វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ​ស្តី​ពី​ការ​ប្រើប្រាស់​ផែនទី​ និង​ព័ត៌មាន​គ្រប់គ្រង​ធនធាន​ជលផល​របស់​អូ​ឌី​ស៊ី​

​នៅ​ថ្ងៃ​ទី​ ១៩-២០​ ខែកក្កដា​ ឆ្នាំ​ ២០២២​ អូ​ឌី​ស៊ី​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​ និង​ស្ត្រី​នៅ​កម្ពុជា​ (CWDCC)​ រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ការ​ទទួល​បាន​ទិន្នន័យ​ និង​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ទៅ​កាន់​សហគមន៍​នេសាទ​មក​ពី​ខេត្ត​កែប​ និង​កំពត​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​តាម​រយៈ​អង្គការ​ អាក់​សិន​អេ​ត​កម្ពុជា​ ​ ក្រោម​គម្រោង​ “​ធានា​សុវត្ថិភាព​​សិទ្ធិ​ចូល​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​លើ​ដី​ និង​ធនធានធម្មជាតិ​សម្រាប់​សហគមន៍​នេសាទ​ដែល​ងាយ​រង​គ្រោះ​នៅ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​”​។​

​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ផ្តល់​ការ​កសាង​សមត្ថភាព​ដល់​សមាជិក​សហគមន៍​នេសាទ​អំពី​របៀប​ប្រើប្រាស់​គេហទំព័រ​របស់​ ODC​ ដើម្បី​ចូល​ប្រើ​ទិន្នន័យ​ និង​ព័ត៌មាន​អំពី​សហគមន៍​នេសាទ​ របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ (EIA)​ ទំព័រ​ព័ត៌មាន​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ផែនទី​អន្តរ​កម្ម​ដើម្បី​ទទួល​បាន​ទិន្នន័យ​នៃ​សហគមន៍​នេសាទ​ទឹកសាប​ និង​សមុទ្រ​ និង​គម្រោង​អភិវឌ្ឍន៍​នានា​។​ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ សមាជិក​សហគមន៍​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ ICT​ ដើម្បី​ចូល​ទៅ​ស្វែងរក​ព័ត៌មាន​ និង​ចែករំលែក​ទិន្នន័យ​។​ សហគមន៍​នឹង​អាច​ស្វែងរក​ ខ្លឹមសារ​មាតិកា​ដែល​ពួក​គាត់​ត្រូវការ​ ដូច​ជា​ព័ត៌មាន​សហគមន៍​នេសាទ​ ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​សហគមន៍​នេសាទ​ កិច្ចព្រមព្រៀង​សហគមន៍​នេសាទ​ ឯកសារ​គម្រោង​អភិវឌ្ឍន៍​ សំណុំ​ទិន្នន័យ​ក្នុង​ទម្រង់​ឆៅ​ និង​ក្នុង​ទម្រង់​ជា​រូបភាព​។​

​យើង​ទទួល​បាន​អ្នកចូលរួម​ប្រមាណ​ ២៤​នាក់​ ដែល​ក្នុង​នោះ​ ២១​ នាក់​ជា​តំណាង​សហគមន៍​នេសាទ​កំពត​ និង​កែប​ចំនួន​ ១១​នាក់​ (​ស្ត្រី​ ៦​នាក់​)​ តំណាង​រដ្ឋបាល​ជលផល​កំពត​ពីរ​នាក់​ និង​មន្ត្រី​គម្រោង​ម្នាក់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​ និង​ស្ត្រី​នៅ​កម្ពុជា​ (CWDCC)​។​ យើង​សង្កេត​ឃើញ​ថា​ អ្នកចូលរួម​របស់​យើង​មាន​សាទរ​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ​ និង​ជឿ​ថា​ ពួក​គាត់​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មីៗ​ ដើម្បី​អភិរក្ស​ និង​ការពារ​សហគមន៍​របស់​ពួក​គេ​។​

​លោក​ សូរ​ សូ​រិ​ន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត​ និង​លោកស្រី​ ទុំ​ សុភាព​ នាយ​រង​ខណ្ឌ​ បាន​ចូលរួម​ថ្លែង​សុន្ទរកថា​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​។​

“​ខ្ញុំ​បាន​ស្គាល់​អំពី​គេហទំព័រ​ ODC​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​បណ្តាញ​សហគមន៍​នេសាទ​កាលពី​ខែមីនា​។​ ខ្ញុំ​សប្បាយចិត្ត​ដែល​ ODC​ ធ្វើការ​បណ្តុះបណ្តាល​បែប​នេះ​ ដើម្បី​កសាង​ចំណេះដឹង​ឌី​ជី​ថ​ល​សម្រាប់​សមាជិក​សហគមន៍​របស់​យើង​ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រួម​បញ្ចូល​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​។​ ពី​មុន​មនុស្ស​រៀន​ពី​ការ​អាន​នៅ​បណ្ណាល័យ​។​ សព្វ​ថ្ងៃនេះ​ ជាមួយនឹង​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ មនុស្ស​អាច​រៀន​ដោយ​ខ្លួនឯង​នៅ​លើ​អ៊ីនធឺណិត​។​ ខ្ញុំ​សង្ឃឹមថា​តំណាង​សហគមន៍​ទាំងអស់​ដែល​ចូលរួម​នៅ​ថ្ងៃនេះ​នឹង​អាច​ស្វែងរក​ព័ត៌មាន​អំពី​សហគមន៍​នេសាទ​របស់​ពួក​គេ​កាន់តែ​ងាយស្រួល​ និង​លឿន​នៅ​លើ​គេហទំព័រ​របស់​ ODC»​។​

