​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​ ២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ សិក្ខាសាលា​ពិគ្រោះយោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​លជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​ ក្នុង​កិច្ចសហការ​ប្រកបដោយ​អត្ថន័យ​ និង​សកម្ម​ជាមួយ​នាយកដ្ឋាន​អប់រំ​ពិសេស​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែល​ផ្តោត​លើ​ការ​អប់រំ​ជនជាតិ​ដើម​ភាគតិច​នៅ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​។

សិក្ខាសាលា​ពិគ្រោះ​យោបល់​រយៈពេល​មួយ​ថ្ងៃនេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជា​ ជាតិ​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មានការ​ចូលរួម​ពី​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​អង្គការ​អូ​ឌី​ស៊ី​ និង​លោក​ ប្លង់​ វណ្ណ​ប៉ាត​ អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​ និង​សមាសភាព​ចូលរួម​មាន​ចំនួន​ ២៩​នាក់​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ៩​នាក់​ ដែល​ជា​តំណាង​មក​ពី​នាយកដ្ឋាន​អប់រំ​ពិសេស​ និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មន្ទីរ​អប់រំ​ខេត្ត​មាន​ដូច​ជា​ខេត្តរតនគិរី​ មណ្ឌលគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ ព្រះ​វិហារ​ និង​កំពង់ធំ​ តំណាង​សាលា​ និង​លោកគ្រូ​ អ្នកគ្រូ​ និង​អង្គការ​ ដៃគូ​ពាក់ព័ន្ធ​។​

​គោលបំណង​ចម្បង​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មាន​ដូច​ខាងក្រោម​៖​

  1. ជ្រើសរើស​ ប្រធានបទ​ និង​ប្រភេទ​នៃ​វី​ដេ​អូ​សម្រាប់​សិស្សានុសិស្ស​នៅ​កម្រិត​បឋម​សិក្សា​
  2. កំណត់​បញ្ហា​ប្រឈម​ក្នុង​ពេល​អនុវត្ត​គម្រោង​នៅ​សាលា​គោលដៅ​នីមួយៗ​
  3. ប្រមូល​ធាតុ​ចូល​សំខាន់ៗ​ពី​ភាគី​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការ​ផលិត​វី​ដេ​អូ​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​។

​ជា​កិច្ច​ចាប់ផ្តើម​ លោក​ ប្លង់​ វណ្ណ​ប៉ាត​ អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​បាន​មាន​ប្រសាសន៍​អំពី​វឌ្ឍនភាព​ និង​លទ្ធផល​អប់រំ​ដ៏​ជោគជ័យ​នៃ​ឆ្នាំ​សិក្សា​ ២០២១-២០២២​ រួម​មាន​ចំនួន​ថ្នាក់រៀន​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ ការ​អនុវត្ត​កម្មវិធី​ជា​ច្រើន​ ចំនួន​សិស្ស​បោះបង់​ការ​សិក្សា​ ចាប់ពី​បឋម​សិក្សា​ មធ្យមសិក្សា​ដល់​ទុតិយភូមិ​ និង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​ និង​សញ្ញាបត្រ​ទុតិយភូមិ​ ព្រមទាំង​ពានរង្វាន់​សម្រាប់​សិស្ស​ពូកែ​លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ ភាសា​ខ្មែរ​ និង​រូបវិទ្យា​នៅ​ក្នុង​ខេត្តកំពង់ចាម​។​ លោក​ក៏​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​អំពី​សារៈសំខាន់​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ដែល​វា​នឹង​រួមចំណែក​ក្នុង​ការ​ជួយ​ដល់​ការ​បង្រៀន​ និង​ការ​សិក្សា​របស់​សិស្សានុសិស្ស​ទៅ​ថ្ងៃ​អនាគត​។​


“​វគ្គ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​[​បឋម​សិក្សា​]​ ខ្ញុំ​គិត​ថា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ជួយ​ការ​បង្រៀន​ និង​ការ​រៀន​របស់​សិស្ស​ឱ្យ​ កាន់តែ​ប្រសើរ​នា​ ពេល​ខាង​មុខ​នេះ​”​- លោក​ ប្លង់​ វណ្ណ​ប៉ាត​ អនុប្រធាន​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​។​

