សន្និសីទជាតិទិន្នន័យទូលាយថ្នាក់ជាតិលើកដំបូងរបស់កម្ពុជាបានចាប់ផ្តើមហើយ!
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបើកដំណើរការដោយជោគជ័យនូវសន្និសីទជាតិទិន្នន័យបើកទូលាយលើកទីមួយរបស់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា នៅមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា (CADT Innovation) ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ “ទិន្នន័យរដ្ឋាភិបាលបើកទូលាយដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន” ដែលឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងអនាគតដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ សន្និសីទនេះត្រូវបានគាំទ្រមូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ពន្លកចំណេះ របស់អង្គការមូលនិធិអាស៊ី។ ថ្ងៃដំបូងនៃសន្និសីទបានប្រមូលផ្តុំអ្នកចូលរួមជាង ១៤២នាក់ រួមទាំងស្ត្រីមួយចំនួន ៥៩ ក្នុងនោះស្ត្រីជនជាតិដើមភាគតិច ៥នាក់ ជនមានពិការភាពចំនួន ៦នាក់ ដើម្បីពិភាក្សាអំពីសក្តានុពលនៃការផ្លាស់ប្តូរតាមរយៈទិន្នន័យបើកទូលាយ។
សន្និសីទបានចាប់ផ្តើមដោយភ្លេងជាតិ អមដោយសុន្ទរកថាស្វាគមន៍ដោយលោក ធី ទ្រី នាយកប្រតិបត្តិរបស់ ODC ។ លោកបានលើកឡើងពីសារៈសំខាន់នៃទិន្នន័យបើកទូលាយសម្រាប់ការជំរុញបរិយាបន្ន តម្លាភាព និងការសម្រេចចិត្តដែលជំរុញដោយទិន្នន័យនៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។
លោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា បានឡើងថ្លែងសុន្ទរកថាបន្ត។ លោកស្រីបានសង្កត់ធ្ងន់លើតួនាទីរបស់សន្និសីទនេះថាជាវេទិកាសម្រាប់ការពិភាក្សា បណ្តាញ និងកិច្ចសហការរវាងតួអង្គរដ្ឋាភិបាល និងមិនមែនរដ្ឋដើម្បីបំពេញចន្លោះនៅក្នុងវិស័យទិន្នន័យបើកទូលាយ។ អ្នកស្រី Lindberg ក៏បានកោតសរសើរចំពោះដំណោះស្រាយបញ្ហាប្រឈមរបស់កម្មវិធីប្រកួត hackathon ដែលនឹងជាគំរូដល់ការសន្ទនាការអភិវឌ្ឍន៍ឌីជីថលប្រកបដោយបរិយាបន្ន។ លោកស្រីក៏បានលើកទឹកចិត្តអ្នកចូលរួមអោយសកម្ម ដើម្បីរៀនសូត្រ និងរួមចំណែកពេញមួយព្រឹត្តិការណ៍នេះ។
តំណាងមកពីស្ថានទូតអូស្ត្រាលី លោក Connor Floyd និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លោក បេ ចន្ត្រា ក៏បានថ្លែងសុន្ទរកថាបើកផងដែរ។ លោកទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការគាំទ្រគំនិតផ្តួចផ្តើមទិន្នន័យបើកទូលាយ។ អូស្ត្រាលីប្តេជ្ញាចិត្តក្នុងការជំរុញដំណើរទិន្នន័យបើកទូលាយរបស់កម្ពុជា ដើម្បីគណនេយ្យភាពសង្គម និងនិរន្តរភាព។ ជាមួយគ្នានេះ លោក ចន្ត្រា តំណាង CADT បានលើកឡើងថាពីសារៈសំខាន់នៃទិន្នន័យបើកទូលាយគួបផ្សំនឹងចំណេះដឹងទិន្នន័យសម្រាប់មន្ត្រីរដ្ឋាភិបាល អាចពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់បន្ថែមថា ODC បានសហការជាមួយ CADT ផ្តល់ការបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋាភិបាលចំនួន ២ ៥០០ នាក់រួចមកហើយ។
