ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ២០២០៖ ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម!
ក្រោមពាក្យស្លោក “សិទ្ធិទទួលបានព័ត៌មាន-ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម” ទិវាអន្តរជាតិនៃសិទ្ធិទទួលបានព័ត៌មានជាសកលនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២០ បានបង្ហាញពីសារៈសំខាន់នៃសិទ្ធិមួយនេះនៅពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិ។ ឆ្នាំ២០២០ ត្រូវបានកំណត់ជាឆ្នាំទី៦នៃទិវានេះដែលត្រូវបានទទួលស្គាល់ក្នុងសន្និសិទទូទៅរបស់យូណេស្កូនៅឆ្នាំ ២០១៥ ។
សិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់សម្រាប់ការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍(អូឌីស៊ី)។ យើងខិតខំដើម្បីផ្តល់អំណាចដល់ពលរដ្ឋតាមរយៈការកែលម្អនូវបរិមាណ និងគុណភាពនៃទិន្នន័យឌីជីថលដែលមាន ដោយធានាថាអ្នករាល់គ្នាអាចប្រើវាបាន ប្រើវាឡើងវិញ និងចែកចាយវាដោយឥតគិតថ្លៃស្របតាមគោលការណ៍នៃទិន្នន័យបើកចំហ។ ទិដ្ឋភាពព័ត៌មាននៅកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហានានាដូចជាកង្វះការផ្សព្វផ្សាយទិន្នន័យ និងព័ត៌មាន ការកំណត់កំរិតព័ត៌មានឌីជីថល អក្ខរកម្មឌីជីថលមានកំរិតទាប - ក្នុងចំណោមមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងសាធារណៈជន - ក៏ដូចជាវិសមភាពក្នុងការទទួលបានព័ត៌មាន និងការត្រួតពិនិត្យរបស់រដ្ឋាភិបាលលើអ្នកប្រើប្រាស់អ៊ីនធឺណិត។
នៅកំឡុងពេលមានការរីករាលដាលមេរោគកូវីដ-១៩ ព័ត៌មានទាន់ពេលវេលា និងគួរឱ្យទុកចិត្តបានគឺជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីដោះស្រាយការផ្ទុះឡើង ការកាត់បន្ថយផលប៉ះពាល់ និងការជួយសង្គ្រោះជីវិតមនុស្ស។ ក្នុងស្ថានភាពលំបាកបែបនេះ ការទទួលបានព័ត៌មាន និងយន្តការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងពលរដ្ឋគឺមានសារៈសំខាន់ណាស់។ ការផ្ទេរព័ត៌មានដែលអាចជឿទុកចិត្តបាន អាចជួយសម្រួលដល់ការឆ្លើយតប និងការចល័តរហ័សនៃនីតិវិធីត្រួតពិនិត្យ និងរាយការណ៍ប្រកបដោយប្រសិទ្ធភាព និងការអនុម័តយ៉ាងទូលំទូលាយនូវវិធានការណ៍បង្ការនានា។ វាគាំទ្រដល់ការអនុវត្តពិធីសារ និងសេចក្តីសម្រេចចិត្តបន្ទាន់ដូចជា ការធ្វើតេស្តមេរោគ និងវិធាននៃការបង្ខាំង វិធានការការធ្វើគម្លាតសង្គម ការបិទសាលារៀន និងការចែកចាយកញ្ចប់ជំនួយសេដ្ឋកិច្ច។ ផ្ទុយទៅវិញការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមិនផ្លូវការ បានរារាំងដល់ការគ្រប់គ្រងវិបត្តិ និងការអនុវត្តវិធានការសុខភាព និងគោលនយោបាយ។
នៅដើមដំបូងនៃការផ្ទុះជំងឺនេះ អូឌីស៊ីបានផ្សព្វផ្សាយប៉ាណ្ណូបរិធានកូវីដ-១៩ របស់ខ្លួន ដោយបានចងក្រងទិន្នន័យព័ត៌មានទាន់ហេតុការណ៍ និងគួរឱ្យទុកចិត្តអំពីការវិវត្តនៃវីរុស និងករណីថ្មី បទបញ្ញត្តិជាផ្លូវការ និងគោលនយោបាយ និងព័ត៌មានអំពីវិធានការបង្ការ។
សិទ្ធិទទួលបានព័ត៌មានគឺជាសិទ្ធិសកល
