ការបណ្តុះបណ្តាលណែនាំអំពីគំនូរជីវចល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងបង្កើនការអភិវឌ្ឍសម្ភារៈផ្សព្វផ្សាយតាមរយៈវីដេអូ ដូចជាការបង្ហាញពីព័ត៌មានថវិកាសង្កាត់ក្នុងមូលដ្ឋានសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ វីដេអូជួយកត់ត្រានូវការងារដែលកំពុងដំណើរការរបស់អូឌីស៊ី និងបម្រើដល់ការផ្សព្វផ្សាយព្រឹត្តិការណ៍ និងសកម្មភាពនាពេលខាងមុខ។
វីដេអូទាំងនោះត្រូវបានរចនាឡើងដោយក្រុមការងាររបស់អូឌីស៊ីផ្ទាល់ និងជាមួយអ្នកប្រឹក្សាមកពីខាងក្រៅផងដែរ។ វីដេអូទាំងនេះជាញឹកញាប់រួមបញ្ចូលផ្នែកដែលមានចលនា ដែលផ្នែកខ្លះបង្កើតឡើងដោយផ្ទាល់ និងខ្លះទៀតប្រើគំរូដែលមានស្រាប់។
ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយនេះ ដៃគូអនុវត្តកម្មវិធីនៃគម្រោង ISAC អង្គការ Internews បានពិគ្រោះជាមួយក្រុមការងារអូឌីស៊ី និងបានបង្កើតកម្មវិធីសិក្សាដែលស្របតាមតម្រូវការ និងចំណាប់អារម្មណ៍ដែលមានស្រាប់។ បន្ទាប់មក យើងក៏បានអភិវឌ្ឍទៅជាការបណ្តុះបណ្តាលរយៈពេលពីរម៉ោងដោយវិចិត្រករគំនូរជីវចលក្នុងស្រុកគឺលោក ម៉េង អេដែត ដែលបានធ្វើគម្រោងគំនូរជីវចលចម្រុះសម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោក អេដែត បានជួបជាមួយនឹងក្រុមអូឌីស៊ី នៅថ្ងៃទី២៩ ខែមិថុនា ដើម្បីធ្វើការបណ្តុះបណ្តាល។ លោកបានពិនិត្យមើលប៉ារ៉ាម៉ែត្រមូលដ្ឋាន ដូចជាគុណភាពបង្ហាញរូបភាពអេក្រង់ ចំនួនប្លង់ក្នុងវីដេអូ និងខ្នាតនៃវីដេអូ សម្រាប់ការធ្វើផែនការចលនាជាមូលដ្ឋាន។ យើងក៏បានពិភាក្សាផងដែរគឺកម្មវិធី និងធនធានស្តង់ដារឧស្សាហកម្មជាច្រើន រួមបញ្ចូលផងដែរពីទិដ្ឋភាពទូទៅនៃដំណើរការការងារសម្រាប់ការអភិវឌ្ឍចលនា។
ក្រុមការងារអូឌីស៊ីបានចោទជាសំណួរដោយផ្តោតដំបូងលើវីដេអូ និងគំនូរជីវចលរបស់ស្ថាប័នដែលមានស្រាប់របស់ពួកគេ ហើយបានស្វែងរកការប្រើប្រាស់សក្តានុពលនៃកម្មវិធីថ្មីៗ និងធនធានអនឡាញសម្រាប់ផែនការផ្សព្វផ្សាយបច្ចុប្បន្ន។ លោក អេដែត បានឆ្លើយតបដោយផ្តល់យោបល់អំពីវិធីសាស្ត្រ និងឧបករណ៍ដែលអាចធ្វើបាន។
ក្រុមការងារអូឌីស៊ី សូមថ្លែងអំណរគុណចំពោះឱកាសដើម្បីស្វែងរកជម្រើសថ្មីៗ និងការបណ្តុះបណ្តាលដើម្បីបង្កើនសក្តានុពលលើលទ្ធផលនៃប្រព័ន្ធផ្សព្វផ្សាយជាមួយអង្គការ Internews ផងដែរ។