​បន្ទាប់​មក​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​ផ្តល់​ទិដ្ឋភាព​សង្ខេប​នៃ​គម្រោង​ ដែល​គម្រោង​ត្រូវ​បាន​គាំទ្រ​មូល​និ​ធិ​ដោយ​កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​ សម្រាប់​វិស័យ​អាយ​ស៊ី​ធី​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ និង​អនុវត្ត​ដោយ​អង្គការ​អូ​ឌី​ស៊ី​ ក្រោម​កិច្ចសហការ​យ៉ាង​សកម្ម​ជាមួយ​នាយកដ្ឋាន​អប់រំ​ពិសេស​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​ដោះស្រាយ​នូវ​ឧបសគ្គ​ភាសា​របស់​សិស្សានុសិស្ស​ជនជាតិ​ដើម​ភាគតិច​ នៅ​កម្រិត​បឋម​សិ​ស្សា​ ដើម្បី​គាំទ្រ​ដល់ការ​សិក្សា​រៀនសូត្រ​របស់​ពួក​គេ​ដែល​ស្រប​តាម​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២១-២០៣៥​ និង​គោលនយោបាយ​អប់រំ​ពាក់ព័ន្ធ​នឹង​វេទិកា​ឌី​ជី​ថ​ល​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ លោក​បាន​បន្ថែម​ថា​ គម្រោង​នេះ​នឹង​ផលិត​វី​ដេ​អូ​អប់រំ​ឌី​ជី​ថ​ល​ចំនួន​ ៩០​ ដែល​នឹង​ផ្សព្វផ្សាយ​ និង​បង្ហាញ​នៅ​ក្នុង​សាលា​គោលដៅ​ចំនួន​ប្រាំមួយ​នៃ​ខេត្ត​ រតនគិរី​ មណ្ឌលគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ ព្រះ​វិហារ​ និង​កំពង់ធំ​ ហើយ​បង្ហោះ​វា​ចូល​ទៅ​ក្នុង​វេទិកា​ឌី​ជី​ថ​ល​ផ្សេងៗ​ ជា​ពិសេស ​វិ​ប​ផត​ថ​ល​នៃ​គេហទំព័រ​ធនធាន​អប់រំ​កម្ពុជា​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ដូច​ជា​បើក​វគ្គ​បណ្តុះបណ្តាល​ គ្រូ​បង្គោល​សម្រាប់​គ្រូ​នៅ​កម្រិត​បឋម​សិក្សា​ អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ថ្មី​នេះ​ ដើម្បី​បង្រៀន​សិស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​។​ លោក​បាន​ពន្យល់​បន្ថែម​ថា​ គម្រោង​នេះ​ មាន​ក្តី​រំពឹង​ថា​ នឹង​ជួយ​ចូលរួម​កាត់​បន្ថយ​ ការ​បោះបង់​ការ​សិក្សា​ ជា​ពិសេស​ សិស្ស​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​ ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ និង​រៀន​ភាសា​ខ្មែរ​ កាត់​បន្ថយ​គម្លាត​ និង​កង្វះ​សម្ភារៈ​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​ លុប​បំបាត់​ការ​មិន​រាប់​បញ្ចូល​ និង​វិសមភាព​ក្នុង​សង្គម​គាំទ្រ​ដល់​ដំណើរការ​សិក្សា​របស់​សិស្ស​ជនជាតិ​ដើម​ភាគតិច​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​គ្រូបង្រៀន​កម្រិត​បឋម​សិក្សា​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​ឌី​ជី​ថ​ល​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​។​​ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​អំពី​សារៈសំខាន់​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការ​ជ្រើសរើស​ប្រធានបទ​ និង​ប្រភេទ​នៃ​វី​ដេ​អូ​ ការ​កំណត់​បញ្ហា​ប្រឈម​ និង​ការ​ប្រមូលផ្តុំ​ធាតុ​ចូល​សំខាន់ៗ​។​ បន្ទាប់​មក​ លោក​បាន​គូស​បញ្ជាក់​យ៉ាង​ស៊ីជម្រៅ​អំពី​សារៈសំខាន់​នៃ​ការ​បន្ត​សហការ​ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​សម្រួល​ដល់​ការ​អនុវត្ត​គម្រោង​ឱ្យ​ទទួល​បាន​ជោគជ័យ​ និង​មាន​ភាព​រលូន​។​

“​ខ្ញុំ​អាច​និយាយ​បាន​ថា​ ការ​ជួបជុំ​ក៏​ដូច​ជា​សមិទ្ធផល​ថ្ងៃនេះ​មាន​សារៈសំខាន់​ក្នុង​កា​ចូលរ​រួម​អនុវត្ត​គម្រោង​ ធនធាន​អប់រំ​ឌី​ជី​ថ​ល​ ជា​ពិសេស​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​កម្រិត​បឋម​សិក្សា​”​- លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​ នៃ​អង្គការ​អូ​ឌី​ស៊ី​