ការទទួលបានព័ត៌មានត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ណាស់នៅដំណាក់កាលដំបូងនៃការបង្កើតអង្គការសហប្រជាជាតិ (អសប) ។ សិទ្ធិទទួលបានព័ត៌មាន គឺជាសមាសធាតុស្នូលនៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដូចដែលវាត្រូវបានកត់ត្រានៅក្នុងសេចក្តិសម្រេចលេខ ៥៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ ១៩៤៦ និងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងនយោបាយ ដែលត្រូវបានគេអនុម័តដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស។ មាត្រា ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញគំនិត និងការបញ្ចេញមតិរួមមានសេរីភាពក្នុងការទទួល និងចែកចាយព័ត៌មាន និងគំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយដោយមិនគិតពីព្រំដែន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សិទ្ធិទទួលបានព័ត៌មានក៏ត្រូវបានគេទទួលស្គាល់ផងដែរនៅក្នុងការចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងមួយចំនួនដូចជាសេចក្តីប្រកាសទីក្រុង Brisbane ស្តីពីសេរីភាពនៃព័ត៌មាន៖ សិទ្ធិក្នុងការដឹង (ឆ្នាំ ២០១០) សេចក្តីប្រកាសទីក្រុង Maputo ស្តីពីសេរីភាពបញ្ចេញមតិ ការទទួលបានព័ត៌មាន និងការផ្តល់អំណាចដល់ប្រជាជន (២០០៨) និងសេចក្តីប្រកាសទីក្រុង Dakar ស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងអភិបាលកិច្ចល្អ។
ការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការទទួលបានព័ត៌មានសម្រាប់ទាំងអស់គ្នាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។ ក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ដែលផ្តោតទៅលើ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ គោលដៅ ១៦.១០ ជំរុញឱ្យបណ្តាប្រទេសនៅជុំវិញពិភពលោក “ ធានាការទទួលបានព័ត៌មានសាធារណៈ និងការពារសេរីភាពមូលដ្ឋានស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ” ។
សព្វថ្ងៃនេះមានប្រទេសចំនួន ១២៧ នៅជុំវិញពិភពលោកមានច្បាប់ស្តីពីសេរីភាពក្នុងការទទួលបានព័ត៌មាន ដែលចំនួននេះគឺ មាន២៧ប្រទេសច្រើនជាងឆ្នាំ ២០១៤ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិស្តីពីវឌ្ឍនភាពរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(២០២០) ។ ប៉ុន្តែវឌ្ឍនភាពនីតិប្បញ្ញត្តិបែបនេះមិនតែងតែមានលទ្ធផលល្អនៅក្នុងការចេញផ្សាយ ឬ ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធិភាពនោះទេ។ ច្បាប់ និងគោលនយោបាយជាក់លាក់ចាំបាច់ត្រូវអនុម័ត និងអនុវត្តឱ្យបានពេញលេញ ដើម្បីនាំមកនូវការកែលម្អជាក់ស្តែងនៅក្នុងតម្លាភាព និងគណនេយ្យភាព។
ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងការទទួលបានព័ត៌មាន
