ស​ន្និសីទ​​ជាតិ​ទិន្នន័យ​បើក​ទូលាយ​​ស្តី​ពី​ទិន្នន័យ​រដ្ឋាភិបាល​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន​

 

កាលបរិច្ឆេទ​៖​ថ្ងៃ​ទី​២៦-២៧​ ខែមីនា​ ឆ្នាំ​២០២៤
ពេលវេលា​៖​៨:០០​ ព្រឹក​ ដល់​ ៥:០០​ ល្ងាច​
​ទីតាំង​៖​មជ្ឈមណ្ឌល​នវានុវត្តន៍​ឌី​ជី​ថ​ល​ រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​
​របៀបវារៈ​បណ្តោះអាសន្ន​៖​ទាញ​យក​ឯកសារ​ 
ចុះ​ឈ្មោះ​ចូលរួម​៖ https://tinyurl.com/RegistrationFormForNODC2024
ផុត​កំណត់​ចុះ​ឈ្មោះ​៖ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២៤
ពន្យា​រពេល​ចុះ​ឈ្មោះ​៖ ​ថ្ងៃទី​២៣​ ខែ​មីនា ឆ្នាំ​២០២៤​

​សាវតា​

​យោង​តាម​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ២០២១-២០៣៥​ ទិន្នន័យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​អភិបាលកិច្ច​សាធារណៈ​នៅ​កម្ពុជា​ ដោយសារ​ហេតុផល​មួយ​ចំនួន​។​ ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កំណែទម្រង់​ និង​ការ​បន្ត​កំណើនសេដ្ឋកិច្ច​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ដំណើរការ​នៃ​ការ​គ្រប់គ្រង​រដ្ឋាភិបាល​ឌី​ជី​ថ​ល​នេះ​ ចាប់ផ្តើម​ជាមួយនឹង​ការ​បង្កើត​ និង​ការ​អនុម័ត​គោលនយោបាយ​ចាំបាច់​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ក្រប​ខណ្ឌ​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ដំណើរការ​នេះ​បន្ត​ជាមួយនឹង​ការ​អភិវឌ្ឍ​ស្តង់ដារ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ និង​រចនា​បទ​ តាម​រយៈ​គោលការណ៍​ បទដ្ឋាន​ គំរូ​ ការ​វិវត្តន៍​បច្ចេកវិទ្យា​ និង​ការ​អនុវត្ត​ល្អ​បំផុត​នៅ​កម្រិត​ជាតិ​ និង​អន្តរជាតិ​។​ ទាំងនេះ​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ ប្រសិទ្ធ​ផល​ និង​ទ្រទ្រង់​ដល់​ការ​កសាង​ និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ដ៏​រឹង​មាំ​ និង​ថាមវន្ត​។​

​គោលនយោបាយ​ទិន្នន័យ​បើក​ទូលាយ​ គឺជា​គោលនយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​មួយ​ចំនួន​ទៀត​ដែល​ រាជរដ្ឋាភិបាល​កំពុងធ្វើការ​ និង​ប្រមូល​ធាតុ​ចូល​។​ អនុលោម​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ស្រាប់​ គោលនយោបាយ​ទិន្នន័យ​បើក​ទូលាយ​ថ្មី​នឹង​កំណត់​គោលការណ៍​ ស្តង់ដារ​ អាជ្ញាប័ណ្ណ​ និង​នីតិវិធី​សម្រាប់​ការ​បើក​ទូលាយ​ រក្សា​ទុក​ និង​ចែករំលែក​ទិន្នន័យ​របស់​ រដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សាធារណៈ​ វិស័យ​ធុរកិច្ច​ និង​បុគ្គល​។​ គោលបំណង​ចំបង​បំផុត​នៃ​ទិន្នន័យ​បើក​ទូលាយ​ គឺ​ដើម្បី​បង្កើន​ តម្លាភាព​ យុត្តិធម៌​ និង​គណនេយ្យ​ភាព​ ព្រមទាំង​គុណភាព​នៃ​សេវា​ ដែល​ការណ៍​នេះ​ការ​បង្កើន​ទំនុកចិត្ត​របស់​សាធារណៈជន​ចំពោះ​ រដ្ឋាភិបាល​ លើកកម្ពស់​ការ​ស្រាវជ្រាវ​ និង​ការ​ច្នៃប្រឌិត​ប្រកបដោយ​និរន្តរភាព​ និង​បរិ​យា​បន្ន​។​1 ទិន្នន័យ​បើក​ទូលាយ​នឹង​អនុញ្ញាត​ឱ្យ​ តួអង្គ​មិនមែន​រដ្ឋ​ចូលរួម​ ផ្តល់​យោបល់​ និង​ជំរុញ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ បន្ថែម​ពី​នេះ​ ទិន្នន័យ​បើក​ទូលាយ​នឹង​ជួយ​ក្នុង​ការ​លើកកម្ពស់​ការ​បើក​ទូលាយ​នៅ​ក្នុង​រដ្ឋាភិបាល​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ តួអង្គ​មិនមែន​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្រឹមតែ​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្តិចបន្តួច​ប៉ុណ្ណោះ​2 នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ចូល​ប្រើ​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​គោលដៅ​គោល​នយោបាយ​។​3

