ឈ្វេងយល់​ពី​បទ​ប្បញ្ញត្ដិ​បញ្ញា​សិប្បនិម្មិត​៖​ ចំណេះដឹង​ពី​វេទិកា​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​​ ២០២៤

​កំណើន​នៃ​ឥទ្ធិពល​បញ្ញា​សិប្បនិម្មិត​មក​លើ​ឧស្សាហកម្ម​និង​សង្គម​ ជំរុញ​ឱ្យ​មានការ​លើក​ឡើងជា​សំណួរ​សំខាន់ៗ​ជុំវិញ​បទ​ប្បញ្ញត្ដិ​បញ្ញា​សិប្បនិម្មិត​។​ នៅ​ក្នុង​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ អ្នកជំនាញ​ចម្រុះ​មួយ​ក្រុម​បាន​ពិភាក្សា​អំពី​ភាព​ស្មុគស្មាញ​នៃ​បទ​ប្បញ្ញត្តិ​បញ្ញា​សិប្បនិម្មិត​ ដោយ​ផ្តល់​ចំណេះដឹង​ពី​ទិដ្ឋភាព​សកល​ ស្ថានភាព​ក្នុង​តំបន់​ និង​យុទ្ធសាស្ត្រ​រក្សា​លំនឹង​រវាង​នវានុវត្ដន៍​និង​គោលការណ៍​ប្រកបដោយ​ក្រមសីលធម៌​។​

​ការ​ពិភាក្សា​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​តុល្យភាព​រវាង​អត្ថប្រយោជន៍​និង​ហានិភ័យ​នៃ​បញ្ញា​សិប្បនិម្មិត​។​ ដោយឡែក​ បញ្ញា​សិប្បនិម្មិត​ផ្តល់​មក​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ ដូច​ជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព​ ប្រសិទ្ធ​ផល​ និង​នវានុវត្ដន៍​។​ ឧទាហរណ៍​ បញ្ញា​សិប្បនិម្មិត​មាន​សក្តានុពល​លើ​ការ​ធ្វើ​បដិវត្ត​វិស័យ​អប់រំ​ដោយ​ជួយ​គ្រូបង្រៀន​ក្នុង​ការ​ធ្វើ​កិច្ច​តែងការ​បង្រៀន​ បកប្រែ​ឯកសារ​ទៅ​ជា​ភាសា​តំបន់​ និង​បង្កើន​ការ​ចូលរួម​របស់​សិស្ស​។​ នៅ​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បញ្ញា​សិប្បនិម្មិត​អាច​ព្យាករ​ព្រឹត្តិការណ៍​ អាកាសធាតុ​ ដែល​ជួយ​ដល់​ការ​បែងចែក​ធនធាន​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​គាំទ្រ​សហគមន៍​ដែល​ងាយ​រង​គ្រោះ​។​ ការ​ពិភាក្សា​នេះ​ក៏​បាន​លើកយក​ពី​ទិដ្ឋភាព​បច្ចេកទេស​និង​គោលនយោបាយ​ ដែល​ផ្ដល់​មក​នូវ​ការ​ឆ្លុះ​បញ្ចាំង​ស៊ីជម្រៅ​លើ​បរិវត្ដ​កម្ម​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ព្រមទាំង​ក្រប​ខណ្ឌ​ច្បាប់​ផង​ដែរ​។​ ផ្អែក​លើ​ទស្សនៈ​ពី​វិស័យ​ឯកជន​ អត្ថប្រយោជន៍​ចម្បង​មាន​ដូច​ជា​ ការ​ទាញ​យក​ប្រយោជន៍​ពី​ទិន្នន័យ​ដើម្បី​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ឱ្យ​មាន​ប្រសិទ្ធភាព​ ដំណើរការ​ទិន្នន័យ​ដើម្បី​បង្កើត​ម៉ូ​ដែល​ និង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ដើម្បី​ជំរុញ​នវានុវត្ដន៍​និង​កំណើនសេដ្ឋកិច្ច​។​

​អ្នកចូលរួម​ម្នាក់​បាន​ចែករំលែក​ទស្សនៈ​របស់​ខ្លួន​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិភាក្សា​នេះ​៖​

