សិក្ខាសាលាផ្សព្វផ្សាយអំពីទិន្នន័យ និងព័ត៌មានបច្ចុប្បន្នភាពស្តីពីសហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) សហការជាមួយអង្គការអាក់សិនអេតកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីទិន្នន័យ និងព័ត៌មានបច្ចុប្បន្នភាពស្តីពីសហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប នៅលើគេហទំព័ររបស់ ODC ដោយមានការចូលរួមជាអធិបតីរបស់ ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត និងអ្នកចូលរួមចំនួន ៧៥នាក់ (ស្រី ២៩នាក់) ដែលមកពីមន្ទីរ និងរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអង្គការក្រៅរដ្ឋាភិបាល យុវជនទូតតំបន់ឆ្នេរ និងសមាជិកបណ្តាញសហគមន៍នេសាទក្នុងខេត្តកែប និងកំពត។
របៀបវារៈសំខាន់នៃសិក្ខាសាលានេះគឺ ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗបំផុតអំពីសហគមន៍នេសាទ និងធនធានធម្មជាតិតំបន់ឆ្នេរ ដល់មន្ទីរ និងរដ្ឋបាលខេត្ត អង្គការសង្គមស៊ីវិល សហគមន៍ និងអ្នកពាក់ព័ន្ធក្នុងខេត្តកែប និងកំពត តាមរយៈគេហទំព័រទិន្នន័យបើកទូលាយរបស់ ODC ក៏ដូចជាការប្រគល់នូវផ្ទាំងសង្ខេបព័ត៌មានសហគមន៍នេសាទជូនដល់សហគមន៍នេសាទចំនួន១២។
លោកស្រី ស៊ីវ វឌ្ឍនា ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ ODC បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ។ តាមរយៈសុន្ទរកថា លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចូលរួមជាសាធារណៈក្នុងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ តាមរយៈការបើកទូលាយព័ត៌មានដែលគួរឱ្យទុកចិត្តបំផុត និងទិន្នន័យបច្ចុប្បន្នភាពអំពីវិស័យសំខាន់ៗ។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីបានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត រដ្ឋបាលជលផល ដៃគូអង្គការដូចជា អង្គការActionAid Cambodia អង្គការCWDCC មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាជិកសហគមន៍នេសាទសម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាំងពីចាប់ផ្តើមគម្រោង។
វគ្គបន្ទាប់គឺជាសុន្ទរកថាគន្លឹះរបស់លោក ឡាត់ គី ប្រធានគម្រោងនៃអង្គការអាក់សិនអេតកម្ពុជា។ បន្ទាប់ពីបានថ្លែងអំណរគុណចំពោះសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានេះ លោកបានឆ្លុះបញ្ចាំងពីគម្រោង “ធានាសុវត្ថិភាពសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទ ងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា” ដែលត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) សម្រាប់រយៈពេលបីឆ្នាំ។ គម្រោងនេះមានការចូលរួមពីតួអង្គសំខាន់ៗជាច្រើន រួមទាំងរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន បណ្តាញសហគមន៍នេសាទខេត្ត យុវជន និងស្ត្រី។ ដំបូងឡើយ គម្រោងនេះមានផ្តោតគោលដៅសម្រាប់ខេត្តកំពត និងកែប ប៉ុន្តែឥឡូវត្រូវបានពង្រីកដើម្បីរួមបញ្ចូលសហគមន៍មួយចំនួនក្នុងខេត្តកោះកុង។ បន្ថែមពីនេះ លោកបានលើកឡើងពីលទ្ធផលនានានៃគម្រោង