ការ​សហការ​រចនា​ឧបករណ៍​ត្រួតពិនិត្យ​ព្រៃឈើ​៖​ ចំណុច​សំខាន់ៗ​ពី​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​ការ​សហការ​រចនា​ឧបករណ៍​ត្រួតពិនិត្យ​ព្រៃឈើ​សម្រាប់​សហគមន៍​ ដើម្បី​ប្រមូល​មតិយោបល់​ពី​អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​មូលដ្ឋាន​សហគមន៍​ និង​តំណាង​សហគមន៍​។​ កិច្ច​ពិគ្រោះ​យោបល់​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​របស់​អូ​ឌី​ស៊ី​ មាន​មូលដ្ឋាន​លើ​តម្រូវការ​ពិតប្រាកដ​របស់​សហគមន៍​ និង​គាំទ្រ​ដល់​ការ​ការពារ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទាន់​ពេលវេលា​នៅ​កម្រិត​មូលដ្ឋាន​។​

កិច្ច​ពិគ្រោះ​យោបល់​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ ដែល​បាន​សង្កត់ធ្ងន់​លើ​តួនាទី​របស់​អង្គការ​ដែល​ជា​វេទិកា​ទិន្នន័យ​បើក​ទូលាយ​ និង​ឌី​ជី​ថ​ល​។​ ខណៈ​ពេល​ដែល​អូ​ឌី​ស៊ី​ផ្តល់​ជំនាញ​ខាង​ទិន្នន័យ​ ឧបករណ៍​ឌី​ជី​ថ​ល​ និង​ទស្សនី​យ​កម្ម​ សហគមន៍​ និង​អ្នក​អនុវត្ត​ផ្ទាល់​មានបទពិសោធន៍​ដោយ​ផ្ទាល់​នៅ​សហគមន៍​។​ ដូច្នេះ​ ការ​រចនា​វេទិកា​រួម​គ្នា​ជាមួយ​អ្នក​ប្រើប្រាស់​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​ថា​វា​មាន​លក្ខណៈ​ជាក់ស្តែង​ អាច​ចូល​ដំណើរការ​បាន​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត​នៅ​នឹង​កន្លែង​។​ ការពិគ្រោះ​យោបល់​នេះ​មាន​គោលបំណង​៖

  • ​ចែករំលែក​ពង្រាង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ជាមួយ​អ្នក​ពាក់ព័ន្ធ​
  • ​ប្រមូល​មតិយោបល់​ និង​អនុសាសន៍​បច្ចេកទេស​ និង​ការ​អនុវត្ត​ជាក់ស្តែង​
  • ស្វែង​យល់​ពី​របៀប​ដែល​សហគមន៍​អាច​ប្រើប្រាស់​ឧបករណ៍​នេះ​ក្នុង​ការងារ​ចុះ​ល្បាត​ប្រចាំ​ថ្ងៃ​
  • ពិភាក្សា​អំពី​របៀប​ដែល​វេទិកា​នេះ​អាច​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​បណ្តុះបណ្តាល​ ការ​សម្របសម្រួល​ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន​។​

​បទ​ពិសោធន៍​របស់​អូ​ឌី​ស៊ី​ជាមួយ​ទិន្នន័យ​បរិស្ថាន​បើក​ទូលាយ​

នៅ​ក្នុង​បទ​បង្ហាញ​របស់​អ្នកស្រី​ ឈួ​ន​វួ​ច​ អ្នកសម្របសម្រួល​កម្មវិធី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ នៃ​អូ​ឌី​ស៊ី​ បាន​ណែនាំ​អំពី​បេសកកម្ម​របស់​អូ​ឌី​ស៊ី​ ព្រមទាំង​បង្ហាញ​ពី​របៀប​ដែល​អូ​ឌី​ស៊ី​សម្រួល​ទិន្នន័យ​បរិស្ថាន​ស្មុគស្មាញ​ទៅ​ជា​ទិន្នន័យ​បើក​ទូលាយ​ និង​ងាយស្រួល​ប្រើប្រាស់​។​ អ្នកស្រី​បាន​បង្ហាញ​អ្នកចូលរួម​នូវ​ព័ត៌មាន​ទិន្នន័យ​សំខាន់ៗ​ជា​ច្រើន​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​រួម​មាន​៖

