវឱ្យមានការចូលរួមពីសហគមន៍ ការជឿទុកចិត្ត កិច្ចសហការ និងការរចនាដែលផ្តោតលើអ្នកប្រើប្រាស់។ អូឌីស៊ីនឹងរួមបញ្ចូលមតិកែលម្អពីកិច្ចពិគ្រោះយោបល់នេះ ដើម្បីកែលម្អបន្ថែមទៀតនូវវេទិកាជូនដំណឹងអំពីរំខានព្រៃឈើ និងស្វែងយល់ពីវិធីដើម្បីភ្ជាប់ឧបករណ៍ជាមួយនឹងការបណ្តុះបណ្តាល យន្តការផ្តល់មូលនិធិ និងការគាំទ្ររយៈពេលវែងសម្រាប់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យព្រៃឈើសហគមន៍ និងជនជាតិដើមភាគតិច។
អូឌីស៊ី សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ចំពោះការចូលរួមចំណែកផ្តល់មតិយោបល់ដ៏មានតម្លៃនៅក្នុងកិច្ចពិគ្រោះយោបល់នេះ។ តាមរយៈកិច្ចសហការជាបន្តបន្ទាប់ អូឌីស៊ីនឹងធ្វើឱ្យឧបករណ៍ជូនដំណឹងអំពីការរំខានព្រៃឈើប្រកបដោយការបើកទូលាយ បរិយាបន្ន និងងាយស្រួលសម្រាប់សហគមន៍ដែលគាំទ្រដល់ការការពារព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។