រួមទាំងការដាក់បញ្ចូលស្ត្រីប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញសហគមន៍ ការលើកកម្ពស់ជីវភាពសហគមន៍ ការកសាងសមត្ថភាពដល់សមាជិកសហគមន៍អំពីសិទ្ធិមនុស្ស ច្បាប់ និងបទប្បញ្ញត្តិ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការសរសេរប្លុក។ លើសពីនេះ ព័ត៌មានសហគមន៍នេសាទចំនួន១២ ត្រូវបានប្រមូល និងធ្វើឌីជីថលនីយកម្មដោយជំនួយបច្ចេកទេសពី ODC ដោយដាក់ព័ត៌មានទាំងនោះចូលទៅក្នុងគេហទំព័ររបស់ ODC ដែលផ្តល់អោយមានការទុកដាក់ឯកសារមានសុវត្ថិភាព និងងាយស្រួលក្នុងការចូលប្រើតាមអ៊ីនធឺណិតសម្រាប់សមាជិកសហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់។
លោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ដែលតំណាងឱ្យរដ្ឋបាលជលផល ក៏បានថ្លែងសុន្ទរកថាគន្លឹះផងដែរ។ លោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងធ្វើវិមជ្ឈការសមត្ថកិច្ច ដើម្បីអនុញ្ញាតឱ្យសហគមន៍មូលដ្ឋានអាចប្រើប្រាស់ធនធានធម្មជាតិដើម្បីលើកកម្ពស់ជីវភាព និងមានសិទ្ធិក្នុងការគ្រប់គ្រងនិរន្តរភាពសហគមន៍របស់ពួកគេ។ រហូតមកដល់ថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតសហគមន៍នេសាទចំនួន ៥១៦ សហគមន៍ និងចុះបញ្ជីសហគមន៍នេសាទបានចំនួន ៤៣៧។ សហគមន៍នេសាទចំនួនប្រាំពីរក្នុងខេត្តកំពត និងប្រាំនៅកែបត្រូវបានចុះបញ្ជី ខណៈដែលសហគមន៍ឡកកោះគ្រឹស្នាក្នុងខេត្តកំពតកំពុងដំណើរការចុះបញ្ជី។ លោកបានបន្ថែមថា កំណែទម្រង់វិមជ្ឈការបានទទួលជោគជ័យខ្លាំងនៅក្នុងខេត្តកំពត និងបានជោគជ័យបន្ទាប់បន្សំនៅខេត្តកែប ហើយលោកក៏លើកទឹកចិត្តដល់សមាជិកសហគមន៍នេសាទទាំងអស់ចូលរួមក្នុងកិច្ចការគ្រប់គ្រងធនធានជលផល និងដែនគ្រប់គ្រងរបស់សហគមន៍ប្រកបដោយប្រសិទ្ធភាពផងដែរ។ លោក ហ្សូត្រា បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ ODC ក្នុងការធ្វើឱ្យព័ត៌មាន និងទិន្នន័យជលផលរបស់សហគមន៍នេសាទអាចចូលប្រើប្រាស់បានសម្រាប់អ្នកស្រាវជ្រាវ និងសហគមន៍។ លោកបានបញ្ជាក់ថា “ទិន្នន័យ និងព័ត៌មានជាថាមពលសំខាន់” ក្នុងសម័យឌីជីថល។ ដើម្បីបង្ហាញពីការគាំទ្រចំពោះ ODC លោកបានសន្យារផ្តល់ជូននូវទិន្នន័យទម្រង់ Shapefile នៃធនធានជលផលសហគមន៍ដល់ ODC ដើម្បីដាក់បញ្ចូលទៅក្នុងមជ្ឈមណ្ឌលរបស់ខ្លួន ដូច្នេះសាធារណជនអាចចូលមើលព័ត៌មានសហគមន៍នេសាទទាំងអស់នៅលើគេហទំព័ររបស់ ODC ។ មុននឹងបញ្ចប់ លោកបានលើកទឹកចិត្តដល់ ODC ឱ្យបង្កើតយុទ្ធសាស្ត្រដើម្បីរក្សាទិន្នន័យ និងព័ត៌មានដែលមានស្រាប់ឱ្យទាន់សម័យ ទោះបីជាគម្រោងនេះត្រូវបានបញ្ចប់ក៏ដោយ។ គាត់ក៏ចង់ឱ្យ ODC ជួយមន្ត្រីជំនាញរបស់រដ្ឋបាលជលផល ក្នុងការបង្ហោះ និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើវេទិកា។
ស្រដៀងនឹងលោក ហ្សូត្រា លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានថ្លែងពីការគាំទ្ររបស់លោកក្នុងការផ្តល់ព័ត៌មានចាំបាច់ទាំងអស់ដល់សហគមន៍ រួមទាំងច្បាប់ និងវិធានគ្រប់គ្រងជលផលសហគមន៍ផងដែរ។ លោកបានបន្ថែមថា រដ្ឋបាលជលផលមានគេហទំព័រអំពីការអភិរក្សសមុទ្រ និងធនធានព័ត៌មានផ្សេងទៀត។ លោកសង្ឃឹមថា គេហទំព័រនេះនឹងត្រូវបានកែលម្អ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលប្រើ។
