សិក្ខាសាលាពិគ្រោះយោបល់ស្តីពីធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍន (អូឌីស៊ី) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា ក្នុងកិច្ចសហការប្រកបដោយអត្ថន័យ និងសកម្មជាមួយនាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡាដែលផ្តោតលើការអប់រំជនជាតិដើមភាគតិចនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។
សិក្ខាសាលាពិគ្រោះយោបល់រយៈពេលមួយថ្ងៃនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោក ធី ទ្រី នាយកប្រតិបត្តិអង្គការអូឌីស៊ី និងលោក ប្លង់ វណ្ណប៉ាត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងសមាសភាពចូលរួមមានចំនួន ២៩នាក់ក្នុងនោះស្ត្រីមានចំនួន ៩នាក់ ដែលជាតំណាងមកពីនាយកដ្ឋានអប់រំពិសេស និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំខេត្តមានដូចជាខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងកំពង់ធំ តំណាងសាលា និងលោកគ្រូ អ្នកគ្រូ និងអង្គការ ដៃគូពាក់ព័ន្ធ។
គោលបំណងចម្បងនៃសិក្ខាសាលាពិគ្រោះយោបល់មានដូចខាងក្រោម៖
- ជ្រើសរើស ប្រធានបទ និងប្រភេទនៃវីដេអូសម្រាប់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា
- កំណត់បញ្ហាប្រឈមក្នុងពេលអនុវត្តគម្រោងនៅសាលាគោលដៅនីមួយៗ
- ប្រមូលធាតុចូលសំខាន់ៗពីភាគីពាក់ព័ន្ធទាក់ទងនឹងការផលិតវីដេអូជាភាសាជនជាតិដើមភាគតិច។
ជាកិច្ចចាប់ផ្តើម លោក ប្លង់ វណ្ណប៉ាត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមបានមានប្រសាសន៍អំពីវឌ្ឍនភាព និងលទ្ធផលអប់រំដ៏ជោគជ័យនៃឆ្នាំសិក្សា ២០២១-២០២២ រួមមានចំនួនថ្នាក់រៀន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ការអនុវត្តកម្មវិធីជាច្រើន ចំនួនសិស្សបោះបង់ការសិក្សា ចាប់ពីបឋមសិក្សា មធ្យមសិក្សាដល់ទុតិយភូមិ និងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រទុតិយភូមិ ព្រមទាំងពានរង្វាន់សម្រាប់សិស្សពូកែលើមុខវិជ្ជាគណិតវិទ្យា ភាសាខ្មែរ និងរូបវិទ្យានៅក្នុងខេត្តកំពង់ចាម។ លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃសិក្ខាសាលាពិគ្រោះយោបល់នេះដែលវានឹងរួមចំណែកក្នុងការជួយដល់ការបង្រៀន និងការសិក្សារបស់សិស្សានុសិស្សទៅថ្ងៃអនាគត។
“វគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិត[បឋមសិក្សា] ខ្ញុំគិតថាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយការបង្រៀន និងការរៀនរបស់សិស្សឱ្យ កាន់តែប្រសើរនា ពេលខាងមុខនេះ”- លោក ប្លង់ វណ្ណប៉ាត អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។
បន្ទាប់មក លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការអូឌីស៊ី បានផ្តល់ទិដ្ឋភាពសង្ខេបនៃគម្រោង ដែលគម្រោងត្រូវបានគាំទ្រមូលនិធិដោយកម្មវិធីរបស់ប្រទេសស៊ុយអែត សម្រាប់វិស័យអាយស៊ីធីនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ និងអនុវត្តដោយអង្គការអូឌីស៊ី ក្រោមកិច្ចសហការយ៉ាងសកម្មជាមួយនាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយនូវឧបសគ្គភាសារបស់សិស្សានុសិស្សជនជាតិដើមភាគតិច នៅកម្រិតបឋមសិស្សា ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេដែលស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១-២០៣៥ និងគោលនយោបាយអប់រំពាក់ព័ន្ធនឹងវេទិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបន្ថែមថា គម្រោងនេះនឹងផលិតវីដេអូអប់រំឌីជីថលចំនួន ៩០ ដែលនឹងផ្សព្វផ្សាយ និងបង្ហាញនៅក្នុងសាលាគោលដៅចំនួនប្រាំមួយនៃខេត្ត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងកំពង់ធំ ហើយបង្ហោះវាចូលទៅក្នុងវេទិកាឌីជីថលផ្សេងៗ ជាពិសេស វិបផតថលនៃគេហទំព័រធនធានអប់រំកម្ពុជារបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលសម្រាប់គ្រូនៅកម្រិតបឋមសិក្សា អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីនេះ ដើម្បីបង្រៀនសិស្សឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកបានពន្យល់បន្ថែមថា គម្រោងនេះ មានក្តីរំពឹងថា នឹងជួយចូលរួមកាត់បន្ថយ ការបោះបង់ការសិក្សា ជាពិសេស សិស្សជនជាតិដើមភាគតិចនៅកម្រិតបឋម ដែលកំពុងជួបការលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នា និងរៀនភាសាខ្មែរ កាត់បន្ថយគម្លាត និងកង្វះសម្ភារៈអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច លុបបំបាត់ការមិនរាប់បញ្ចូល និងវិសមភាពក្នុងសង្គមគាំទ្រដល់ដំណើរការសិក្សារបស់សិស្សជនជាតិដើមភាគតិច និងចូលរួមចំណែកក្នុងការជួយគ្រូបង្រៀនកម្រិតបឋមសិក្សា និងធ្វើឱ្យប្រសើរឡើងនូវជំនាញឌីជីថល និងអក្ខរកម្មឌីជីថល។ លោកក៏បានកត់សម្គាល់ផងដែរអំពីសារៈសំខាន់នៃសិក្ខាសាលាពិគ្រោះយោបល់ក្នុងការជ្រើសរើសប្រធានបទ និងប្រភេទនៃវីដេអូ ការកំណត់បញ្ហាប្រឈម និងការប្រមូលផ្តុំធាតុចូលសំខាន់ៗ។ បន្ទាប់មក លោកបានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃការបន្តសហការ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រួលដល់ការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ និងមានភាពរលូន។
“ខ្ញុំអាចនិយាយបានថា ការជួបជុំក៏ដូចជាសមិទ្ធផលថ្ងៃនេះមានសារៈសំខាន់ក្នុងកាចូលររួមអនុវត្តគម្រោង ធនធានអប់រំឌីជីថល ជាពិសេសជនជាតិដើមភាគតិចនៅក្នុងកម្រិតបឋមសិក្សា”- លោក ធី ទ្រី នាយកប្រតិបត្តិ នៃអង្គការអូឌីស៊ី
បៀបវារៈបន្ទាប់គឺ ប្រសាសន៍សំណេះសំណាល និងសុន្ទរកថាបើកសិក្ខាសាលាដោយ ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានមានប្រសាសន៍ស្វាគមន៍ ដល់សមាជិក និងសមាជិការ អង្គប្រជុំទាំងមូល ក៏ដូចជាថ្លែងអំណរគុណដ៏ជ្រៀលជ្រៅចំពោះអង្គការ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួម និងខិតខំប្រឹងប្រែង ដើម្បីអប់រំសិស្ស បន្តការគាំទ្រ និងផ្តល់ទាំងផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។ ឯកឧត្តម ក៏បានបង្ហាញចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃការអប់រំពហុភាសា ដែលបានចូលរួមចំណែកយ៉ាងធំធេងដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទីបួន និងផែនការយុទ្ធសាស្ត្រអប់រំដែលធានាបាននូវការអប់រំ ប្រកបដោយគុណភាព និងបរិយាកាសសមធម៌ និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់សិស្សទាំងអស់គ្នា។ ឯកឧត្តម បានកត់សម្គាល់បន្ថែមទៀត អំពីតួនាទីសំខាន់នៃការចូលរួមរបស់សិស្សជនជាតិដើមភាគតិច ក្នុងការអប់រំតាមរយៈការអប់រំពហុភាសា និងការកាត់បន្ថយគម្លាតឌីជីថល ខណៈដែលការអប់រំពហុភាសារបស់កម្ពុជាត្រូវបានកោតសរសើរ នៅលើឆាកអន្តរជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បន្ទាប់មក