ជំហាន​ដំបូង​សម្រាប់​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS​ ជាមួយ​អូ​ឌី​ស៊ី​

​នេះ​គឺជា​លើក​ទី​១​ ហើយ​ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​រៀបចំ​សិក្ខាសាលា​ជា​សាធារណៈ​ ស្ដី​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ក្រោម​ប្រធានបទ​ «​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS»​។​ សិក្ខាសាលា​ស្ដី​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ដែល​ប្រើប្រាស់​កម្មវិធី​ QGIS​ នេះ​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១២​ ដល់​ថ្ងៃ​ទី​ ១៤​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅ​ការិយាល័យ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ នា​រាជធានី​ភ្នំពេញ​។​ សិក្ខាកាម​ចូលរួម​មាន​ចំនួន​ ២៤​ នាក់​ ដែល​ក្នុង​នោះ​មាន​សិក្ខាកាម​ជានា​រី​ចំនួន​ ៣​ នាក់​ មកពី​ស្ថាប័ន​ជា​ច្រើន​ខុសៗ​គ្នា​ ដូច​ជា​ មន្ត្រី​រាជរដ្ឋាភិបាល​ សិស្ស​និស្សិត​ និង​បណ្តា​បុគ្គលិក​អង្គការ​នានា​ជាដើម បាន​មក​សិក្សា​ស្វែង​យល់​ពី​របៀប​ប្រើប្រាស់​កម្មវិធី​ QGIS​ និង​ធ្វើ​លំ​ហាត់​អនុវត្ត​ផ្ទាល់​ ដើម្បី​ប្រើប្រាស់​ជំនាញ​ដែល​ពួក​គាត់​ទើប​ទទួល​បាន​ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​ពួក​គាត់​។​ សិក្ខាសាលា​រយៈ​ពេ​ល​ ៣​ ថ្ងៃនេះ​រួម​មាន​ បទ​បង្ហាញ​ សំណួរ​សាកល្បង​ ការ​ធ្វើតេស្ត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​ និង​ការ​ធ្វើ​លំ​ហាត់​អនុវត្ត​ផ្ទាល់​ក្នុង​កម្មវិធី​ QGIS​។​

សិក្ខាកាម​ទាំងអស់​កំពុង​តម្លើង​កម្មវិធី​ QGIS​ តាម​ការ​បង្ហាញ​របស់​គ្រូ​បង្គោល។

​ថ្ងៃ​ដំបូង​នៃ​សិក្ខាសាលា​នេះ​ បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​វាយតម្លៃ​កម្រិត​ចំណេះដឹង​ និង​ជំនាញ​របស់​សិក្ខាកាម​ដែល​បាន​ចូលរួម​ទាំងអស់​។​ ដើម្បី​ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួល​បាន​ជោគជ័យ​ វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ដឹង​អំពី​ជំនាញ​ដែល​មាន​ស្រាប់​របស់​សិក្ខាកាម​។​ ដូច្នេះ​ហើយ​ ការ​បណ្ដុះបណ្ដាល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឱ្យ​សម​ស្រប​ទៅ​នឹង​ចំណេះដឹង​របស់​អ្នកចូលរួម​។​ ការ​វាយតម្លៃ​បាន​បង្ហាញ​ថា​ សិក្ខាកាម​ដែល​បាន​ចូលរួម​ចំនួន​ ២៤​ នាក់​នេះ​ មិន​មានចំណេះ​ដឹង​ច្បាស់លាស់​អំពី​កម្មវិធី​ QGIS​ នេះ​ទេ​ បើ​ទោះបីជា​ អ្នកខ្លះ​ធ្លាប់​មាន​បទ​ពិសោធ​ខ្លះ​ជាមួយ​កម្មវិធី​ GIS​ មួយ​ផ្សេង​ទៀត​ដែល​មានឈ្មោះ​ថា​ ArcGIS​ ក៏​ដោយ​។​ ដូច្នោះ​ហើយ​ លោក​ វ៉ា​មឿ​ន​ និមល​ ដែល​ជា​គ្រូ​បង្គោល​ ក៏​ដូច​ជា​អ្នក​ជំនាញការ​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ជាមួយនឹង​បទ​ពិសោធ​ GIS​ អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ​ បាន​បង្ហាត់បង្រៀន​សិក្ខាកាម​ផ្ដើម​ចេញពី​ការ​ដំឡើង​កម្មវិធី​ រហូត​ដល់​ជំហាន​ផ្សេងៗ​នៃ​កម្មវិធី​។​ នៅ​ចុងបញ្ចប់​ សិក្ខាកាម​ទាំងអស់​អាច​បង្កើត​ផែនទី​សាមញ្ញ​ ដែល​ជា​សមិទ្ធផល​មួយ​ ដែល​ផ្តល់​ឱ្យ​ពួក​គាត់​មានចំណេះ​ដឹង​គ្រប់គ្រាន់​សម្រាប់​បន្ត​ទៅ​ថ្ងៃ​បន្ទាប់​។​