​បន្ទាប់​មក​ អ្នកស្រី​បាន​ណែនាំ​ពី​វេទិការ​ជូនដំណឹង​អំពី​រំខាន​ព្រៃឈើ​ ដោយ​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​ដែល​សហគមន៍​ជួប​ប្រទះ​ក្នុង​ការ​ត្រួតពិនិត្យ​ការ​ផ្លាស់​ប្តូរ​ព្រៃឈើ​ និង​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ខុសច្បាប់​។​ តាម​រយៈ​ការ​ប្រើប្រាស់​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ដែល​មាន​មូលដ្ឋាន​លើ​ផ្កាយ​រណប​ វេទិកា​នេះ​នឹង​ផ្តល់​នូវ​ការ​ជូនដំណឹង​ ទស្សនី​យ​កម្ម​សាមញ្ញ​ និង​ទិន្នន័យ​បើក​ទូលាយ​ និង​មាន​តម្លាភាព​ដែល​អាច​យល់​ និង​ប្រើប្រាស់​បាន​នៅ​កម្រិត​សហគមន៍​។​ ការ​រក​ឃើញ​នូវ​ការ​រំខាន​ព្រៃឈើ​ទាន់​ពេលវេលា​ជួយ​ឱ្យ​មានការ​ឆ្លើយ​តប​លឿន​ជាង​មុន​ និង​ការ​សម្របសម្រួល​កាន់តែ​រឹង​មាំ​។​

ការ​ភ្ជាប់​បច្ចេកវិទ្យា​ជាមួយនឹង​បទ​ពិសោធន៍​ល្បាត​សហគមន៍​

នៅ​ក្នុង​វគ្គ​បន្ទាប់​ លោក​ សំ​អាន​ ម៉ារ​ឌី​ បាន​ជជែក​អំពី​បទ​ពិសោធន៍​អំពី​ការ​ល្បាត​ព្រៃឈើ​សហគមន៍​ និង​បាន​បង្ហាញ​ករណី​ប្រើប្រាស់​ជាក់ស្តែង​សម្រាប់​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​។​ អ្នកចូលរួម​បាន​ពិភាក្សា​អំពី​របៀប​ដែល​ការ​ល្បាត​ត្រូវ​បាន​រៀបចំ​ រួម​ទាំង​បេសកកម្ម​ឆ្លើយ​តប​រហ័ស​ និង​បេសកកម្ម​ដែល​បាន​កំណត់ពេល​។​

សំណួរ​សំខាន់ៗ​ និង​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​

​ការពិគ្រោះ​យោបល់​នេះ​បាន​ប្រមូល​មតិយោបល់​ស្ថាបនា​ និង​សំណួរ​ជាក់ស្តែង​របស់​អ្នកចូលរួម​ រួម​មាន​៖

  • តើ​ឧបករណ៍​នេះ​អាច​ត្រួតពិនិត្យ​ត្រឹមតែ​ព្រំប្រទល់​សហគមន៍​ជាក់លាក់​ជា​ជាង​តំបន់​ទូទៅ​បាន​ដែរ​ឬទេ​?
  • តើ​ឧបករណ៍​នេះ​អាច​ប្រើ​បាន​ដោយ​ឥត​គិតថ្លៃ​ដែរ​ឬទេ​?​ ហើយ​តើ​ការ​បណ្តុះបណ្តាល​នឹង​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​សហគមន៍​ដែរ​ឬទេ​?
  • តើ​សហគមន៍​ដែល​មិន​ទាន់​ចុះបញ្ជី​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​វេទិកា​នេះ​ដែរ​ឬទេ​?
  • តើ​ការ​ជូនដំណឹង​នឹង​ត្រូវ​បាន​ចែករំលែក​យ៉ាងដូចម្តេច​?