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលជាជំហានឈានមុខមួយយ៉ាងសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋាភិបាល និងលើកកម្ពស់តម្លាភាពនៃវិស័យសាធារណៈរបស់ខ្លួន។ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺទាន់ពេលវេលាជាពិសេសនៅពេលដែលសំលេងអន្តរជាតិបានថ្កោលទោសចំពោះការធ្លាក់ចុះនៃសិទ្ធិមនុស្ស។ ជាពិសេសច្បាប់ស្តីពីរដ្ឋបាលជាតិក្នុងគ្រាអាសន្ន ត្រូវបានអង្គការឃ្លាំមើលសិទិ្ធមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិមើលឃើញថាជាឧបករណ៍សម្រាប់រដ្ឋាភិបាលដាក់សម្ពាធបន្ថែមលើសិទ្ធិរបស់ពលរដ្ឋ និងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។ ប្រទេសកម្ពុជា ក៏ទទួលបាននូវកម្រិតតម្លាភាពទាប និងកម្រិតអំពើពុករលួយខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងសន្ទស្សន៍ទស្សនៈអំពើពុករលួយ ដែលទទួលបានពិន្ទុ ២០/១០០ ក្នុងឆ្នាំ ២០១៩ ហើយឈរនៅលេខ ១៦២ ក្នុងចំណោម ១៩៨ ប្រទេស។
ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ អ្នកការពារសិទ្ធិមនុស្ស និងសាធារណជនទន្ទឹងរងចាំយ៉ាងខ្លាំង។ ច្បាប់នេះគឺជាលទ្ធផលនៃដំណើរការចូលរួមដ៏វែងមួយ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៣ ហើយត្រូវបានដឹកនាំដោយក្រសួងព័ត៌មានសហការជាមួយក្រុមការងារបច្ចេកទេស (TWG) ដែលតំណាងឱ្យភាគីពាក់ព័ន្ធជាច្រើន។ ក្រុមការងារបច្ចេកទេស (TWG) រួមមានសមាជិកមកពី i) ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា - ព្រឹទ្ធសភា និងអធិការកិច្ច ii) អង្គការសហប្រជាជាតិរួមមានយូណេស្កូនិង OHCHR និង iii) អង្គការសង្គមស៊ីវិល (CSOs) ដែលមានដូចជា វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលស្ត្រីកម្ពុជា (CWC) និងក្លឹបអ្នកកាសែតកម្ពុជា។
នៅពេលដែលច្បាប់នេះត្រូវបានអនុម័ត ច្បាប់គួរតែបង្កើនការចេញផ្សាយព័ត៌មានដោយស្ថាប័នសាធារណៈ និងស្ថាប័ននានាស្របពេលដែលជំរុញឱ្យសាធារណជន អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទទួលបានព័ត៌មាន និងចូលរួមក្នុងការសម្រេចចិត្តជាសាធារណៈ។ ប្រសិទ្ធភាពរបស់វានឹងត្រូវបានគេមើលឃើញជាមួយនឹងការអនុវត្តរបស់វា តែការខ្វះខាតសក្តានុពលមួយចំនួនដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វាត្រូវបានចង្អុលបង្ហាញរួមមាន ការលើកលែងជាទូទៅ កង្វះការដាក់ទណ្ឌកម្មចំពោះមន្ត្រីដែលមិនបានបំពេញកាតព្វកិច្ចរបស់ពួកគេ កង្វះនៃការអនុលោមតាមស្តង់ដារអន្តរជាតិ និងការបញ្ចូលធាតុចូលដែលមានកំណត់ដោយអ្នកពាក់ព័ន្ធមិនមែនរដ្ឋាភិបាល។[1]
ទិន្នន័យបើកទូលាយសម្រាប់ភាពជឿនលឿននៃសង្គមបញ្ចូលគ្នា និងការកសាងទំនុកចិត្តនៅក្នុងស្ថាប័នសាធារណៈ
ពលរដ្ឋដែលមានការយល់ដឹងខ្ពស់ហើយអាចទទួលបានព័ត៌មានពេញលេញ អាចជឿទុកចិត្តបាន និងទាន់ហេតុការណ៏ គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងសង្គមដែលមានភាពរឹងមាំ និងពង្រឹងការជឿទុកចិត្តនៅក្នុងរដ្ឋាភិបាលដែលមានគណនេយ្យភាព និងតម្លាភាព ដែលធានាបាននូវការអភិវឌ្ឍដែលមានលក្ខណៈពេញលេញ និងប្រកបដោយចីរភាព។