​ដើម្បី​សម្រេច​នូវ​គោលដៅ​រួម​នៃ​ការ​ផ្សារ​ភ្ជាប់​គម្លាត​រវាង​រដ្ឋាភិបាល​ និង​តួអង្គ​មិនមែន​រដ្ឋាភិបាល​ក្នុង​កិច្ច​សន្ទនា​អំពី​ទិន្នន័យ​បើក​ទូលាយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​ អង្គការ​មូលនិធិ​អាស៊ី​ នឹង​រៀបចំ​ ស​ន្និសី​ទ​ទិន្នន័យ​បើក​ទូលាយ​ជាតិ​ នៅ​ថ្ងៃ​ទី​២៦-២៧​ ខែមីនា​ ឆ្នាំ​២០២៤​។​ បន្ថែម​លើ​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាតិ​ និង​តំបន់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទិន្នន័យ​ទូលាយ​ យើង​រំពឹង​ថា​ការ​ចូលរួម​ដោយ​សេរី​ និង​បរិ​យា​បន្ន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ នឹង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ នៃ​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​នានា​ ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​ក្នុង​ការ​ទទួលយក​ទិន្នន័យ​បើក​ទូលាយ​។​

​ស​ន្និសី​ទជាតិ​​ទិន្នន័យ​បើក​ទូលាយ​​ ឆ្នាំ​២០២៤​ មានការ​គាំទ្រ​ពី​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ តាម​រយៈ​កម្មវិធី​ពន្លក​ចំណេះ​៖​ ទិន្នន័យ​ និង​ការ​ពិភាក្សា​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​។​

​គោលបំណង​នៃ​ស​ន្និសី​ទ​ទិន្នន័យ​បើក​ទូលាយ​ជាតិ​

  1. បង្កើន​ការ​យកចិត្តទុកដាក់​ជា​សាធារណៈ​នៃ​ដំណើរការ​ និង​ឧបសគ្គ​ក្នុង​ការ​ទទួលយក​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​តំបន់​
  2. ដើម្បី​ប្រមូល​ធាតុ​ចូល​ និង​សំណូមពរ​ដើម្បី​រួមចំណែក​ដល់​សេចក្តី​ព្រាង​គោលនយោបាយ​ទិន្នន័យ​បើក​ទូលាយ​ និង​បទ​ប្ប​ញ្ញាតិ​អភិបាលកិច្ច​ទិន្នន័យ​
  3. ដើម្បី​ជំរុញ​កិច្ច​ផ្តួចផ្តើម​តម្លាភាព​ និង​គណនេយ្យ​ភាព​ទិន្នន័យ​ក្នុង​វិស័យ​ចម្រុះ​
  4. ដើម្បី​ពង្រឹង​បណ្តាញ​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​ និង​តំបន់​