​បៀ​ប​វារៈ​បន្ទាប់​គឺ​ ប្រសាសន៍​សំណេះសំណាល​ និង​សុន្ទរកថា​បើក​សិក្ខាសាលា​ដោយ​ ឯកឧត្តម​ ជា​ ជាតិ​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ ជា​កិច្ច​ចាប់ផ្តើម​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ ដល់​សមាជិក​ និង​សមាជិការ​ អង្គប្រជុំ​ទាំងមូល​ ក៏​ដូច​ជា​ថ្លែងអំណរគុណ​ដ៏​ជ្រៀលជ្រៅ​ចំពោះ​អង្គការ​ ដៃគូ​អភិវឌ្ឍន៍​ និង​អ្នក​ពាក់ព័ន្ធ​ ដែល​បាន​ចូលរួម​ និង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​អប់រំ​សិស្ស​ បន្ត​ការ​គាំទ្រ​ និង​ផ្តល់​ទាំង​ផ្នែក​បច្ចេកទេស​ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​។​ ​ឯកឧត្តម​ ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​ពហុ​ភាសា​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​បួន​ និង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ដែល​ធានា​បាន​នូវ​ការ​អប់រំ​ ប្រកបដោយ​គុណភាព​ និង​បរិយាកាស​សមធម៌​ និង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​សិស្ស​ទាំងអស់​គ្នា​។​ ឯកឧត្តម​ បាន​កត់សម្គាល់​បន្ថែម​ទៀត​ អំពី​តួនាទី​សំខាន់​នៃ​ការ​ចូលរួម​របស់​សិស្ស​ជនជាតិ​ដើម​ភាគតិច​ ក្នុង​ការ​អប់រំ​តាម​រយៈ​ការ​អប់រំ​ពហុ​ភាសា​ និង​ការ​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល​ ខណៈ​ដែល​ការ​អប់រំ​ពហុ​ភាសា​របស់​កម្ពុជា​ត្រូវ​បាន​កោតសរសើរ​ នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ បន្ទាប់​មក​ ឯកឧត្តម​បាន​ពន្យល់​លម្អិត​អំពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ដែល​រួម​បញ្ចូល​ទៅ​ក្នុង​របៀប​រស់នៅ​របស់​យើង​ពី​បញ្ញា​សិប្បនិមិត្ត​ដែល​ហៅ​ថា​ អេ​អាយ​ សេវាកម្ម​ដឹក​ជ​ញ្ចួ​ន​លឿន​ និង​ងាយស្រួល​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ និង​ធនាគារ​ឌី​ជី​ថ​ល​ ក្នុង​នោះ​វិធីសាស្ត្រ​បង្រៀន​ក្នុង​វិស័យ​អប់រំ​ រួម​ទាំង​ការ​អប់រំ​ពិសេស​ និង​ការ​អប់រំ​ពហុ​ភាសា​ក៏​បាន​ផ្លាស់​ប្តូរ​នៅ​ក្នុង​សតវត្ស​ទី​ ២១​ នេះ​ផង​ដែរ​។​ ចុង​ក្រោយ​ ឯកឧត្តម​ជឿជាក់​ថា​កិច្ចប្រជុំ​ថ្ងៃនេះ​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​​ និង​ចែករំលែក​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ដល់​សិស្សានុសិស្ស​។​

“​ការ​ប្រមូល​កុមារ​ជនជាតិ​ដើម​ភាគតិច​ ឱ្យ​ចូល​រៀន​ ជា​គោលដៅ​ ជា​ផ្នែក​មួយ​ ដែល​ធានា​ថា​កុមារ​ ទាំងអស់​ នឹង​ទទួល​បាន​ ការ​សិក្សា​ ការ​ចូលរួម​ពេញលេញ​ ការ​អភិវឌ្ឍ​សមត្ថភាព​ ការ​បណ្តុះ​សេចក្តី​ក្លាហាន​ ប្រកបដោយ​ ភាព​ជឿជាក់​”​- ឯកឧត្តម​ ជា​ ជាតិ​ អនុរដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​