​លោក​ អ៊ឹម​ ម៉េ​ង​ស៊ា​ង​ អ្នកគ្រប់គ្រង​ការ​តស៊ូ​មតិ​គោលនយោបាយ​ នៃ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ “​អាជីវកម្ម​ត្រូវការ​ការ​យល់​ដឹង​ដែល​ឆ្លើយ​តប​ពី​វិធី​ដែល​បញ្ញា​សិប្បនិម្មិត​អាច​ជំរុញ​ដោយ​ផ្ទាល់​លើ​ផលិតភាព​ ការ​ប្រកួតប្រជែង​ និង​ប្រសិទ្ធ​ផល​នៅ​ក្នុង​បរិបទ​ទីផ្សារ​ជាក់លាក់​របស់​កម្ពុជា​”​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ អត្ថប្រយោជន៍​និង​ឱកាស​ទាំងនេះ​មាន​មក​ជាមួយនឹង​បញ្ហា​ប្រឈម​ ដូច​ជា​ភាព​លំអៀង​នៅ​ក្នុង​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ ព័ត៌មាន​ក្លែងក្លាយ​ និង​បញ្ហា​ក្រមសីលធម៌​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ផ្លូវខុស​។​ ឯកជន​ភាព​ទិន្នន័យ​ត្រូវ​បាន​លើក​ឡើងជា​ចំណុច​សំខាន់​នៅ​ក្នុង​ការ​ពិភាក្សា​នេះ​។​ ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ ស្រប​ពេល​បើក​ឱ្យ​មាន​នវានុវត្ដន៍​ គឺជា​កិច្ចការ​ដ៏​ស្មុគស្មាញ​ ប៉ុន្តែ​មាន​សារសំខាន់​។​ ប្រទេស​ដែល​មានច្បាប់​ការពារ​ទិន្នន័យ​រឹង​មាំ​ ជា​រឿយៗ​តម្រូវ​ឱ្យ​មាន​វិធានការ​រួម​សម្រាប់​ការ​ចែករំលែក​ទិន្នន័យ​ ដែល​នេះ​អាច​បង្ក​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​។​ ការ​បង្កើត​គោលការណ៍​ណែនាំ​និង​ច្បាប់​ដែល​ច្បាស់លាស់​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ គឺជា​ការ​ចាំបាច់​ ប៉ុន្តែ​វិធានការ​បែប​នេះ​ក៏​ត្រូវ​តែ​ពិចារណា​ផង​ដែរ​អំពី​វិធី​សម្រួល​ដល់​ការ​ចែករំលែក​ទិន្នន័យ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សម្រាប់​នវានុវត្ដន៍​និង​ការ​រីក​ចម្រើន​។​

​ភាព​លំអៀង​នៅ​ក្នុង​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ គឺជា​បញ្ហា​សំខាន់​មួយទៀត​។​ វាគ្មិន​បាន​ផ្តោត​លើ​សារសំខាន់​នៃ​តម្លាភាព​ពី​អ្នក​ផ្ដល់​សេវា​បញ្ញា​សិប្បនិម្មិត​ ដូច​ជា​ការ​បង្ហាញ​ប្រភព​ទិន្នន័យ​ និង​ការ​ធានា​ថា​ក្បួន​ដោះស្រាយ​មាន​យុត្តិធម៌​និង​បរិ​យា​បន្ន​។​ នេះ​ពិតជា​សំខាន់​ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា​ ដែល​ទិន្នន័យ​ក្នុង​មូលដ្ឋាន​និង​ដំណោះស្រាយ​បញ្ញា​សិប្បនិម្មិត​ក្នុង​បរិបទ​ជាក់លាក់​គឺ​មាន​ភាព​ចាំបាច់​។​ ការ​វិនិយោគ​លើ​ការ​បង្កើត​សំណុំ​ទិន្នន័យ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ ខណៈ​ធានា​ឱ្យ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ផ្តល់​លទ្ធផល​ប្រកបដោយ​សមធម៌​។​