ព័ត៌មានអាចដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅកម្ពុជា តាមរយៈការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាកម្មសំខាន់ៗរួមមានការថែទាំសុខភាព និងការអប់រំ។ ព័ត៌មានច្បាស់លាស់អំពីថ្លៃសេវាកម្ម នីតិវិធីដាក់ពាក្យសុំ និងជំនួយអាចលើកទឹកចិត្តដល់ការប្រើប្រាស់សេវាសាធារណៈដែលនាំឱ្យពលរដ្ឋមានការអប់រំខ្ពស់ មានចំណេះដឹង និងមានឱកាសកាន់តែប្រសើរក្នុងការរស់នៅប្រកបដោយសុខមាលភាព។
ការអប់រំបន្ថែមមានន័យថា អក្ខរកម្ម និងជំនាញឌីជីថលកាន់តែប្រសើរឡើង បូករួមជាមួយនឹងកម្រិតខ្ពស់នៃការបើកចំហរបស់រដ្ឋាភិបាល គឺជាគន្លឹះសម្រាប់ការសម្រេចចិត្តផ្អែកលើភស្តុតាង និងចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងការជជែកដេញដោលជាសាធារណៈ។ ទន្ទឹមនឹងនេះ ការបង្កើនការចូលរួមពីសាធារណៈជន ក៏ រួមចំណែកដល់អភិបាលកិច្ចដែលឆ្លើយតបកាន់តែច្រើន សម្របសម្រួលការចែករំលែកចំណេះដឹង ការសន្ទនាគ្នាទៅវិញទៅមក កាត់បន្ថយវិសមភាព ការធានាឱ្យមានការតំណាងត្រឹមត្រូវនៃក្រុមផ្សេងៗនៅក្នុងការជជែកជាសាធារណៈរួមទាំងជនងាយរងគ្រោះ ស្ត្រី ជនក្រីក្រ យុវជន ជនពិការ និងជនជាតិដើម។
គណនេយ្យភាពរបស់រដ្ឋាភិបាលតម្រូវឱ្យរដ្ឋបាលមានតម្លាភាព និងពន្យល់យ៉ាងច្បាស់ពីការសម្រេចចិត្ត និងនីតិវិធីរបស់ពួកគេដល់ពលរដ្ឋ។ ព័ត៌មានអំពីថវិកាមានលក្ខណៈរសើប និងមានការចាប់អារម្មណ៍ខ្ពស់សម្រាប់សាធារណជនរួមទាំងប្រភពចំណូល ការបែងចែកមូលនិធិសាធារណៈ និងលទ្ធកម្មសាធារណៈសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ មន្ត្រីរដ្ឋាភិបាលជាពិសេសអ្នកដែលមានកម្រិតរដ្ឋបាលទាបបំផុតដែលមានទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍ត្រូវតែធានាថាព័ត៌មានអាចទាញយកបាន ហើយវាមានទំរង់ដែលអនុញ្ញាតឱ្យពលរដ្ឋអាចយល់ពីវា។
សរុបមកព័ត៌មានត្រឹមត្រូវ និងគួរឱ្យទុកចិត្តអាចធ្វើឱ្យការផ្តល់សេវាសាធារណៈប្រសើរឡើង ការបើកចំហ និងតម្លាភាពជំរុញឱ្យមានការចូលរួមពីពលរដ្ឋក្នុងការសម្រេចចិត្តជាសាធារណៈ និងអភិបាលកិច្ចរួមបញ្ចូលនាំមកនូវការកែលម្អពិតប្រាកដក្នុងសុខុមាលភាពរបស់ប្រជាជន។ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតជាសកល សារៈសំខាន់នៃការប្រើប្រាស់ព័ត៌មានគឺសំខាន់ជាងពេលណាៗទាំងអស់។ យើងបានឃើញពីរបៀបដែលទំរង់ដែលអាចចូលយកបាន និងងាយយល់ បានក្លាយជាមូលដ្ឋានគ្រឹះក្នុងការទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព។
អូឌីស៊ីចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការអបអរសាទរទិវាអន្តរជាតិ ២០២០ សម្រាប់សិទ្ធិទទួលព័ត៌មានជាសកល និងលើកទឹកចិត្តពលរដ្ឋ ស្ថាប័ន និងអង្គការនានាឱ្យធ្វើការរួមគ្នាថែមទៀតដើម្បីធានាសិទ្ធិទទួលបានព័ត៌មានសម្រាប់ទាំងអស់គ្នា។ យើងសង្ឃឹមថាអ្នកនឹងចូលរួមដោយចែករំលែកគំនិតរបស់អ្នកជាមួយ hastag #AccessToInfoDay និង #RightToKnow ។
[1] https://www.article19.org/resources/cambodia-analysis-of-the-draft-law-on-access-to-information/