ឯកឧត្តមបានពន្យល់លម្អិតអំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាដែលរួមបញ្ចូលទៅក្នុងរបៀបរស់នៅរបស់យើងពីបញ្ញាសិប្បនិមិត្តដែលហៅថា អេអាយ សេវាកម្មដឹកជញ្ចួនលឿន និងងាយស្រួលទាំងក្នុង និងក្រៅប្រទេស និងធនាគារឌីជីថល ក្នុងនោះវិធីសាស្ត្របង្រៀនក្នុងវិស័យអប់រំ រួមទាំងការអប់រំពិសេស និងការអប់រំពហុភាសាក៏បានផ្លាស់ប្តូរនៅក្នុងសតវត្សទី ២១ នេះផងដែរ។ ចុងក្រោយ ឯកឧត្តមជឿជាក់ថាកិច្ចប្រជុំថ្ងៃនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងចែករំលែកធនធានអប់រំឌីជីថលដល់សិស្សានុសិស្ស។
“ការប្រមូលកុមារជនជាតិដើមភាគតិច ឱ្យចូលរៀន ជាគោលដៅ ជាផ្នែកមួយ ដែលធានាថាកុមារ ទាំងអស់ នឹងទទួលបាន ការសិក្សា ការចូលរួមពេញលេញ ការអភិវឌ្ឍសមត្ថភាព ការបណ្តុះសេចក្តីក្លាហាន ប្រកបដោយ ភាពជឿជាក់”- ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់មក មានការសម្រាកពិសាអាហារសម្រន់មុនពេលដល់កិច្ចបន្ទាប់ គឺការធ្វើបទបង្ហាញ ស្តីពីគម្រោង និងការពិភាក្សាជាក្រុម។
សិក្ខាសាលាពិគ្រោះយោបល់ត្រូវបានបន្តដោយ កញ្ញា អ៊ួន វិមល ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូរបស់ អង្គការអូឌីស៊ី ដែលបានធ្វើបទបង្ហាញ យ៉ាងទូលំទូលាយអំពីទិដ្ឋភាពទូទៅនៃអង្គការអូឌីស៊ី គោលបំណងយុទ្ធសាស្ត្ររបស់គម្រោង និងគោលបំណងលម្អិតនៃសិក្ខាសាលាពិគ្រោះយោបល់។
បន្ទាប់មក កញ្ញាបានបង្ហាញនូវកម្រងសំណួរសំខាន់ៗ សម្រាប់ជ្រើសរើសប្រធានបទ និងប្រភេទនៃវីដេអូ និងប្រមូលធាតុចូលសំខាន់ៗ។ អ្នកចូលរួមត្រូវបានដាក់ជាក្រុមធំៗចំនួនបួនដែលក្រុមនីមួយៗមានអ្នកចូលរួមមកពីខេត្ត និងស្ថាប័នផ្សេងៗគ្នា ដើម្បីពិភាក្សាលើការជ្រើសរើសប្រធានបទសម្រាប់វីដេអូ រួចមានការធ្វើបទបង្ហាញដ៏ខ្លីមួយ ពីតំណាងក្រុមនីមួយៗ។ បន្ទាប់មក ពួកគេត្រូវបានដាក់ជាក្រុមធំៗចំនួនបួន ម្តងទៀត ដែលម្តងនេះ ក្រុមនីមួយៗមានអ្នកចូលរួមមកពីខេត្តដូចគ្នា ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរក និងជ្រើសរើសប្រភេទនៃវីដេអូ។
ជាកិច្ចបន្ទាប់ មានការពិភាក្សាបើកចំហរលើការកំណត់បញ្ហាប្រឈមសំខាន់ៗ ពីខេត្តនីមួយៗសម្រាប់សាលាគោលដៅ ក្នុងពេលអនុវត្តគម្រោង។ ជាចុងក្រោយ លោក ធី ទ្រី នាយកប្រតិបត្តិអង្គការអូឌីស៊ី បានសង្ខេបនូវធាតុចូលសំខាន់ៗ ដែលត្រូវបាន ប្រមូលផ្តុំ តាមរយៈកិច្ចពិភាក្សា និងការធ្វើបទបង្ហាញពីក្រុមនីមួយៗ។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសមាជិក សមាជិការនៃអង្គសិក្ខាសាលាទាំងមូល ដែលបានផ្តល់នូវធាតុចូលដ៏មានតម្លៃ និងសំខាន់ៗដែលវានឹងបម្រើជាភស្តុតាង និងព័ត៌មានសំខាន់ៗ ដើម្បីចូលរួមចំណែកដល់ភាពជោគជ័យ ក្នុងការអនុវត្តគម្រោង។ លោកក៏បានសំណូមពរបន្ថែមទៀតដល់ អ្នកចូលរួមទាំងអស់ឱ្យរក្សាកិច្ចសហប្រតិបត្តិការ សកម្ម និងផ្តល់នូវធាតុចូលដ៏មានតម្លៃបន្ថែមទៀត ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងក្នុងដំណាក់កាលបន្ទាប់។
សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានបញ្ចប់ដោយ លោកស្រី ជិន កល្យាណលក្ខណា អនុប្រធាននាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រីបាន ថ្លែងអំណរគុណចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមដោយជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ចំពោះការផ្តល់នូវធាតុចូលសំខាន់ៗ សម្រាប់សិក្ខាសាលាពិគ្រោះយោបល់។