សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ តំបន់​អភិរក្ស​ជលផល​

​គិត​ត្រឹម​ឆ្នាំ​២០២២​ ប្រទេស​កម្ពុជា​មាន​កន្លែង​សហគមន៍​នេសាទ​សរុប​ចំនួន​ ៤៤៧​ ក្នុង​នោះ​នៅ​តំបន់ឆ្នេរ​មាន​សហគមន៍​នេសាទ​ចំនួន​ ៤៦​។​ នៅ​ក្នុង​ខេត្ត​កែប​មាន​សហគមន៍​នេសាទ​ចំនួន​ ០៥​ បាន​ចុះបញ្ជី​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខណៈ​ដែល​ ០៧​ ក្នុង​ចំណោម​ ១០​សហគមន៍​ ក្នុង​ខេត្តកំពត​បាន​ចុះបញ្ជី​។​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ សហគមន៍​ចំនួន​ ១៣​ ក្នុង​ចំណោម​ ១៧​ បាន​ចុះបញ្ជី​ទទួលស្គាល់​។​ យ៉ាងណាមិញ​ សហគមន៍​ចំនួន​ ០៤​ ក្នុង​ចំណោម​ ១៤​ នៅ​ខេត្តកោះកុង​ មិន​ទាន់​បាន​ចុះបញ្ជី​នៅឡើយ​​។​ សហគមន៍​នេសាទ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ក៏​ដូច​ជា​រួមចំណែក​ក្នុង​ការ​គ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ជលផល​ផង​ដែរ​។​ តាម​រយៈ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​ (CAPFish)​ រាជរដ្ឋាភិបាល​កម្ពុជា​ (RGC)​ និង​សហភាព​អឺរ៉ុប​ (EU)​ កំពុង​អនុវត្ត​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​ជលផល​ (SPF)​ ឆ្នាំ​២០១៥-២០២៤​ ដែល​រួម​បញ្ចូល​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វារីវប្បកម្ម​ជាតិ​ (NADS)​។​ គំនិត​ផ្តួចផ្តើម​នេះ​នឹង​កំណត់បញ្ហាប្រឈមទាំង​ក្នុង​វិស័យ​ជលផល​ទឹកសាប​ និង​នៅ​តាម​តំបន់ឆ្នេរ​ដែល​ទាក់ទង​នឹង​ការ​បង្កើន​សន្តិសុខ​ស្បៀង​ ការ​កែ​លម្អ​អាហារូបត្ថម្ភ​ និង​កំណើនសេដ្ឋកិច្ច​។​

នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ អ្នកចូលរួម​អាច​ស្វែង​យល់​បន្ថែម​អំពី​ព័ត៌មាន​ទិន្នន័យ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ស្តី​ពី​ “​តំបន់​អភិរក្ស​ជលផល​”​ និង​សំណុំ​ទិន្នន័យ​កន្លែង​នេសាទ​សហគមន៍​ កំណត់​បញ្ហា​ប្រឈម​របស់​សហគមន៍​ ក៏​ដូច​ជា​ផ្តល់​ធាតុ​ចូល​សម្រាប់​ការ​រចនា​ផ្ទាំង​ព័ត៌មាន​ទិន្នន័យ​កន្លែង​នេសាទ​សហគមន៍​ផង​ដែរ​។​

​ឯកសារ​ទាំងអស់​របស់​សហគមន៍​នេសាទ​ រួម​ទាំង​កិច្ចព្រមព្រៀង​ និង​ផែនការ​គ្រប់គ្រង​កន្លែង​នេសាទ​សហគមន៍​ ភាគច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​បណ្ណាល័យ​ ឬ​ការិយាល័យ​សហគមន៍​ ដែល​ពិបាក​នឹង​ស្វែងរក​ ហើយ​ជួនកាល​អាច​នឹង​មានការ​បាត់បង់​។​ ឯកសារ​ទាំងនេះ​មាន​ច្រើន​ទំព័រ​ ហើយ​អ្នក​អាន​មិន​អាច​ចាប់​យក​ព័ត៌មាន​ក្នុង​ការ​អាន​រយៈពេល​ខ្លី​នោះ​ទេ​ ហើយ​ជា​ទូទៅ​ឯកសារ​ទាំងនោះ​មិន​មាន​រូបភាព​ទាក់ទាញ​ណាមួយ​របស់​សហគមន៍​ទេ​។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ ឯកសារ​មួយ​ចំនួន​បាន​ផុត​សុពលភាព​ហើយ​។​