​អ្នកចូលរួម​

ស​ន្និ​សី​ទ​ជាតិ​ទិន្នន័យ​បើក​ទូលាយ​ជាតិ​នឹង​ប្រមូលផ្តុំ​អ្នកចូលរួម​យ៉ាង​ហោច​ណាស់​ ៧៥​នាក់​ ដែល​មានបទពិសោធន៍​ផ្សេងៗ​គ្នា​ រួម​មាន​ តំណាង​រដ្ឋាភិបាល​ ក្រសួង​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ វិស័យ​ឯកជន​ អ្នក​ស្រាវជ្រាវ​ និង​អ្នក​បង្កើត​គោលនយោបាយ​ ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច​ ជន​មាន​ពិការ​ភាព​ ស្ត្រី​ និង​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ (LGBTQI+)​។​​

​អ្នក​រៀបចំ​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ គឺជា​វេទិកា​ទិន្នន័យ​បើក​ទូលាយ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្កើត​ទិន្នន័យ​ និង​ព័ត៌មាន​បច្ចុប្បន្នភាព​ និង​គួរ​ឱ្យ​ទុកចិត្ត​អំពី​បញ្ហា​សេដ្ឋកិច្ច​សង្គម​ និង​បរិស្ថាន​ បង្ហាញ​ជា​សាធារណៈ​ក្នុង​ទម្រង់​ជា​ “​វេទិកា​តែ​មួយ​”​។​ អង្គការ​អូ​ឌី​ស៊ី​ លើកកម្ពស់​ការ​ប្រើប្រាស់​ទិន្នន័យ​ត្រឹមត្រូវ​សម្រាប់​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ផ្អែក​លើ​ភស្តុ​តាង​ និង​តម្លាភាព​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​។​ អស់​រយៈពេល​ដប់​ឆ្នាំ​កន្លង​មកនេះ​ អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើការ​យ៉ាង​សកម្ម​ ដើម្បី​បង្កើន​បរិមាណ​ទិន្នន័យ​សាធារណៈ​ លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​កសាង​សមត្ថភាព​របស់​អ្នក​ពាក់ព័ន្ធ​។​ អង្គការ​អូ​ឌី​ស៊ី​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ក្នុង​វិស័យ​ទិន្នន័យ​ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ (ICT)​ ការ​ធ្វើ​ផែនទី​ និង​ GIS​ សុវត្ថិភាព​ឌី​ជី​ថ​ល​ និង​ការ​ស្រាវជ្រាវ​ ដើម្បី​ចងក្រង​ វិភាគ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ទម្រង់​ឌី​ជី​ថ​ល​ដែល​ងាយស្រួល​ប្រើ​ និង​អាច​ចូល​ប្រើ​បាន​។​ សម្ភារៈ​ដែល​មាននៅ​លើ​វេទិកា​អន​ឡាញ​របស់​អង្គការ​អូ​ឌី​ស៊ី​ រួម​មាន​សំណុំ​ទិន្នន័យ​ ទំព័រ​ប្រធានបទ​ព័ត៌មាន​ ផែនទី​អន្តរ​កម្ម​ ព័ត៌មាន​ និង​ឯកសារ​ច្បាប់​ ក្នុង​ចំណោម​ឯកសារ​ផ្សេងៗ​ទៀត​។​ អង្គការ​អូ​ឌី​ស៊ី​ មិន​ផ្សព្វផ្សាយ​នូវ​ទស្សនៈ​ របៀបវារៈ​ ឬ​ការ​លំអៀង​ណាមួយ​ក្រៅពី​ការ​ផ្តល់​ព័ត៌មាន​សត្យ​នុ​ម័ត​ និង​អំពី​ការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​។​

​អង្គការ​មូលនិធិ​អាស៊ី​ កំពុង​អនុវត្ត​កម្មវិធី​ ពន្លក​ចំណេះ​៖​ ទិន្នន័យ​ និង​កិច្ច​សន្ទនា​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចន្លោះ​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដល់​ខែមិថុនា​ ឆ្នាំ​២០២៧​ ដោយ​មានការ​គាំទ្រ​ពី​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​។​ គោលដៅ​នៃ​កម្មវិធី​ ពន្លក​ចំណេះ​ទី​២​ គឺ​ការ​សម្រេចចិត្ត​លើ​គោលនយោបាយ​សាធារណៈ​ ដោយ​ផ្អែក​លើ​ភស្តុ​តាង​ និង​ត្រូវ​បាន​ជូនដំណឹង​ដោយ​ការ​សន្ទនា​រួម​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ និង​ក្លាយជា​បទដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ឯកសារយោង