សិក្ខាកាម​កំពុង​ស្វែង​យល់​អំពី​ផ្ទាំង​អន្តរ​ករ​របស់​ QGIS​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​ភូមិសាស្ត្រ។

​ទស្សនី​យ​កម្ម​ទិន្នន័យ​ភូមិសាស្ត្រ​ ក៏​ដូច​ជា​ការ​គ្រប់គ្រង​ទិន្នន័យ​គឺជា​ចំណុច​ផ្តោត​សំខាន់​នៅ​ក្នុង​ថ្ងៃ​ទី​ ២​ ដែល​រួម​បញ្ចូល​នូវ​អន្តរ​កម្ម​ជា​ច្រើន​ ដែល​អ្នកចូលរួម​អាច​យល់​ដឹង​បន្ថែម​ អំពី​របៀប​ប្រើប្រាស់​ទិន្នន័យ​នៅ​លើ​កម្មវិធី​ QGIS​។​ អ្នកចូលរួម​បាន​សិក្សា​ពី​ទម្រង់​ខុស​គ្នា​នៃ​ទិន្នន័យ​ របៀប​ទាញ​យក​ទិន្នន័យ​ពី​ឯកសារ​ មូលដ្ឋាន​ទិន្នន័យ​ និង​សេវាកម្ម​វេ​ប​ ក៏​ដូច​ជា​រៀន​ពី​របៀប​រចនា​ទិន្នន័យ​ទម្រង់​វ៉ិ​ច​ទ័​រ​ និង​ទិន្នន័យ​រូបភាព​ផង​ដែរ​។​ បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​បាន​បញ្ចប់​ អង្គ​សិក្ខាសាលា​បាន​ផ្ដោត​លើ​របៀប​គ្រប់គ្រង​ទិន្នន័យ​ រួម​បញ្ចូល​ទាំង​មេរៀន​នៅ​លើ​កម្មវិធី​ QGIS​ ការ​បង្កើត​ និង​កែសម្រួល​ទិន្នន័យ​វ៉ិ​ច​ទ័​រ​ថ្មី​ និង​មូលដ្ឋាន​ទិន្នន័យ​។​ ថ្ងៃ​សិក្ខាសាលា​ទី​ ២​ ត្រូវ​បាន​បញ្ចប់​ដោយ​លំ​ហាត់​តូច​មួយ​ ដែល​តម្រូវ​ឱ្យ​សិក្ខាកាម​ទាំងអស់​បង្កើត​មូលដ្ឋាន​ទិន្នន័យ​មួយ​ ដើម្បី​រក្សា​ទុក​ទិន្ន័យ​របស់​អង្គការ​អូ​ឌី​ស៊ី​សម្រាប់​បង្កើត​ផែនទី​។​