អូ​ឌី​ស៊ី​បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផលអង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​និង​ស្ត្រី​នៅ​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ “​តំបន់​អភិរក្ស​ជលផល​”​ ដោយ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ ដែល​ជា​ផ្នែក​មួយ​នៃ​ “​គម្រោង​ធានា​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ និង​គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​សម្រាប់​សហគមន៍​នេសាទ​ ងាយ​រង​គ្រោះ​នៅ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​”​ នា​ថ្ងៃ​ទី​ ២១​ ខែមេសា​ ឆ្នាំ​២០២២​ នៅ​សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ​ ស្ថិត​ក្នុង​ខេត្តកំពត​ ប្រទេស​កម្ពុជា​។​ សិក្ខាសាលា​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​មក​ពី​ រដ្ឋបាល​ជលផល​ ខណ្ឌ​រដ្ឋបាល​ជលផល​ខ​ត្ត​ អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​និង​ស្ត្រី​នៅ​កម្ពុជា​ និង​សហគមន៍​នេសាទ​នៅ​តាម​តំបន់ឆ្នេរ​ដូច​ជា​ ខេត្តកំពត​ កែប​ ព្រះ​សីហ​នុ​ និង​កោះកុង​។​ អ្នកចូលរួម​សរុប​មាន​ចំនួន​ ៣១​រូប​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ០៧​រូប​។​ អ្នកចូលរួម​បាន​ចូល​ទៅ​មើល​ព័ត៌មាន​ទិន្នន័យ​ និង​ផ្ទាំង​ព័ត៌មាន​ទិន្នន័យ​ ហើយ​ផ្ទៀង​ផ្ទាំង​ថា​តើ​ព័ត៌មាន​ទាំងអស់​ស្រប​ទៅ​តាម​បរិបទ​ ក្របខ័ណ្ឌ​ច្បាប់​ និង​ទិន្នន័យ​ជាក់ស្តែង​ដែរ​ឬទេ​។​

​ធាតុ​ចូល​សម្រាប់​ការ​រចនា​ព័ត៌មាន​ទិន្នន័យ​និង​ផ្ទាំង​ព័ត៌មាន​ទិន្នន័យ​

​មតិយោបល់​ និង​ធាតុ​ចូល​សំខាន់ៗ​ត្រូវ​បាន​ប្រមូល​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ “​តំបន់​អភិរក្ស​ជលផល​”​ និង​ផ្ទាំង​ព័ត៌មាន​ទិន្នន័យ​កន្លែង​នេសាទ​សហគមន៍​។​ យោង​តាម​ឯកសារ​នីតិបញ្ញត្តិ​ពាក់ព័ន្ធ​ជាមួយនឹង​សហគមន៍​នេសាទ​ និង​មតិយោបល់​របស់​មន្ត្រី​រដ្ឋបាល​ជលផល​និង​ខណ្ឌ​រដ្ឋបាល​ជលផល​ មន្ត្រី​រដ្ឋបាល​ជលផល​បាន​ស្នើ​អូ​ឌី​ស៊ី​ឱ្យ​កែប្រែ​ពាក្យ​មួយ​ចំនួន​នៅ​លើ​ព័ត៌មាន​ទិន្នន័យ​ និង​ផ្ទាំង​ព័ត៌មាន​ទិន្នន័យ​។​ ការ​ផ្លាស់​ប្តូរ​អាច​ធ្វើ​ឱ្យ​ព័ត៌មាន​ទិន្នន័យ​របស់​សហគមន៍​កាន់តែ​មាន​លក្ខណៈ​ស្តង់ដារ​ និង​ងាយស្រួល​យល់​ជាង​មុន​។​ អូ​ឌី​ស៊ី​បាន​ធ្វើការ​កែប្រែ​ឈ្មោះ​ព័ត៌មាន​ទិន្នន័យ​របស់​ខ្លួន​ពី​ “​តំបន់​អភិរក្ស​ជលផល​”​ ទៅ​ជា​ “​ព័ត៌មាន​គ្រប់គ្រង​ធនធាន​ជលផល​”​។​ ដោយឡែក​ ដើម្បី​ធានា​បាន​នូវ​ភាព​ស៊ីសង្វាក់​គ្នា​នៃ​ផែនទី​កន្លែង​នេសាទ​សហគមន៍​ រដ្ឋបាល​ជលផល​គួរតែ​ផ្តល់​លេខ​និយាម​ការ​បន្ថែម​ ឬ​ទិន្នន័យ​ជា​ក្នុង​ទម្រង់​ Shapefile​ និង​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​ ព្រមទាំង​ផែនការ​គ្រប់គ្រង​កន្លែង​នេសាទ​សហគមន៍​ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង​សហគមន៍​ប្រកបដោយ​និរន្តរភាព​។​