កិច្ចសំណេះសំណាលស្វាគមន៍នឹងត្រូវបានបញ្ចប់ដោយសុន្ទរកថាបើករបស់ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត។ ឯកឧត្តមបានកត់សម្គាល់ថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដែលការប៉ះពាល់នានានៃសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចដល់បរិស្ថាន និងប្រជាជនច្បាស់ណាស់ពិតជាមិនជៀសបាន។ ការបំផ្លិចបំផ្លាញដល់បរិស្ថាន និងសង្គមមិនអាចលាក់បាំងពីការយកចិត្តទុកដាក់របស់សាធារណជនឡើយ ជាពិសេសក្នុងយុគសម័យនៃបច្ចេកវិទ្យាទំនើប។ មនុស្សអាចប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេ ដើម្បីចូលស្វែងរក និងចែករំលែកព័ត៌មានបានយ៉ាងងាយស្រួល និងរហ័សជាងមុន។ អភិបាលខេត្តកំពតបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ ODC ក្នុងការធ្វើឌីជីថលព័ត៌មានពាក់ព័ន្ធទាំងអស់ស្តីពីសហគមន៍នេសាទ ដែលឥឡូវនេះវាអាចស្វែងរកបានជាសាធារណៈនៅលើអ៊ីនធឺណិត។ រដ្ឋបាលខេត្តកំពតនឹងសន្យាថានឹងនាំមកនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ប្រជាពលរដ្ឋក្នុងខេត្ត និងផ្តល់ការគាំទ្រដល់សហគមន៍គ្រប់ទម្រង់តាមតែធ្វើបាន។
សិក្ខាសាលានេះត្រូវបានបានផ្តល់មូលនិធីដោយសហភាពអឺរ៉ុបតាមរយៈអង្គការអាក់សិនអេតកម្ពុជា ក្រោមគម្រោងដែលហៅថា ធានាសិទ្ធិចូលប្រើប្រាស់ និងការគ្រប់គ្រងលើដី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទ ងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ តាមរយៈជំនួយហិរញ្ញវត្ថុដែលបានផ្តល់ជូនកាលពីចុងឆ្នាំ២០២០មក ODCបានមានឱកាសដើម្បីពង្រីកកិច្ចការរបស់ខ្លួនដល់សហគមន៍នេសាទនៅតាមតំបន់ឆ្នេរ។ ODC បានផ្តល់វគ្គបណ្តុះបណ្តាលដល់សហគមន៍នេសាទអំពីរបៀបស្វែងរកព័ត៌មាន និងទិន្នន័យដែលអាចទុកចិត្តបាននៅលើអ៊ីនធឺណិតតាមទូរស័ព្ទចល័ត និងបានធ្វើកំណែលម្អ និងពង្រីកធនធានទិន្នន័យតាមអ៊ីនធឺណិតអំពីគម្រោងអភិវឌ្ឍន៍ និងសហគមន៍នេសាទសមុទ្រក្នុងខេត្តកំពត និងខេត្តកែប ដែលធ្វើឱ្យការស្វែង និងប្រើប្រាស់កាន់តែងាយស្រួលនៅលើទំព័រតែមួយ។ បន្ថែមពីនេះ យើងក៏ផលិតនូវផ្ទាំងសង្ខេបព័ត៌មានអំពីសហគមន៍នេសាទជាមួយនឹងបច្ចុប្បន្នភាពព័ត៌មានអំពីការចុះបញ្ជី អាណត្តិ និងធនធានជលផល ជាមួយរូបភាពដ៏ស្រស់ស្អាតនៃព្រៃកោងកាងនិងដែនគ្រប់គ្រងរបស់សហគមន៍ ដល់សហគមន៍ចំនួន១២ ក្នុងខេត្តកែប និងខេត្តកំពត។ ផ្ទាំងព័ត៌មាននេះមានពីរភាសា និងអាចទាញយកឯកសារយោងនានាអំពីសហគមន៍ដោយគ្រាន់តែធ្វើការស្កេនលើ QR Code ស្ថិតនៅផ្នែកខាងក្រោមនៃផ្ទាំងព័ត៌មានទាំងនោះ។
ODC ជឿជាក់ថា ការចូលរួមពីសាធារណៈជនដែលមានបរិយាប័ន្ននឹងនាំឱ្យមានការទំនាក់ទំនង និងការយល់ដឹងកាន់តែសកម្ម និងកាន់តែប្រសើររវាងរដ្ឋាភិបាល ពលរដ្ឋ និងវិស័យឯកជន ដែលជាលទ្ធផលនឹងនាំមកនូវអភិបាលកិច្ចបរិស្ថានកាន់តែបើកទូលាយ និងប្រកបដោយការទទួលខុសត្រូវ។