​បន្ទាប់​មក​ មានការ​សម្រាក​ពិសា​អាហារ​សម្រន់​មុន​ពេល​ដល់​កិច្ច​បន្ទាប់​ គឺ​ការ​ធ្វើ​បទ​បង្ហាញ​ ស្តី​ពី​គម្រោង​ និង​ការ​ពិភាក្សា​ជា​ក្រុម​។​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រូវ​បាន​បន្ត​ដោយ​ កញ្ញា​ អ៊ួ​ន​ វិមល​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​របស់​ អង្គការ​អូ​ឌី​ស៊ី​ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ យ៉ាង​ទូលំទូលាយ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​អង្គការ​អូ​ឌី​ស៊ី​ គោលបំណង​យុទ្ធសាស្ត្រ​របស់​គម្រោង​ និង​គោលបំណង​លម្អិត​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​។​

បន្ទាប់​មក​ កញ្ញា​បាន​បង្ហាញ​នូវ​កម្រង​សំណួរ​សំខាន់ៗ​ សម្រាប់​ជ្រើសរើស​ប្រធានបទ​ និង​ប្រភេទ​នៃ​វី​ដេ​អូ​ និង​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​។​ អ្នក​ចូល​រួម​ត្រូវ​បាន​ដាក់​ជា​ក្រុម​ធំៗ​ចំនួន​បួន​ដែល​ក្រុម​នីមួយៗ​មាន​អ្នកចូលរួម​មក​ពី​ខេត្ត​ និង​ស្ថាប័ន​ផ្សេងៗ​គ្នា​ ដើម្បី​ពិភាក្សា​លើ​ការ​ជ្រើសរើស​ប្រធានបទ​សម្រាប់​វី​ដេ​អូ​ រួច​មានការ​ធ្វើ​បទ​បង្ហាញ​ដ៏​ខ្លី​មួយ​ ពី​តំណាង​ក្រុម​នីមួយៗ​។​ បន្ទាប់​មក​ ពួក​គេ​ត្រូវ​បាន​ដាក់​ជា​ក្រុម​ធំៗ​ចំនួន​បួន​ ម្តងទៀត​ ដែល​ម្តងនេះ​ ក្រុម​នីមួយៗ​មាន​អ្នកចូលរួម​មក​ពី​ខេត្ត​ដូច​គ្នា​ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​ស្វែងរក​ និង​ជ្រើសរើស​ប្រភេទ​នៃ​វី​ដេ​អូ​។​

​ជា​កិច្ច​បន្ទាប់​ មានការ​ពិភាក្សា​បើកចំហរ​លើ​ការ​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​ ពី​ខេត្ត​នីមួយៗ​សម្រាប់​សាលា​គោលដៅ​ ក្នុង​ពេល​អនុវត្ត​គម្រោង​។​ ជា​ចុង​ក្រោយ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​អង្គការ​អូ​ឌី​ស៊ី​ បាន​សង្ខេប​នូវ​ធាតុ​ចូល​សំខាន់ៗ​ ដែល​ត្រូវ​បាន​ ប្រមូលផ្តុំ​ តាម​រយៈ​កិច្ច​ពិភាក្សា​ និង​ការ​ធ្វើ​បទ​បង្ហាញ​ពី​ក្រុម​នីមួយៗ​។​ លោក​ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ ចំពោះ​សមាជិក​ សមាជិការ​នៃ​អង្គ​សិក្ខាសាលា​ទាំងមូល​ ដែល​បាន​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​មាន​តម្លៃ​ និង​សំខាន់ៗ​ដែល​វា​នឹង​បម្រើ​ជា​ភស្តុ​តាង​ និង​ព័ត៌មាន​សំខាន់ៗ​ ដើម្បី​ចូលរួម​ចំណែក​ដល់​ភាព​ជោគជ័យ​ ក្នុង​ការ​អនុវត្ត​គម្រោង​។​ លោក​ក៏​បានសំណូមពរ​បន្ថែម​ទៀត​ដល់​ អ្នកចូលរួម​ទាំងអស់​ឱ្យ​រក្សា​កិច្ច​សហប្រតិបត្តិការ​ សកម្ម​ និង​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​មាន​តម្លៃបន្ថែម​ទៀត​ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​គម្រោង​ក្នុង​ដំណាក់កាល​បន្ទាប់​។​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ លោកស្រី​ ជិន​ កល្យាណ​លក្ខណា​ អនុប្រធាន​នាយកដ្ឋាន​អប់រំ​ពិសេស​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ លោកស្រី​បាន​ ថ្លែងអំណរគុណ​ចំពោះ​សិក្ខាកាម​ទាំងអស់​ ដែល​បាន​ចូលរួម​ដោយ​ជោគជ័យ​ និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ចំពោះ​ការ​ផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ​ សម្រាប់​សិក្ខាសាលា​ពិគ្រោះ​យោបល់​។​