យើងមានបទបង្ហាញដ៏គួរអោយចាប់អារម្មណ៍ជាច្រើននាពេលព្រឹក។ វគ្គទីមួយ “ទិដ្ឋភាពទូទៅនៃទិន្នន័យបើកទូលាយនៅកម្ពុជា និងតំបន់” មានវាគ្មិនដូចជា លោកបណ្ឌិត ប៉ាក់ គឹមឈឿន (តំណាងកម្ពុជា) លោក Dongpo Deng (តៃវ៉ាន់) និងលោកស្រី Rawon Jang (កូរ៉េខាងត្បូង)។ លោកបណ្ឌិត គឹម ជឿន បានពិភាក្សាអំពីតម្រូវការសម្រាប់អន្តរការីទិន្នន័យ ដើម្បីកសាងទំនុកចិត្ត និងសម្រួលដល់ការចែករំលែកទិន្នន័យរវាងតួអង្គរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ លោក Dengpo បានបង្ហាញពីគោលនយោបាយទិន្នន័យបើកទូលាយដ៏ជោគជ័យរបស់តៃវ៉ាន់ ដែលសង្កត់ធ្ងន់លើកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន។ លោកស្រី Jang បានបង្ហាញរឿងរ៉ាវជោគជ័យលើទិន្នន័យរដ្ឋាភិបាលបើកទូលាយរបស់ប្រទេសកូរ៉េខាងត្បូង រួមទាំងកម្មវិធីសម្រាប់ជនពិការភាព និងការគ្រប់គ្រងបសុសត្វ។
ពេលព្រឹកបានបញ្ចប់ជាមួយនឹងការពិភាក្សាជាក្រុមដ៏សំខាន់មួយដែលផ្តោតលើ “ការបង្កើតបរិយាកាសឌីជីថលប្រកបដោយបរិយាបន្នសម្រាប់ជនពិការភាព” ដែលសម្របសម្រួលដោយលោក វេង សៀងហៃ កិច្ចពិភាក្សាមានលោក សំ សុវណ្ណារិទ្ធ និងលោក មាន វិបុលរតនៈ មកពីអង្គការសិទ្ធិជនពិការ។ កិច្ចប្រជុំនេះបានលើកឡើងពីបញ្ហាប្រឈមដែលសហគមន៍ជនមានពិការភាពជួបប្រទះក្នុងពិភពឌីជីថល និងបញ្ហាទិន្នន័យលើប្រធាននេះនៅមានកម្រិតក្នុងប្រទេសកម្ពុជា។ ទស្សនិកជនទទួលបានការយល់ដឹងដ៏មានតម្លៃ អំពីតម្រូវការសំខាន់សម្រាប់ទិន្នន័យទាក់ទងនឹងពិការភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
វគ្គរសៀល កម្មវិធីរបស់យើងផ្តោតលើការប្រើប្រាស់ និងអត្ថប្រយោជន៍នៃទិន្នន័យបើកទូលាយ។ តំណាងមកពី CADT លោក ហេង សុខឡាយ និងលោក ធា សុផល បានធ្វើបទបង្ហាញអំពីរបៀបដែលទិន្នន័យផ្តល់អំណាចដល់វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិមិត្ត (AI) សម្រាប់ការសម្រេចចិត្តប្រកបដោយការយល់ដឹង។ លោក វង្ស ពិសិដ្ឋ មកពី ODC បន្ទាប់មកបានដឹកនាំបទបង្ហាញស្តីពីការនិទានរឿងដែលជំរុញដោយទិន្នន័យ ដោយប្រើឧទាហរណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាសហគមន៍នៅកម្ពុជា។
វគ្គចុងក្រោយដែលសម្របសម្រួលដោយលោក សៀងហៃ និងលោកស្រី ស៊ីវ វឌ្ឍនា បានផ្តោតទៅលើដំណោះស្រាយបញ្ហាប្រឈម និងចន្លោះប្រហោងដែលរារាំងការចែករំលែកទិន្នន័យ និងការកសាងទំនុកចិត្ត។ អ្នកចូលរួមរបស់យើងបានចូលរួមយ៉ាងសកម្ម ដោយពិភាក្សាអំពីបញ្ហាប្រឈមដូចជា ឯកជនភាពទិន្នន័យ តម្លាភាព និងលទ្ធភាពចូលទៅប្រើប្រាស់ទិន្នន័យ។ ការពិភាក្សានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាបន្ថែមទៀត ដើម្បីជំរុញសក្តានុពលពេញលេញនៃទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅកម្ពុជា។
សន្និសីទជាតិទិន្នន័យបើកទូលាយថ្ងៃទីមួយបានបញ្ចប់ដោយការផ្លាស់ប្តូរចំណេះដឹង និងគំនិតប្រកបដោយផលិតភាព។ សន្និសីទនេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ទិន្នន័យបើកទូលាយនៅក្នុងប្រទេសកម្ពុជា និងជំរុញអនាគតឌីជីថលដែលកាន់តែមានបរិយាបន្ន។