បញ្ហា​ប្រឈម​របស់​សហគមន៍​នេសាទ​នៅ​តំបន់ឆ្នេរ​

សហគមន៍​នេសាទ​ប្រឈម​នឹង​បញ្ហា​នេសាទ​ខុសច្បាប់​ និង​ការ​កាប់​ព្រៃកោងកាង​ជា​បន្តបន្ទាប់​។​ បញ្ហា​ប្រឈម​ក្នុង​ការ​គ្រប់គ្រង​សំណល់​ជា​រឿយៗ​ត្រូវ​បាន​ទទួលស្គាល់​ ដោយសារ​តែ​កង្វះខាត​ធនធាន​ និង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​នេះ​។​ ជាង​នេះ​ទៅ​ទៀត​ គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​សម្លឹង​ឃើញ​សក្តានុពល​របស់​សហគមន៍​ ក្នុង​ការ​កាន់កាប់​សហគមន៍​នេសាទ​ទាំងមូល​ ឬ​ផ្នែក​ខ្លះ​នៃ​សហគមន៍​។​ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​សហគមន៍​មានការ​ព្រួយបារម្ភ​ ពីព្រោះ​កិច្ចព្រមព្រៀង​រវាង​សហគមន៍​ និងនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​​បាន​ផុត​សុពលភាព​ ហើយ​វា​អាច​នឹង​ត្រូវ​ដក​វិញ​បាន​គ្រប់ពេល​ទាំងអស់​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ បង្គោលព្រំ​ប្រទល់​លើ​ទឹក​របស់​សហគមន៍​មិន​ទាន់​មាននៅ​ឡើយ​ទេ​ ហើយ​សមត្ថភាព​របស់​សហគមន៍​ដើម្បី​ការពារ​សហគមន៍​របស់​ពួក​គេ​ក៏​នៅ​មាន​កម្រិត​។​

ផែនការ​ពង្រឹង​សហគមន៍​នេសាទ​

​ក្រៅពី​ផែនការ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ផែនការ​គ្រប់គ្រង​កន្លែង​នេសាទ​សហគមន៍​ សហគមន៍​មាន​ភាព​ក្លាហាន​ និង​ស្មារតី​ក្នុង​ការ​ពង្រីង​និង​ការពារ​សហគមន៍​របស់​ពួក​គេ​ ដោយ​វិធានការ​សំខាន់ៗ​ផ្សេង​ទៀត​។​ ពួក​គេ​រួម​គ្នា​ប្តេជ្ញា​ការពារ​ដី​សហគមន៍​ ជីវភាព​រស់នៅ​ និង​ធនធានធម្មជាតិ​របស់​សហគមន៍​ (​ព្រៃ​លិច​ទឹក​ ស្មៅ​សមុទ្រ​ ព្រៃកោងកាង​។​ល​។​)​ ព្រមទាំង​ដាំ​ស្មៅ​សមុទ្រ​ និង​ព្រៃកោងកាង​បន្ថែម​ទៀត​ផង​ដែរ​។​ ផ្លា​ក​សញ្ញា​សហគមន៍​នឹង​ត្រូវ​បាន​រៀបចំ​ដាក់​។​ សហគមន៍​បាន​រៀបចំ​ការ​ល្បាត​​ជា​ប្រចាំ​ ដើម្បី​សង្កេត​មើល​ស្ថានភាព​មិន​ប្រក្រតី​ និង​បទល្មើស​នេសាទ​ ឬ​ព្រៃ​លិច​ទឹក​ក្នុង​សហគមន៍​។​ ដើម្បី​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ​ជាមួយនឹង​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ពួក​គេ​នឹង​បង្កើត​ធនាគារ​ក្តាម​នៅ​ក្នុង​សហគមន៍​។​ ទេសចរណ៍ធម្មជាតិ​ក៏​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​សហគមន៍​នេសាទ​ផង​ដែរ​ ដោយសារ​វា​អាច​ជួយ​សហគមន៍​ក្នុង​លក្ខណៈ​វិជ្ជមាន​ជា​ច្រើន​។​ សហគមន៍​គ្រោង​នឹង​បង្កើត​កន្លែង​ទាក់ទាញ​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ដូច​ជា​ ផ្លូវ​ទៅ​សហគមន៍​ ស្ពាន​ឆ្លងកាត់​ព្រៃកោងកាង​ កន្លែង​បណ្តែត​ទឹក​ និង​កន្លែង​លំហែកាយ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​។​

ដើម្បី​បង្កើន​សមត្ថភាព​សហគមន៍​ អូ​ឌី​ស៊ី​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​និង​ស្ត្រី​នៅ​កម្ពុជា​ ផ្តល់​​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ផ្សព្វផ្សាយ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ និង​អត្ថប្រយោជន៍​របស់​វា​ក្នុង​ចំណោម​សហគមន៍​នេសាទ​ក្នុង​ខេត្ត​កែប​ និង​ខេត្តកំពត​ កាលពី​ថ្ងៃ​ទី​ ២១​ ខែមករា​ ឆ្នាំ​២០២២​ កន្លង​ទៅ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ តាម​រយៈ​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​។​

​​​​ដើម្បី​ស្វែង​រក​ព័ត៌មាន​ទិន្នន័យ​សហគមន៍​នេសាទ​​នៅលើ​អូឌីស៊ី​​​ សូម​​ចូល​ទៅ​កាន់​ទំព័រ​​៖​ ព័ត៌មាន​គ្រប់គ្រង​ធនធាន​ជលផល