វេទិកាសកលស្តីពីលទ្ធិប្រជាធិបតេយ្យទំនើបដោយផ្ទាល់៖ លទ្ធិប្រជាធិបតេយ្យនៅប្រទេសស្វីស និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឪ្យប្រសើរឡើងនៃការចូលរួមរបស់ប្រជាពលរដ្ឋ
ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមវេទិកាសកលឆ្នាំ២០២២ ស្តីពីលទ្ធិប្រជាធិបតេយ្យទំនើបដោយផ្ទាល់ នៅទីក្រុងលូសឺន ប្រទេសស្វីស។ វេទិកានេះគឺជាការប្រមូលផ្តុំដ៏ធំបំផុតរបស់ពិភពលោកដែលប្រព្រឹត្តឡើងក្នុងគោលបំណងឪ្យមានលទ្ធិប្រជាធិបតេយ្យដោយការចូលរួម និងដោយផ្ទាល់ ហើយត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុងលូសឺន ប្រទេសស្វីស។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយ Swiss Democracy Foundation សហការជាមួយ Democracy International and the City of Lucerne។ វេទិកាសកលនេះ គឺជាសន្និសីទរយៈពេលមួយឆ្នាំម្ដង ដែលអ្នកសិក្សាស្រាវជ្រាវ អ្នកអនុវត្ត និងសកម្មជនទូទាំងពិភពលោកអាចពិភាក្សា និងផ្លាស់ប្តូរគំនិតអំពីលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់។ វេទិកានេះផ្តោតលើការចូលរួមរបស់ប្រជាពលរដ្ឋ លទ្ធិប្រជាធិបតេយ្យឌីជីថល និងការច្នៃប្រឌិតបែបប្រជាធិបតេយ្យ។
ប្រធានបទនៃវេទិកាឆ្នាំ២០២២ គឺ «លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់នៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត»។ កម្មវិធីនេះមានគោលបំណងឈ្វេងយល់ពីរបៀប ដែលលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់អាចរួមចំណែកក្នុងការកសាងសង្គមដែលមានភាពរឹងធន់ និងមានការចូលរួមបន្ថែមទៀតបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ វេទិកានេះមានសុន្ទរកថាគន្លឹះ ការពិភាក្សាជាក្រុម និងសិក្ខាសាលាលើប្រធានបទផ្សេងៗទាក់ទងនឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ វាគ្មិនសំខាន់ៗ រួមមាន អ្នកវិទ្យាសាស្ត្រនយោបាយ សកម្មជន និងអ្នកធ្វើគោលនយោបាយមកពីជុំវិញពិភពលោក។ ក្រុមការងាររបស់អូឌីស៊ីបានចូលរួមក្នុងការពិភាក្សាជាក្រុម ហើយជាពិសេសបានសិក្សាអំពីការចូលរួមរបស់យុវជននៅក្នុងប្រព័ន្ធបោះឆ្នោតរបស់ប្រទេសស្វីស។ វេទិកាក៏បានផ្តល់ឱកាសសម្រាប់បង្កើតបណ្តាញ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកចូលរួមផងដែរ។
ក្រុមការងាររបស់អូឌីស៊ីបានចូលរួមក្នុងកិច្ចសន្ទនា ហើយក៏បានចូលរួមដំណើរទស្សនកិច្ចនៅទីក្រុងប៊ឺន ប្រទេសស្វីស ដើម្បីឈ្វេងយល់បន្ថែមអំពីប្រព័ន្ធសភា។ ប្រទេសស្វីសត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាគំរូនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ ដែលប្រជាពលរដ្ឋដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយតាមរយៈការធ្វើប្រជាមតិ និងការផ្តួចផ្តើមគំនិត។ ប្រទេសនេះមានប្រព័ន្ធសហព័ន្ធនៃរដ្ឋាភិបាល ដែលអំណាចបានចែករវាងរដ្ឋាភិបាលកណ្តាល និងរដ្ឋ។ រដ្ឋាភិបាលសហព័ន្ធមានសភាពីរ៖ ក្រុមប្រឹក្សាជាតិ (សភាជាន់ទាប) និងក្រុមប្រឹក្សារដ្ឋ (សភាជាន់ខ្ពស់) ។ សមាជិកនៃសភាទាំងពីរត្រូវបានជ្រើសរើសដោយការបោះឆ្នោត ដែលការបោះឆ្នោតនឹងប្រព្រឹត្តឡើងរៀងរាល់បួនឆ្នាំម្តង។