​មុន​នឹង​បញ្ចប់​សុន្ទរកថា​ លោក​ សូ​រិ​ន​ ក៏​បាន​ស្នើ​ឱ្យ​ ODC​ រៀបចំ​សិក្ខាសាលា​មួយ​ នៅ​ពេល​ដែល​ទិន្នន័យ​ និង​ព័ត៌មាន​នៃ​សហគមន៍​នេសាទ​ទាំងអស់​ក្នុង​ខេត្ត​កែប​ និង​កំពត​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​។​ លោក​ចង់ឱ្យ​ ODC​ អញ្ជើញ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​មក​ពី​មន្ទីរ​កសិកម្ម​ បរិស្ថាន​ សុរិយោដី​ ទេសចរណ៍​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​អាច​រៀន​អំពី​គេហទំព័រ​ ស្តាប់​ពី​បញ្ហា​ប្រឈម​របស់​សហគមន៍​ និង​បានដឹង​ពី​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​របស់​សហគមន៍​ផង​ដែរ​។

​នៅ​ថ្ងៃ​ទី​១​ វគ្គ​បណ្តុះបណ្តាល​បាន​ផ្តោត​ទៅ​លើ​របៀប​ចូល​ប្រើប្រាស់​ និង​ស្វែង​យល់​ពី​គេហទំព័រ​និង​ប្រើប្រាស់​ផែនទី​អន្តរ​កម្ម​ ODC​ ឯកសារ​បទ​ប្បញ្ញត្តិ​ ស្វែងរក​និង​ទាញ​យក​ទិន្នន័យ​។​ នៅថ្ងៃ​ទី​២​ សិក្ខាកាម​បាន​ណែនាំ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ “​ព័ត៌មាន​គ្រប់គ្រង​ធនធាន​ជលផល​”​ និង​ “​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​”​ ដល់​សិក្ខាកាម​ដើម្បី​ចូល​មើល​ព័ត៌មាន​ និង​ស្វែង​យល់​អំពី​ទំព័រ​កម្រង​ព័ត៌មាន​ទាំងនេះ​។​ បន្ទាប់​មក​ក៏​មានការ​អនុវត្ត​លំ​ហាត់​ និង​ចូល​ទៅ​ប្រើប្រាស់​ដោយ​ផ្ទាល់​សម្រាប់​អ្នកចូលរួម​ផង​ដែរ​។​

​សិក្ខាកាម​ត្រូវ​បាន​ស្នើរ​សុំ​ឱ្យធ្វើ​តេស្ត​មុន​និង​ក្រោយ​វគ្គ​បណ្តុះបណ្តាល​។​ ការ​ធ្វើតេស្ត​នេះ​ គឺជា​ឧបករណ៍​សម្រាប់​វាយតម្លៃ​សមត្ថភាព​របស់​សិក្ខាកាម​មុន​ និង​ក្រោយ​ការ​បណ្តុះបណ្តាល​ ដើម្បី​ដឹង​ថា​តើ​ពួក​គេ​ទទួល​បាន​ជំនាញ​កម្រិត​ណា​។​ ការ​ធ្វើតេស្ត​មាន​សំណួរ​បិទ​ទាក់ទង​នឹង​ការ​យល់​ដឹង​ និង​របៀប​ចូល​ប្រើ​មុខងារ​សំខាន់ៗ​របស់​គេហទំព័រ​ ODC​ ដូច​ជា​ កាតាឡុក​ផែនទី​ (Map​ Catalogue),​ ឃ្លាំង​ទិន្នន័យ​ (Data​ Hub)​ និង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​។​

​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ទាំង​ពីរ​បង្ហាញ​ថា​ អ្នកចូលរួម​ហាក់ដូចជា​ទទួល​បាន​ចំណេះដឹង​យ៉ាងច្រើន​ក្នុង​ការ​ប្រើប្រាស់​គេហទំព័រ​ ODC​ បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​។​ អ្នកចូលរួម​ភាគច្រើន​បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ពួក​គេ​អះអាង​ថា​ បាន​យល់​អំពី​ការ​ប្រើប្រាស់​គេហទំព័រ​ ODC​ ដើម្បី​ជា​ផ្នែក​នៃ​ការ​គ្រប់គ្រង​សហគមន៍​របស់​ពួក​គេ​។​ អ្នកចូលរួម​ម្នាក់ៗ​ អាច​ទាញ​យក​កិច្ចព្រមព្រៀង​នេសាទ​សហគមន៍​របស់​ពួក​គេ​នៅ​លើ​ទូរ​សព្ទ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។​ ក្រុមការងារ​ ODC​ ក៏​បាន​បង្កើត​ក្រុម​ Telegram​ ដើម្បី​តាមដាន​ការ​សាកសួរ​បន្ថែម​។​

សូម​ចូល​មើល​បន្ថែម​ទៀត​អំពី​វគ្គ​បណ្តុះបណ្តាល​​ស្តី​ពី​ការ​ទទួល​បាន​ទិន្នន័យ​ និង​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC) តាមតំណខាងក្រោម​៖​