​ដើម្បី​គ្រប់គ្រង​បញ្ញា​សិប្បនិម្មិត​ឱ្យ​មាន​ប្រសិទ្ធភាព​ អភិក្រម​ដែល​ឆ្លើយ​តប​គឺ​មាន​ភាព​ចាំបាច់​។​ ក្នុង​នោះ​ វាគ្មិន​បាន​ស្នើ​ឱ្យ​អនុម័ត​ក្រប​ខណ្ឌ​ដែល​ផ្អែក​លើ​ហានិភ័យ​ ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​អនុវត្ត​នៅ​ប្រទេស​ផ្សេង​ទៀត​ ដូច​ជា​ជប៉ុន​ និង​កូរ៉េ​ ដែល​ចាត់​ថ្នាក់​ហានិភ័យ​និង​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​ ខណៈ​ជំរុញ​ឱ្យ​មាន​នវានុវត្ដន៍​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។​ ឧបករណ៍​និង​ធនធាន​បាន​មក​ពី​ប្រភព​បើកទូលាយ​ ក៏​ត្រូវ​បាន​លើកយក​ជជែក​ផង​ដែរ​ថា​ មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​ដល់​ស្ថាប័ន​និង​អាជីវកម្ម​តូចតាច​ ប្រើប្រាស់បញ្ញា​សិប្បនិម្មិត​ដោយ​ការ​ទទួលខុសត្រូវ​។​ យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​និង​ការ​អប់រំ​ អាច​ជួយ​បុគ្គល​និង​ស្ថាប័ន​ឱ្យ​យល់​ដឹង​បន្ថែម​ទាំង​អត្ថប្រយោជន៍​ទាំង​ហានិភ័យ​នៃ​បញ្ញា​សិប្បនិម្មិត​ ដោយ​ជំរុញ​ការ​ប្រើប្រាស់​ដោយ​មាន​មូលដ្ឋាន​។​ លើស​ពី​នេះ​ អភិក្រម​ដែល​មាន​តម្លាភាព​និង​មានការ​សហការ​គ្នា​ពី​រដ្ឋាភិបាល​ វិស័យ​ឯកជន​ និង​ភាគី​ពាក់ព័ន្ធ​ដូច​ជា​អ្នក​ស្រាវជ្រាវ​ គឺ​សំខាន់​សម្រាប់​បង្កើត​គោលនយោបាយ​ដែល​មាន​ប្រសិទ្ធភាព​។​ ការ​ចូលរួម​ពី​ពហុភាគី​ ធានា​មក​នូវ​ទស្សនៈ​ដែល​មាន​តុល្យភាព​ និង​ការពារ​ផលប្រយោជន៍​រួម​។​ បទ​ប្បញ្ញត្ដិ​ដែល​បង្កើត​ឬ​យក​មក​អនុវត្ដ​មិន​បាន​ល្អ​ អាច​បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ការ​រឹតត្បិត​តិចតួច​ និង​ការ​រាំងស្ទះ​ដល់​នវានុវត្ដន៍​។​

​អ្នកចូលរួម​ម្នាក់​ទៀត​បាន​ផ្ដល់​នូវ​ទស្សនៈ​របស់​ខ្លួន​ពីសារ​សំខាន់​នៃ​បទ​ប្បញ្ញត្ដិ​៖

លោក​ សឿ​ន​ វឌ្ឍនៈ​ ស្ថាបនិក​ Sustainable​ Design​ 11​ (SD11)​ បាន​លើក​ឡើង​ថា​ “​ការ​ពិភាក្សា​ពី​បទ​ប្បញ្ញត្ដិ​បញ្ញា​សិប្បនិម្មិត​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ អាច​ជះ​ឥទ្ធិពល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​លើ​ការ​ចាប់​យក​ពី​វិស័យ​ឯកជន​។​ បទ​ប្បញត្ដិ​ដែល​មាន​ប្រសិទ្ធភាព​ គឺ​អាច​កសាង​ទំនុកចិត្ដ​សាធារណៈ​លើ​បញ្ញា​សិប្បនិម្មិត​និង​បច្ចេកវិទ្យា​ទំនើបៗ​ ធានា​ការ​ប្រកួតប្រជែង​ដោយ​សុចរិត​ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​”​។​

​វេទិកា​ពិភាក្សា​នៅ​ក្នុង​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ បាន​គូសបញ្ជាក់​ពី​ឱកាស​និង​បញ្ហា​ប្រឈម​នៃ​បទ​ប្បញ្ញត្តិ​បញ្ញា​សិប្បនិម្មិត​ រួម​មាន​ឥទ្ធិពល​សកលលោក​ តម្រូវការ​ក្នុងស្រុក​ ក្ដី​កង្វល់​លើ​ក្រមសីលធម៌​ និង​ឯកជន​ភាព​ទិន្នន័យ​។​ ដោយហេតុ​កម្ពុជា​វិវត្ដទៅរកទិដ្ឋភាពដ៏ស្មុគស្មាញនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ធាតុ​ចូល​ពី​អ្នកជំនាញ​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​គោលនយោបាយ​ដែល​លើកកម្ពស់​នវានុវត្ដន៍​ ខណៈ​ការពារ​ផលប្រយោជន៍​សង្គម​។​  ផ្អែកលើមតិពីអ្នកចូលរួម ការ​ពិភាក្សា​នា​ពេល​ខាង​មុខ​ គួរ​រួម​បញ្ចូល​ករណី​សិក្សា​ជាក់ស្ដែង​ ជា​ពិសេស​ការ​ចាប់​យក​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ និង​វិស័យ​ឯកជន​ ព្រមទាំង​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ភាគី​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​ពី​ក្រប​ខណ្ឌ​ច្បាប់​និង​ការ​ប្ដេជ្ញា​របស់​រដ្ឋ​។​