​ថ្ងៃ​ចុង​ក្រោយ​នៃ​អង្គ​សិក្ខាសាលា​ត្រូវ​បាន​ផ្ដោត​សំខាន់​លើ​ការ​កែ​ច្នៃ​ទិន្នន័យ​ និង​ការ​វិភាគ​ទិន្នន័យ​ រួម​ទាំង​ការ​វាយតម្លៃ​លើ​ជំនាញ​របស់​សិក្ខាកាម​ដែល​បាន​រៀន​ពី​ថ្ងៃ​ដំបូង​ រហូត​មក​ដល់​ពេល​នេះ​។​ បន្ទាប់​ពី​ការ​សិក្សា​លើ​ការ​កែ​ច្នៃ​ទិន្នន័យ​វ៉ិ​ច​ទ័​រ​ និង​រូបភាព​ និង​កេស​ផ្ទុក​ឧបករណ៍​កែ​ច្នៃ​រួច​មក​ អ្នកចូលរួម​អាច​បង្ហាញ​ពី​ជំនាញ​របស់​ពួក​គាត់​ ដោយ​ការ​សាកល្បង​បង្កើត​ផែនទី​រៀងៗ​ខ្លួន​។​ សិក្ខាកាម​បាន​ជ្រើសរើស​ប្រធានបទ​ផ្សេងៗ​ដូច​ជា​ អចលនទ្រព្យ​ ធនធានទឹក​ ព្រៃឈើ​ និង​នេសាទ​ ដើម្បី​យក​ទៅ​បង្កើត​ផែនទី​ដោយ​ប្រើ​កម្មវិធី​ QGIS​។​ ដោយសារ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ ដើម្បី​បញ្ចប់​ការ​ធ្វើ​លំ​ហាត់​អនុវត្ត​ក្នុង​ការ​បង្កើត​ផែនទី​ នៅ​ក្នុង​សិក្ខាសាលា​ សិក្ខាកាម​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ផ្ញើ​ផែនទី​ទាំងនោះ​ទៅ​គ្រូ​បង្គោល​ ដើម្បី​ផ្តល់​ជា​មតិយោបល់​នៅ​ពេល​ក្រោយ​។​ បន្ទាប់​ពី​សិក្ខាសាលា​នេះ​បាន​បញ្ចប់​ទៅ​ អ្នកចូលរួម​ក៏​អាច​នៅ​បន្ត​ការ​ពិភាក្សា​របស់​ពួក​គាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​ដែរ​។​

អ្នកចូលរួម​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត​ផែនទី​មួយ​រៀងៗ​ខ្លួន​។​

អ្នកចូលរួម​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត​ផែនទី​មួយ​រៀងៗ​ខ្លួន​។​

​សិក្ខាសាលា​រយៈពេល​ ៣​ ថ្ងៃនេះ​ បាន​បញ្ចប់​ទៅ​ជាមួយនឹង​ការ​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​ ដែល​តម្រូវ​ឱ្យ​អ្នកចូលរួម​ផ្ដល់​មតិយោបល់​ និង​ឆ្លើយ​សំណួរ​សាកល្បង​ ដែល​អាច​វាយតម្លៃ​បាន​ថា​តើ​ពួក​គេ​បាន​រៀនសូត្រ​កម្រិត​ណា​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​ទាំងអស់​បាន​ទទួល​វិញ្ញាបនបត្រ​ដែល​បង្ហាញ​ថា​ពួក​គេ​អាច​ប្រើប្រាស់​កម្មវិធី​ QGIS​ ថ្នាក់​មូលដ្ឋាន​គ្រឹះ​បាន​។​ ​ទោះបីជា​សិក្ខាសាលា​នេះ​បាន​បញ្ចប់​ ប៉ុន្តែ​អ្នកចូលរួម​នៅ​តែ​មានឱកាស​ក្នុង​ការ​បង្កើន​ជំនាញ​ QGIS​ របស់​ពួក​គេ​នៅ​ក្នុង​សិក្ខាសាលា​ពីរ​វគ្គ​ទៀត​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២៣​ ដល់​ថ្ងៃ​ទី​ ២៥​ ខែមេសា​ (​ដោយ​ផ្ដោត​លើ​ការ​គ្រប់គ្រង​ទិន្នន័យ​ តាម​រយៈ​វេ​ប​ និង​ទូរស័ព្ទ​ដៃ​ ការ​ប្រើប្រាស់​កម្មវិធី​ GIS​ ក្នុង​វិស័យ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​ប្រើប្រាស់​កម្មវិធី​ GIS​ ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​)​ និង​ថ្ងៃ​ទី​ ២៥​ ដល់​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ (​ការ​ប្រើប្រាស់​កម្មវិធី​ GIS​ ក្នុង​វិស័យ​គ្រប់គ្រង​ដីធ្លី​ និង​នគរូបនីយកម្ម​ និង​ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​កម្មវិធី​ GIS​ នៅ​ក្នុង​វិស័យ​សិក្សាធិការ​)​។​

សិក្ខាកាម​ទាំងអស់​បាន​ថតរូប​ជុំ​គ្នា​ បន្ទាប់​ពី​ការ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ចប់​សិក្ខាសាលា​នេះ​។​

សូម​រង់ចាំ​ទទួល​ព័ត៌មាន​ពិស្ដារ​អំពី​វគ្គ​បណ្ដុះបណ្ដាល​បន្តបន្ទាប់​នៅ​ពេល​ក្រោយ​!