លក្ខណៈសំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យស្វីស គឺការប្រើប្រាស់ប្រជាមតិ និងគំនិតផ្តួចផ្តើមនានា ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋក្នុងការសម្រេចចិត្ត។ ប្រជាមតិ គឺជាការបោះឆ្នោតលើសំណើគោលនយោបាយជាក់លាក់មួយ ខណៈដែលគំនិតផ្តួចផ្តើម គឺជាសំណើដែលដាក់ចេញដោយប្រជាពលរដ្ឋខ្លួនឯង។ ដើម្បីបង្កឪ្យមានការបោះឆ្នោតប្រជាមតិ ឬគំនិតផ្តួចផ្តើម ប្រជាពលរដ្ឋត្រូវតែប្រមូលហត្ថលេខាមួយចំនួននៅលើញ្ញត្តិ។ បន្ទាប់មក ប្រជាមតិ និងគំនិតផ្តួចផ្តើមត្រូវបានដាក់ឱ្យបោះឆ្នោតក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិទាំងអស់។
ជំងឺរាតត្បាតកូវីដ-១៩ បានសាកល្បងប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសស្វីសតាមវិធីជាច្រើន។ រដ្ឋាភិបាលសហព័ន្ធបានចាត់វិធានការវិមជ្ឈការ ដោយអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់មូលដ្ឋានអនុវត្តវិធានការផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីទប់ស្កាត់មេរោគ។ នេះនាំឱ្យមានការភាន់ច្រលំ និងមិនស៊ីសង្វាក់គ្នានៅទូទាំងតំបន់ផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏មានតម្លាភាពអំពីដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន ដោយមានការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋជាទៀងទាត់ តាមរយៈសន្និសីទសារព័ត៌មាន និងបណ្តាញផ្សេងៗ។
បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសស្វីសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាឧទាហរណ៍ ប្រព័ន្ធបោះឆ្នោតតាមអេឡិចត្រូនិកអនុញ្ញាតឪ្យប្រជាពលរដ្ឋបោះឆ្នោតតាមអ៊ីនធឺណិត ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកដែលរស់នៅក្រៅប្រទេស ឬអ្នកដែលមានបញ្ហាក្នុងការផ្លាស់ទីអាចចូលរួមក្នុងការបោះឆ្នោត។ វេទិកាអនឡាញជាច្រើនអនុញ្ញាតឱ្យប្រជាពលរដ្ឋដាក់ស្នើគំនិតផ្តួចផ្តើម ឬចូលរួមក្នុងការពិគ្រោះយោបល់ជាសាធារណៈលើសំណើគោលនយោបាយ។
ប្រព័ន្ធប្រជាធិបតេយ្យផ្ទាល់របស់ប្រទេសស្វីសមានលក្ខណៈប្លែក និងទទួលបានជោគជ័យក្នុងការធានាឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្កើតគោលនយោបាយ។ ការប្រើប្រាស់បច្ចេកវិទ្យាបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត និងមានភាពងាយស្រួលនៃដំណើរការប្រជាធិបតេយ្យ។ ទោះយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាប្រឈម ដែលត្រូវដោះស្រាយ ជាពិសេសក្នុងការធានាឱ្យមានភាពស៊ីសង្វាក់គ្នា និងការសម្របសម្រួលនៅគ្រប់កម្រិតផ្សេងៗនៃរដ្ឋាភិបាល។
វេទិកាសកលស្តីពីលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ទំនើប មានសារៈសំខាន់សម្រាប់អ្នកដែលចាប់អារម្មណ៍លើលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងការច្នៃប្រឌិតបែបប្រជាធិបតេយ្យ។ វាបានផ្តល់ជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការស្វែងរកគំនិតថ្មីៗសម្រាប់ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការធ្វើការសម្រេចចិត្ត។ ក្រុមការងារអូឌីស៊ី សង្ឃឹមថាយើងនឹងមានឱកាសចូលរួមម្តងទៀត និងបង្ហាញគម្រោងរបស់អូឌីស៊ីនៅវេទិកាបន្ទាប់។