អ្នកចូលរួម​បាន​យល់​ស្រប​ថា​ការ​ជូនដំណឹង​តាម​ពេលវេលា​ជាក់ស្តែង​ ឬ​ស្ទើរតែ​តាម​ពេលវេលា​ជាក់ស្តែង​ លំហូរ​ការងារ​ច្បាស់លាស់​ និង​ទស្សនី​យ​កម្ម​សាមញ្ញៗ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នូវ​ប្រសិទ្ធភាព​សហគមន៍​ក្នុង​ការ​ការពារ​ព្រៃឈើ​។​

​ការ​ឆ្លុះ​បញ្ចាំង​ពី​សហគមន៍​៖​ បញ្ហា​ប្រឈម​ និង​តម្រូវការ​

​ក្នុងអំឡុងពេល​កិច្ច​ពិភាក្សា​ជា​ក្រុម​ អ្នកចូលរួម​បាន​កំណត់​បញ្ហា​ប្រឈម​ទូទៅ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ព្រៃឈើ​សហគមន៍​ រួម​ទាំង​ដែន​កំណត់​បច្ចេកទេស​ ការ​រឹត​បន្តឹង​ និង​ធនធាន​មាន​កំណត់​។​ ពួក​គេ​ក៏​បាន​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​៖

  • ការ​បណ្តុះបណ្តាល​ជាក់ស្តែង​
  • ឧបករណ៍​ដែល​ដំណើរការ​ក្នុង​បរិបទ​គ្មាន​សេវា​អ៊ី​ន​ធើ​ណិ​ត​
  • នីតិវិធី​ច្បាស់លាស់​សម្រាប់​ការ​ចែករំលែក​ព័ត៌មាន​ និង​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​។​

កិច្ច​ពិគ្រោះ​យោបល់​បាន​បញ្ជាក់​ម្តងទៀត​ថា​ ការ​ត្រួតពិនិត្យ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​មិនមែន​អាស្រ័យ​លើ​តែ​បច្ចេកវិទ្យា​តែ​មួយ​មុខ​នោះ​ទេ​។​ វា​តម្រូវ​ឱ្យ​មានការ​ចូលរួម​ពី​សហគមន៍​ ការ​ជឿ​ទុកចិត្ត​ កិច្ចសហការ​ និង​ការ​រចនា​ដែល​ផ្តោត​លើ​អ្នក​ប្រើប្រាស់​។​ អូ​ឌី​ស៊ី​នឹង​រួម​បញ្ចូល​មតិ​កែ​លម្អ​ពី​កិច្ច​ពិគ្រោះ​យោបល់​នេះ​ ដើម្បី​កែ​លម្អ​បន្ថែម​ទៀត​នូវ​វេទិកា​ជូនដំណឹង​អំពី​រំខាន​ព្រៃឈើ​ និង​ស្វែង​យល់​ពី​វិធី​ដើម្បី​ភ្ជាប់​ឧបករណ៍​ជាមួយនឹង​ការ​បណ្តុះបណ្តាល​ យន្តការ​ផ្តល់​មូលនិធិ​ និង​ការ​គាំទ្រ​រយៈពេល​វែង​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ត្រួតពិនិត្យ​ព្រៃឈើ​សហគមន៍​ និង​ជនជាតិ​ដើម​ភាគតិច​។​

អូ​ឌី​ស៊ី​ សូម​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ចំពោះ​ការ​ចូលរួម​ចំណែក​ផ្តល់​មតិយោបល់​ដ៏​មាន​តម្លៃ​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ​។​ តាម​រយៈ​កិច្ចសហការ​ជា​បន្តបន្ទាប់​ អូ​ឌី​ស៊ី​នឹង​ធ្វើ​ឱ្យ​ឧបករណ៍​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ប្រកបដោយ​ការ​បើក​ទូលាយ​ បរិ​យា​បន្ន​ និង​ងាយស្រួល​សម្រាប់​សហគមន៍​ដែល​គាំទ្រ​ដល់​ការ​ការពារ​ព្រៃឈើ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​